Go to full page →

២២ កុម្ភៈ PPKh1 111

លោកអ័ប្រាហាំបានឃើញត្រឹមតែអ្នកដំណើរដ៏នឿយហត់បីនាក់ នៅក្នុងចំណោមភ្ញៀវរបស់គាត់ប៉ុណ្ណោះ ដោយមិនបានគិតថាក្នុងចំណោមអ្នកទាំងបីនោះ មានម្នាក់ជាព្រះដែលគាត់ថ្វាយបង្គំ ដោយគ្មានអំពើបាបនោះឡើយ។ ប៉ុន្តែ ឥឡូវនេះគាត់បានឃើញអត្តចរិតពិត ប្រាកដរបស់អ្នកនាំសារនៃឋានសួគ៌ ទាំងបីនាក់នេះ។ ពួកគេកំពុងធ្វើដំណើរតាមផ្លូវ ជាភ្នាក់ងារនៃសេចក្តីក្រោធ ប៉ុន្តែ ចំពោះលោកអ័ប្រាហាំ ពួកគេបានឱ្យពរជាដំបូង។ ព្រះមិនសព្វព្រះហឫទ័យ នឹងការសងសឹកឡើយ។ លោកអ័ប្រាហាំបានសរសើរតម្កើងដល់ព្រះ ហើយព្រះក៏បានលើកតម្កើងលោកអ័ប្រហាំវិញដែរ ដោយបានបង្ហាញពីបំណងព្រះហឫទ័យរបស់ទ្រង់ដល់គាត់។ ព្រះអង្គបានមានបន្ទូលថា “តើត្រូវលាក់នឹងអ័ប្រាហាំ ពីការដែលអញរៀបនឹងធ្វើឬទេ?” “សម្រែកនៃក្រុងសូដុំមនិងក្រុងកូម៉ូរ៉ាបានឮជាខ្លាំង ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ផង នោះបានជាអញចុះទៅមើលឥឡូវ ដើម្បីឱ្យដឹង បើគេបានប្រព្រឹត្តដូចជាសម្រែកដែលអញបានឮនោះឬទេ បើមិនមែនទេ នោះអញនឹងបានដឹង”។ ព្រះទ្រង់ជ្រាបពីទោសរបស់ក្រុងសូដុំម ប៉ុន្តែ ទ្រង់បានបង្ហាញអង្គទ្រង់ជាសណ្ឋាននៃមនុស្ស ដើម្បីឱ្យមនុស្សអាចយល់បានពីសេចក្តីយុត្តិធម៌របស់ទ្រង់។ ទ្រង់អាចយាងទៅដឹកនាំការត្រួតពិនិត្យកំហុសរបស់មនុស្សដោយព្រះអង្គផ្ទាល់។ ប្រសិនបើពួកគេពុំបានឆ្លងកាត់ព្រំដែននៃសេចក្តីមេត្តាករុណារបស់ព្រះទេ ទ្រង់នឹងប្រទានឱកាសឱ្យពួកគេកែប្រែចិត្ត។ PPKh1 111.1

អ្នកនាំសារពីឋានសួគ៌ពីរអង្គបានចាកចេញទៅ ទុកចោលលោកអ័ប្រាហាំ ឱ្យនៅជាមួយនឹងអ្នកដំណើរម្នាក់ ដែលឥឡូវនេះគាត់បានដឹងថាជាព្រះរាជបុត្រារបស់ព្រះ។ ហើយបុរសដែលមានសេចក្តីជំនឿរូបនេះបានអង្វរករជំនួស អ្នកទីក្រុងសូដុម។ ពីមុនគាត់បានជួយរំដោះគេដោយដាវ ឥឡូវនេះគាត់បានព្យាយាមជួយសង្គ្រោះគេដោយការអធិស្ឋានម្តង។ ឡុតនិងគ្រួសាររបស់គាត់កំពុងរស់នៅទីនោះនៅឡើយ ហើយលោកអ័ប្រាហាំបានប៉ុនប៉ងជួយ សង្គ្រោះពួកគេចេញពីព្យុះនៃការជំនុំជម្រះរបស់ព្រះ។ គាត់បានទទួចអង្វរដោយការបន្ទាបខ្លួនយ៉ាងក្រៃលែង “ទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ ដែលទូលបង្គំជាធូលីដី ហើយជាផេះទទេ”។ គាត់មិនបានទាមទារការគាប់ព្រះហឫទ័យពីព្រះ ដោយការស្តាប់បង្គាប់និងតង្វាយយញ្ញបូជាដែលគាត់បានថ្វាយនោះទេ។ ជាអ្នកមានបាប គាត់បានអង្វរដល់ព្រះជំនួសបាបជន។ តែលោកអ័ប្រាហាំបានបង្ហាញទំនុកចិត្តដូចជាកូនអង្វរឪពុកដែលមានសេចក្តីស្រឡាញ់ដូច្នោះដែរ។ ទោះបីជាឡុតតាំងទីលំនៅក្នុងទីក្រុងសូដុំមក៏ដោយ ក៏គាត់មិនបានចូលរួមនៅក្នុងការប្រព្រឹត្តិអំពើបាបជាមួយពួកអ្នកក្រុងនោះដែរ។ លោកអ័ប្រាហាំបានគិតថាប្រាកដជាមានអ្នកថ្វាយបង្គំព្រះពិត នៅក្នុងទីក្រុងដែលមានមនុស្សរស់នៅច្រើនកុះករនេះ។ គាត់បានអង្វរដល់ព្រះថា “មិនគួរគប្បីឱ្យទ្រង់ប្រព្រឹត្តដូច្នោះ នឹងសម្លាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ . . . តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី?” នៅពេលដែលព្រះទ្រង់អនុញ្ញាតតាមសំណូមពររបស់គាត់ហើយ គាត់បានទទួលការធានារ៉ាប់រងថាបើមានមនុស្សសុចរិតតែដប់នាក់នៅក្នុងទីក្រុងសូដុម ព្រះនឹងមិនបំផ្លាញទីក្រុងនេះឡើយ។ PPKh1 111.2

ការអធិស្ឋានរបស់លោកអ័ប្រាហាំឱ្យក្រុងសូដុំមបង្ហាញថាយើងគួរតែស្អប់អំបើបាប តែស្រឡាញ់និងអាណិតអាសូរអ្នកមានបាបវិញ។ នៅជុំវិញយើង មនុស្សកំពុងធ្វើដំណើរឆ្ពោះទៅរកសេចក្តីវិនាស។ នៅរៀងរាល់ម៉ោង មនុស្សមួយចំនួនបានដើររំលងសេចក្តីមេត្តាករុណាដ៏បរិបូររបស់ព្រះ។ តើសំឡេងដង្ហោយហៅបាបជនទាំងឡាយឱ្យភៀសខ្លួនចេញពីសេចក្តីវេទនាដ៏គួរឱ្យភ័យខ្លាចនេះ នៅឯណា? តើអ្នកដែលអង្វរករដល់ព្រះជំនួសគេនោះនៅឯណា? PPKh1 112.1