ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ។ ទំនុកដំកើង៣៤:១៧ PPKh3 115.1
អ្នកកាន់គ្រឿងសស្ត្រាវុធដែលជាមនុស្សមានសេចក្ដីជំនឿ និងការអធិស្ឋាននេះបានលើកទឹកចិត្តដល់គំនិតនេះ។ ទាំងពីរនាក់បានលបចេញពីជំរំជាសម្ងាត់ ដើម្បីជៀសវាងការប្រឆាំងជំទាស់។ ដោយអធិស្ឋានយ៉ាងស្មោះអស់ពីចិត្ដ ទៅព្រះដែលជាអ្នកដឹកនាំនៃសាសន៍អ៊ីស្រាអែល ពួកគេបានព្រមព្រៀងគ្នាធ្វើសញ្ញាមួយដើម្បីជួយឱ្យពួកគេដឹងពីរបៀបចូលទៅ។ ដោយចូលទៅក្នុងជ្រោះដែលខ័ណ្ឌចែកកងទ័ពទាំងពីរនេះ ពួកគេបានប្រច្រៀត តាមផ្ទាំងថ្មដោយស្ងៀមស្ងាត់លាក់ខ្លួននៅតាមជ្រលងភ្នំ។ លុះទៅដល់បន្ទាយ នៃសត្រូវរបស់ខ្លួនហើយ គេក៏ចេញបង្ហាញខ្លួននៅចំពោះមុខខ្មាំងសត្រូវរបស់ ពួកគេ ដែលបាននិយាយចំអកឱ្យពួកគេថា “មើល ពួកហេព្រើរចេញពីរូងដែលគេពួននៅនោះហើយ . . . ចូរឡើងមកឯយើងចុះ យើងនឹងបង្ហាញឱ្យឯងដឹង” ដែលមានន័យថាពួកគេនឹងដាក់ទណ្ឌកម្មដល់សាសន៍អ៊ីស្រាអែលទាំងពីរនាក់នេះ ដោយសេចក្តីក្លាហានរបស់ពួកគេ។ ការប្រឈមនេះគឺជាសញ្ញាដែលយ៉ូណាថាននិងទាហានរបស់ទ្រង់បានយល់ព្រមទទួលស្គាល់ថាគឺជាភស្តុតាងបញ្ជាក់ប្រាប់ថាព្រះជាម្ចាស់នឹងប្រទានពរដល់ការខំប្រឹងប្រែងរបស់ពួកគេហើយ។ ដោយជ្រើសរើសយកផ្លូវសម្ងាត់និងពិបាក អ្នកចម្បាំងនេះបានឡើងទៅកំពូលភ្នំ ដែលគេបានគិតថាមិនមានអ្នកណាអាចចូលទៅបាន ហើយដែលមិនមានការយាមកាមតឹងរ៉ឹងផង។ ដូច្នេះ ពួកគេបានទម្លាយចូលជំរំរបស់សត្រូវ ហើយបានសម្លាប់ឆ្មាំទ្វារដែលភ័យខ្លាច និងភ្ញាក់ផ្អើលមិនឱ្យតដៃបន្តិចសោះ។ PPKh3 115.2
ពួកទេវតានៃឋានសួគ៌បានការពារយ៉ូណាថាននិងអ្នកបម្រើរបស់ទ្រង់។ ពួកទេវតាបានជួយវាយប្រយុទ្ធទ្រង់ ហើយកងទ័ពភីលីស្ទីនបានដួលនៅពីមុខពួកគេ។ ផែនដីកក្រើកញាប់ញ័រ ហាក់បីដូចជាមានកងទ័ពសន្ធឹកសន្ធាប់ ដោយមានទ័ពសេះនិងរទេះចម្បាំងផង កំពុងខិតចូលមកជិតដល់។ យ៉ូណាថាន បានទទួលស្គាល់ថានេះជាសញ្ញានៃការផ្តល់ជំនួយមកពីព្រះ ហើយសូម្បីតែកងទ័ពភីលីស្ទីនក៏បានដឹងថា ព្រះជាម្ចាស់បានធ្វើការរំដោះរាស្រ្តអ៊ីស្រាអែល ដែរ។ ការភ័យខ្លាចជាខ្លាំងបានឡោមព័ទ្ធជុំវិញកងទ័ព ហើយការភ័ន្តច្រឡំនិងច្របូកច្របល់ កងទ័ពភីលីស្ទីនក៏បានចាប់ផ្តើមសម្លាប់គ្នាឯង។ PPKh3 116.1
