Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូក ១៣—សេចក្ដីអំណររីករាយក្នុងព្រះអម្ចាស់

    Rejoicing in the Lord

    ព្រះអរម្ចាស់បានដង្ហោយហោរាស្ដ្ររបស់ទ្រង់ ឲ្យធ្វើជាអ្នកតំណាងរបស់ព្រះគ្រិស្ទ ដើម្បីនឹងធ្វើសេចក្ដីបន្ទាល់អំពីសេចក្ដីល្អ និងសេចក្ដីអាណិតមេត្តារបស់ព្រះយេហូវ៉ា។ ដូចដែលព្រះគ្រិស្ទបានបើកសម្ដែងឲ្យយើងឃើញនូវអត្តចរិកដ៏ពិតប្រាកដនៃព្រះវរបិតា ដូច្នោះយើងត្រូវតែបង្ហាញព្រះគ្រិស្ទទៅកាន់លោកិយដែលពុំទាន់ស្គាល់នូវសេចក្ដីស្រលាញ់ដ៏ស្រទន់ និងសន្ដោសរបស់ទ្រង់ផងដែរ។ ព្រះគ្រិស្ទមានព្រះបន្ទូលថាៈ “ដូចជាទ្រង់បានចាត់ទូលបង្គំឲ្យមកក្នុងលោកិយដែរ ដូច្នោះហើយទើបទូលបង្គំចាត់គេឲ្យទៅក្នុងលោកិយដែរ”..យ៉ូហាន១៧:១៨។ គឺទូលបង្គំនៅក្នុងគេហើយទ្រង់គង់ក្នុងទូលបង្គំ ប្រយោជន័ឲ្យលោកិយបានដឹងថាគឺទ្រង់ដែលចាត់ទូលបង្គំមក..យ៉ូហាន១៧:២៣។ សាវ័កប៉ុលបានមានប្រសាសន៍ទៅកាន់សាវ័កដទៃទៀតថាៈ “គឺអ្នករាល់គ្នាជាសំបុត្ររបស់ខ្ញុំហើយ ទាំងកត់ទុកក្នុងចិត្តយើងខ្ញុំផងដែលមនុស្សទាំងអស់ក៏ដឹងហើយអានមើលដែរ”..កូរិនថូស២ ៣:២។ ព្រះគ្រិស្ទផ្ញើរសំបុត្រទៅកាន់់លោកិយតាមរយៈរាស្ដ្ររបស់ទ្រង់គ្រប់ៗរូប។ ប្រសិនបើអ្នកជាអ្នកដើរតាមព្រះគ្រិស្ទនោះអ្នកជាអ្នកនាំសាររបស់ព្រះ ទៅកាន់ក្រុមគ្រួសារ ភូមិស្រុកគ្រប់ច្រកល្ហកដែលអ្នករស់នៅ។ ព្រះគ្រិស្ទដែលគង់នៅក្នុងខ្លួនអ្នកមានចំណង់យ៉ាខ្លាំងនឹងមានព្រះបន្ទូលទៅកាន់ចិត្តអស់អ្នកណាដែលមិនទាន់ស្គាល់ទ្រង់។ ប្រហែលជាគេមិនដែលបានអានព្រះគម្ពីរឬ ក៏ពុំឃើញសេចក្ដីស្រលាញ់នៃព្រះជាម្ចាស់តាមរយៈការងាររបស់ទ្រង់ផង។ ប្រសិនបើអ្នកជាអ្នកតំណាងរបស់ព្រះគ្រិស្ទដ៏ពិតប្រាកដមែននោះអ្នកដទៃនឹងបានណែនាំឲ្យយល់ខ្លះៗនូវសិរីល្អរបស់ទ្រង់ និងមានសេចក្ដីស្រលាញ់និងបំរើដល់ព្រះជាម្ចាស់តាមរយៈរូបអ្នក។ SCK 132.1

    អ្នកគ្រិស្ទានដែលកាន់ពន្លឺប្រទីប បំភ្លឺផ្លូវទៅឯស្ថានសួគ៍។ គេត្រូវតែបង្ហាញទៅដល់លោកិយនូវពន្លឺដែលចេញមកអំពីព្រះគ្រិស្ទ។ ជិវិត និងអត្តចរិក របស់គេគួរតែជាគំរូរដល់អ្នកដទៃ ប្រយោជន៍ឲ្យអ្នកទាំងនោះទទួលការយល់ដឹងដ៏ត្រឹមត្រូវអំពីព្រះគ្រិស្ទ និងកិច្ចការរបស់ព្រះអង្គ។ SCK 132.2

