Go to full page →

១៨ សីហា PPKh2 212

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង។ ចោទិយកថា ៦:៥ PPKh2 212.1

ប៉ុន្ដែ គាត់បានដឹងថាព្រះបានប្រទានបេសកកម្មនិងការងារឱ្យគាត់បំពេញ។ នៅពេលដែលព្រះបានត្រាស់ហៅគាត់ឱ្យដឹកនាំជនជាតិអ៊ីស្រាអែល ចេញពីទាសភាព គាត់បានរាថយចំពោះការទទួលខុសត្រូវនោះ ប៉ុន្ដែគាត់មិនបានបដិសេធនូវបន្ទុកនោះឡើយ។ សូម្បីនៅពេលដែលព្រះជាម្ចាស់បានស្នើសុំដោះលែងរូបគាត់ ហើយបំផ្លាញជនជាតិអ៊ីស្រាអែល ដែលបះបោរនេះ លោកម៉ូសេមិនអាចទទួលយកបានទេ។ គាត់បានទទួលភស្តុតាងពិសេសនៃការគាប់ព្រះហឫទ័យរបស់ព្រះ គាត់មានបទពិសោធន៍ជាច្រើន ក្នុងការប្រកបជាមួយនឹងសេចក្ដីស្រឡាញ់របស់ព្រះ ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងវាលរហោស្ថាន។ លោកបានដឹងថា លោកបានធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការជ្រើសរើសទទួលការរងទុក្ខលំបាកជាមួយនឹងរាស្រ្តរបស់ព្រះជាម្ចាស់ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត។ PPKh2 212.2

ខណៈដែលគាត់បានសម្លឹងមើលទៅឯបទពិសោធន៍របស់គាត់ ទង្វើខុសឆ្គងមួយបានបំផ្លាញកំណត់ត្រាទាំងអស់។ គាត់ដឹងថា ប្រសិនបើព្រះអាចលុបការរំលងនឹងបញ្ញត្តិមួយនេះចេញ នោះគាត់ស្លាប់ទៅបិទភ្នែកជិតហើយ។ គាត់បានដឹងយ៉ាងច្បាស់ថា ការកែប្រែចិត្តនិងសេចក្ដីជំនឿទៅលើតង្វាយយញ្ញបូជា ដែលព្រះបានសន្យា គឺជាតម្រូវការចាំបាច់របស់ព្រះ ហើយលោកម៉ូសេក៏បានលន់តួអំពើបាបរបស់គាត់ម្តងទៀត ហើយបានសូមការអត់ ឱនទោសដ៏ស្មោះអស់ពីចិត្ត នៅក្នុងព្រះនាមនៃព្រះយេស៊ូ។ PPKh2 212.3

ឥឡូវនេះ ទស្សនីយភាពដ៏ទូលំទូលាយនៃទឹកដីដែលព្រះបានសន្យាបានលាតត្រដាងយ៉ាងច្បាស់ នៅចំពោះមុខគាត់ ដោយមិនមានភាពស្រពិចស្រពិល ឬអាថ៌កំបាំងនៅឆ្ងាយឯនាយនោះឡើយ ប៉ុន្តែ ទឹកដីនោះឈរជ្រងោ ជិតបង្កើយ និងច្បាស់ក្រឡែត នៅចំពោះភ្នែក ដ៏រីករាយរបស់គាត់។ ក្នុង ទស្សនីយភាពនេះ លោកបានមើលឃើញថាទឹកដីនេះមិនមែនទើបតែលេចមកនៅពេលនេះទេ ប៉ុន្តែ ទឹកដីនោះគឺជាព្រះពររបស់ព្រះ។ ភ្នំជាច្រើនដែលគ្របដណ្តប់ទៅដោយឈើតាត្រៅខ្ពស់ៗ ដីទួលដែលមានពណ៌ប្រផេះដោយដើមអូលីវ ចោលក្លិនក្រអូប ជាមួយនឹងក្លិនទំពាំងបាយជូរ ដើមឈើពណ៌បៃតងមានផ្លែផ្កាសម្បូរបែប ដើមល្មើ អមដោយវាលស្មៅកំពុងរេរាំនៅជុំវិញជ្រលងភ្នំ ក្រោមកម្តៅថ្ងៃ កំដរដោយសំឡេងតន្ត្រីនៃទឹកហូរ និងចម្រៀងរបស់បក្សាបក្សី ទីក្រុងដ៏ស្រស់ស្អាតនិងសួនច្បារដ៏គួរឱ្យស្រឡាញ់ បឹងដែលមាន “ទឹកពេញប្រៀប” ហ្វូងសត្វរត់ប្រដេញគ្នានៅតាមជើងភ្នំ ហើយ សូម្បីតែក្នុងក្រហែងថ្មក៏មានឃ្មុំព្រៃធ្វើសម្បុកដែរ។ នេះពិតជាទឹកដីដែលលោក ម៉ូសេបានរៀបរាប់ប្រាប់ដល់ជនជាតិអ៊ីស្រាអែល ក្រោមការបណ្តាលចិត្តពីព្រះវិញ្ញាណរបស់ព្រះប្រាកដមែន។ PPKh2 213.1

