លោកម៉ូសេមិនអាចប្រកែកតទៅទៀតបានឡើយ ព្រោះលេសធំៗទាំងឡាយ ត្រូវបានព្រះដកចេញអស់ហើយ។ PPKh1 245.1
ក្រោយពីបានទទួលកិច្ចការនោះភ្លាម លោកម៉ូសេបានចេញទៅបំពេញថ្វាយព្រះយ៉ាងអស់ពីចិត្ត ដោយទុកចិត្តទៅលើព្រះទាំងស្រុង។ ព្រះបានប្រទានពរដល់ការស្តាប់បង្គាប់ភ្លាមៗ របស់គាត់ ហើយគាត់បានក្លាយជាអ្នកមានទេពកោសល្យវោហារដ៏ល្បីល្បាញ ពោរពេញដោយសេចក្តីសង្ឃឹម មានទំនុកចិត្តលើខ្លួនឯង និងមានសមត្ថភាពយ៉ាងពេញលេញក្នុងការបំពេញកិច្ចការដ៏ធំបំផុត ដែលព្រះមិនធ្លាប់បានប្រទានដល់មនុស្សណាម្នាក់ឡើយនេះ។ PPKh1 245.2
មនុស្សម្នាក់នឹងទទួលបានអំណាចនិងប្រសិទ្ធភាពដោយការទទួលយកការទទួលខុសត្រូវដែលព្រះបានប្រទានឱ្យរូបគេ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកដែលបន្ទាបខ្លួន ឬអ្នកដែលមិនបំប៉ោងសមត្ថភាពរបស់ខ្លួន អ្នកនោះនឹងទទួលបានភាពឧដុង្គឧត្តមពិតប្រាកដ ជាអ្នកដែលខិតខំបំពេញកិច្ចការដោយស្មោះត្រង់។ ការដឹងពីភាពកម្សោយរបស់ខ្លួន យ៉ាងហោចណាស់ក៏ជាភស្តុតាងបញ្ជាក់ថាអ្នកនោះទទួលស្គាល់ថាការងារដែលគេបានតែងតាំងនោះជាការដ៏អស្ចារ្យដែរ។ ហើយមនុស្សបែបនេះនឹងយកព្រះធ្វើជាទីប្រឹក្សាយោបល់និងជាកម្លាំងរបស់ខ្លួន។ PPKh1 245.3
លោកម៉ូសេបានភ័យខ្លាចចំពោះស្តេចផារ៉ោន និងប្រជារាស្ត្រអេស៊ីព្ទ ដែលមានកំហឹងទាស់នឹងគាត់ អស់រយៈពេលសែសិបឆ្នាំកន្លងមកនេះ នៅក្នុងចិត្ត រឿងនេះហើយដែលធ្វើឱ្យគាត់ស្ទាក់ស្ទើរ មិនចង់វិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ។ ប៉ុនែ្ត បន្ទាប់ពីលោកបានតាំងចិត្តស្តាប់បង្គាប់ព្រះមក ព្រះអម្ចាស់បានបើកសម្តែងឱ្យគាត់ឃើញថាសត្រូវរបស់គាត់បានស្លាប់អស់ហើយ។ PPKh1 245.4
នៅតាមផ្លូវពីស្រុកម៉ាឌាន ទេវតាមួយអង្គបានលេចមកឯលោកម៉ូសេ ក្នុងសណ្ឋានគួរឱ្យខ្លាច គឺទេវតានោះគំរាមចង់សម្លាប់គាត់។ ព្រះគម្ពីរមិនបានផ្តល់ការពន្យល់អំពីរឿងនេះទេ ប៉ុនែ្ត លោកម៉ូសេបានចងចាំថាគាត់មិនបានយកចិត្តទុកដាក់នឹងតម្រូវការមួយរបស់ព្រះ។ គឺគាត់មិនបានធ្វើពិធីកាត់ស្បែកកូនប្រុសពៅរបស់គាត់។ ការមិនស្តាប់បង្គាប់បែបនេះសម្រាប់មេដឹក នាំសាសន៍អ៊ីស្រាអែល ដែលព្រះបានជ្រើសតាំង គឺជាការបន្ធូរបន្ថយថាមពលនៃសេចក្តីណែនាំរបស់ព្រះនៅចំពោះមនុស្ស។ ដោយភ័យខ្លាចប្តី របស់នាងត្រូវទេវតាសម្លាប់ នាងសេផូរ៉ាបានប្រារឰពិធីនេះដោយខ្លួនឯង រួចបន្ទាប់មកទេវតាក៏ឱ្យលោកម៉ូសេធ្វើដំណើរបន្តទៅទៀត។ ជីវិតរបស់គាត់បានរស់ដោយសារតែការការពាររបស់ពួកទេវតាបរិសុទ្ធប៉ុណ្ណោះ។ ប៉ុនែ្ត ខណៈ ដែលគាត់រស់នៅជាអ្នកបដិសេធភារកិច្ចដែលគាត់បានដឹងច្បាស់នោះ គាត់មិនមានសុវត្ថិភាពទេ ដ្បិតទេវតារបស់ព្រះមិនបានការពារគាត់ឡើយ។ PPKh1 246.1
នៅគ្រាវេទនា មុនព្រះគ្រីស្ទយាងត្រឡប់មកវិញ ពួកអ្នកសុចរិតនឹងត្រូវបានការពារ ដោយការឃ្លាំមើលរបស់ពួកទេវតា ប៉ុនែ្ត មនុស្សដែលមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះនឹងគ្មានការការពារនេះឡើយ។ ទេវតាមិនអាចការពារអ្នកដែលមិនគោរពក្រឹត្យវិន័យរបស់ព្រះត្រង់ប្រការណាមួយនោះទេ។ PPKh1 246.2
*****