Go to full page →

១៣ សីហា PPKh2 201

ខចងចាំប្រចាំសប្តាហ៍ ៖ ជាស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ថែរក្សា ព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។ ចោទិយកថា ១១:១២ PPKh2 201.2

“គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់ឯងរាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្តីសម្បថដែលទ្រង់បានស្បថនិងពួក អយ្យកោឯង បានជាទ្រង់នាំឯងចេញមក ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយបានលោះឯងពីផ្ទះពួកបាវបម្រើ គឺពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយគឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្តីសញ្ញា ហើយ និងសេចក្តីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ ហើយកាន់តាមបញ្ញត្តិរបស់ទ្រង់” (ចោទិយកថា ៧:៨, ៩) ។ PPKh2 201.3

ជនជាតិអ៊ីស្រាអែលតែងតែខ្វះការអត់ធ្មត់ ហើយបះបោរដោយសារការត្រាច់ចររបស់ខ្លួនយ៉ាងយូរ នៅទីរហោស្ថាន ប៉ុន្តែ ការពន្យារពេលក្នុងការចូលទៅកាន់កាប់ស្រុកកាណាននេះមិនមែនជាកំហុសរបស់ព្រះទេ។ ទ្រង់មានទុក្ខព្រួយជាងពួកគេទៅទៀត ដោយទ្រង់មិនអាចនាំពួកគេចូលទៅក្នុងទឹកដីសន្យាភ្លាមៗ ហើយបង្ហាញពីព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់ នៅចំពោះមុខប្រទេសនានា។ ដោយមិនមានការទុកចិត្តទៅលើព្រះ ពួកគេមិនបានរៀបចំខ្លួនដើម្បីចូលទៅក្នុងទឹកដីកាណានឡើយ។ ប្រសិនបើឪពុករបស់ ពួកគេមានជំនឿទៅតាមការណែនាំរបស់ព្រះជាម្ចាស់ ដោយដើរតាមការដឹកនាំរបស់ទ្រង់ ម្ល៉េះពួកគេបានចូលទៅតាំងទីលំនៅ នៅក្នុងស្រុកកាណានជាប្រជារាស្រ្តដែលចម្រុងចម្រើន បរិវិសុទ្ធ តាំងពីយូរយារណាស់មកហើយ។ ការពន្យារពេលរបស់ពួកគេបានបន្ទាបបន្ថោកដល់ព្រះ និងបានដកយកពួកគេចេញពីសិរីល្អរបស់ព្រះ នៅចំពោះមុខនគរនានាដែលនៅជុំវិញ។ PPKh2 202.1

លោកម៉ូសេបានមានប្រសាសន៍ថា “មើល អញបានបង្រៀនច្បាប់ហើយនិងបញ្ញត្តិដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃអញ បានបង្គាប់មក ដើម្បីឱ្យឯងបានប្រព្រឹត្តតាមនៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក ដូច្នេះ ចូរឱ្យឯងរាល់គ្នាកាន់ ហើយប្រព្រឹត្តតាមចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា ហើយជាយោបល់ដល់ឯងរាល់គ្នា នៅភ្នែកនៃអស់ទាំងសាសន៍ ដែលនឹងឮថ្លែងពីបញ្ញត្តិច្បាប់ទាំងប៉ុន្មាននេះ ហើយគេនឹងនិយាយថា ប្រាកដជាសាសន៍នេះមានប្រាជ្ញា និងយោបល់ពិត” ។ PPKh2 202.2

ហើយគាត់បានជំរុញដល់ពួកបណ្ដាជនហេព្រើរថា “ដ្បិតតើមានសាសន៍ដ៏ធំណាមួយ ដែលមានព្រះគង់នៅជិតគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់គង់នៅជិត ក្នុងកាលដែលយើងអំពាវនាវរកទ្រង់នោះ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តិដ៏ត្រឹមត្រូវ ឱ្យដូចជាក្រឹត្យវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ?” បញ្ញត្តិដែលព្រះបានប្រទានឱ្យមនុស្សពីបូរាណរបស់ទ្រង់ មានប្រាជ្ញាជាង ល្អប្រសើរជាង ហើយមានលក្ខណៈសម្រាប់មនុស្ស ល្អជាងច្បាប់រដ្ឋបវេណីនៃប្រទេសស៊ីវីល័យជាច្រើននៅលើផែនដី។ ក្រឹត្យវិន័យរបស់ព្រះជាត្រានៃព្រះ។ PPKh2 202.3

ពាក្យនេះបានធ្វើឱ្យពួកបណ្តាជនអ៊ីស្រាអែលមានការរំជួលចិត្តជាខ្លាំង ខណៈដែលគេនឹកឃើញថាលោកម៉ូសេដែលបញ្ចេញរូបភាពនៃព្រះពររបស់ស្រុកដ៏ស្រស់បំព្រងនេះ ហើយដោយសារការប្រព្រឹត្ដិអំពើបាបរបស់ពួកគេ បានបិទទ្វារមិនឱ្យគាត់ទទួលបាននូវមរតកនៃប្រជាជនរបស់គាត់ៈ PPKh2 203.1

“ឯស្រុកដែលឯងនឹងឆ្លងទៅចាប់យកនេះ គឺជាស្រុកមានភ្នំ មានច្រក ហើយក៏បានស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ!” “ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនិងក្បាលទឹក ហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង ជាស្រុកដែលមានស្រូវសាលី និងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ហើយមានដើមអូលីវ និងទឹកឃ្មុំផង” “ជាស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ថែរក្សា ព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ” (ចោទិយកថា ១១:១១; ៨: ៧-៩; ១១:១២) PPKh2 203.2