Go to full page →

១៧ មករា PPKh1 36

ពេលដែលពួកទេវតាបានឃើញការឈឺចាប់ និងការបន្ទាបខ្លួននៃព្រះអម្ចាស់របស់ខ្លួន ពួកលោកចង់ជួយរំដោះទ្រង់ចេញពីពួកឃាតករ ប៉ុន្តែ ពួកលោកមិនអាចបោះជំហានចូលទៅឡើយ។ នេះជាផ្នែកនៃផែនការដែលព្រះគ្រីស្ទត្រូវតែទទួលរងនូវការប្រមាថមើលងាយ និងការរំលោភបំពានពីសំណាក់ មនុស្សអាក្រក់។ PPKh1 36.2

ព្រះគ្រីស្ទបានបញ្ជាក់ប្រាប់ដល់ពួកទេវតាថា ដោយសារការសុគតរបស់ទ្រង់ ទ្រង់អាចនឹងលោះមនុស្សជាច្រើន ហើយផ្សះផ្សានគរដែលត្រូវបាត់បង់ដោយការបំពាននឹងច្បាប់នោះឡើងវិញ។ មនុស្សដែលបានប្រោសលោះនឹងបានគ្រងមរតកជាមួយនឹងទ្រង់។ អំពើបាបនិងអ្នកមានបាបនឹងត្រូវបានលុបចេញ លែងមករំខានដល់សេចក្តីសុខសាន្តនៅឋានសួគ៌ ឬផែនដីនេះតទៅទៀតហើយ។ PPKh1 36.3

ពេលនោះសេចក្តីអំណរដែលមិនអាចពណ៌នាបានបំពេញឋានសួគ៌ទាំងមូល។ សំឡេងចម្រៀងដែលគេបានឮជាលើកដំបូងនៅលើភ្នំនៃភូមិ បេថ្លេហិម បានអណ្តែតត្រសែតពាសពេញលំហនៃឋានសួគ៌ “សួស្តីដល់ព្រះនៅឋានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដីនៅកណ្តាលមនុស្ស” (លូកា ២:១៤)។ “ផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ” (យ៉ូប ៣៨:៧)។ PPKh1 36.4

ព្រះសន្យាប្រទានព្រះអង្គសង្គ្រោះមួយអង្គ PPKh1 37

ក្នុងការប្រកាសកាត់ទោសសាតាំងនៅក្នុងសួនច្បារ ព្រះយេហូវ៉ាបានប្រកាសថា “អញនឹងធ្វើឱ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ” លោកុប្បត្តិ ៣:១៥។ នេះគឺជាសេចក្តីសន្យាមួយដែលប្រាប់ថា អំណាចរបស់សាតាំងដែលជាបច្ចាមិត្រដ៏ធំនឹងត្រូវកម្ទេចនៅទីបញ្ចប់។ លោកអ័ដាមនិងនាងអេវ៉ាបានឈរជាឧក្រិដ្ឋជន នៅចំពោះការជំនុំជម្រះដ៏សុចរិត ប៉ុន្តែ មុននឹងពួកគាត់ឮនូវការងារពិបាកៗ និងទុក្ខព្រួយដែលនឹងបានជាចំណែករបស់គាត់ឬការដែលគាត់ត្រូវក្លាយជាធូលីដីវិញនោះ គាត់បានស្តាប់ព្រះបន្ទូលដែលផ្តល់ សេចក្តីសង្ឃឹមដល់គាត់យ៉ាងជាក់ច្បាស់។ ពួកគាត់អាចរង់ចាំជ័យជំនះចុងក្រោយនេះ។ PPKh1 37.1

សាតាំងដឹងថាការងារបំផ្លាញនិស្ស័យមនុស្សរបស់វានឹងត្រូវមានការ រំខានដោយសារមនុស្សប្រុស ស្រីទាំងឡាយនឹងអាចទប់ទល់ជាមួយនឹងអំណាចរបស់វាជាមិនខាន។ តែសាតាំងនិងទេវតារបស់វាមានអំណរជាខ្លាំង ដោយបានធ្វើឱ្យមនុស្សធ្លាក់ចុះបែបនេះ វាអាចទាញព្រះរាជបុត្រារបស់ព្រះ ចេញពីតំណែងដ៏ខ្ពស់បាន។ នៅពេលដែលព្រះគ្រីស្ទយកនិស្ស័យជាមនុស្សដោយផ្ទាល់ ទ្រង់ក៏អាចនឹងមានជ័យជម្នះផងដែរ។ PPKh1 37.2

ទេវតានៃឋានសួគ៌បានបើកបង្ហាញដល់ឪពុកម្តាយដំបូងរបស់យើង ឱ្យឃើញកាន់តែច្បាស់ពីផែនការនៃសេចក្តីសង្គ្រោះរបស់ពួកគាត់។ ព្រះមិនបានទុកលោកអ័ដាមនិងដៃគូរបស់គាត់ ឱ្យនៅតែឯង ក្នុងដៃរបស់សាតាំងឡើយ។ តាមរយៈការកែប្រែចិត្តនិងសេចក្តីជំនឿទៅលើព្រះគ្រីស្ទ ពួកគាត់អាចក្លាយជាកូនព្រះឡើងវិញ។ PPKh1 37.3

តាំងពីមុនមក លោកអ័ដាមនិងនាងអេវ៉ាមិនធ្លាប់មានទោស ដោយអំពើបាបហើយទទួលលទ្ធផលអាក្រក់របស់វាឡើយ។ ពួកគាត់បានអង្វរសុំកុំឱ្យទោសនោះធ្លាក់ទៅលើព្រះអង្គ ដែលសេចក្តីស្រឡាញ់របស់ទ្រង់ គឺជាប្រភពនៃសេចក្តីអំណរសព្វគ្រប់របស់ពួកគាត់ឡើយ ហើយសុំឱ្យទណ្ឌកម្មនោះ ធ្លាក់មកលើពួកគាត់ និងកូនចៅរបស់គាត់វិញចុះ។ PPKh1 38.1

ព្រះបានប្រាប់ដល់ពួកគាត់ថា ដរាបណាច្បាប់របស់ព្រះយេហូវ៉ានៅតែជាគ្រឹះនៃនគររបស់ទ្រង់ សូម្បីជីវិតរបស់ទេវតាក៏មិនអាចទទួលជាយញ្ញបូជាសម្រាប់ការរំលងនឹងច្បាប់របស់ព្រះបានដែរ។ ប៉ុន្តែ ព្រះរាជបុត្រារបស់ព្រះ ដែលបានបង្កើតពួកគាត់មក ទ្រង់អាចធ្វើជាតង្វាយឱ្យធួននឹងបាប សម្រាប់ជំនួសពួកគាត់បាន។ នៅពេលដែលការបំពានច្បាប់របស់លោកអ័ដាម នាំមកនូវទុក្ខវេទនានិងសេចក្តីស្លាប់ នោះយញ្ញបូជារបស់ព្រះគ្រីស្ទក៏អាចនាំមកនូវជីវិតនិងភាពមិនចេះស្លាប់វិញដែរ។ PPKh1 38.2