ខចងចាំប្រចាំសបា្តហ៍ ៖ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធនោះគឺជាយោបល់។ សុភាសិត ៩ :១០ PPKh3 85.1
តន្ត្រីបង្កើតជាផ្នែកមួយនៃការថ្វាយបង្គំព្រះនៅទីលាននៅឋានសួគ៌ ហើយនៅក្នុងបទចម្រៀងសរសើរតម្កើងរបស់យើង យើងគួរតែព្យាយាមចូលឱ្យបានជិតបំផុត ទៅនឹងភាពស៊ីសង្វាក់គ្នាជាមួយនឹងក្រុមចម្រៀងនៅឋានសួគ៌។ ចម្រៀងគឺជាសកម្មភាពមួយដូចគ្នានឹងការអធិស្ឋានដែរ។ ចិត្តត្រូវតែដក់ជាប់ទើបអាចបង្ហាញសកម្មភាពខាងក្រៅបាន។ PPKh3 85.2
តើមិនមានមេរៀនមួយចំនួនដែលអ្នកអប់រំនៅជំនាន់យើងសព្វថ្ងៃនេះ អាចរៀនបានយ៉ាងល្អពីសាលាបុរាណទាំងឡាយនៃសាសន៍ហេព្រើរទេឬអី? ជោគជ័យពិតប្រាកដនៅក្នុងវិស័យអប់រំអាស្រ័យលើភាពស្មោះត្រង់ក្នុងការអនុវត្តតាមផែនការរបស់ព្រះអាទិករ។ PPKh3 85.3
កម្មវត្ថុពិតប្រាកដនៃការអប់រំគឺដើម្បីស្តារឡើងវិញនូវរូបអង្គនៃព្រះនៅក្នុងរូបកាយរបស់មនុស្ស។ អំពើបាបបានលុបបំបាត់រូបភាពរបស់ព្រះនៅក្នុងរូបកាយរបស់មនុស្សយើងសឹងតែបាត់អស់រលីង។ ការនាំយករូបភាពនេះត្រឡប់មកវិញឱ្យបានគ្រប់លក្ខណ៍ដូចការដែលព្រះទើបនឹងបានបង្កើតឡើងជាលើកដំបូងនោះ គឺជាគោលបំណងនៃជីវិត។ ការបង្រៀនដល់មនុស្សដែលមានវ័យក្មេងឱ្យសហការជាមួយនឹងផែនការរបស់ព្រះគឺជាកិច្ចការរបស់ឪពុកម្តាយនិងគ្រូបង្រៀន។ រាល់សមត្ថភាព រាល់ទំនុកចិត្ត ដែលព្រះអាទិករបានប្រទានដល់យើង យើងត្រូវតែប្រើប្រាស់សម្រាប់សិរីល្អរបស់ទ្រង់ និងសម្រាប់ លើកតម្កើងដល់មនុស្សដទៃ។ PPKh3 85.4
ប្រសិនបើគេយកចិត្តទុកដាក់ទៅលើគោលការណ៍ដែលបានផ្តល់ជូនមកនេះបានត្រឹមត្រូវ នឹងមានការផ្លាស់ប្តូរយ៉ាងធំ នៅក្នុងវិធីសាស្រ្តមួយចំនួននៃការអប់រំ នាពេលបច្ចុប្បន្ននេះ។ ជំនួសឱ្យការអំពាវនាវឱ្យមានអំនួតនិងមហិច្ឆតាផ្ទាល់ខ្លួន គ្រូទាំងឡាយនឹងព្យាយាមដាស់សតិសិស្សឱ្យមានសេចក្ដីស្រឡាញ់អំពើល្អ សេចក្ដីពិត និងភាពស្រស់ស្អាត។ និស្សិតនឹងមិនស្វែងរកការតម្កើងខ្លួន នៅចំពោះអ្នកដទៃទៀតឡើយ ប៉ុន្តែ នឹងបន្ទាបខ្លួនដើម្បីសម្រេចគោលបំណងរបស់ព្រះអាទិករ និងធ្វើយ៉ាងណាឱ្យបានដូចជាទ្រង់វិញ។ ជំនួសឱ្យការជំរុញឱ្យមានបំណងលើកតម្កើងខ្លួនឯង ដែលបន្ទាបបន្ថោកដល់គំនិត គ្រូគួរតែណែនាំឱ្យនិស្សិតតម្រង់គំនិតរបស់គេទៅឯព្រះអាទិករ។ PPKh3 86.1
“សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធនោះគឺជាយោបល់”។ (សុភាសិ ៩:១០)។ ទិសដៅរបស់គ្រូបង្រៀនគឺដើម្បីចែករំលែកចំណេះដឹង និងកែឆ្នៃអត្តចរិតមនុស្ស ឱ្យស្របទៅនឹងខគម្ពីរនេះ។ អ្នកតែងគម្ពីរទំនុកតម្កើងបានមានប្រសាសន៍ថា “ពីព្រោះគ្រប់ទាំងសេចក្តីបង្គាប់របស់ទ្រង់ សុទ្ធតែសុចរិតទាំងអស់” និង “ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តិទ្រង់”។ (ទំនុកតម្កើង ១១៩:១៧២, ខ១០៤)។ តាមរយៈព្រះគម្ពីរនិងសៀវភៅនៃធម្មជាតិ យើងទទួលបាននូវចំណេះដឹងស្តីអំពីព្រះ។ PPKh3 86.2
