ប្រជារាស្ត្រនៅក្នុងប្រទេសអេស៊ីព្ទទាំងមូលបានញ័ររន្ធត់ នៅក្រោមការជំនុំជម្រះរបស់ព្រះ។ ស្តេចផារ៉ោនបានចាត់គេឱ្យទៅហៅបងប្អូនពីរនាក់នោះមកជាបន្ទាន់ “ម្តងនេះអញជាអ្នកមានបាប គឺព្រះយេហូវ៉ាដែលសុចរិត ឯអញនិងរាស្ត្រអញ យើងជាពួកអាក្រក់វិញ ដូច្នេះ សូមឱ្យឯងអង្វរដល់ព្រះយេហូវ៉ា ផង ដ្បិតមានផ្គរជាយ៉ាងខ្លាំង ហើយនិងព្រិលនេះជាការល្មមហើយ នោះអញនឹងឱ្យឯងរាល់គ្នាចេញទៅ ឥតមានឃាត់ឃាំងទៀតឡើយ”។ PPKh1 261.2
លោកម៉ូសេបានដឹងថាការពិបាកទាំងឡាយមិនទាន់ចប់ទេ។ ការសារភាពនិងសេចក្តីសន្យារបស់ស្តេចផារ៉ោន មិនមែនជាលទ្ធផលនៃការផ្លាស់ប្តូរពិតប្រាកដនៅក្នុងគំនិតរបស់ទ្រង់នោះទេ ប៉ុន្តែ ជាកលឧបាយរបស់ទ្រង់ដោយសារតែការភ័យខ្លាចនិងការព្រួយបារម្ភប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោកម៉ូសេបានសន្យាថានឹងធ្វើតាមសំណូមពររបស់ទ្រង់ដែរ ព្រោះគាត់មិនចង់ឱ្យទ្រង់មានឱកាសបន្តព្រះទ័យរឹងរូសរបស់ទ្រង់តទៅទៀត។ ហោរានេះ (លោកម៉ូសេ) បានចាកចេញទៅដោយមិនខ្វល់នឹងព្យុះព្រិលឡើយ ស្តេចផារ៉ោននិងពួកនាហ្មឺនរបស់ទ្រង់បានឃើញព្រះចេស្តារបស់ព្រះយេហូវ៉ាដែលបានការពារអ្នកនាំសាររបស់ព្រះអង្គនេះ។ ម៉ូសេ “លើកដៃប្រ ទូលទៅព្រះយេហូវ៉ា នោះផ្គរលាន់ក៏ស្ងប់ស្ងាត់ ព្រិលក៏បាត់ទៅ ហើយភ្លៀងក៏រាំង មិនធ្លាក់មកលើដីទៀត”។ ប៉ុន្តែ បន្ទាប់ពីរួចផុតពីការភ័យខ្លាចនោះមក ព្រះទ័យរបស់ស្តេចផារ៉ោនក៏ត្រឡប់ទៅជារឹងទទឹងជាថ្មីឡើងវិញ។ PPKh1 261.3
នោះព្រះបានបង្ហាញភស្តុតាងយ៉ាងច្បាស់ពីការខុសគ្នាដែលទ្រង់បាន ដាក់ នៅចន្លោះរាស្ត្រអ៊ីស្រាអែលនិងសាសន៍អេស៊ីព្ទ។ ទ្រង់នឹងធ្វើឱ្យរាស្ត្រនៅក្នុងនគរទាំងមូលដឹងថាសាសន៍ហេព្រើរស្ថិតនៅក្រោមការការពាររបស់ព្រះនៃឋានសួគ៌។ លោកម៉ូសេបានទូលដល់ស្តេចឱ្យជ្រាបថា ព្រះនឹងធ្វើឱ្យមានសេចក្តីវេទនាជាកណ្តូប ដែលនឹងគ្របដណ្តប់ទឹកដីស្រុកអេស៊ីព្ទទាំងមូល ព្រមទាំងស៊ីបំផ្លាញផលដំណាំទាំងឡាយ ដែលនៅសេសសល់ពីព្រិលផង។ កណ្តូបទាំងនោះនឹងចូលពេញក្នុងគ្រប់ទាំងផ្ទះ រហូតដល់ព្រះរាជវាំងផង។ លោកមានប្រសាសន៍ថា គ្រោះកាចនេះនឹងក្លាយជាគ្រោះធម្មជាតិដែល “ដល់ម៉្លេះបានជាឪពុកនិងពួកអយ្យកោឯង រាល់គ្នា មិនដែលឃើញដូច្នោះឡើយ តាំងពីគេកើតឡើងរហូតដល់ឥឡូវនេះ” ពួកមហាតលិករបស់ស្តេច ផារ៉ោនភ័យញ័ររន្ធត់។ ប្រជារាស្ត្រក្នុងនគរទាំងមូលបានរងគ្រោះ ដោយការងាប់សត្វគោអស់ជាច្រើន។ មនុស្សជាច្រើននាក់បានស្លាប់ដោយសារព្រិល។ ព្រៃព្រឹក្សាទាំងឡាយបានបាត់បង់ ហើយផលដំណាំទាំងឡាយត្រូវបានបំ ផ្លាញ។ សាសន៍អេស៊ីព្ទបានបាត់បង់ទ្រព្យសម្បត្តិដែលគេបានចំណេញពីកូនចៅអ៊ីស្រាអែលទៅវិញយ៉ាងឆាប់រហ័ស។ ទឹកដីទាំងមូលត្រូវបានគំរាមកំហែងដោយគ្រោះអត់ឃ្លាន។ ពួកនាហ្មឺន រាស្ត្រ និងស្តេចបានចោមរោមព្រះមហាក្សត្រ ហើយបង្គាប់ថា “តើទុកឱ្យមនុស្សនោះធ្វើជាអន្ទាក់ដល់យើងរាល់គ្នាដល់កាលណាទៀត សូមឱ្យគេចេញទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃគេទៅចុះ តើទ្រង់មិនទាន់ជ្រាបថា ស្រុកអេស៊ីព្ទខូចអស់ហើយទេឬអី”។ PPKh1 262.1
ស្តេចផារ៉ោនក៏ហៅម៉ូសេនិងអើរ៉ុនមកជួបទៀត ហើយមានបន្ទូលទៅកាន់គាត់ទាំងពីរថា “ទៅចុះ ទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាចុះ តើមានអ្នកណាខ្លះដែលទៅ?”។ PPKh1 262.2
លោកម៉ូសេឆ្លើយថា “យើងខ្ញុំនឹងទៅទាំងចាស់ទាំក្មេង ទាំងកូនប្រុស កូនស្រី ហើយនិងហ្វូងចៀម ហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតនេះគឺជាបុណ្យព្រះយេហូវ៉ាសម្រាប់យើងខ្ញុំរាល់គ្នា”។ PPKh1 263.1