ខព្រះគម្ពីរប្រចាំថ្ងៃ ៖ រួចមានព្រះបន្ទូលដល់មនុស្សយើងថា មើល សេចក្តីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់។ យ៉ូប ២៨:២៨ PPKh3 211.1
ដោយដឹងថាចិត្តរបស់ទ្រង់មិនទាន់បានស្របជាមួយនឹងព្រះហឫទ័យរបស់ព្រះទាំងស្រុងនៅឡើយ និងដោយមើលឃើញហេតុការណ៍ដែលបានកើតឡើងចំពោះលោកអ៊ុសានោះ ស្តេចដាវីឌខ្លាចហិបសញ្ញារបស់ព្រះនេះជាខ្លាំង ក្រែងមានការជំនុំជម្រះរបស់ព្រះធ្លាក់មកលើទ្រង់ ។ ប៉ុន្តែ លោកអូបិឌ អេដឹមបានស្វាគមន៍ចំពោះនិមិត្តរូបដ៏ពិសិដ្ឋនេះថាជាសេចក្តីសន្យានៃការសព្វព្រះទ័យរបស់ព្រះ ដល់អ្នកដែលស្តាប់បង្គាប់។ រាស្រ្តអ៊ីស្រាអែលទាំងអស់បានសម្លឹងមើលថាតើនឹងមានអ្វីកើតឡើងដល់គ្រួសាររបស់គាត់។ “ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ អេដឹម ព្រមទាំងពួកគ្រូគាត់ទាំងអស់គ្នា”។ ការនេះបាននាំឱ្យស្តេចដាវីឌបានដឹងយ៉ាងច្បាស់ពីភាពពិសិដ្ឋនៃក្រឹត្យវិន័យរបស់ព្រះនិងភាពចាំបាច់នៃការស្តាប់បង្គាប់ដល់ព្រះយ៉ាងតឹងរ៉ឹង ជាងពេលណាៗទាំងអស់។ PPKh3 211.2
បីខែក្រោយមក នៅចុងខែទីបី ព្រះអង្គបានសម្រេចព្រះទ័យប៉ុនប៉ងយកហិបសញ្ញាមកម្តងទៀត ហើយពេលនេះទ្រង់មានការប្រុងប្រយ័ត្នជាខ្លាំង ក្នុងការអនុវត្តន៍តាមការណែនាំរបស់ព្រះ។ ក្រុមមនុស្សយ៉ាងធំបានប្រមូលផ្តុំគ្នានៅជុំវិញផ្ទះរបស់លោកអូបិឌ អេដឹមម្តងទៀត។ គេបានសែងហិបពិសេសនៅលើស្មារបស់មនុស្សដែលព្រះបានតែងតាំង ទាំងថែរក្សាដោយគោរព ហើយ ក្បួនដង្ហែបានចេញដំណើរទៅដោយចិត្តភ័យញ័រ។ ស្តេចដាវីឌបានចេញព្រះរាជបញ្ជាឱ្យគេថ្វាយតង្វាយយញ្ញបូជា។ ឥឡូវនេះសេចក្តីអំណរបានចូលមកជំនួសសេចក្តីភ័យរន្ធត់។ ស្តេចបានដោះព្រះពស្រ្តារាជ្យរបស់ទ្រង់ចេញ ហើយ បានស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ខ្លួតទេសយ៉ាងម៉ដ្ឋ ដូចជាពួកសង្ឃដែរ។ (ជួនកាលអាវនេះត្រូវបានពាក់ ដោយអ្នកដែលនៅក្បែរសង្ឃ)។ នៅក្នុងពិធីដ៏បរិសុទ្ធនេះ ស្តេចដាវីឌត្រូវតែដាក់ខ្លួននៅចំពោះព្រះ ឱ្យដូចជារាស្រ្តរបស់ទ្រង់ដែរ។ ព្រះយេហូវ៉ាគឺជាតួអង្គនៃព្រះតែមួយអង្គគត់ ដែលមនុស្សត្រូវគោរព។ PPKh3 211.3
ជាថ្មីម្តងទៀត សំឡេងតន្ត្រីនៃពិណ ត្រែធំ ត្រែតូច និងឈឹង អមដោយ សំឡេងចម្រៀងដ៏ពីរោះបានអណ្តែតឡើងពាសពេញអាកាសវេហាស៍។ “ដាវីឌក៏លោតកញ្ឆេងអស់ពីកម្លាំងទ្រង់ នៅចំពោះព្រះយេហូវ៉ា” ទៅតាមចង្វាក់នៃបទចម្រៀង។ PPKh3 212.1
ការរាំដោយអំណរនិងដោយគោរពរបស់ស្តេចដាវីឌនៅចំពោះព្រះ ត្រូវបានគេប្រើដើម្បីនិយាយដោះសាដើម្បីផ្តល់ភាពត្រឹមត្រូវនៃការរាំនៅសម័យទំនើបនេះ ប៉ុន្តែ នៅសម័យយើងសព្វថ្ងៃនេះ ការរាំត្រូវបានគេភ្ជាប់ទៅនឹងភាពស្រើបស្រាល និងសប្បាយរីករាយ។ គឺគេបានលះបង់សីលធម៌ចោល ដើម្បីការសប្បាយ។ ព្រះមិនមែនជាកម្មវត្ថុសម្រាប់យើងលេងសើចនោះទេ បើពុំនោះទេ សេចក្តីអធិស្ឋានក៏នឹងទៅជាឥតប្រយោជន៍ទទេ។ គ្រិស្តបរិស័ទមិនត្រូវស្វែងរកការកម្សាន្តសប្បាយ ដែលធ្វើឱ្យសេចក្ដីស្រឡាញ់ ចំពោះអ្វីដែលបរិសុទ្ធចុះខ្សោយឡើយ។ តន្ត្រីនិងការរាំដើម្បីសរសើរតម្កើងដល់ព្រះដោយអំណរ នៅពេលហិបរបស់ព្រះកំពុងរំកិលទៅមុខនោះ មិនដូចគ្នាសូម្បីប៉ុនសរសៃសក់ ទៅនឹងការរាំនាសម័យទំនើបនេះសោះឡើយ។ ការរាំនោះគឺជាការលើកតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះ ចំណែកការរាំផ្សេងទៀតគឺជាឧបករណ៍មួយរបស់មារសាតាំង ដើម្បីធ្វើឱ្យមនុស្សជាច្រើនភ្លេចព្រះនិងបន្តុះបង្អាប់ព្រះនាមទ្រង់ទៅវិញ។ PPKh3 212.2
ក្បួនដង្ហែដ៏អធិកអធមបានចូលមកដល់រាជធានី បន្ទាប់មក សំឡេងចម្រៀងបានផ្ទុះចេញដើម្បីទាមទារសុំឱ្យពួកអ្នកយាមកំផែងទីក្រុងបើកទ្វារទីក្រុងបរិសុទ្ធៈ PPKh3 212.3
ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ! នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមកក្រុមអ្នកចម្រៀងនិងពួកអ្នកភ្លេងបានឆ្លើយតបមកវិញថា តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា? ក្រុមម្ខាងទៀតបានឆ្លើយតបមកវិញថា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង ។ PPKh3 213.1