Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូក ៩—ការងារ និងជីវិត

    The Work And The Life

    ព្រះជាម្ចាស់គឺជាប្រភពនៃជីវិត និងពន្លឺហើយនិងសេចក្ដីអំណររីករាយដល់លោកសន្និវាសទាំងមូល។ ព្រះពរដែលព្រះជាម្ចាស់ប្រទានដល់សត្វលោកដែលទ្រង់បានបង្កើតមកនោះប្រៀបទៅនឹងកាំរស្មីពន្លឺព្រះអាទិត្យ ក៏ដូចជាចរន្តទឹកដែលលេចចេញអំពីប្រភពទឹកដែលរស់។ នៅទីណាដែលព្រះគង់សណ្ឋិតនៅក្នុងចិត្តរបស់មនុស្សលោកនោះព្រះគុណរបស់ទ្រង់នឹងរីកសុះសាយ ដល់អ្នកដទៃដោយសេចក្ដីស្រលាញ់និងព្រះពរ។SCK 88.1

    អំណររីករាយនៃព្រះអង្គសង្គ្រោះរបស់យើង គឺការលើកស្ទួយនិង ការប្រោសលោះដល់មនុស្សមានបាប។ ដោយការនេះព្រះអង្គពុំដែលគិតដល់ព្រះជន្មរបស់ទ្រង់ឡើយ តែទ្រង់ស៊ូទ្រាំអត់ធ្មត់ទទួលការលំបាកនៅលើឈើឆ្កាង ទោះជាមានការអាម៉ាសយ៉ាងណាក៏ដោយ។ ដូចជាពពួកទេវតាធ្លាប់ចូលរួមធ្វើការដើម្បីអំណររបស់អ្នកឯទៀតដែរ។ នេះហើយគឺជាអំណររីករាយរបស់ពពួកទេវតាទាំងនោះ។ ក៏ប៉ុន្តែចិត្តដែលប្រកបដោយភាពអាត្មានិយមវិញនោះនឹងមើលការនេះជាការអាម៉ាសទាបថោកក្នុងការផ្សព្វផ្សាយដំណឹង ដល់អ្នកមានឋានៈនិងអត្តចរិកទន់ទាប ហើយថានោះជាការងាររបស់ពួកទេតាដែលបរិសុទ្ធវិញ។ ព្រះវិញ្ញាណនៃសេចក្ដីស្រលាញ់ពោរពេញដោយ កាលះបង់របស់ព្រះគ្រិស្ទគឺជាវិញ្ញាណដែលជ្រួតជ្រាបពេញឋានសួគ៍ជាការដែលសំខាន់បំផុតនៃបរមសុខ និងអំណររីករាយនៃស្ឋានសួគ៍។ ឯសាវ័ករបស់ព្រះគ្រិស្ទនឹងមានវិញ្ញាណ និងការងាររបស់គេយ៉ាងដូច្នោះដែរ។SCK 88.2

    នៅពេលដែលសេចក្ដីស្រលាញ់របស់ព្រះគ្រិស្ទ បានសណ្ឋិតនៅក្នុងចិត្តនោះគេក៏បានដូចជាក្លិនពិដោរដ៏ក្រអូប ដែលគ្មានអ្វីអាចបិទបាំងបានឡើយ។ អ្នកឯណាដែលបានជួបប្រទះ នឹងបានជ្រួតជ្រាបនូវឥទ្ធិពលរបស់ព្រះគ្រិស្ទ។ ព្រះវិញ្ញាណរបស់ព្រះគ្រិស្ទដែលសណ្ឋិតនៅក្នុងចិត្តប្រៀបបានទៅនឹងទឹកផុសនៅទី វាលរហោស្ថាន ដែលគេតែងស្រោចស្រព្វដល់មនុស្សគ្រប់រូប ហើយក៏បញ្ចាំងឲ្យអ្នកដែលហៀបនឹងវិនាសបាត់បង់ មានចំណង់នឹងក្របជញ្ជក់ទឹកជីវិតនោះវិញ។ SCK 88.3