    ប្រសិនបើយើងតំណាងឲ្យព្រះគ្រិស្ទយើងនឹងធ្វើកិច្ចការរបស់ទ្រង់លេចឡើង គួរឲ្យចាប់ចិត្តទៅតាមធាតុពិតនៃកិច្ចការទាំងនោះដែរ។ អ្នកគ្រិស្ទានដែលប្រមូលផ្ដុំតែភាពអពមង្គល និងហ្មងសៅដាក់ក្នុងវិញ្ញាណរបស់គេ ហើយខ្សឹមខ្សៀវនិង រអ៊ូរទាំ គឺបានបង្ហាញអ្នកដទៃនូវភាពតំណាងក្លែងក្លាយរបស់ព្រះជាម្ចាស់ និងជិវិតមានសេចក្ដីសុខសាន្ដឡើយ ហើយដោយសារដូច្នោះគេមានសេចក្ដីបន្ទាល់ក្លែងក្លាយប្រឆាំងនឹងព្រះវរបិតានៃស្ថានសួគ៍របស់យើង។ SCK 133.1

    អារក្សសាតាំងអបអរក្រៃលែងនៅពេលដែលវាអាចដឹកនាំកូនចៅរបស់ព្រះ ឲ្យចូលក្នុងភាពគ្មានជំនឿ និងភាពអស់ទឹកចិត្ត។ វាសប្បាយរីករាយដោយឃើញយើង មិនទុកចិត្តនឹងព្រះជាម្ចាស់ មានសេចក្ដីមន្ទិលសង្ស័យអំពីព្រះរាជបំណងនិងព្រះចេស្ដារបស់ទ្រង់ក្នុងផែនការសង្គ្រោះយើង។ វាពេញចិត្តនឹងធ្វើឲ្យយើងទទួលអារម្មណ៍ថាព្រះអរម្ចាស់នឹងធ្វើឲ្យមានការគ្រោះថ្នាក់ ដល់រូបយើងដោយសារតែទិព្វញាណរបស់ទ្រង់។ គឺជាការងាររបស់អារក្សសាតាំងដែលបង្ហាញឲ្យគេឃើញព្រះបែបដូចជាខ្វះធម្មមេត្តនិងសេចក្ដីអាណិតអាសូរ។ វាបំភ្លៃសច្ចធម៌ដែលទាក់ទិនដល់ព្រះជាម្ចាស់។ វាបំពេញអារម្មណ៍នូវការស្រមើស្រមៃ និងអារម្មណ៍មិនពិតដែលទាក់ទងនឹងព្រះជាម្ចាស់ហើយដោយមិនតាំងលើសច្ចធម៌ព្រះជាម្ចាស់នោះយើងបែរជាផ្ចង់អារម្មណ៍របស់យើងទៅលើការបង្ហាញខុសនៃអារក្សសាតាំងហើយបង្អាប់បង្អោនព្រះជាម្ចាស់ដោយការមិនទុកចិត្តទ្រង់ ព្រមទាំងខ្សិបខ្សៀវប្រឆាំងនឹងទ្រង់។ អារក្សសាតាំងថែមទាំងស្វែងរកឱកាសនឹងធ្វើឲ្យអស់អ្នកមានសេចក្ដីជំនឿសាសនាមានការស្រពាប់ស្រពោន។ សាតាំងចង់ធ្វើឲ្យមានការនឿយណា និងំបាកវេទនា ហើយនៅពេលអ្នកគ្រិស្ទានមើលឃើញ ជីវិតរបស់គេក្នុងទិដ្ឋភាពនៃសាសនាបែបនេះ កាលបើគេពុំមានសេចក្ដីជំនឿមទាំ ផងនោះក៏ធ្លាក់ចុះទៅក្នុងការកុហកបោកប្រាសរបស់អារក្សសាតាំងជាលើកទី២។SCK 133.2