គំនិតធ្វើតាមប្រធានបទដែលគេបានទទួលនោះបន្តិចម្តងៗ។ ប្រសិនបើគំនិតត្រូវបានគ្រប់គ្រងដោយរឿងឥតបានការ គំនិតនោះនឹងធ្លាក់ចុះ ទៅជាទាបថោកនិងទន់ខ្សោយ។ ប្រសិនបើអ្នកមិនធ្លាប់បានដោះស្រាយជាមួយនឹងបញ្ហាពិបាកៗទេ អ្នកសឹងតែបាត់បង់អំណាចនៃការលូតលាស់ទាំងស្រុង។ ព្រះគម្ពីរជាអំណាចនៃការអប់រំដែលគ្មានគូប្រជែង។ អំណាចនេះបានមកពីប្រភពនៃសេចក្តីពិតដ៏អស់កល្ប ហើយព្រះពាហុ (ដៃ) របស់ព្រះបានការពារភាពបរិសុទ្ធរបស់ព្រះគម្ពីរគ្រប់សម័យកាល។ ព្រះគម្ពីរបំភ្លឺអតីតកាលដ៏យូរលង់ ដែលការស្រាវជ្រាវរបស់មនុស្សមិនអាចរកឃើញ។ មានតែនៅទីនេះប៉ុណ្ណោះ ដែលយើងអាចរកឃើញប្រវត្តិសាសស្រ្តរបស់មនុស្សជាតិ ដែលមិនបានស្រអាប់ដោយការរើសអើង ឬមោទនភាពរបស់មនុស្ស។ នៅទីនេះមានកំណត់ត្រាពីការពិបាក បរាជ័យ និងជោគជ័យ របស់មនុស្សដ៏ឧត្តម បំផុត ដែលពិភពលោកនេះមិនធ្លាប់បានដឹង។ នៅទីនេះវាំងននដែលបាំងយើងមិនឱ្យមើលឃើញពិភពលោក ត្រូវបានដកចេញ ហើយយើងមើលឃើញទំនាស់នៃកងកម្លាំងដែលប្រឆាំងគ្នារវាងការល្អនិងការអាក្រក់ តាំងពីច្រកចូលដំបូងបង្អស់នៃអំពើបាប រហូតដល់ជ័យជម្នះចុងក្រោយបង្អស់នៃសេចក្ដីសុចរិត។ ទាំងអស់នេះសុទ្ធតែបង្ហាញអំពីលក្ខណៈរបស់ព្រះជាម្ចាស់។ យើងត្រូវតែនាំនិស្សិតឱ្យមានគំនិតទូលំទូលាយឥតព្រំដែន។ ការសិក្សាបែបនេះមិនអាចបរាជ័យ ក្នុងការពង្រីកនិងពង្រឹងអំណាចនៃគំនិតឡើយ។ PPKh3 86.3
ព្រះគម្ពីរបានលាតត្រដាងគោលការណ៍ដែលជាគ្រឹះនៃសង្គម និងជាអ្នកការពារសុវត្ថិភាពនៃក្រុមគ្រួសារ។ ប្រសិនបើមនុស្សបានសិក្សានិងបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះ នោះនឹងផ្តល់ដល់ពិភពលោកនូវបុរសស្ត្រីដែលមានកម្លាំងនិងអត្តចរិតរឹងមាំ មានការយល់ដឹងច្បាស់លាស់ និងមានការវិនិច្ឆ័យត្រឹមត្រូវ ប្រជាពលរដ្ឋនឹងក្លាយជាព្រះពរដល់ពិភពលោកនេះ។ PPKh3 87.1
វិទ្យាសាសស្រ្តពិតទាំងឡាយបកស្រាយពីការពិតនៃសំណេរផ្ទាល់នៃព្រះហស្តរបស់ព្រះ នៅក្នុងពិភពសម្ភារៈនិយមនេះ។ ការស្រាវជ្រាវខាងវិទ្យាសាស្រ្តបានត្រឹមតែធ្វើឱ្យភស្តុតាងនៃព្រះប្រាជ្ញាញាណនិងឫទ្ធានុភាពរបស់ព្រះជាម្ចាស់កាន់តែថ្មីឡើងប៉ុណ្ណោះ។ ការយល់ច្បាស់អំពីសៀវភៅនៃធម្មជាតិនិងព្រះគម្ពីរ ធ្វើឱ្យយើងស្គាល់ព្រះកាន់តែច្បាស់ ដោយការនោះបង្រៀនយើងអំពីក្រឹត្យវិន័យដ៏ល្អនិងមានប្រយោជន៍ តាមរយៈការដែលទ្រង់បានធ្វើ។ PPKh3 87.2
គ្រូបង្រៀនគួរតែយកតម្រាប់តាមគំរូរបស់គ្រូដ៏ឧត្ដម (ព្រះយេស៊ូ) ដែលបានពន្យល់បកស្រាយ ធ្វើឱ្យការបង្រៀនរបស់ទ្រង់ងាយយល់ និងសង្កត់ន័យធ្វើឱ្យអ្នកស្តាប់របស់ទ្រង់ចងចាំនៅក្នុងចិត្ត។ សត្វស្លាបនៅលើមែកឈើដែលមានស្លឹក ផ្កានៅតាមជ្រលងភ្នំ ដើមឈើខ្ពស់ត្រដែត ដីប្រកបដោយដើមឈើមានផ្លែផ្កា សន្ទូងលាស់ខៀវខ្វី ដីដែលគ្មានជីរជាតិ ព្រះអាទិត្យអស្តង្គតជះពន្លឺក្រហមច្រាលទៅលើផ្ទៃមេឃដូចគេស្រោបមាស ទាំងអស់នេះបានពន្យល់អំពីមេរៀនរបស់ទ្រង់។ ទ្រង់បានភ្ជាប់កិច្ចការរបស់ព្រះអាទិករដែលមនុស្សអាចមើលឃើញ ជាមួយនឹងព្រះបន្ទូលនៃជីវិតដែលទ្រង់បានមានបន្ទូល។ PPKh3 87.3