សកម្មភាពនៃការបន្ទាបខ្លួនមួយទៀតដក់នៅក្នុងចិត្តបងៗទាំងដប់ នាក់។ ឥឡូវនេះពួកគេបានសារភាពចំពោះឪពុករបស់ពួកគេ នូវការបោកបញ្ឆោតនិងអំពើឃោរឃៅដែលបានធ្វើឱ្យជីវិតឪពុករបស់គេ និងជីវិតគេផ្ទាល់ជូរចត់អស់ពេលជាច្រើនឆ្នាំនេះ។ លោកយ៉ាកុបមិនបានគិតថាពួកគេប្រព្រឹត្តអំពើបាបដ៏អាក្រក់បែបនេះឡើយ ប៉ុនែ្តលោកបានអត់ទោសនិងឱ្យពរដល់កូនរបស់គាត់ដែលបានប្រព្រឹត្តខុសទាំងអស់នោះ។ PPKh1 218.1
ឪពុកនិងកូនៗ ព្រមទាំងក្រុមគ្រួសារ ហ្វូងគោ ហ្វូងសត្វនិងមនុស្សជា ច្រើននាក់ផ្សេងទៀតបានចាកចេញដំណើរទៅប្រទេសអេស៊ីព្ទជាប្រញាប់។ ព្រះបន្ទូលរបស់ព្រះបានលេចមកតាមចក្ខុនិម្មិតមួយនៅពេលយប់នោះ “កុំឱ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន” PPKh1 218.2
ព្រះបានប្រទានសេចក្តីសន្យាថាពូជរបស់លោកនឹងមានចំនួនច្រើនដូចជាផ្កាយនៅលើមេឃនេះ ដល់លោកអ័ប្រាហាំម្តងរួចទៅហើយ ប៉ុន្តែកន្លងមក ពួកអ្នកដែលព្រះបានរើសតាំងទាំងនោះបានរីកចម្រើនឡើងយ៉ាងយឺត។ ហើយទឹកដីកាណាដែលត្រូវបានកាន់កាប់ដោយកុលសម្ព័ន្ធដែលមិនជឿព្រះដ៏រឹងមាំនោះ ក៏គេមិនទាន់បានកាន់កាប់នៅឡើយដែរ រហូតដល់ “ជំនាន់ទីបួន”។ ដើម្បីក្លាយជាមនុស្សដែលមានចំនួនដ៏ច្រើនមួយក្រុម ពួកកូនចៅអ៊ីស្រាអែលត្រូវតែបណ្តេញប្រជាជននៅលើទឹកដីនោះចេញ ឬត្រូវ ពង្រីកខ្លួនឯង នៅក្នុងចំណោមពួកគេទាំងនោះ។ ប្រសិនបើពួកគេរស់នៅលាយឡំជាមួយនឹងជនជាតិ កាណាននេះ ពួកគេនឹងធ្លាក់ទៅក្នុងគ្រោះថ្នាក់នៃការអូសទាញឱ្យថ្វាយបង្គំរូបព្រះជាមិនខាន។ ទោះបីជាយ៉ាងនេះក៏ដោយ ប្រទេសអេស៊ីព្ទបានផ្តល់លក្ខខណ្ឌចាំបាច់ជាច្រើនដើម្បីឱ្យផែនការរបស់ព្រះនេះបានសម្រេច។ មានស្រុកដែលសម្បូរទៅដោយទឹកនិងដីមានជីជាតិ បានបើកចំហសម្រាប់ឱ្យពួកគេមានការកើនឡើងយ៉ាងឆាប់រហ័ស។ ហើយពួកគេនឹងនៅតែជាមនុស្សដែលខុសគ្នា និងដាច់ចេញពីពួកអ្នកស្រុកកាណាន ដែលទប់ស្កាត់ពីការចូលរួមនៅក្នុងការថ្វាយបង្គំរូបព្រះនៃប្រទេសអេស៊ីព្ទ។ PPKh1 218.3
នៅពេលដែលពួកគេបានមកដល់ស្រុកអេស៊ីព្ទ អ្នកដែលធ្វើដំណើរមកជាមួយទាំងប៉ុន្មាន បានធ្វើដំណើរតម្រង់ឆ្ពោះទៅស្រុកកូសែនតែម្តង។ លោកយ៉ូសែបបានមកដល់ទីនោះ ដោយជិះនៅលើរាជរថរបស់គាត់់ ហែហមដោយពួកសេនាមាត្យរបស់ស្តេចជាច្រើននាក់។ រឿងតែមួយគត់ដែលកំពុងពុះកញ្ជ្រោលនៅក្នុងចិត្តគាត់ គឺការទន្ទឹងរង់ចាំជួបឪពុកជាទីស្រឡាញ់ ដែលបានព្រាត់់គ្នាជាច្រើនឆ្នាំមកហើយនោះដោយអន្ទះសា ខណៈដែលគាត់បានសម្លឹងមើលអ្នកធ្វើដំណើរខិតចូលមកកាន់តែជិត។ គាត់បានហក់ចេញពីទេះរបស់គាត់ ហើយប្រញាប់ប្រញាល់ទៅស្វាគមន៍ឪពុករបស់គាត់។ “ក៏ចូលទៅឱបកឪពុក ហើយយំជាយូរ អ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯងដែលឯងនៅរស់នៅឡើយ”។ PPKh1 219.1
លោកយ៉ូសែបចង់ជួយពួកបងៗរបស់គាត់ឱ្យរួចពីសេចក្តីល្បួងរបស់ពួកអ្នកមិនជឿព្រះទាំងនោះ ទើបទូន្មានគេឱ្យទូលទៅស្តេចដោយត្រង់អំពីមុខរបររបស់ពួកគេ។ កូនៗរបស់លោកយ៉ាកុបក៏បានធ្វើតាមការដំបូន្មាននេះ ដោយថ្លែងយ៉ាងប្រុងប្រយ័ត្នថាពួកគេបានមកស្នាក់នៅលើទឹកដីនេះជា បណ្តោះអាសន្ន មិនមែនមកធ្វើជាអ្នកតាំងទីលំនៅជាអចិន្ត្រៃយ៍នោះទេ ហើយក៏រក្សាសិទ្ធិនឹងចាកចេញទៅវិញ នៅពេលណាដែលពួកគេសម្រេចចិត្តថានឹងវិលត្រឡប់ទៅវិញផងដែរ។ PPKh1 219.2