លោកម៉ូសេប្រមើលមើលពីប្រវត្តិសាស្រ្តរបស់សាសន៍អ៊ីស្រាអែល PPKh2 213

លោកម៉ូសេបានឃើញមនុស្សដែលព្រះបានជ្រើសតាំងនៅក្នុងស្រុកកាណាន អំបូរនីមួយៗនៅតំបន់រៀងៗខ្លួន។ គាត់នឹកឃើញពីប្រវត្តិសាស្រ្តនៃការក្បត់ជំនឿដ៏យូរលង់និងក្រៀមក្រំរបស់ពួកគេ និងទណ្ឌកម្មនៃទង្វើនោះ។ គាត់បានឃើញពួកគេបានរស់នៅបែកខ្ញែក នៅក្នុងចំណោមប្រទេសនានា សិរីល្អរបស់ព្រះបានចាកចេញពីជនជាតិអ៊ីស្រាអែល ទីក្រុងដ៏ស្រស់ស្អាតរបស់គេបានក្លាយទៅជាគំនរបាក់បែក និងពលរដ្ឋរស់នៅគេត្រូវបានចាប់យកទៅជាឈ្លើយនៅប្រទេសដទៃ។ គាត់បានឃើញពួកគេបានស្ដារទៅជានគរដែលគេគ្រប់គ្រងជាមរតកឡើងវិញ ហើយនៅចុងបំផុត ត្រូវធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់នគររ៉ូម។ PPKh2 213.2

ព្រះបានអនុញ្ញាតឱ្យគាត់ឃើញព្រឹត្តិការណ៍ទីមួយនៃព្រះអង្គសង្គ្រោះ របស់យើង។ គាត់បានឃើញព្រះយេស៊ូជាទារកនៅបេថ្លេហិម។ គាត់បានឮសម្លេងពួកទេវតាច្រៀងដោយអំណរនូវទំនុកសរសើរតម្កើងព្រះ និងសេចក្តី សុខសាន្តនៅផែនដី។ នៅលើមេឃ នាពេលយប់នោះ គាត់បានឃើញផ្កាយបាននាំផ្លូវពួកអ្នកប្រាជ្ញពីទិសខាងកើត ទៅរកព្រះយេស៊ូ ហើយពន្លឺដ៏ធំមួយបានភ្លឺចែងចាំងនៅក្នុងចិត្តរបស់គាត់ នៅពេលគាត់បានរំឭកពីបទទំនាយថា “ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នកដែលបង្កើតសេចក្តីវឹកវរ” (ជនគណនា ២៤:១៧)។ លោកបានឃើញព្រះជន្មដ៏សុភាពរបស់ព្រះគ្រិស្តនាស្រុក ណាសារ៉ែត បានឃើញព្រះរាជកិច្ចនៃក្ដីស្រឡាញ់ ការអាណិតអាសូរ និងការព្យាបាលរបស់ទ្រង់។ គាត់បានឃើញទ្រង់ត្រូវបានបដិសេធដោយសាសន៍មួយដ៏មានអំនួតនិងមិនជឿព្រះ។ ដ៏គួរឱ្យភ្ញាក់ផ្អើល គេបានស្តាប់ការប្រកាសពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដ៏ឱឡារិក ខណៈដែលពួកគេមើលងាយ ហើយបដិសេធទ្រង់ដែលជាអ្នកប្រទានច្បាប់នោះ។ គាត់បានឃើញព្រះយេស៊ូនៅលើភ្នំដើមអូលីវ មានបន្ទូលលាទីក្រុងនៃក្តីស្រឡាញ់របស់ទ្រង់ទាំង ទឹកភ្នែក។ PPKh2 214.1