    សេចក្ដីស្រលាញ់ចំពោះព្រះគ្រិស្ទនឹងសំដែងឲ្យឃើញនូវចំណង់ធ្វើការអ្វីៗឲ្យដូចទ្រង់បានធ្វើដើម្បីព្រះពរនិងការលើកស្ទួយមនុស្សជាតិឡើង។ ចំណង់នោះនឹងនាំមកនូវសេចក្ដីស្រលាញ់ភាពទន់ភ្លន់ និងសេចក្ដីអាណិតសូរចំពោះសត្វលោកដែលជាសមិទ្ធិផលរបស់ព្រះ ដែលស្ថិតនៅក្រោមការថែរក្សារបស់ព្រះវរបិតានៃនគរស្ថានសួគ៍ជាព្រះនៃយើង។ SCK 89.1

    ព្រះជន្មនៃព្រះអង្គសង្គ្រោះនៅលើផែនដីពុំមែនជាជីវិតមួយដ៏សុខុម ហើយគិតតែអំពីព្រះអង្គទ្រង់នោះឡើយ តែទ្រង់ទ្រាំទ្រដោយការព្យាយាមតស៊ូយកចិត្តទុកដាក់មិនខ្លាចការនឿយហត់ ដើម្បីសេចក្ដីសង្គ្រោះចំពោះមនុស្សជាតិដែលបានបាត់បង់។ ចាប់តាំងពីពេលដែលទ្រង់បានប្រសូត្រ មករហូតទល់នឹងកាល់វ៉ារី ព្រះយេស៊ូគ្រិស្ទទ្រង់បានប្រកាន់ខ្ជាប់នូវមាគ៌ាមួយដែល បដិសេធភាពអាត្មានិយម(Self-denial) ហើយទ្រង់ពុំដែលប្រាថ្នាគេចវេសអំពីភារកិច្ចដ៏លំបាកក្រៃលែង ការធ្វើដំណើរដែលពោរពេញដោយការឈឺចាប់ ការថែរក្សា និងការងារដ៏គួរឲ្យនឿយណាយឡើយ។ ទ្រង់មានបន្ទួលថាៈ “កូនមនុស្សបានមកពុំមែនឲ្យគេបំរើទ្រង់ទេ គឺនឹងមកបំរើគេវិញ ហើយឲ្យជីវិតទ្រង់ទុកជាថ្ងៃប្រោសលោះមនុស្សជាច្រើនផង”..ម៉ាថាយ២០:២៨។ “ទាំងនេះគឺជាគោលបំណងដ៏ធំមួយនៃព្រះជន្មរបស់ព្រះអង្គ។ អ្វីៗផ្សេងទៀតគឺជារបស់ទី២ និងបន្ទាប់បន្សំប៉ុណ្ណោះ។ ចំណង់ដែលព្រះធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតានិងដើម្បីបញ្ចប់ការងារទ្រង់គឺជាអាហាររបស់ទ្រង់”។ ការគិតពីប្រយោជន៍ផ្ទាល់ខ្លួនពុំមែនមានចំណែកក្នុងការងាររបស់ទ្រង់ទេ។SCK 89.2

