ខចងចាំប្រចាំសប្តាហ៍ ៖ តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស។ ធីម៉ូថេទី១ ៤:១ PPKh3 187.2
នុយរបស់វិញ្ញាណនិយមដើម្បីទាក់ទាញមហាជននោះគឺជាអំណាចនៃការកំពុតរបស់វា ដែលបង្ហាញឱ្យឃើញពីពេលអនាគត។ នៅក្នុងព្រះបន្ទូល របស់ទ្រង់ ព្រះបានបើកបង្ហាញនៅចំពោះមុខយើងអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃពេលអនាគត ទាំងអស់នោះគឺជារឿងសំខាន់ដែលយើងត្រូវដឹង។ ប៉ុន្ដែ សាតាំងចង់បំផ្លាញទំនុកចិត្តរបស់យើងទៅលើព្រះ វាចង់ដឹកនាំយើងឱ្យស្វែង រកចំណេះដឹងនៃអ្វីដែលព្រះបានគ្របបាំងពីយើង ដោយព្រះតម្រិះរបស់ទ្រង់ និងឱ្យបដិសេធនូវអ្វីដែលទ្រង់បានបង្ហាញដល់យើងនៅក្នុងព្រះបន្ទូលដ៏បរិសុទ្ធ របស់ទ្រង់។ PPKh3 188.1
មនុស្សជាច្រើនអន្ទះសានៅមិនសុខ នៅពេលដែលគេមិនបានដឹងពីរឿងរ៉ាវទាំងឡាយនៅពេលខាងមុខ។ ពួកគេមិនអាចឈរស្ងៀមដោយមិនដឹងប្រាកដឡើយ ហើយក៏មិនបានរង់ចាំការសង្គ្រោះរបស់ព្រះជាម្ចាស់ដែរ។ ពួកគេបានបើកផ្លូវឱ្យមានអារម្មណ៍ប្រឆាំងបះបោរ ហើយរត់នៅទីនេះ ទៅទីនោះ ទាំងទុក្ខព្រួយនិងអស់សង្ឃឹម ព្យាយាមស្វែងរកព័ត៌មានដែលព្រះមិនបានបើកបង្ហាញ។ ប្រសិនបើពួកគេគ្រាន់តែទុកចិត្តដល់ព្រះ ហើយតស៊ូស្វិតស្វាញ ក្នុងការអធិដ្ឋាន នោះពួកគេនឹងទទួលបានការកម្សាន្តចិត្តពីព្រះជាមិនខាន។ PPKh3 188.2
ការមិនអត់ធ្មត់ចង់ដឹងពីពេលអនាគត បង្ហាញពីការខ្វះជំនឿទៅលើព្រះ ហើយសាតាំងបំផុសឱ្យមានទំនុកចិត្តទៅលើអំណាចរបស់វា ដើម្បីប្រាប់ពីហេតុការណ៍ដែលនឹងកើតឡើងនៅពេលខាងមុខ។ ដោយបទពិសោធដែលវាបានទទួលជាយូរអង្វែងមកនោះ វាតែងតែអាចទាយទុកជាមុនពីព្រឹត្តិការណ៍ នាពេលអនាគតមួយចំនួនបានយ៉ាងត្រឹមត្រូវ ដើម្បីបញ្ឆោតមនុស្សដែលយល់ ខុស ហើយនាំពួកគេឱ្យស្ថិតនៅក្រោមអំណាចរបស់វា។ PPKh3 188.3
ព្រះទ្រង់ជាពន្លឺនៃរាស្រ្តរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់បានអំពាវនាវឱ្យពួកគេចោលភ្នែក ដោយមានជំនឿ ទៅឯសិរីល្អដែលត្រូវបានលាក់កំបាំងពីក្រសែភ្នែករបស់មនុស្ស។ ពួកគេមានពន្លឺពីបល្ល័ង្កនៃឋានសួគ៌ ហើយមិនមានបំណងចង់បែរទៅរកអ្នកនាំសាររបស់សាតាំងឡើយ។ PPKh3 189.1
ដំណឹងរបស់អារក្សប្រាប់មកស្តេចសូលមិនមែនជាមធ្យោបាយសម្រាប់ កែប្រែទ្រង់ទេ ប៉ុន្តែ សម្រាប់ជំរុញឱ្យទ្រង់ធ្លាក់ទៅក្នុងការអស់សង្ឃឹមនិងការវិនាសទៅវិញ។ ទោះជាយ៉ាងនេះក៏ដោយ មេល្បួងតែងតែប្រើការបញ្ជោរ ដើម្បីទាក់ទាញមនុស្សឱ្យវិនាស។ គេយកចិត្តទុកដាក់នឹងសេចក្តីពិតយ៉ាងតិចតួច តែគេអនុញ្ញាតឱ្យភាពសៅហ្មងចូលមកជំនួសវិញ។ វិញ្ញាណនិយមប្រកាសថា គ្មានសេចក្តីស្លាប់ គ្មានអំពើបាប គ្មានការជំនុំជម្រះ គ្មានការដាក់ទណ្ឌកម្មទេ ក៏មិនចាំបាច់ត្រូវការគោរពច្បាប់អ្វីដែរ មនុស្សអាចធ្វើអ្វីៗតាមតែចិត្តខ្លួន។ គំនិតបែបនេះបានបំបាក់រនាំងដែលព្រះជាម្ចាស់បានបង្កើតឡើង ដើម្បីការពារសេចក្តីពិត ភាពបរិសុទ្ធ និងការគោរព ហើយមនុស្សជាច្រើនបានធ្លាក់ចូលទៅក្នុងអំពើបាបនេះ។ PPKh3 189.2
ព្រះកំពុងដឹកនាំរាស្ត្ររបស់ទ្រង់ចេញពីអំពើអាក្រក់នៃលោកិយនេះ ដើម្បីឱ្យពួកគេអាចគោរពក្រឹត្យវិន័យរបស់ទ្រង់។ ដោយសាររឿងនេះ កំហឹងនៃ “អានោះ ដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា” ដឹងច្រើនគ្មានដែនកំណត់។ “ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ” (វិវរណៈ ១២:១០,១២)។ សាតាំងបានប្តេជ្ញាបំផ្លាញរាស្រ្តរបស់ព្រះ និងកាត់ផ្តាច់ពួកគេចេញពីមរតករបស់គេ។ ឥឡូវនេះយើងត្រូវការការព្រមានថា “ចូរឱ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឱ្យកើតមានសេចក្តីល្បួងនាំចិត្តឡើយ” (ម៉ាកុស ១៤:៣៨) ខ្លាំងជាងពេលណាៗទាំងអស់។ PPKh3 189.3
*****