    — មានមនុស្សជាច្រើន ដើរតាមគន្លងផ្លូវនៃជិវិតរស់នៅតែលើកំហុស ការបរាជ័យ និថការខកចិត្តហើយចិត្តរបស់គេពោរពេញទៅដោយភាពទុក្ខសោកនិងការអស់សង្ឃឹម។ នៅពេលខ្ញុំទៅឯប្រទេសនៅទ្វីបអឺរ៉ុប មានស្ដ្រីម្នាក់ដែលធ្វើបែបនេះ ហើយមានទុក្ខកង្វល់យ៉ាងធ្ងន់បានសរសេរសំបុត្រមកខ្ញុំដើម្បីសូមនូវពាក្យលើកទឹកចិត្តខ្លះៗ។ នៅរាត្រីបន្ទាប់ខ្ញុំអានលិខិតរបស់ស្ដ្រីនោះហើយខ្ញុំបានសុបិន្តឃើញថាខ្ញុំបានទៅឯសួនច្បារមួយ ហើយមានមនុស្សម្នាក់ដែលហាក់ដូចជាម្ចាស់នៃសួនច្បារនោះជាអ្នកជួយដឹកនាំខ្ញុំតាមគន្លងនៃសួនច្បារ។ ខ្ញុំកំពុងតែបេះផ្កាផងទាំងឡាយ ក្នុងចិត្តត្រេកត្រអាលនឹងគន្ធពិដោរនៃផ្កាទាំងនោះស្រាប់តែស្ដ្រីនោះដែលដើរមកពីម្ខាងខ្ញុំបានហៅខ្ញុំឲ្យបែរអារម្មណ៍មកឯបន្លាខ្លះ ដែលមើលមិនឃើញនៅច្រូងច្រាងរាំងលើផ្លូវនាង។ នៅទីនោះនាងបានខ្វល់ខ្វាយចិត្តយ៉ាងខ្លាំង។ នាងមិនបានដើរតាមគន្លងផ្លូវអ្នកដែលនាំនាងនោះទេ ប៉ុន្តែបែរជាដើរនៅកណ្ដាលបន្លាទៅវិញ។ នាងទួញសោកថាៈ “ឱ!គួរឲ្យស្ដាយណាស់ដែលសួនច្បារដ៏ស្រស់ត្រកាលនេះបែរជាខូចដោយសារបន្លទៅវិញ!”។ នៅពេលនោះអ្នកនាំផ្លូវក៏ពោលថាៈ ចូរកុំរវល់នឹងបន្លាទាំងនោះវានាំឲ្យតែអ្នកមានរបួសផ្លូវចិត្តទេ ចូរប្រមែប្រមូលផ្កាគ្រប់យ៉ាងទាំងនេះទៅ។SCK 133.3

    តើគ្មានចំណុចដ៏ភ្លឺថ្លាណានៅក្នុងការពិសោធន៍របស់អ្នកទេឬអី? តើអ្នកមិនដែលមានរយៈពេលដ៏ថ្លៃថ្លាណាមួយនៅពេលដែលចិត្តរបស់លោកអ្នកប្រកបដោយក្ដីអំណររីករាយក្នុងការឆ្លើយតបទៅនឹងព្រះវិញ្ញាណនៃព្រះយេហូវ៉ាទេឬ? នៅពេលដែលលោកអ្នកក្រលេកមើលទៅទំព័រនៃការពិសោធន៍ជីវិតរបស់លោកអ្នក តើលោកអ្នកមិនបានឃើញទំព័រដែលប្រកបដោយសេចក្ដីអំណរសប្បាយទេឬអី? តើទាំងអស់នេះមិនមែនគឺជាពាក្យសន្យានៃព្រះជាម្ចាស់ដែលប្រៀបបានទៅនឹងគន្ធពិដោនៃបុប្ផាជាតិដែលដុះលូតលាស់នៅតាមផ្លូវរបស់លោកអ្នក គ្រប់ទាំងជំហាននោះទេឬអ្វី? តើលោកអ្នកនឹងមិនឲ្យសោភ័ណភាព និងភាពផ្អែមល្ហែមទាំងនោះបំពេញចិត្តលោកអ្នកដោយសេចក្ដីអំរទេឬអ្វី?SCK 134.1

