Go to full page →

៣១ មករា PPKh1 63

ក្រឹត្យវិន័យរបស់ទ្រង់ត្រូវគេបំពាន ហើយជាលទ្ធផលធ្វើឱ្យមានអំពើបាបកើតឡើង។ សេចក្តីយុត្តិធម៌ត្រូវបានគេជាន់ឈ្លីដល់ដី ហើយសម្រែកនៃអ្នកដែលត្រូវគេជិះជាន់បានឮដល់ឋានសួគ៌។ PPKh1 63.3

ការមិនអើពើនឹងតម្លៃនៃជីវិតរបស់មនុស្ស PPKh1 64

ការមានប្រពន្ធច្រើនត្រូវបានគេនាំចូលមកតាំងពីសម័យដើមមកម្ល៉េះ ទោះបីជាការនេះ មិនមែនជាផែនការរបស់ព្រះក៏ដោយ។ ព្រះបានប្រទានប្រពន្ធមួយដល់លោកអ័ដាម។ ប៉ុន្តែបន្ទាប់ពីការធ្លាក់ចុះមក មនុស្សជ្រើសរើសធ្វើតាមតែសេចក្តីប៉ងប្រាថ្នាដែលពោរពេញដោយអំពើបាបរបស់ខ្លួន។ ជាលទ្ធផល អំពើឧក្រិដ្ឋនិងទុក្ខវេទនាបានរីករាលដាលយ៉ាងឆាប់រហ័ស។ ទាំងអាពាហ៍ពិពាហ៍និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិត្រូវបានគេលែងគោរព។ មនុស្សសប្បាយរីរាយនៅក្នុងអំពើឃោរឃៅ។ ពួកគេរីករាយនឹងសម្លាប់សត្វ ការប្រើប្រាស់សាច់សត្វជាអាហារ ធ្វើឱ្យពួកគេកាន់តែឃោរឃៅនិងស្រេកឈាមខ្លាំងឡើងៗ រហូតដល់ពួកគេក្លាយទៅជាលែងខ្វល់ខ្វាយនឹងជីវិតរបស់មនុស្ស។ PPKh1 64.1

ពិភពលោកនេះនៅក្មេងខ្ចីនៅឡើយ តែអំពើអាក្រក់បានរីករាលដាលយ៉ាងជ្រៅនិងទូលំទូលាយ ដែលព្រះទ្រង់មានបន្ទូលថា “អញនឹងលុបមនុស្សដែលអញបានបង្កើតមក ឱ្យសូន្យបាត់ពីផែនដីចេញ”។ ទ្រង់ប្រកាសថាវិញ្ញាណទ្រង់មិនទាស់នឹងមនុស្សមានទោសទៀតទេ។ ប្រសិនបើគេមិនបញ្ឈប់អំពើបាបរបស់គេទេ ទ្រង់នឹងលុបគេចេញពីការបង្កបង្កើតរបស់ទ្រង់ ទ្រង់នឹងបោសសម្អាតសត្វធំៗទាំងឡាយ និងបន្លែបង្ការដែលទ្រង់បានផ្គត់ផ្គង់ទុកជាអាហារយ៉ាងសម្បូរបែប ហើយទ្រង់នឹងកែប្រែផែនដីទទេ ឱ្យទៅជា ទស្សនីយភាពនៃគំនរបាក់បែកដ៏ធំល្វឹងល្វើយវិញ។ PPKh1 64.2

ទូកដែលរក្សាជីវិតមនុស្ស PPKh1 64

ព្រះបានប្រាប់ដល់លោកណូអេអំពីផែនការរបស់ទ្រង់ និងបានបង្គាប់ឱ្យគាត់ធ្វើទូកធំមួយ តាំងពីមួយរយម្ភៃឆ្នាំមុនទឹកជំនន់មកម៉្លេះ។ គាត់ត្រូវប្រកាសផ្សាយថាព្រះនឹងធ្វើឱ្យមានទឹកជំនន់នៅលើផែនដី។ អស់អ្នកណាដែលជឿដំណឹងនេះ ហើយរៀបចំខ្លួនដោយការកែប្រែចិត្តនិងការផ្លាស់ប្តូរ នឹងត្រូវបានអត់ទោស និងបានសង្គ្រោះ។ លោកម៉ាធូសាឡានិងកូនៗរបស់គាត់បានរស់នៅឮការប្រកាសផ្សាយនេះ ហើយបានជួយធ្វើទូកធំនេះផង។ PPKh1 64.3

ព្រះបានប្រទានខ្នាតទូកនោះដល់លោកណូអេយ៉ាងត្រឹមត្រូវ ហើយទ្រង់បានបង្គាប់គាត់ពីរបៀបសាងសង់ទៀតផង។ ប្រាជ្ញារបស់មនុស្សមិនអាចរៀបចំគ្រោងទូកដែលមាំ ហើយធន់បែបនេះបានឡើយ។ ព្រះគឺជា ស្ថាបត្យករ ហើយលោកណូអេជាមេជាង។ ទូកនោះមានបីជាន់ ហើយមានទ្វារមួយនៅពីចំហៀង។ ពន្លឺត្រូវបានគេទុកឱ្យចូលពីលើ ហើយជាន់នីមួយៗត្រូវបានរៀបចំឱ្យមានពន្លឺចេញចូលបានទាំងអស់។ សម្ភារៈដែលត្រូវសាងសង់មានឈើស្រល់និងម៉ៃសាក់ ដែលអាចគង់នៅមិនពុកអស់រយៈពេល រាប់រយឆ្នាំ។ ការសាងសង់សំណង់ធំបែបនេះមានការយឺតយ៉ាវខ្លាំងណាស់ ព្រោះទំហំដើមឈើនិងធម្មជាតិនៃសាច់ឈើ នៅសម័យនោះ តម្រូវឱ្យមានការពិបាកជាងសព្វថ្ងៃនេះខ្លាំងណាស់ ដើម្បីធ្វើឱ្យចេញជាបន្ទះក្តារ។ អ្វីៗដែលជាចំណែករបស់មនុស្សក្នុងការធ្វើកិច្ចការនោះឱ្យបានល្អគ្រប់លក្ខណ៍ត្រូវបានរួចរាល់ហើយ ប៉ុន្តែ ទូកនោះមិនអាចធន់ទ្រាំនឹងខ្យល់ព្យុះដោយខ្លួនឯងបានឡើយ។ មានតែព្រះមួយអង្គគត់ដែលអាចរក្សាអ្នកបម្រើរបស់ទ្រង់ នៅលើទឹកដែលបក់បោកគ្រាំគ្រេងនេះបាន។ PPKh1 65.1