Go to full page →

១២ មករា PPKh1 25

នាងអេវ៉ាមិនបានជឿព្រះបន្ទូលរបស់ព្រះទេ ហើយការនេះបានដឹកនាំនាងឱ្យធ្លាក់ចុះ។ នៅក្នុងការជំនុំជម្រះ ព្រះមិនបានចោទប្រកាន់ដល់មនុស្សអំពីការដែលពួកគេជឿលើការកុហកនោះទេ ប៉ុន្តែ ទ្រង់ចោទប្រកាន់គេពីការដែលគេមិនព្រមជឿលើសេចក្តីពិតវិញ។ យើងត្រូវតាំងចិត្តឱ្យស្គាល់សេចក្តីពិតយ៉ាងច្បាស់។ អ្វីដែលផ្ទុយពីព្រះបន្ទូលរបស់ព្រះ គឺសុទ្ធតែមកពីសាតាំងទេ។ ពស់បានបេះផ្លែឈើដែលព្រះបានហាមឃាត់ ដាក់លើដៃរបស់នាងអេវ៉ា ដែលកំពុងតែមានចិត្តស្ទាក់ស្ទើរនេះ។ រួចវាបានរំឭកនាងពីពាក្យដែលនាងបាននិយាយថាបើនាងប៉ះពាល់ផ្លែឈើដែលព្រះបានហាមឃាត់នោះ នាងនឹងត្រូវស្លាប់។ ដោយឃើញថាមិនមានលទ្ធផលអាក្រក់អ្វីកើតឡើងដូច្នេះ នាងអេវ៉ាកាន់តែក្លាហានឡើង។ “កាលនាងបានឃើញថាផ្លែឈើនោះបរិភោគ បានក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឱ្យបាន ប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ”។ នៅពេលនាងបានបរិភោគរួច នាងហាក់ដូចជាដឹងថា ខ្លួនឯងកំពុងតែមានលក្ខណៈពិសេសខុសធម្មតា។ PPKh1 25.1

ហើយឥឡូវនេះ ដោយនាងបានបំពាននឹងច្បាប់របស់ព្រះ នាងក៏បានក្លាយជាភ្នាក់ងាររបស់សាតាំង ក្នុងការបំផ្លាញដល់ប្តីរបស់នាងថែមទៀត។ នៅក្នុងអារម្មណ៍ដ៏ចម្លែក មានការរំភើបខុសពីធម្មតា ទាំងដៃមានកាន់ផ្លែឈើដែលព្រះបានហាមឃាត់ផង នាងបានរកអ័ដាម ហើយក៏បានឃើញគាត់។ PPKh1 26.1

លោកអ័ដាមមានការរំភើបនិងតក់ស្លុតជាខ្លាំង។ គាត់បានឆ្លើយទៅនឹងសម្តីរបស់នាងអេវ៉ាថា នេះពិតជាសត្រូវដែលប្រឆាំងនឹងព្រះ ដែលទ្រង់បានហាមប្រាមដល់ពួកគេនេះហើយ។ ឥឡូវនេះ នាងពិតជាស្លាប់ ដូចព្រះបានមានបន្ទូលជាមិនខាន។ ជាការឆ្លើយតប នាងបានជំរុញគាត់ថា “ពិសាទៅៗ” ដោយលើកយកសម្តីរបស់ពស់មកនិយាយថា ពួកគេនឹងមិនស្លាប់ជាពិតមែន។ នាងហាក់ដូចជាមិនដឹងពីការមិនសព្វព្រះហឫទ័យរបស់ព្រះសោះ តែបែរជាដឹងតែពីឥទ្ធិពលនៃការឆ្ងាញ់ និងការសប្បាយ ធ្វើឱ្យរំភើបព្រឺព្រួចពាសពេញទាំងសារពាង្គកាយនៃជីវិតថ្មីរបស់នាងទៅវិញ។ PPKh1 26.2

លោកអ័ដាមបានដឹងថាដៃគូរបស់គាត់បានបំពាននឹងច្បាប់របស់ព្រះហើយ។ នៅក្នុងគំនិតរបស់គាត់មានការភ័យព្រួយជាខ្លាំង។ គាត់កើតទុក្ខដោយគាត់បានបណ្តោយឱ្យនាងអេវ៉ា ដើរវង្វេងឃ្លាតឆ្ងាយពីគាត់។ ប៉ុន្តែ ឥឡូវនេះកំហុសនេះបានប្រព្រឹត្តរួចទៅហើយ គាត់ប្រាកដជាត្រូវបែកពីនាងដែលជាទីពេញចិត្តរបស់គាត់មិនខាន។ PPKh1 26.3

តើធ្វើដូចម្តេចឱ្យគាត់អាចទ្រាំទ្រនឹងការនេះបានទៅ? លោកអ័ដាមធ្លាប់មានអំណរជាមួយនឹងភាពជាដៃគូជាមួយនឹងព្រះ និងពួកទេវតា។ គាត់បានយល់ពីវាសនាដ៏ខ្ពង់ខ្ពស់របស់មនុស្ស ប្រសិនបើពួកគេនៅតែស្មោះត្រង់ជាមួយនឹងព្រះ។ តែព្រះពរទាំងអស់នេះត្រូវរលាយបាត់ពីក្រសែភ្នែករបស់គាត់ ដោយសារការភ័យខ្លាចបាត់បង់អំណោយមួយដែលមានតម្លៃជាងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់ ការដឹងគុណ និងភក្តីភាពចំពោះព្រះអាទិករ ត្រូវបានដាក់ទៅម្ខាង ដោយសេចក្តីស្រឡាញ់ចំពោះនាងអេវ៉ា។ នាងគឺជាជីវិតរបស់គាត់ ហើយគាត់មិនអាចទ្រាំទ្រនឹងគំនិតនៃការព្រាត់ប្រាសពីនាងបានឡើយ។ ប្រសិនបើនាងត្រូវស្លាប់ គាត់ក៏ត្រូវតែស្លាប់ជាមួយនាងដែរ។ តើពាក្យសម្តីរបស់សត្វពស់ដ៏ឆ្លាតវាងវៃនេះប្រហែលជាមិនពិតទេឬ? មិនឃើញមានសញ្ញានៃសេចក្តីស្លាប់ណាកើតឡើងដល់នាងអេវ៉ាឡើយ ហើយគាត់ក៏ហ៊ានទទួលលទ្ធផលនៃការបំពាននឹងច្បាប់របស់ព្រះនេះដោយក្លាហាន។ គាត់ក៏បានចាប់យកផ្លែឈើនោះ មកបរិភោគយ៉ាងរហ័ស។ PPKh1 26.4