    បន្លាទាំងនោះនឹងគ្រាន់តែធ្វើឲ្យអ្នកមានរបួសតែប៉ុណ្ណោះ ហើយប្រសិនបើលោកអ្នកប្រមែប្រមូលតែរបស់ទាំងនោះ ហើយបង្ហាញទៅកាន់អ្នកដទៃនោះ ក្រៅអំពីការប្រមាថដល់ព្រះគុណដ៏វិសេសវិសាលនៃព្រះជាម្ចាស់ដោយរូប អ្នកផ្ទាល់ តើមិនមែនជារូបអ្នកដំណើរឯទៀតដែលនៅជុំវិញអ្នកមិនឲ្យដើរទៅក្នុងវិថីជីវិត? វាមិនមែនជាអំពើដែលប្រកបដោយគតិបណ្ឌិតសោះ បើយើងប្រមែប្រមូលតែ អនុស្សាវរីយដែលមិនល្អទាំងឡាយពីអតីតកាល..អំពើអាក្រក់ និងការខកចិត្តនិយាយតែអំពីរឿងនិងយំសោកតែអំពីរឿងនោះដរាបដល់យើងទន់ខ្សោយដោយការអស់ទឹកចិត្ត។ មនុស្សដែលអស់ទឹកចិត្តមានចិត្តពោរពេញទៅដោយភាពអន្ធការបិទបាំង អស់ទាំងពន្លឺពីព្រះជាម្ចាស់ដែលបំភ្លឺវិញ្ញាណរបស់គេហើយស្រមោលនោះ ក៏បិទបាំងរាំងផ្លូវអ្នកដទៃទៀត។ SCK 134.2

    ចូរយើងថ្លែងអំណរគុណដល់ព្រះជាម្ចាស់ចំពោះរូបភាពដ៏ត្រចង់ច្បាស់ដែលទ្រង់បង្ហាញដល់យើងរាល់គ្ន។ ចូរយើងរាល់គ្នាប្រមែប្រមូលអស់ទាំងសេចក្ដីអះអាងធានារ៉ាបរងដ៏មានពរនៃសេចក្ដីស្រលាញ់របស់ទ្រង់ ប្រយោជន៍យើងអាចមើលទៅសេចក្ដីរ៉ាប់រងទាំងនោះជានិច្ចជាកាល។ ព្រះរាជបុត្រានៃព្រះជាម្ចាស់ចាកចោលបល្ល័ង្គនៃព្រះវរបិតារបស់ទ្រង់ ហើយបានប្រដាប់ព្រះកាយទ្រង់ដោយភាពជាមនុស្ស ដើម្បីអាចជួយ សង្គ្រោះយើងរាល់គ្នាឲ្យរួចអំពីអំណាចនៃអារក្សសាតាំង។ ជ័យជំនះរបស់ទ្រង់ដើម្បីបុព្វហេតុរបស់យើង បើកចំហស្ថានសួគ៍ចំពោះមនុស្សលោកហើយបង្ហាញដល់គេនូវវត្តមាននៃទីបរិសុទ្ធ ដែលព្រះជាម្ចាស់បើកសម្ដែងឲ្យឃើញនូវសិរិល្អរបស់ទ្រង់។ ដំណពូជនៃមនុស្សបានក៏បានលើកចេញអំពីរណ្ដៅនៃសេចក្ដីវិនាសដែលអំពើបាបបានជំរុញទំលាក់ទៅ ហើយបាននាំគេឲ្យមានការភា្ជប់ទាក់ទងឡើងវិញជាមួយព្រះជាម្ចាស់ដ៏អស់កល្ប ហើយគេទ្រាំអត់ធន់នឹងការសាកល្បងនៃព្រះរម្ចាស់តាមរយៈសេចក្ដីជំនឿនៅក្នុងព្រះដ៏ប្រោសលោះនៃយើង..គ្របដណ្ដប់ដោយនូវភាពសុចរិតនៃព្រះគ្រិស្ទ និងសរសើរតម្កើងដល់បល្ល័ង្គនៃព្រះជាម្ចាស់។ ទាំងអស់នេះជារូបភាពដែលព្រះជាម្ចាស់ឲ្យយើងផ្ចង់ចិត្តមើល។ SCK 135.1

