ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ត្រូវតែរាប់ថា ដើមឈើល្អ ផ្លែវាក៏ល្អ ឬថាដើមឈើអាក្រក់ ហើយផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែវា។ ម៉ាថាយ ១២ :៣៣ PPKh3 132.1
នៅក្នុងវ័យយុវជនដ៏ក្មេងខ្ចី ដាវីឌបានឃ្វាលហ្វូងសត្វរបស់ខ្លួន ខណៈ ដែលវាកំពុងស៊ីស្មៅនៅលើភ្នំជុំវិញភូមិបេថ្លេហិម។ អ្នកគង្វាលចៀមដ៏សាមញ្ញ នេះបានច្រៀងចម្រៀងដែលគាត់បានតែងខ្លួនឯង អមដោយសំឡេងពិណរបស់គាត់ បង្កើតបានជាបទយ៉ាងពីរោះរណ្តំក្នុងសំឡេងយុវវ័យរបស់គាត់។ ព្រះជាម្ចាស់កំពុងរៀបចំដាវីឌសម្រាប់កិច្ចការដែលព្រះអង្គបានដាក់ផែនការឱ្យគាត់ទទួល នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ។ PPKh3 132.2
” គ្រានោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅសាំយូអែលថា ‘តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឱ្យធ្វើជាស្តេច លើអ៊ីស្រាអែលហើយ? ដូច្នេះ ចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឱ្យធ្វើជាស្តេចរបស់អញ . . . ត្រូវឱ្យឯងចាក់ប្រេងដល់អ្នកណាដែលអញនឹងប្រាប់ឯង ដើម្បីញែកចេញឱ្យអញ។ ដូច្នេះ សាំយូអែលក៏ធ្វើដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកលោក បានទៅដល់បេថ្លេហិម ឯពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា ‘លោកអញ្ជើញមកដោយមេត្រីទេឬអី’”។ ពួកចាស់ទុំក៏បានទទួលការអញ្ជើញឱ្យចូលរួមបរិភោគយញ្ញបូជាជាមួយគ្នា ហើយលោកសាំយូអែលបានហៅលោកអ៊ីសាយ និងកូនប្រុសរបស់គាត់ទាំងអស់មក។ គ្រួសាររបស់លោក អ៊ីសាយទាំងមូលក៏បានចូលមក លើកលែងតែដាវីឌជាកូនប្រុសពៅមួយប៉ុណ្ណោះដែលកំពុងនៅឃ្វាលចៀមឯខាងក្រៅ។ PPKh3 132.3
មុនពេលបរិភោគអាហារនៃពិធីថ្វាយតង្វាយ សាំយូអែលបានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ តាមបទទំនាយ ទៅលើភិនភាគថ្លៃថ្នូរខាងក្រៅនៃកូនប្រុសៗរបស់អ៊ីសាយទាំងអស់។ អេលាបដែលជាកូនច្បង មានកម្ពស់ប្រហាក់ប្រហែលគ្នានឹងសូល និងមានរូបរាងសង្ហាជាងបងប្អូនដទៃទៀត។ កាលលោកសាំយូអែលបានសម្លឹងមើលទៅទ្រង់ទ្រាយ ដែលសមនឹងធ្វើជាស្តេចនេះគាត់បានគិតថា “នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឱ្យ បានមកនៅចំពោះទ្រង់ ហើយឱ្យសោយរាជ្យបន្តពីសូលហើយ”។ រួចគាត់បានរង់ចាំការអនុញ្ញាតពីព្រះដើម្បីនឹងចាក់ប្រេងតាំងឱ្យអ្នកនោះ។ PPKh3 133.1
ប៉ុន្តែ លោកអេលាបមិនបានកោតខ្លាចដល់ព្រះទេ។ គាត់នឹងក្លាយទៅជាអ្នកដឹកនាំដ៏អំនួតនិងតឹងរ៉ឹង។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា “កុំឱ្យមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តីដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”។ យើងអាចរៀនពីកំហុសរបស់លោកសាំយូអែល អំពីភាពឥតបានការនៃការវិនិច្ឆ័យមនុស្ស តាមរយៈសម្រស់នៃទឹកមុខ ឬរូបរាងសង្ហានិងមានកម្ពស់ខ្ពស់ល្អនេះ។ ព្រះតម្រិះរបស់ព្រះចំពោះមនុស្សលោកដែលទ្រង់បានបង្កើតគឺខ្ពស់លើសពីគំនិតដែលមានដែនកំណត់របស់មនុស្សយើង។ ប៉ុន្តែ ប្រសិនបើពួកគេដាក់គំនិតរបស់ខ្លួនឱ្យចុះចូលជាមួយនឹងព្រះហឫទ័យរបស់ព្រះ ព្រះអង្គនឹងដឹកនាំ កូនៗរបស់ទ្រង់ឱ្យទៅកាន់កន្លែងដែលពួកគេមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសម្រេចកិច្ចការដែលព្រះបានប្រទានទៅក្នុងដៃរបស់ពួកគេ។ PPKh3 133.2