Go to full page →

២ មេសា PPKh1 190

បងៗបានឃើញគាត់ដើរមកពីចម្ងាយ តែដោយសម្អប់ដ៏ជូរចត់ ពួកគេ មិនបានគិតគូរពីការធ្វើដំណើរយ៉ាងឆ្ងាយរបស់យ៉ូសែបដើម្បីមកជួបពួកគេ ឬពីការទទួលរាក់ទាក់និងសេចក្តីស្រឡាញ់ជាបងប្អូនឡើយ។ អាវដែលជាសញ្ញានៃសេចក្តីស្រឡាញ់នៃឪពុករបស់គេ ធ្វើឱ្យគេមានចិត្តរំជើបរំជួលជា ខ្លាំង។ “នុ៎នះ អាមេសប្តិបានមកដល់ហើយ”។ ឥឡូវនេះការច្រណែននិងកំហឹងបានគ្របដណ្តប់ពួកគេទាំងស្រុង។ ពួកគេបាននិយាថា “ចូរយើងសម្លាប់វាឥឡូវ ទម្លាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថាមានសត្វសាហាវបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពី សប្តិនោះមក!” PPKh1 190.1

តែរ៉ូបេនមិនបានគិតពីការសម្លាប់ប្អូនខ្លួនឡើយ ហើយក៏ឱ្យយោបល់ឱ្យទម្លាក់យ៉ូសែបទាំងរស់ ទៅក្នុងអណ្តូងមួយ ទុកឱ្យស្លាប់នៅទីនោះទៅ។ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏នឹងមកជួយស្រង់ប្អូនឡើង ហើយឱ្យត្រឡប់ ទៅជួបនឹងឪពុកវិញដែរ។ ក្រោយពីបានលួងលោមគេឱ្យទទួលយកផែនការរបស់គាត់មក រ៉ូបេនក៏បានចាកចេញទៅ ដោយបារម្ភក្រែងគេដឹងពីគំនិតពិតប្រាកដរបស់ខ្លួន។ PPKh1 190.2

យ៉ូសែបក៏បានមកដល់ ដោយមិនបានគិតថានឹងមានគ្រោះថ្នាក់កើតឡើងដល់ខ្លួនឡើយ។ ប៉ុន្តែ ជំនួសឱ្យការទទួលរាក់ទាក់តាមការរំពឹងទុក គាត់បានភ័យញ័ររន្ធត់ដោយសារបងៗបានបញ្ចេញកំហឹងនិងគំនុំសងសឹក នៅពេលដែលបានជួបគាត់ភ្លាមនោះ ទៅវិញ។ បងៗរបស់គាត់បានក្របួចកអាវគាត់ ហើយបានដោះអាវគាត់ចេញ។ សម្តីឡកឡឺយនិងការគំរាមកំហែងរបស់ពួកគេ បង្ហាញពីគោលបំណងចង់សម្លាប់គាត់។ គាត់បានអង្វរករដល់គេ តែពួកគេមិនព្រមស្តាប់ឡើយ។ ពួកបុរសដែលពោរពេញដោយកំហឹងទាំងនោះបានអូសគាត់ទាំងទ្រគោះបោះបោកទម្លាក់ទៅក្នុងអណ្តូងមួយដ៏ជ្រៅ រួចរុញគាត់ទម្លាក់ហើយទុកឱ្យគាត់ស្លាប់នៅទីនោះ។ PPKh1 190.3