    នៅពេលណាដែលយើង ហាក់ដូចជាមន្ទិលសង្ស័យចំពោះសេចក្ដីស្រលាញ់របស់ទ្រង់ ហើយមិនទុកចិត្តលើពាក្យសន្យារបស់ទ្រង់ នោះយើងប្រមាថមើលងាយដល់ទ្រង់ហើយធ្វើឲ្យមានកង្វល់ដល់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ផង។ តើមាតាទទួលអារម្មណ៍យ៉ាងណាដែរ ប្រសិនបើកូនរបស់នាងរអ៊ូរទាំជាប់តែអំពីនាងហាក់ដូចជារូបនាងជាមាតាគ្មានបំណងល្អចំពោះរូបគេ? តែតាមការពិតការព្យា យាមនៃជីវិតរបស់នាងទាំងស្រុងគឺដើម្បីតែផលប្រយោជន៍ និងភាពសុខស្រួលរបស់កូន? បើប្រសិនគេមន្ទិលសង្ស័យចំពោះសេចក្ដីស្រលាញ់របស់នាង គេធ្វើឲ្យនាងជាមាតាមានការខកចិត្តយ៉ាងខ្លាំង។ តើមាតាបិតាទទួលអារម្មណ៍យ៉ាងណាទៅនៅពេលដែលកូនប្រព្រឹត្តយ៉ាងដូច្នោះមកលើរូបគាត់? តើព្រះវរបិតានៃនគរស្ថានសួគ៍មានព្រះហឫទ័យយ៉ាងដូចម្ដេច នៅពេលដែលយើងមិនទុកចិត្តដល់សេចក្ដីស្រលាញ់របស់ទ្រង់..ជាសេចក្ដីស្រលាញ់ដែលនាំឲ្យទ្រង់ប្រទានព្រះរាជបុត្រាដ៏ជាទីស្ងួនភ្ងារតែមួយអង្គគត់របស់ទ្រង់ដើម្បីឲ្យយើងមានជីវិតគង់នៅនោះ? សាវ័កម្នាក់បានសរសេរថាៈ “ឯព្រះអង្គដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជុនទ្រង់មកជំនួសនៃយើងរាល់គ្នា នោះតើមានទំនងអ្វីឲ្យទ្រង់មិនប្រទានគ្រប់របស់ទាំងអស់មកយើងរាល់គ្នា”..រ៉ូម៨:៣២។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលទោះជាគេមិនបញ្ចេញវាចា ក៏បានសម្ដែងចេញឲ្យឃើញតាម រយៈសកម្មភាពរបស់គេថាៈ ព្រះជាម្ចាស់ពុំមានបំណងបែបនេះមកកាន់់គេឡើយ។ ប្រហែលជាទ្រង់ស្រលាញ់អ្នកដទៃ ក៏ប៉ុន្តែទ្រង់មិនស្រលាញ់ខ្ញុំទេ។ គំនិតបែបនេះធ្វើឲ្យមានគ្រោះថ្នាក់ដល់ព្រលឹងអ្នកផ្ទាល់ ព្រោះថាគ្រប់ពាក្យនៃការមន្ទិលសង្ស័យ ដែលពោលចេញពីបបេរមាត់យើង គឺជាការអន្ទងហៅសេចក្ដីល្បួងល្បងរបស់អារក្សសាតាំង។ ការល្បួងល្បងនេះនឹងបង្កើនទមនោចិត្តរបស់អ្នកដែលមន្ទិលសង្ស័យ នោះឲ្យកើនឡើងហើយវាបណ្ដាលឲ្យពពួកទេវតានៃដំណឹងល្អមានការព្រួយចិត្តផងដែរ។ នៅពេលដែលអារក្សសាតាំងល្បួងល្បងអ្នក ចូរកុំបន្លឺចេញនូវពាក្យមួយម៉ាត់ណាដែលមានការមន្ទិលសង្ស័យឬសេចក្ដីងងឹតឡើយ។ ប្រសិនបើអ្នកសម្រេចចិត្តបើកចំហរទ្វារទទួលសំណូមពររបស់អារក្សសាតាំងចិត្តរបស់អ្នកនឹងត្រូវបានបំពេញដោយការមិនទុកចិត្ត និងសេចក្ដីចម្ងល់ប្រឆាំងបះបោរតតាំងនឹងព្រះ។ ប្រសិបើអ្នកបញ្ចេញអារម្មណ៍ដែលមានការមន្ទិលសង្ស័យគ្រប់ទាំងសេចក្ដីមន្ទិលដែលអ្នកសម្ដែងចេញមកនោះ មិនត្រឹមតែមានប្រតិកម្មមកលើខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រាប់ពូជដែលដុះពន្លកលូតលាស់ឡើង បង្កើតផ្លែផ្កាទៅក្នុងជិវិតអ្នកដទៃថែមទៀតផង។ អំពើនោះវាមិនអាចនឹងបន្សាបឥទ្ធិពលនៃពាក្យរបស់អ្នកឡើយ។ លោកអ្នកផ្ទាល់ប្រហែលជាអាចរើបំរះចេញអំពីរដូវនៃសេចក្ដីល្បួងនោះ និងរួចពីអន្ទាក់របស់អារក្សសាតាំងបានក៏ប៉ុន្តែ អ្នកដទៃទៀតដែលត្រូវបានរវាតចេញដោយឥទ្ធិពលរបស់អ្នក ប្រហែលជាមិនអាចរត់គេចអំពីការបាត់បង់សេចក្ដីជំនឿដែលអ្នកបានបង្កនោះឡើយ។ ដូច្នោះជាការសំខាន់ណាស់ដែលយើងត្រូវតែពោលតែអ្វីដែលនឹងផ្ដល់នូវកម្លាំងដល់វិញ្ញាណនិងជិវិតតែប៉ណ្ណោះ។SCK 135.2