មិនយូរប៉ុន្មានសំឡេងនៃការប្រយុទ្ធគ្នានេះបានឮដល់ជំរំអ៊ីស្រាអែល។ អ្នកយាមប្រចាំការណ៍របស់ស្តេចបានរាយការណ៍មកថា មានការយល់ច្រឡំនិងច្របូកច្របល់ជាខ្លាំងនៅក្នុងចំណោមកងទ័ព ភីលីស្ទីន ហើយថាចំនួនរបស់ពួកគេត្រូវបានថយចុះផងដែរ។ ដោយមើលឃើញថាកងទ័ពភីលីស្ទីនកំពុងតែថយដៃ នោះសូលបានដឹកនាំកងទ័ពរបស់ទ្រង់ទៅចូលរួមក្នុងការវាយប្រហារនោះ។ កងទ័ពហេព្រើរដែលបានរត់ចោលជួរ ឥឡូវនេះបានត្រឡប់ មកចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវរបស់ពួកគេវិញ។ មានកងទ័ពជាច្រើនបានងើបចេញពីកន្លែងលាក់ខ្លួនរបស់ពួកគេ។ នៅពេលកងទ័ពភីលីស្ទីន បានរត់គេចខ្លួន កងទ័ពរបស់ស្តេចសូលបានវាយប្រហារយ៉ាងដំណំ ទៅលើទាហានដែលកំពុងបាក់ទ័ពទាំងនោះ។ PPKh3 116.2
ដោយប្តេជ្ញាចិត្តចង់បានអត្ថប្រយោជន៍ច្រើនបំផុតសម្រាប់ទ្រង់ សូលបានហាមទាហានរបស់ទ្រង់យ៉ាងប្រញាប់ប្រញាល់ មិនឱ្យបរិភោគអាហារពេញមួយថ្ងៃ។ “អ្នកណាដែលបរិភោគអ្វីមុនពេលល្ងាច គឺដល់កាលណាអញបានសងសឹកនឹងខ្មាំងសត្រូវហើយ នោះនឹងត្រូវបណ្តាសា”។ ពួកគេបានទទួលជ័យជម្នះរួចទៅហើយ ដោយគ្មានចំណេះដឹងឬកិច្ចសហប្រតិបត្តិការរបស់ស្តេចសូលឡើយ ប៉ុន្តែ ទ្រង់សង្ឃឹមថានឹងធ្វើឱ្យគេឯងស្គាល់ទ្រង់ ដោយការបំផ្លាញកងទ័ពសត្រូវឱ្យខ្ចាត់ខ្ចាយទាំងស្រុងនេះ។ សេចក្តីបញ្ជាឱ្យ អត់អាហារនេះបានបង្ហាញថាស្តេចមិនខ្វល់ខ្វាយនឹងសេចក្តីត្រូវការរបស់ប្រជារាស្រ្តរបស់ទ្រង់ឡើយ នៅពេលដែលសេចក្តីត្រូវការនេះទំនាស់ដល់ការតម្កើងដល់ព្រះអង្គ។ គោលដៅនៃសេចក្ដីប្រកាសរបស់ទ្រង់នេះគឺមិនមែនឱ្យ “ព្រះជាម្ចាស់សងសឹកជាមួយនឹងខ្មាំងសត្រូវរបស់ទ្រង់” ទេ ប៉ុន្តែគឺ “អញបានសងសឹកនឹងខ្មាំងសត្រូវរបស់អញ” ទៅវិញ។ PPKh3 117.1