ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម។ កាឡាទី៦:១០ PPKh3 201.2
ដំបូងឡើយ គាត់បានជ្រើសរើសក្រុងម៉ាហាណែម ដែលនៅខាងនាយ ទន្លេយ័រដាន់ ធ្វើជាដំណាក់របស់ស្ដេច។ ទីនោះហើយដែលគេបានអភិសេកអ៊ីស បូសែត ឱ្យឡើងសោយរាជ្យ។ ទ្រង់បានពង្រីករាជ្យរបស់ព្រះអង្គ ពាសពេញប្រទេសអ៊ីស្រាអែលទាំងមូល លើកលែងតែស្រុកយូដាមួយប៉ុណ្ណោះ បុត្រាស្តេចសូលអង្គនេះបានរីករាយជាមួយនឹងកិតិ្តយសក្នុងរាជធានីរបស់ព្រះអង្គបានតែពីរឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ អ័ប៊ីនើរ មានបំណងពង្រីកអំណាចរបស់ទ្រង់លើស្រុកអ៊ីស្រាអែលទាំងមូល ដោយរៀបចំធ្វើសង្គ្រាមឈ្លានពាន។ ហើយ “នៅគ្រានោះ រាជវង្សសូល និងរាជវង្សដាវីឌ គេច្បាំងគ្នាអស់កាលជាយូរ។ តែដាវីឌចេះតែមានកម្លាំងខ្លាំងឡើង ហើយរាជវង្សសូលក៏កាន់តែខ្សោយទៅ”។ PPKh3 201.3
នៅទីបំផុត អ័ប៊ីនើរបានខឹងនឹងការអសមត្ថភាពរបស់អ៊ីស បូសែត ហើយក៏បានចាត់សារទៅថ្វាយដាវីឌ ដោយពាក្យថា ទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឱ្យវិលមកខាងទ្រង់។ ស្តេច ដាវីឌបានទទួលយកសំណើរបស់គាត់ ប៉ុន្តែ ការទទួលស្វាគមន៍ដោយពេញចិត្តចំពោះអ្នកចម្បាំងដ៏ល្បីល្បាញដូចជាអ័ប៊ីនើរនេះ បានជំរុញឱ្យមានការច្រណែន ពីលោកយ៉ូអាប់ ដែលជាមេបញ្ជាការនៅក្នុងកងទ័ពរបស់ព្រះចៅដាវីឌ។ មានជម្លោះស៊ីសាច់ហុតឈាមបានកើតឡើងរវាងបុរសទាំពីរនាក់នេះ ហើយ អ័ប៊ីនើរ បានសម្លាប់អេសាអែល ជាប្អូនរបស់យ៉ូអាប់ នៅក្នុងអំឡុងសង្គ្រាមរវាងអ៊ីស្រាអែលនិងយូដា។ ហើយលោកយ៉ូអាប់ក៏ពួនស្ទាក់វាយប្រហារនិងសម្លាប់លោកអ័ប៊ីនើរវិញដែរ។ PPKh3 201.4
កាលស្តេចដាវីឌបានឮពីការវាយប្រហារប្រកបដោយគ្រោះថ្នាក់នេះ ទ្រង់មានបន្ទូលថា “ឯអញហើយនិងរាជ្យអញឥតមានទោសខាងឯឈាម អ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ា ជាដរាបទៅ សូមឱ្យទោសនោះធ្លាក់ទៅលើក្បាលយ៉ូអាប់និងវង្សាញាតិរបស់គេទាំងអស់វិញចុះ”។ ដោយទតឃើញភាពរំជើបរំជួលនៅក្នុងព្រះរាជ្យនគរនិងអំណាចនៃឃាតកនេះ ព្រះចៅដាវីឌមិនអាចដាក់ទោសជាបទឧក្រិដ្ឋឱ្យបានត្រឹមត្រូវទេ ប៉ុន្តែ ទ្រង់បានបង្ហាញពីការរន្ធត់និងមិនសព្វព្រះហឫទ័យរបស់ទ្រង់នេះជាសាធារណៈ។ ព្រះរាជាបានយាងពីក្រោយមឈូសរបស់អ័ប៊ីនើរ ធ្វើជាមេនៃអ្នកទួញទំនួញ ហើយនៅឯផ្នូរទ្រង់បានថ្លែងសេចក្តីសោកសង្រេង ការស្តីបន្ទោសដល់ឃាតក ថែមទៀតផង។ PPKh3 202.1
“តើគួរឱ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬអី?. . . ឯងបានដួលស្លាប់ ដូចជាមនុស្សដែលត្រូវដួលស្លាប់ ដោយសារពួកទុច្ចរិត”។ PPKh3 202.2
អាកប្បកិរិយារបស់ស្តេចដាវីឌទៅលើអ្នកដែលធ្លាប់ជាសត្រូវដ៏ជូរចត់របស់ទ្រង់បានទាក់ទាញការកោតសរសើររបស់ប្រជារាស្រ្តអ៊ីស្រាអែលទាំងអស់។ “នៅថ្ងៃនោះបណ្តាជន និងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសម្លាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកអំពីស្តេច ទេ។ នៅចំពោះពួកមហាតលិកនិងអ្នកបម្រើការដែលទ្រង់ទុកចិត្តទាំងឡាយ ព្រះអង្គបានទទួលស្គាល់ការអសមត្ថភាពរបស់ទ្រង់ ក្នុងការដាក់ទោសដល់ឃាតក តាមបំណងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់បានប្រគល់ពួកគេទៅក្នុងការកាត់ទោសដ៏យុត្តិធម៌របស់ព្រះចុះ។ “សូមឱ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ”។ PPKh3 202.3
កាលអ៊ីស បូសែត ជាបុត្រាសូល “បានជ្រាបថា អ័ប៊ីនើរស្លាប់នៅក្រុងហេប្រុនដូច្នោះ នោះព្រះហស្តទ្រង់ក៏អន់ថយកម្លាំងទៅ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាក៏មានសេចក្តីរន្ធត់ជាខ្លាំង”។ មិនយូរប៉ុន្មានអំពើឃោរឃៅមួយទៀតបានបញ្ចប់ទាំងស្រុងនូវអំណាចគូប្រជែងដ៏ទន់ខ្សោយនេះ។ ស្តេច អ៊ីស បូសែត ត្រូវបាននាយទាហានរបស់ទ្រង់ពីរនាក់កាត់ក្បាល ហើយប្រញាប់ប្រញាល់យកទៅថ្វាយស្តេចស្រុកយូដា ទាំងសង្ឃឹមថាដោយទង្វើនេះ ពួកគេនឹងទទួលបាននូវការគាប់ព្រះហឫទ័យពីស្តេច។ PPKh3 203.1