ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ។ យ៉ូហាន ១៥:៤ PPKh3 129.1
“ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា”។ បើគ្មានការ អត់ធ្មត់ សេចក្តីជំនឿ និងចិត្ដដែលចេះស្ដាប់បង្គាប់ទេនោះ តង្វាយយញ្ញបូជាក៏គ្មានតម្លៃដែរ។ នៅពេលដែលស្តេចសូលបានស្នើថ្វាយតង្វាយពីរបស់ដែលព្រះបានបង្គាប់ឱ្យបំផ្លាញចោល ទ្រង់បានបង្ហាញពីការមើលងាយដល់អំណាច របស់ព្រះដោយបើកចំហ។ តង្វាយនោះគឺជាការប្រមាថដល់ព្រះ។ តែមនុស្សជាច្រើននៅតែដើរតាមកំហុសស្រដៀងគ្នានេះ។ ពួកគេបានថ្វាយដល់ព្រះនូវពិធីខាងសាសនា នៅពេលដែលពួកគេបដិសេធមិនព្រមជឿនិងគោរពតាមតម្រូវការរបស់ព្រះ។ ព្រះជាម្ចាស់មិនអាចទទួលយកពួកគេបានទេ ប្រសិនបើពួកគេនៅតែបន្តបំពានដោយចេតនាទៅនឹងបញ្ញត្តិរបស់ទ្រង់ សូម្បីតែមួយនោះ។ PPKh3 129.2
“ឯសេចក្តីរឹងទទឹង នោះក៏ជាបាបដូចជាការមន្តវិជ្ជាដែរ ហើយសេចក្តីចចេសសោត ក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនិងការថ្វាយបង្គំដល់រូបព្រះដែរ”។ អស់អ្នកណាដែលតាំងខ្លួនប្រឆាំងទាស់នឹងការគ្រប់គ្រងរបស់ព្រះ នោះបានចូលរួមសម្ព័ន្ធជាមួយនឹងមេក្បត់សាសនាហើយ។ អ្នកនោះឯងនឹងធ្វើឱ្យអ្វីគ្រប់យ៉ាងត្រឡប់ទៅជាពន្លឺក្លែងក្លាយ។ អ្នកទាំងឡាយដែលពេញចិត្ត នឹងមន្តអាគមរបស់អ្នកនោះ នឹងឃើញតែផលប្រយោជន៍យ៉ាងធំដែលគេបាន ទទួលពីការប្រព្រឹត្ដិរំលងនឹងបញ្ញត្តិរបស់ព្រះ ដូចជាឪពុកម្ដាយដំបូងរបស់យើងដែរ។ PPKh3 129.3
ដូច្នេះ មនុស្សដែលបានដឹកនាំដោយសាតាំងជាច្រើនបានបញ្ឆោតខ្លួនឯង ដោយជំនឿថាពួកគេកំពុងបម្រើព្រះ។ នៅសម័យព្រះគ្រិស្ត ពួកអាចារ្យ និងពួកចាស់ទុំនៃសាសន៍យូដា ជាអ្នកអះអាងថាជាអ្នកថ្វាយកិត្តិយសដល់ព្រះ បានឆ្កាងព្រះរាជបុត្រារបស់ទ្រង់។ វិញ្ញាណដូចគ្នានេះនៅតែមាននៅក្នុងចិត្តរបស់ពួកអ្នកដែលបានធ្វើតាមគំនិតរបស់ខ្លួនឯង ដែលប្រឆាំងទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល។ PPKh3 130.1
ការព្រហើនយ៉ាងធ្ងន់ធ្ងររបស់ស្តេចសូលនេះ គឺពិតជាអំពើអាបធ្មប់របស់សាតាំងជាប្រាកដ។ នៅក្នុងការមិនស្ដាប់បង្គាប់ទៅនឹងការត្រាស់បង្គាប់របស់ទ្រង់ ស្តេចសូលបានទទួលវិញ្ញាណពីសាតាំងដូចជាគ្រូធ្មប់ដែរ ហើយនៅពេលមានការកែតម្រង់ ទ្រង់បានបន្ថែមការរឹងចចេសទៅជាការបះបោរ។ សូលបានធ្វើឱ្យព្រះវិញ្ញាណនៃព្រះកាន់តែឈឺចាប់ដោយបានរួបរួមជាមួយនឹងអ្នកថ្វាយបង្គំព្រះរូបព្រះដោយបើកចំហ។ PPKh3 130.2
សូលជាស្តេចដែលព្រះជាម្ចាស់បានប្រទានស្តេចមួយអង្គដែលជាទីស្រឡាញ់របស់ទ្រង់ដល់សាសន៍អ៊ីស្រាអែល ដូចលោកសាំយូអែលមាន ប្រសាសន៍ថា “មើល ស្តេចនេះហើយ ដែលអ្នករាល់គ្នាបានរើស ហើយបានសូមនោះ មើលព្រះយេហូវ៉ាទ្រង់បានតាំងស្តេចឱ្យសោយរាជ្យលើអ្នករាល់គ្នាហើយ”។ (សាំយូអែលទី១ ១២:១៣) ។ រូបរាងខាងក្រៅរបស់ទ្រង់ត្រូវគ្នាទៅនឹងគំនិតនៃសេចក្តីថ្លៃថ្នូរ ជាស្តេចរបស់ពួកគេ។ ភាពក្លាហានផ្ទាល់ខ្លួននិងសមត្ថភាពក្នុងការដឹកនាំកងទ័ពរបស់ទ្រង់ ជាលក្ខណៈ សម្បត្ដិដែលពួកគេបានចាត់ទុកថាអាចទទួលការគោរពពីប្រទេសដទៃ។ ពួកគេមិនបានទាមទារស្តេចដែលមានភាពថ្លៃថ្នូរខាងអត្តចរិតពិតប្រាកដដែលមានសេចក្ដីស្រឡាញ់ និងកោតខ្លាចដល់ព្រះនោះឡើយ។ ពួកគេមិនបានស្វែងរកផ្លូវរបស់ព្រះទេ ប៉ុន្តែស្វែងរកផ្លូវរបស់ខ្លួនឯងវិញ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានស្ដេចតាមសេចក្តីប្រាថ្នារបស់ពួកគេ ជាអ្នកដែលមានអត្តចរិតដូចជាពួកគេរាល់គ្នាដែរ។ PPKh3 130.3
ប្រសិនបើស្តេចសូលបានទីពឹងលើព្រះ នោះព្រះអង្គនឹងគង់នៅជាមួយនឹងទ្រង់ជាមិនខាន ប៉ុន្តែ នៅពេលដែលសូលបានជ្រើសរើសធ្វើកិច្ចការដោយមិនទីពឹងដល់ទ្រង់ ព្រះជាជាម្ចាស់ក៏ត្រូវតែបង្ខំចិត្តបោះបង់ចោលទ្រង់ដែរ។ បន្ទាប់មក ទ្រង់បានត្រាស់ហៅ “មនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់” (សាំយូអែលទី១ ១៣:១៤) ជាអ្នកដែលនឹងទីពឹងទៅលើព្រះជាម្ចាស់និងធ្វើតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ទ្រង់! ជាអ្នកដែលទទួលការប្រដៅតម្រង់និងការកែប្រែ នៅពេលដែលខ្លួនបានធ្វើបាប៕ PPKh3 131.1
*****