    ដូច្នេះអ្នកឯណាដែលបានចូលរួមចំណែកព្រះគុណនៃព្រះគ្រិស្ទ នឹងរៀបចំខ្លួនជាស្រេចនឹងបូជាលះបង់ ដើម្បីឲ្យអ្នណាដែលព្រះជាម្ចាស់ទ្រង់បានសុគតជំនួសបានទទួលអំណោយនៃនគរស្ឋានសួគ៍។ គេនឹងធ្វើអ្វីៗដែលគេអាចធ្វើទៅបានដើម្បី ឲ្យលោកិយដែលគេរស់នៅនេះបានល្អប្រសើរឡើង។ គំនិតនេះគឺបានកើតចេញមកពីមនុស្សដែលកែប្រែដ៏ពិតប្រាកដ។ នៅពេលដែលគេទទួលជឿដល់ព្រះគ្រិស្ទភ្លាម គេក៏មានចំណង់ចិត្តចង់ជួយអ្នកដទៃ ដើម្បីឲ្យគេបានស្គាល់ទ្រង់ជាមិត្ត សម្លាញ់ដ៏ថ្លៃវិសេសម្នាក់ ដែលគេរកឃើញក្នុងព្រះគ្រិស្ទ។ នេះជាសច្ចៈធម៌ដ៏បរិសុទ្ធដែលអាចជួយសង្គ្រោះ ហើយដែលគេមិនអាចលាក់ទុកក្នុងចិត្តបានឡើយ។ ប្រសិនបើយើងស្អាងខ្លួនដោយសេចក្ដីសុចរិតរបស់ព្រះគ្រិស្ទ ហើយបានពោរពេញទៅដោយសេចក្ដីអំណរនៃព្រះវិញ្ញាណដ៏បរិសុទ្ធដែលគង់ក្នុងខ្លួន នោះយើងមិនអាចលាក់ទុកនូវសេចក្ដីនោះដោយស្ងៀមស្ងាត់ក្នុងចិត្តយើងបានឡើយ។ ប្រសិនបើយើងសាកល្បង ហើយដឹងថាព្រះវរបិតាជាព្រះដ៏ល្អបរិសុទ្ធ នោះយើងពិតជាមានដំណឹងល្អសម្រាប់ប្រាប់អ្នកដទៃជាប្រាកដ។ យើងត្រូវធ្វើឲ្យដូចជាលោកហ្វីលីពនៅពេលដែលគាត់បានរកឃើញព្រះ នោះគាត់បានអញ្ជើញអ្នកដទៃទៀតឲ្យចូលមកចំពោះវត្តមានរបស់ទ្រង់ដែរ។ យើងគួរតែខិតខំបង្ហាញឲ្យគេឃើញនូវការគួរឲ្យចាប់អារម្មណ៍របស់ព្រះគ្រិស្ទ និងសច្ចៈធម៌ពីការអាថ៌កំបាំងផងទាំងឡាយពីអាណាចក្រដែលនឹងលេចមកពេលខាងមុខ។ គេនឹងមានចំណង់យ៉ាងខ្លាំងក្លាដើរតាមគន្លងផ្លូវដែលព្រះយេស៊ូគ្រិស្ទបានយាង។ យើងចង់បានយ៉ាងស្មោះត្រង់ និងឃើញអ្នកដែលនៅជុំវិញយើងស្រែកឧទានឡើងដោយពាក្យថាៈ “នុះហ្ន៎! កូនចៀមនៃព្រះដែលដោះបាបមនុស្សលោក”..យ៉ូហាន១:២៩។ SCK 89.3

    សេចក្ដីព្យាយាមរបស់យើងដើម្បីឲ្យអ្នកដទៃទៀតបានទទួលព្រះពរ នោះនឹងផ្ដល់ព្រះពរដ៏បរិបូណ៌មកដល់យើងវិញ។ នេះហើយជាបំណងហឫទ័យរបស់ព្រះ ក្នុងការប្រទានដល់យើងនូវចំណែកការងារ ចំពោះផែនការប្រោសលោះមនុស្សមានបាប។ ទ្រង់បានប្រទានឲ្យមនុស្សលោកនូវសិទ្ធដើម្បីឲ្យគេក្លាយជាអ្នករួមចំណែកក្នុងកិច្ចការបរិសុទ្ធរបស់ទ្រង់ ហើយក៏ឲ្យគេអាផ្សព្វផ្សាយនូវព្រះពរនេះ ដល់មនុស្សផងទាំងឡាយបាន។ ទាំអនេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជាអំណររីករាយដ៏លើសលប់ដែលព្រះជាម្ចាស់ ប្រទានមកដល់មនុស្សលោក។ អ្នកណាដែលរួមចំណែកក្នុងការងារនៃសេចក្ដីស្រលាញ់ អ្នកនោះបានឈានចូលទៅទៀបនឹងព្រះដ៏បង្កើតលោករបស់គេហើយ។ SCK 90.1