    ពពួកទេវតាកំពុងតែត្រងត្រាប់ពាក្យពេចន៍របស់អ្នក តើអ្នកពោលបែបណាទៅកាន់លោកិយអំពីព្រះជាម្ចាស់នៃស្ថានសួគ៍។ ចូរឲ្យការសន្ទនាររបស់អ្នកនិយាយតែអំពីព្រះអរម្ចាស់ដែលគង់នៅ ដើម្បីជួយអង្វករជំនួសយើងចំពោះព្រះភ័ក្រព្រះវរបិតា។ នៅបេលដែលអ្នកកាន់ដៃមិត្តរបស់អ្នក ចូរឲ្យការសរសើរតម្កើងទៅដល់ព្រះជាម្ចាស់បានស្ថិតនៅលើបបូរមាត់របស់អ្នក និងជ្រាបដល់ឰដ៏ផ្ទៃក្នុងនៃចិត្តរបស់អ្នក។ កាយវិការបែបនេះនឹងទាក់ទាញអារម្មណ៍របស់គេទៅលើព្រះយេស៊ូ។ SCK 137.1

    គ្រប់គ្នាមានសេចក្ដីវេទនា និងទុក្ខព្រួយដែលលំបាកនឹងទ្រាំទ្រ និងការល្បួងល្បងដែលលំបាក នឹងទប់ទល់។ ចូរកុំប្រាប់បញ្ហាទាំងប៉ុន្មានរបស់អ្នកទៅមនុស្សផងទាំងឡាយដែលមាននិស្ស័យសាច់ឈាមទន់ខ្សោយជាកម្មវត្ថុនៃសេចក្ដីស្លាប់ ប៉ុន្តែចូរថ្វាយគ្រប់ទាំងអ្វីៗដល់ព្រះក្នុងសេចក្ដីអធិស្ឋាន។ ចូរបង្កើតជាច្បាប់មួយសម្រាប់រូបអ្នកដែលមិនពោលពាក្យមួយម៉ាត់ណា ែលមានមន្ទិលសង្ស័យ ឬការអស់ទឹកចិត្ត។ អ្នកមានលទ្ធភាពយ៉ាងច្រើនដើម្បីជួយបំភ្លឺជីវិតអ្នកដទៃទៀត និងចម្រើនកម្លាំងដល់ការព្យាយាមប្រឹងប្រែងរបស់គេ ដោយនូវពាក្យសំដីដែលប្រកបដោយសេចក្ដីសង្ឃឹម និងសេចក្ដីអំណរបរិសុទ្ធ។ SCK 137.2

