ដោយមើលឃើញកន្លែងដែលអ្នកដទៃបានជួបការលំបាក តាមរយៈការបាក់ទឹកចិត្ត ដូចជាការពិបាករបស់យើងផ្ទាល់ ជាកន្លែងដែលពួកគេបានបរាជ័យ នៅពេលដែលត្រូវល្បួង ដូចដែលយើងធ្លាប់បរាជ័យក៏ដោយ ចូរតាំងចិត្តជាថ្មីឡើងវិញ ហើយដណ្តើមយកជ័យជម្នះតាមរយៈព្រះគុណរបស់ព្រះ ព្រះបានលើកទឹកចិត្តយើង នៅក្នុងដំណើរស្វែងរកសេចក្តីសុចរិតរបស់យើង។ ទោះបីជាពេលខ្លះពួកគេ ត្រូវបានទទួលការវាយបកត្រឡប់មកវិញយ៉ាងដំណំក៏ដោយ ក៏ពួកគេបានក្រោកឈរជាថ្មីឡើងវិញ ហើយបានទទួលព្រះពរពីព្រះដែរ។ ដូច្នេះ យើងក៏អាចក្លាយជាអ្នកដែលនៅក្នុងកម្លាំងរបស់ព្រះយេស៊ូផងដែរ។ ម៉្យាងវិញទៀត កំណត់ត្រានៃជីវិតរបស់ពួកគេ អាចជាការព្រមានដល់យើងផងដែរ។ ព្រះទតឃើញអំពើបាបនៅក្នុងអ្នក ដែលគាប់ព្រះហឫទ័យដល់ទ្រង់ជាងគេ ហើយទ្រង់ដោះស្រាយជាមួយនឹងអំពើបាបនៅក្នុងពួកគេទាំងនោះ យ៉ាងតឹងរ៉ឹងជាងអ្នកដែលមានពន្លឺនិងការទទួលខុសត្រូវតិច។ PPKh1 225.3
បន្ទាប់ពីមរណភាពនិងការបញ្ចុះសពរបស់លោកយ៉ាកុបរួចមក ការភ័យខ្លាចបានកើតឡើងជាថ្មីម្តងទៀត នៅក្នុងចិត្តរបស់ពួកបងៗរបស់លោកយ៉ូសែប។ ពួកគេបានដឹងពីកំហុសរបស់ខ្លួន ហើយរឿងនេះបានធ្វើឱ្យពួកគេមិនទុកចិត្តនិងសង្ស័យក្រែងពេលនេះយ៉ូសែបដាក់ទោសដល់គេ នូវទណ្ឌកម្ម នៃអំពើឧក្រិដ្ឋរបស់ពួកគេ ដែលគាត់បានពន្យារពេលជាយូរមកហើយនោះ។ ពួកគេមិនហ៊ានបង្ហាញខ្លួននៅចំពោះយ៉ូសែបឡើយ តែពួកគេបានផ្ញើសារមួយ ទៅជូនគាត់ “ឪពុកប្អូនបានផ្តាំទុកមុនដែលគាត់ស្លាប់ថា ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្តីរំលងនិងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះសូមអត់ទោសពួកអ្នកបម្រើរបស់ព្រះនៃឪពុកប្អូនឥឡូវ”។ PPKh1 226.1
សារនេះបានធ្វើឱ្យយ៉ូសែបរំជួលចិត្តជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក។ ការនេះបានធ្វើឱ្យពួកបងៗរបស់គាត់មានសេចក្តីក្លាហានឡើងវិញ ហើយ បងៗក៏ចូលទៅទម្លាក់ខ្លួនក្រាបចុះនៅចំពោះគាត់ដោយពាក្យថា “មើល យើង ខ្ញុំជាអ្នកបម្រើប្អូន”។ យ៉ូសែបមានការឈឺចាប់យ៉ាងខ្លាំង ដែលពួកគេគិតថា គាត់ចង់សងសឹកនឹងគេយ៉ាងដូច្នេះ។ គាត់មានប្រសាសន៍ថា “កុំឱ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សម្រេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ ដូច្នេះ កុំឱ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនិងកូនចៅអ្នករាល់គ្នាដែរ”។ PPKh1 226.2
ជីវិតរបស់លោកយ៉ូសែបបានបង្ហាញពីព្រះជន្មរបស់ព្រះគ្រីស្ទ។ គឺការច្រណែនដែលបានបណ្តាលចិត្តបងៗរបស់យ៉ូសែបឱ្យលក់គាត់ជាទាសករ ពួកគេសង្ឃឹមថានឹងទប់ស្កាត់កុំឱ្យគាត់បានជាធំឧត្តមជាងពួកគេ។ ពួកគេ ជឿជាក់ថាពួកគេពិតជាលែងមានកង្វល់តទៅទៀតជាមួយនឹងសុបិនរបស់គាត់នេះ ដែលពួកគេបានដកយកចេញនូវគ្រប់ទាំងលទ្ធភាពដែលអាចធ្វើឱ្យយល់សប្តិនេះក្លាយទៅជាការពិតបាន។ ប៉ុនែ្ត ព្រះបានគ្រប់គ្រងអំពើរបស់គេក្នុងការបើកសម្តែងនូវព្រឹត្តិការណ៍ដែលពួកគេមានបំណងចង់បិទបាំង។ ចំណែកពួកសង្គ្រាជនិងពួកមេដឹកនាំ សាសនាក៏ច្រណែនឹងព្រះគ្រីស្ទដូច្នោះដែរ។ ពួកគេបានធ្វើគុតទ្រង់ ដើម្បីការពារកុំឱ្យទ្រង់បានធ្វើជាស្តេច ប៉ុន្តែ ទង្វើនេះបានធ្វើឱ្យការនោះបានសម្រេចលទ្ធផលយ៉ាងពិតប្រាកដទៅវិញ។ PPKh1 227.1
តាមរយៈភាពជាទាសកររបស់គាត់នៅក្នុងស្រុកអេស៊ីព្ទ លោកយ៉ូសែប បានក្លាយជាអ្នកជួយសង្គ្រោះដល់ក្រុមគ្រួសារនៃឪពុករបស់គាត់ ក៏ប៉ុន្តែ រឿង នេះក៏បានបន្ធូរបន្ថយកំហុសរបស់ពួកបងៗរបស់គាត់ដែរ។ ដូច្នេះ ការឆ្កាងព្រះគ្រីស្ទដោយសត្រូវរបស់ទ្រង់ បានធ្វើឱ្យព្រះអង្គបានក្លាយទៅជាព្រះ ដែលប្រោសលោះមនុស្សលោក ជាព្រះអង្គសង្គ្រោះនៃមនុស្សដែលធ្លាក់ចុះ និងជាអ្នកគ្រប់គ្រងនៅលើពិភពលោកទាំងមូល ប៉ុនែ្តឧក្រិដ្ឋកម្មរបស់ពួកអ្នកដែលធ្វើគុតដល់ទ្រង់ នៅតែអាក្រក់គួរឱ្យខ្លាច ព្រះហស្តដែលដឹកនាំរបស់ព្រះមិនបានគ្រប់គ្រងព្រឹត្តិការណ៍នេះឡើយ។ PPKh1 227.2