    ព្រះជាម្ចាស់អាចនឹងចាត់ពួកទេវតានៃនគរស្ឋានសួគ៍ ឲ្យបំពេញការងារដំណឹងល្អនេះឬក៏អាចមានមធ្យោបាយផ្សេងៗទៀតក្នុងការសម្រេចព្រះរាជបំណងរបស់ទ្រង់បាន ប៉ុន្តែដោយសារសេចក្ដីស្រលាញ់ដ៏ឥតព្រំដែនចំពោះមនុស្សបានជា ទ្រង់ជ្រើសតាំងឲ្យយើងក្លាយជាសហសេវិកជាមួយនឹងទ្រង់ជាមួយព្រះគ្រិស្ទ និងពពួកទេវតារបស់ទ្រង់ ប្រយោជន៍ឲ្យយើងអាចទទួលនូវព្រះពរ សេចក្ដីអំណរនិងចំរើនខាងផ្លូវព្រះវិញ្ញាណ ដែលជាលទ្ធផលនៃការងារដ៏សប្បុរសជ្រះថ្លា។ SCK 90.2

    យើងមានសមានចិត្តអាណិតអាសូររួមជាមួយព្រះគ្រិស្ទ តាមរយៈការរួមចំណែកជាមួយក្ដៅលំបាកវេទនារបស់ព្រះអង្គ។ គ្រប់កិច្ចការដែលយើងធ្វើដោយគ្មានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសេចក្ដីល្អនៃអ្នកដទៃ បានចំរើនកំលាំងវិញ្ញាណក្នុងចិត្តអ្នកដែលធ្វើ ហើយក៏មានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធនឹងព្រះថែមទៀតទៅនឹងងព្រះដ៏ប្រោសលោកដែល “ទ្រង់ជាអ្នកមានតែទ្រង់បានត្រឡប់ជាក្រដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសាសេចក្ដីក្រលំបាករបស់ទ្រង់” ..កូរិនថូស២ ៨:៩។ “ គឺមានតែយើងរាល់គ្នា បំពេញតាមបំណងហឫទ័យនៃព្រះជាម្ចាស់ដែលបានបង្កើតយើងមកនោះ ទើបជីវិតអាចជាព្រះពរដល់យើងបាន” ។SCK 91.1

    ប្រសិនបើយើងនឹងធ្វើកិច្ចការដូចដែលព្រះជាម្ចាស់បានរៀបចំឡើង ចំពោះសាវ័ករបស់ទ្រង់ ហើយបាននាំមនុស្សមកកាន់ព្រះអង្គ អ្នកនឹងយល់ថាអ្នកត្រូវការពិសោធន៍ដ៏ជ្រាលជ្រៅ និងចំណេះវិជ្ជាដ៏ទូលំទូលាយក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកក៏នឹងស្រេកឃ្លានចង់បានសេចក្ដីសុចរិត។ អ្នកនឹងអង្វករជាមួយនឹងព្រះជាម្ចាស់ ហើយសេចក្ដីជំនឿរបស់អ្នកកាន់តែរីកចំរើនឡើងផង។ ព្រលឹងអ្នកនឹងក្រេបយកទឹកជីវិត អំពីអណ្ដូងនៃសេចក្ដីសង្គ្រោះ។ ដោយប្រឈមមុខនឹងការផ្ចាញ់ផ្ចាល និងការសាកល្បង នោះនឹងជំរុញឲ្យអ្នកមើលព្រះគម្ពីរ នឹងអធិស្ឋានទៅរកព្រះ។ អ្នកនឹងចំរើនលូតលាស់នៅក្នុងព្រះគុណ និងបទពិសោធន៍ហើយនឹងបានស្គាល់ព្រះយេស៊ូគ្រិស្ទកាន់តែច្បាស់ឡើងថែមទៀត។SCK 91.2

