ពួកនាយតម្រួតសាសន៍អេស៊ីព្ទបានតែងតាំងមេការសាសន៍ហេព្រើរឱ្យត្រួតពិនិត្យកិច្ចការនេះ។ នៅពេលដែលព្រះរាជបញ្ជារបស់ស្តេចត្រូវបានគេប្រើជាផ្លូវការ បណ្តាជនទាំងឡាយត្រូវខ្ចាត់ខ្ចាយទៅ ពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីនឹងរករើសជញ្ជ្រាំងមកជំនួសចំបើង ប៉ុន្តែ ពួកគេបានរកឃើញថាគេមិនអាចធ្វើឥដ្ឋបានច្រើនដូចមុនឡើយ។ ដោយសារគេមិនអាចធ្វើឥដ្ឋបានគ្រប់ចំនួនបែបនេះ តម្រួតរបស់ស្តេចបានវាយដំពួកមេការជាសាសន៍ហេព្រើរយ៉ាងឃោរឃៅ។ PPKh1 249.1
ពួកមេរបស់កូនចៅអ៊ីស្រាអែលបានទៅគាល់ស្តេចផារ៉ោនទូលពីទុក្ខព្រួយរបស់ពួកគេ។ ស្តេចផារ៉ោនបានទ្រង់ព្រះសណ្តាប់នូវការត្អូញត្អែររបស់ពួកគេ រួចមានបន្ទូលឡកឡឺយទៅវិញថា “ឯងរាល់គ្នាជាមនុស្សកម្ជិល! បានជានិយាយថា ‘សូមបើកឱ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា’ គឺឯងរាល់គ្នាខ្ជិលទេ! ដូច្នេះឯងរាល់គ្នាត្រឡប់ទៅធ្វើការវិញឥឡូវចុះ ដ្បិតគេមិនត្រូវឱ្យចំបើងដល់ឯងរាល់គ្នាទេ តែត្រូវឱ្យឯងធ្វើឥដ្ឋឱ្យគ្រប់ចំនួនកុំខាន ឯពួកមេរបស់កូនចៅអ៊ីស្រាអែល កាលគេឮថាមិនត្រូវបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នេះ នោះក៏ឃើញថាខ្លួនជាមនុស្សជាប់សេចក្តីវេទនាហើយ គេក៏ចេញពីចំពោះផារ៉ោនមកជួបនឹងម៉ូសេ ហើយនិងងអើរ៉ុន ដែលកំពុងតែឈរចាំ ក៏និយាយថា “‘សូមឱ្យព្រះយេហូវ៉ា ពិចារណាហើយជំនុំជម្រះអ្នកចុះ ដ្បិតអ្នកបានធ្វើឱ្យយើងរាល់គ្នាស្អុយកេរ្តិ៍នៅចំពោះផារ៉ោន និងពួកមហាតលិកទ្រង់ ព្រមទាំងដាក់ដាវនៅដៃឱ្យសម្លាប់យើងរាល់គ្នា’”។ PPKh1 249.2
លោកម៉ូសេកើតទុក្ខជាខ្លាំង។ ទុក្ខលំបាករបស់ពួកបណ្តាជនកាន់តែកើនខ្លាំងឡើង។ សម្រែកនៃភាពអស់សង្ឃឹមបានបន្លឺចេញពីមនុស្សទាំងចាស់ទាំងក្មេងពាសពេញនគរ។ ពួកគេបានជួបជុំគ្នា ស្តីបន្ទោសដល់គាត់អំពីការផ្លាស់ប្តូរស្ថានភាពដែលប្រកបដោយគ្រោះមហន្តរាយរបស់ពួកគេនេះ។ គាត់បានទៅជួបព្រះទាំងចិត្តល្វីងជូរចត់ រួចទូលទ្រង់ថា “ឱព្រះអម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ធ្វើបាបដល់ពួកបណ្តាជននេះដូច្នេះ តើទ្រង់បានចាត់ទូលបង្គំមកធ្វើអី ដ្បិតតាំងតែទូលបង្គំចូលទៅទូលផារ៉ោន ដោយនូវព្រះនាមទ្រង់ នោះផារោន៉ចេះតែធ្វើបាបដល់បណ្តាជននេះ ហើយទ្រង់សោត ក៏មិនបានប្រោសរាស្ត្រទ្រង់ឱ្យរួចផងដែរ”។ PPKh1 250.1
នោះព្រះយេហូវ៉ាមានបន្ទូលនឹងម៉ូសេថា “ឥឡូវនេះ ឯងនឹងឃើញការដែលអញធ្វើដល់ផារ៉ោន ដ្បិតដោយដៃខ្លាំងពូកែ នោះអញនឹងឱ្យរាស្ត្រអញ ចេញទៅ ហើយដោយដៃខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅ ផង”។ PPKh1 250.2
ពួកចាស់ទុំសាសន៍អ៊ីស្រាអែលបានព្យាយាមលើកទឹកចិត្តបងប្អូនដែលមានជំនឿលិចលង់ ដោយរំឭកឡើងវិញអំពីសេចក្តីសន្យាដែលព្រះបានធ្វើជាមួយនឹងពួកអយ្យកោររបស់គេ និងសេចក្តីទំនាយដែលលោកយ៉ូសែប បាននិយាយប្រាប់ឱ្យដឹងជាមុន អំពីការរំដោះរបស់ពួកគេចេញពីស្រុក អេស៊ីព្ទ។ អ្នកដទៃផ្សេងទៀតបានបដិសេធសេចក្តីសង្ឃឹមរបស់ពួកគេ។ សេចក្តីរាយការណ៍នៅក្នុងចំណោមទាសករ អ៊ីស្រាអែលក៏បានឮទៅដល់សាសន៍អេស៊ីព្ទ ហើយបានចំអកមើលងាយដល់ការរំពឹងទុករបស់ពួកគេ ព្រមទាំងបានបដិសេធ ព្រះចេស្តារបស់ព្រះទាំងងងើល។ ពួកគេបានចំអកថា “បើព្រះរបស់ឯងយុត្តិធម៌ ហើយមានសេចក្តីមេត្តាករុណាជាងព្រះនៃសាសន៍ អេស៊ីព្ទ ហេតុអ្វីបានព្រះអង្គមិនរំដោះពួកឯងឱ្យមានសេរីភាពទៅ?”។ ពួកគេ ថ្វាយបង្គំព្រះអាទិទេព ដែលសាសន៍អ៊ីស្រាអែលហៅថា ព្រះក្លែងក្លាយ តែពួកគេនៅជានគរដែលមានទ្រព្យសម្បត្តិនិងអំណាចស្តុកស្តម្ភ។ ព្រះតូចៗរបស់គេបានឱ្យពរដល់ពួកគេបានចម្រុងចម្រើន ហើយបានឱ្យកូនចៅអ៊ីស្រាអែលធ្វើជាទាសកររបស់ពួកគេថែមទៀតផង។ ស្តេចផារ៉ោនបានអួតខ្លួនឯងក្អេងក្អាងថា ព្រះរបស់សាសន៍ហេព្រើរមិនអាចរំដោះពួកគេចេញពីអំណាចរបស់ទ្រង់បានឡើយ។ PPKh1 250.3