គេបានលក់យ៉ូសែបជាទាសករ PPKh1 191

ភ្លាមនោះមានអ្នកដំណើរមួយក្រុមបានមកដល់ គឺពួកអីសម៉ាអែល ដែលកំពុងផ្ទុកទំនិញរបស់គេនៅលើសត្វអូដ្ឋរៀងៗខ្លួនដើម្បីនាំទៅឯស្រុកអេស៊ីព្ទ។ ឥឡូវនេះយូដាបានឱ្យយោបល់ទៅពួកគេឱ្យលក់ប្អូនរបស់ពួកគេ ជំនួសការសម្លាប់ទៅវិញ។ នៅពេលដែលវិធីរបស់គាត់មានជោគជ័យ នោះគេនឹងបានរួចពីឈាមរបស់ប្អូន។ គាត់បានជំរុញដល់ពួកគេថា ” ដ្បិតវាជាបងប្អូន ជាសាច់ឈាមនឹងយើងដែរ”។ ពួកបងៗក៏យល់ព្រម ហើយបានស្រង់យ៉ូសែប ឡើងពីអណ្តូងយ៉ាងរហ័ស។ PPKh1 191.1

នៅពេលដែលគាត់បានឃើញពួកអ្នកជំនួញទាំងនោះ សេចក្តីពិតដ៏គួរឱ្យខ្លាចបានចាំងមកលើគាត់។ ការក្លាយខ្លួនទៅជាទាសករនោះវាគួរឱ្យភ័យខ្លាចជាងការស្លាប់ទៅទៀត។ គាត់បានអង្វរករបងៗ ម្នាក់ម្តងៗ ទាំងការភ័យរន្ធត់ តែឥតមានប្រយោជន៍ឡើយ។ បងៗខ្លះមានចិត្តអាណិតអាសូរដែរ តែទាំងអស់គ្នាបានគិតថាត្រូវតែបញ្ជូនវាទៅឱ្យឆ្ងាយពីពួកគេ។ យ៉ូសែបបានរៀបរាប់ប្រាប់ពួកគេពីឪពុករបស់ពួកគេ។ ចិត្តរបស់គេនៅតែរឹងដូចដែកថែប មិនព្រមទទួលការអង្វរកររបស់យ៉ូសែបដដែល គេបានប្រគល់យ៉ូសែបទៅពួកអ្នកជំនួញដែលជាអ្នកមិនជឿព្រះ។ ពួកគេបានធ្វើដំណើរចេញទៅ មិនយូរប៉ុន្មាន ក៏បានឆ្ងាយដាច់កន្ទុយភ្នែកពីពួកគេ។ PPKh1 191.2

រ៉ូបេនក៏បានត្រឡប់មកដល់អណ្តូងវិញ ប៉ុន្តែមិនបានឃើញយ៉ូសែបនោទីនោះឡើយ។ នៅពេលដែលគាត់បានដឹងពីហេតុការណ៍ដែលបានកើតឡើងចំពោះយ៉ូសែបពួកគេបានបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមក្នុងគោលបំណង បិទបាំងកំហុសរបស់ពួកគេ។ ដោយបានសម្លាប់កូនពពែមួយ ហើយជ្រលក់អាវរបស់យ៉ូសែបទៅក្នុងឈាមពពែនោះ រួចយកទៅឱ្យឪពុករបស់គេ ដោយប្រាប់គាត់ថាគេបានរកឃើញអាវនោះនៅតាមវាល។ ពួកគេនិយាយថា “សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកឬមិនមែន”។ ពួកគេមិនមានចិត្ត ក្តុកក្តួល ព្រួយបារម្ភ ឬយំសោកអ្វីបន្តិចសោះឡើយ ចំពោះហេតុការណ៍ដែលពួកគេកំពុងប្រឈមនេះ។ យ៉ាកុបបាននិយាយថា “គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ”។ កូនប្រុសស្រីរបស់គាត់បានជួយកម្សាន្តចិត្តគាត់ ប៉ុន្តែគាត់ “ហែកសម្លៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ”។ “អញនឹងចុះទៅឯកូនអញនៅឋានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង” នេះជាទំនួញទួញសោករបស់គាត់។ PPKh1 191.3

ទោះបីជាពួកយុវជនទាំងអស់នោះភ័យខ្លាចចំពោះកំហុសដែលពួកគេបានធ្វើ ហើយទោះបីជាឪពុករបស់គេបន្ទោសយ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែរក្សាកំហុសនោះទុកជារឿងសម្ងាត់ ដដែល។ PPKh1 192.1

*****