    ការដែលថ្វើការបំរើអ្នកដទៃដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជួយឲ្យចរិយាឲ្យមានលំនឹង សេចក្ដីស្រលាញ់ដ៏ជ្រាលជ្រៅ ស្ថេរភាពនិងសេចក្ដីស្រលាញ់ដែមានលក្ខណៈដូចជាព្រះគ្រិស្ទ ព្រមទាំងនាំមកនូវសេចក្ដីសុខសន្តិភាពនិងអំណររីករាយដែលអ្នកបានជួយគេនោះផងដែរ។ សេចក្ដីប៉ងប្រាថ្មាកាន់តែប្រពៃឡើង ហើយគ្មានកន្លែងណាសម្រាប់ភាពកំជិល និងភាពទ្រឹស្មូរឡើយ។ អ្នកណាដែលយកព្រះគុណមកអនុវត្តន៍ក្នុងជិវិត ដោយភាពជាអ្នកគ្រិស្ទាននោះនឹងលូត លាស់ឡើងហើយ កាន់តែរឹងមាំឡើងដើម្បីធ្វើការបំរើព្រះជាម្ចាស់។ គេនឹងមានការយល់ដឹងខាងព្រលឹងវិញ្ញាណកាន់តែច្បាស់ឡើង សេចក្ដីជំនឿរីកលូតលាស់នឹងមានស្ថេរភាព និងភាពចំរើនអំណាចនៅក្នុងសេចក្ដីអធិស្ឋាន។ ព្រះវិញ្ញាណនៃព្រះអរមា្ចស់ នឹងត្រលប់គ្រប់គ្រងលើវិញ្ញាណរបស់គេ រួចបណ្ដាលឲ្យមានការចុះសំរុងដ៏បរិសុទ្ថនៃព្រលឹងរបស់គេឆ្លើយតបនឹងការដង្ហោយហៅរបស់ព្រះ។អ្នកណាដែលលះបង់ខ្លួនដើម្បីបំរើកិច្ចប្រឹងប្រែងដោយក្ដីជ្រះថ្លាដើម្បីអំពើល្អនៃអ្នកដទៃនោះគឺកំពុងញាំងឲ្យសេចក្ដីសង្គ្រោះរបស់ខ្លួនផ្ទាល់ប្រាកដឡើងជាទីបំផុត។ SCK 91.3

    ផ្លូវតែមួយគត់ដើម្បីឲ្យបានចំរើនក្នុងព្រះគុណ គឺធ្វើការងារមួយដែលយើងមិនចង់ធ្វើប៉ុន្តែជាកិច្ចការដែលព្រះគ្រិស្ទបានបន្ទុកបណ្ដាក់មកលើយើង ចូរតាំងចិត្តធ្វើការនោះដោយខំអស់ពីសមត្ថភាព ដើម្បីផ្ដលព្រះពរដល់អ្នកដែលត្រូវការសេចក្ដីជំនួយហើយដែលយើងអាចជួយបាន។ កម្លាំងកើនឡើងដោយការហាត់ប្រាណ សកម្មភាពគឺជាលក្ខ័ណដ៏សំខាន់សម្រាប់ជីវិត។ អ្នកណាដែលប្រឹងប្រែងរក្សានូវលក្ខណៈជាអ្នកគ្រិស្ទាន ដោយគ្រាន់តែចាំទទួលព្រះពរតាមរយៈព្រះគុណ ហើយពុំធ្វើការអ្វីសោះសម្រាប់ព្រះគ្រិស្ទ នោះគឺដូចជាអ្នកដែលរស់នៅសម្រាប់តែបរិភោគតែប៉ុណ្ណោះ។ ខាងឯព្រលឹងវិញ្ញាណវិញ ក៏ដូចគ្នានឹងធម្មជាតិដែរ..សភាពបែបនេះតែងតែផ្ដល់នូវភាពរិចរិល ដុនដាប និងសេចក្ដីហិនវិនាស។ មនុស្សដែលពុំព្រមហាត់ប្រាណ ដៃជើងរបស់គេនឹងបាត់បង់នូវថាមពលសម្រាប់ធ្វើចលនា។ SCK 92.1

    យ៉ាងណាមិញអ្នកគ្រិស្ទានដែលពុំព្រមបញ្ចេញ នូវអំណាចដែលព្រះជាម្ចាស់ប្រគល់ឲ្យនោះគេមិនត្រឹមតែមិនលូតលាស់នៅក្នុងព្រះគ្រិស្ទប៉ុណ្ណោះទេ គឺថែមទាំងបាត់បង់នូវអំណាចដែលគេមានមកហើយនោះផង។ SCK 92.2

