Go to full page →

ជ័យជំនះនៃសេចក្តីស្រឡាញ់របស់ព្រះ GrHKh 203

នៅទីនោះសេចក្តីស្រឡាញ់និងសេចក្តីអាណិតអាសូរដែលព្រះអង្គទ្រង់បានបណ្តុះនៅក្នុងចិត្តមនុស្សផ្ទាល់ នឹងត្រូវបានប្រើចំពោះគ្នាទៅវិញទៅមកដោយល្អូកល្អឺន និងផ្អែមល្ហែមបំផុត។ ការប្រកបគ្នាដ៏ឥតខ្ចោះជាមួយសត្វលោកបរិសុទ្ធ និងពួកស្មោះត្រង់នៅគ្រប់ទាំងយុគសម័យ ចំណងដ៏ពិសិដ្ឋដែលបានចងភ្ជាប់ជាមួយគ្នានូវ «គ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី» ពោលគឺបានជួយផ្សំផ្គុំដល់សេចក្តីសប្បាយរីករាយ របស់អ្នកដែលត្រូវបានប្រោសលោះ (អេភេសូរ ៣:១៥)។ GrHKh 203.2

នៅទីនោះ គំនិតដែលមិនចេះស្លាប់ នឹងសញ្ជឹងគិតដោយ ក្តីអំណររីករាយជានិច្ច ចំពោះអំណាច ព្រះចេស្តានៃការបង្កបង្កើតលោកដ៏អស្ចារ្យ និងអាថ៌កំបាំងទាំងឡាយនៃសេចក្តីស្រឡាញ់ដ៏ប្រកបដោយការប្រោសលោះ។ រាល់បញ្ញាបារមីនឹងត្រូវបានលូតលាស់ឡើង រាល់សមត្ថភាពនឹងត្រូវបានចម្រើន ឡើង។ ការបានមកនូវចំណេះដឹង នឹងមិនធ្វើឲ្យបាត់បង់ថាមពល ឡើយ។ ផែនការដ៏ឆ្នើមបំផុតប្រហែលជានៅតែបន្តទៅមុខ សេចក្តីប្រាថ្នាដ៏ខ្ពស់ត្រដែតត្រូវបានឈានដល់ មហិច្ឆិតាដ៏ខ្ពស់ក៏ត្រូវបានមកជាការពិត។ ហើយនៅតែមានកំពូលខ្ពស់ៗ ថ្មីៗដែលត្រូវឡើង ការអស្ចារ្យថ្មីៗដែលត្រូវស្ងើចសរសើរ សេចក្តីពិតថ្មីៗដែលត្រូវយល់ដឹង និងរបស់ស្រស់ៗ ថ្មីៗ ដើម្បីបំផុសអំណាចខាងគំនិត ព្រលឹង និងរូបកាយ។ GrHKh 204.1

សម្បត្តិទាំងអស់នៃលោកសន្និវាសនេះ នឹងបើកចំហនៅចំពោះពួកអ្នកដែលបានប្រោសលោះរបស់ព្រះ។ ដោយលែងជាប់ចំណងនៃសេចក្តីស្លាប់់តទៅទៀតហើយ គេហោះហើរដោយឥតចេះហត់នឿយទៅពិភពឆ្ងាយៗ។ កូនមនុស្សនៃផែនដីនឹងពិសោធអំណរនិងប្រាជ្ញារបស់ពពួកទេវបុត្រដែលមិនបានភ្លាត់ដួល ហើយចែករំលែកសម្បត្តិនៃប្រាជ្ញាដែលបានមកពីយុគសម័យមួយទៅយុគសម័យមួយ។ គេសម្លឹងមើលសិរីល្អនៃការបង្កបង្កើតលោក ដោយទស្សនៈដែលមិនស្រអាប់ ពោលគឺដួងសុរិយានិងតារា ព្រមទាំងប្រព័ន្ធទាំងឡាយក្នុងលំដាប់ ដែលបានចាត់មក ទាំងអស់វិលជុំវិញបល្ល័ង្កនៃព្រះ។ GrHKh 204.2

ឯពេលវេលានៃភាពអស់កល្បជានិច្ច នៅពេលដែលវាចេះតែកន្លងទៅមុខ នឹងនៅតែនាំមកនូវការបើកសំដែងអំពីព្រះនិងព្រះគ្រីស្ទដ៏រុងរឿងថែមទៀត។ មនុស្សរៀនដឹងអំពីព្រះកាន់តែ ច្រើនកាលណា គេនឹងសរសើរតម្កើងដល់ចរិតលក្ខណៈរបស់ទ្រង់កាន់តែច្រើនកាលនោះដែរ។ ពេលដែលព្រះយេស៊ូវបើកចំហនូវភាពបរិបូរណ៍នៃសេចក្តីប្រោសលោះ និងការសម្រេចបាន លទ្ធផលដ៏អស្ចារ្យនៅក្នុងមហាវិវាទជាមួយ សាតាំងនៅចំពោះមុខ ពួកគេ នោះចិត្តពួកដែលព្រះបានបង់ថ្លៃលោះបានរំភើបឡើងដោយភក្តីភាព ហើយសំឡេងទាំងម៉ឺនទាំងសែន រួមគ្នាបំពងឡើងនូវបទបន្ទរសរសើរតម្កើងដ៏ប្រកបដោយអំណាចចេស្តា។ GrHKh 205.1

«នោះខ្ញុំក៏បានឮគ្រប់ទាំងអស់ដែលមានជីវិតនៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តាដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀមនៅអស់កល្បជានិច្ចរៀងរាបតទៅ» (វិវរណៈ ៥:១៣)។ GrHKh 205.2

មហាវិវាទត្រូវបានចប់។ ពុំមានអំពើបាប និងបាបជនតទៅទៀតឡើយ។ ពិភពលោកទាំងមូលបានស្អាត។ ជីពចរនៃភាពចុះសំរុងនឹងគ្នានិងក្តីអំណររីករាយមួយ បានលោតទៅតាមរយៈ នៃការបង្កបង្កើតដ៏ធំល្វឹងល្វើយ។ មានហូរចេញមកអំពីទ្រង់ដ៏ជាព្រះអាទិករនូវជីវិតនិងពន្លឺ ហើយនិងក្តីអំណរ ទូទាំងវិស័យនៃលំហអាកាសដ៏គ្មានព្រំដែន។ ចាប់ពីអាតូមដ៏តូចបំផុតទៅដល់ ពិភពដ៏ធំបំផុត អស់ទាំងរបស់សព្វសារពើ មានចលនានិងឥតចលនា ដែលប្រកបដោយសោភ័ណភាព ឥតលាក់ស្រមោល និងដោយអំណរដ៏គ្រប់លក្ខណ៍ នាំគ្នាបញ្ចេញវាចាថា ព្រះទ្រង់ជាសេចក្តីស្រឡាញ់៕ GrHKh 206.1