    ព្រះវិហាររបស់ព្រះគ្រិស្ទគឺជាទីកន្លែងដែលព្រះជាម្ចាស់បានចាត់តាំងឡើងដើម្បីជាសេចក្ដីសង្គ្រោះចំពោះមនុស្សលោក។បេសកកម្មរបស់ព្រះវិហារគឺនាំ ដំណឹងល្អទៅកាន់លោកិយទាំងមូល។ រីឯកាតាព្វកិច្ចគឺស្ថិតលើអ្នកគ្រិស្ទានគ្រប់ៗរូប។ មនុស្សម្នាក់ដែលមានទេពកោសល្យនិង និងពេលវេលាដែលអាចធ្វើទៅបាន គឺត្រូវបំពេញការងារដែលព្រះជាម្ចាស់ទ្រង់បានបន្ទុកបណ្ដាក់ឲ្យ។ សេចក្ដីស្រលាញ់របស់ព្រះគ្រិស្ទ ដែលបានបង្ហាញដល់យើងរាល់គ្នា ធ្វើឲ្យយើងជាអ្នកជំពាក់ដំណឹងល្អ ចំពោះមនុស្សទាំងឡាយដែលមិនទាន់បានស្គាល់ព្រះនាមទ្រង់។ ព្រះជាម្ចាស់បានប្រទានពន្លឺឲ្យយើងរាល់គ្នានោះគឺមិនមែនសម្រាប់តែយើងម្នាក់ប៉ុណ្ណោះទេ គឺសម្រាប់ចែកចាយដល់អ្នកដទៃផងដែរ។ SCK 92.3

    ប្រសិនបើអ្នកដែលដើរតាមព្រះយេស៊ូយល់ដឹងនូវករណីកិច្ចរបស់ខ្លួន នោះនឹងមានមនុស្សរាប់ពាន់នាក់ជាអ្នកប្រកាសដំណឹងល្អ នៅឯផែនដីហ៊ីថែន (គឺជាដែនដីដែលមិនទាន់ស្គាល់ព្រះនាមព្រះ)ដែលឥឡូវនេះមានតែម្នាក់ប៉ុណ្ណោះ។ ហើយចំពោះអ្នកដែលមិនអាចចូលរួមដោយផ្ទាល់ខ្លួនក្នុងការងារនេះបាន គេនឹងជួយគាំទ្រជាមធ្យោបាយផ្សេងៗ និងការអធិស្ឋានរបស់គេ។ នោះនឹងមានការងារដ៏ស្មោះត្រង់អំពីចិត្ត ចំរើនឡើងដើម្បីជួយដល់ព្រលឹងអ្នកឯទៀតនៅក្នុងប្រទេសដែលកាន់សាសនាព្រះយេស៊ូគ្រិស្ទ(ប្រទេសដែលមានអ្នកគ្រិស្ទានភាគច្រើន)។SCK 93.1

    យើងមិនចាំបាច់ទៅឯប្រទេសដែលមិនស្គាល់ព្រះ ឬក៏ចាកចេញពីរង្វង់នៃគ្រួសារតូចរបស់យើងដើម្បីធ្វើការថ្វាយព្រះគ្រិស្ទនោះទេ ប្រសិនបើអំពើទាំងនោះជាករណីកិច្ចរបស់យើងក្នុងកិច្ចការថ្វាយព្រះ។ យើងអាចបំពេញកាងារទាំងនោះនៅក្នុងរង្វង់គ្រួសារ នៅក្នុងព្រះវិហារ ក្នុងចំណោមអ្នកឯណាដែលយើងរាប់អាន ទាក់ទងជាមួយអ្នកឯណាដែលយើងប្រកបរបរជាមួយគ្នា។ ជីវិតមួយផ្នែកធំរបស់ព្រះអង្គសង្គ្រោះនៃយើងនៅលើផែនដីនេះ ទ្រង់បានចំណាយក្នុងការអត់ធ្មត់ក្នុងររោងជាងឈើឯស្រុកណាសារ៉ែត។ ទេវតានៃដំនឹងល្អបាននៅជាមួយព្រះអង្គដែលជាម្ចាស់ជីវិតនៅពេលដែលទ្រង់យាងជាមួយអ្នកស្រែចំការ គូលីកម្មករ ដោយគ្មាននរណាស្គាល់ និងគ្មានអ្នកណាសរសើរលើកតំកើងទ្រង់។ ទ្រង់បំពេញកិច្ចការរបស់ទ្រង់នៅឯរោងជាងឈើដោយព្រះទ័យស្មោះត្រង់ ក៏ដូចជាពេលដែលទ្រង់បានព្យាបាលមនុស្សមានជំងឺឲ្យបានជា ឬនៅពេលដែលទ្រង់បានយាងកាត់លើរលកគ្រាំគ្រេង ដោយព្យុះនៅឯបឹងកាលីឡេ។ ដូច្នេះនៅក្នុងកិច្ចការដ៏ទន់ទាបបំផុត និងឋានៈតូចតាចនៅក្នុងជីវិតនេះ ក៏យើងអាចដើរតាមព្រះគ្រិស្ទ និងបំពេញការងារជាមួយទ្រង់បានដែរ។SCK 93.2

    សាវ័កទ្រង់បានមានប្រសាសន៍ថា “ចំពោះមនុស្សគ្រប់ៗរូបក្នុងការដែលទ្រង់បានហៅមក នោះត្រូវតែនៅជាប់ជាមួយនឹងទ្រង់” ..កូរិនថូស១ ៧:២៤។ បុគ្គលិក និយោជិតត្រូវបំពេញការងាររបស់គេតាមរបៀបរបបដែលលើកតំកើងដល់ម្ចាស់ ដោយសារភាពស្មោះត្រង់របស់គេ។ ប្រសិនបើគេជាអ្នកដើរតាមព្រះគ្រិស្ទដ៏ពិតប្រាកដមែនគេនឹងយកសាសនារបស់គេទៅគ្រប់កិច្ចការទាំងឡាយដែលគេធ្វើហើយក៏នឹងសំដែងឲ្យមនុស្សទាំងឡាយឃើញនូវវិញ្ញាណរបស់ព្រះគ្រិស្ទ។ យន្តការី ក៏អាចជាអ្នកតំណាងដ៏ស្មោះត្រង់ និងដ៏យកចិត្តទុកដាក់ដល់ព្រះគ្រិស្ទជាម្ចាស់ដែលបានប្រកបការងារដ៏ទន់ទាបនៅឯជ្រលងភ្នំក្នុងស្រុកកាលីឡេ។ អ្នកណាដែលទទួលព្រះនាមរបស់ព្រះគ្រិស្ទ គួរបំពេញកិច្ចការដើម្បីឲ្យអ្នកដទៃបានឃើញនូវអំពើដ៏ល្អទាំងនេះ ដែលអាចនឹងសរសើរតំកើងព្រះដ៏បង្កើតលោក និងព្រះអរម្ចាស់ដ៏ប្រោសលោះនៃយើងរាល់គ្នា។ SCK 94.1

    — មានមនុស្សជាច្រើបានយកលេសគេចវេសពីការងារថ្វាយព្រះ ពីព្រោះឃើញអ្នកឯទៀតមានលក្ខណៈសម្បត្តិ និងមានរបៀបជាងខ្លួន។ គំនិតគេបានជំរុញឲ្យគិតថា មានតែអ្នកដែលមានទេពកោសល្យខ្ពស់ទេដែលតម្រូវឲ្យសំអិតសំអាងសមត្ថិភាពរបស់ខ្លួនឲ្យបរិសុទ្ធ ដើម្បីការងារថ្វាយព្រះជាម្ចាស់។ មនុស្សជាច្រើនហាក់ដូចជាយល់ថាព្រះទ្រង់ប្រទានទេពកោសល្យ ឲ្យតែមនុស្សមួយក្រុមដែលមានវណ្ណៈខ្ពស់តែប៉ុណ្ណោះ SCK 94.2

    រីឯអ្នកផ្សេងទៀត គឺព្រះមិនបានដាក់បញ្ចូលឲ្យរួមចំណែកនៅក្នុងការងារនិងការទទួលរង្វាន់ទេ។ គំនិតដូច្នេះគឺពុំមានសំដែងនៅក្នុងរឿងប្រៀបបរដូចនៅក្នុងព្រះគម្ពីរទេ។ នៅពេលដែលម្ចាស់ផ្ទះបានហៅបាវបំរើរបស់លោកឲ្យចេញមក គាត់បានប្រគល់ដល់មនុស្សគ្រប់ៗគ្នា។SCK 94.3

    ដោយសេចក្ដីស្រលាញ់ យើងអាចបំពេញការងារសាមញ្ញមួយបាន “ដូចជា ព្រះជាម្ចាស់បានធ្វើដូច្នេះដែរ” ..កូលុស ៣:២៣។ប្រសិនបើសេចក្ដីស្រលាញ់នៃព្រះសណ្ឋិតនៅក្នុងចិត្ត សេចក្ដីស្រលាញ់នោះនឹងសំដែងឲ្យឃើញនៅក្នុងជីវិតរបស់គេ។ បារមីស្រទន់នៃព្រះគ្រិស្ទនឹងគ្របដណ្ដប់យើង ហើយឥទ្ធិពលរបស់យើងនឹងកើនឡើងប្រកបដោយព្រះពរ។ SCK 94.4

    លោកអ្នកមិនត្រូវរងចាំដល់ឱកាសដ៏ទូលំទូលាយ ឬសង្ឃឹមទៅលើសមត្ថភាព ដ៏អស្ចារ្យមុនពេលលោកអ្នកចាប់ផ្ដើមធ្វើការថ្វាយទ្រង់នោះទេ។ ហើយលោកអ្នកមិនត្រូវមានគំនិតឆ្ងល់អំពីលោកិយថាតើវានឹងគិតយ៉ាងណាអំពីរូបអ្នកឡើយ។ ប្រសិនបើជីវិតប្រចាំថ្ងៃរបស់អ្នកបានជាទីបន្ទាល់នៃភាពបរិសុទ្ធ និងស្មោះត្រង់នៃសេចក្ដីជំនឿ ហើយអ្នកឯទៀតយល់ថាបំណងរបស់អ្នកគឺផ្ដល់សារៈប្រយោជន៍ដល់រូបគេ នោះការប្រឹងប្រែងរបស់លោកអ្នកពិតជាមិនបាត់បង់ទាំងស្រុងឡើយ។ SCK 95.1

    សាវ័កដ៏សុភាពរាបសា និងក្រីក្រជាទីបំផុតរបស់ព្រះគ្រិស្ទ ក៏អាចក្លាយជាព្រះពរចំពោះអ្នកដទៃបានដែរ។ គេប្រហែលជាមិនយល់ច្បាស់ថាគេបានធ្វើការងារដ៏ល្អពិសេសណាមួយទេ ក៏ប៉ុន្តែដោយសារឥទ្ធិពលរបស់គេមិនបានដឹងខ្លួនគេអាចបង្កើតនូវព្រះពរ ដ៏លើសលប់ដែលនឹងរីកធំឡើង និងជ្រាលជ្រៅឡើង ហើយគេពុំបានដឹងនូវលទ្ធផលនោះរហូតដល់ថ្ងៃទទួលរង្វាន់ចុងក្រយបង្អស់។ គេមិនចាប់អារម្មណ៍ ឬដឹងថាគេធ្វើការងារដ៏ធំធេងនោះទេ។ គេមិនចាំបាច់ត្រូវការព្រួយបារម្ភអន្ទះសារពីជោគជ័យនោះឡើយ។ ការដែលគេត្រូវធ្វើនោះគឺ បោះជំហានទៅមុខដោយស្ងៀមស្ងាត់ ធ្វើការដែលព្រះជាម្ចាស់ប្រគល់ឲ្យសេចក្ដីស្វាមីភ័ក្រ ហើយជីវិតរបស់គេពិតជាមានអត្តន័យ និងខ្លឹមសារជាទីបំផុត។ ព្រលឹងនិងព្រះវិញ្ញាណរបស់គេនឹងរីកចំរើនឡើងទៅកាន់ភាពល្អប្រសើររបស់ផងព្រះគ្រិស្ទកាន់តែខ្លាំងឡើង។ គេនឹងធ្វើការរួមគ្នាជាមួយព្រះជាម្ចាស់ក្នុងជីវិតនេះ ហើយសក្ដសមនឹងការងារដ៏ខ្ពង់ខ្ពស់ថែមទៀត និងអំណររីករាយ ដ៏ពិតប្រចក្សក្នុងជីវិតដែលនឹងមកដល់។SCK 95.2