    — មានមនុស្សក្លាហានជាច្រើន ដែលទទួលសម្ពាធយ៉ាងឈឺចុកចាប់ដោយសារតែការល្បួងល្បង ហើយស្ទើរតែបាត់បង់ស្មារតីក្នុងការវិវាទជាមួយអំណាចនៃអារក្សសាតាំង។ ចូរកុំឲ្យមានករាអស់ទឹកចិត្តដូចអ្នកដែលធ្វើការតស៊ូយ៉ាងលំបាកស្វិតស្វាញនេះ។ ចូរជួយអបអរគេដោយពាក្យពេចន៍ប្រកបដោយក្ដីសង្ឃឹម និងសេចក្ដីក្លាហានដែលនឹងជួយជំរុញគេ ឲ្យធ្វើដំណើរតាមផ្លូវតទៅទៀត។ ធ្វើដូច្នោះពន្លឺនៃព្រះគ្រិស្ទនឹងភ្លឺចិញ្ចែងចេញពីរូបអ្នក។ “ត្បិតគ្មាននរណាម្នាក់ក្នុងចំណោមមនុស្សយើងដែលរស់សម្រាប់ខ្លួនឯងទេ”..រ៉ូម ១៤:៧។ អ្នកដទៃបានទទួលការលើកទឹកចិត្តនិងចម្រើនកម្លាំង ឬក៏អស់ទឹកចិត្ត ឬរវាតឆ្ងាយអំពីព្រះគ្រិស្ទ និងសេចក្ដីពិតរបស់ ទ្រង់ដោយសារតែឥទ្ធិពលដែលចេញពីយើង ដោយមិនដឹងខ្លួនសឹងក៏មាន។SCK 137.3

    មានមនុស្សជាច្រើនដែលមានគំនិតយល់ខុសអំពីជិវិតនិងអត្តចរិកនៃព្រះគ្រិស្ទជាម្ចាស់។ គេគិតថាទ្រង់គ្មានភាពកក់ក្ដៅ និងសប្បាយរីករាយទាល់តែសោះពោលគឺទ្រង់តែងតែ ម៉ឹងម៉ាត់ និងគ្មានអំណរ។ នៅក្នុងករណីជាច្រើនដែលការអនុវត្តន៍ក្នុងសាសនាទាំងមូល គឺត្រូវបានលាបពណ៌ដោយទស្សនៈដ៏ស្រអាប់ដូច្នេះទៅវិញ។ គេតែងនិយាយថាព្រះយេស៊ូទ្រង់តែងតែព្រះកន្សែង ក៏ប៉ុន្តែគេមិនដែលឃើញទ្រង់ញញឹមសោះ។ ព្រះសង្គ្រោះនៃយើងពិតជាព្រះមួយអង្គពោរពេញដោយសេចក្ដីទុក្ខព្រួយ ហើយស្គាល់តែសេចក្ដីសោយសោក ពីព្រោះតែទ្រង់បើកចំហចិត្តរបស់ទ្រង់ទៅគ្រប់អស់ទាំងសត្រូវនៃមនុស្សលោក។ ទោះបីជាជីវិតរបស់ទ្រង់គឺជាការបរិច្ចាកនិងគ្របដណ្ដប់ដោយការឈឺចាប់ និងការខ្វល់ខ្វាយក៏ដោយ ក៏ព្រះវិញ្ញាណរបស់ទ្រង់មិនបែកបាក់ឡើយ។ ទឹកមុខរបស់ទ្រង់ពុំបង្ហាញនូវទុក្ខសោកនិងហ្មងសៅ ប៉ុន្តែជាទឹកមុខដែលមានភាពស្ងប់ស្ងាត់ ប្រកបដោយសន្តិភាពក្នុងផ្លូវចិត្ត។ ព្រះហឫទ័យរបស់ទ្រង់គឺជាប្រភពទឹកផុសនៃជីវិត ហើយនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅដល់ទ្រង់នាំទៅជាមួយនូវការសំរាក..សេចក្ដីស្ងប់សន្តិភាព..ភាពរីករាយនិងអំណរសប្បាយ។SCK 138.1

    ព្រះអង្គអង្គសង្គ្រោះនៃយងគឺប្រាកដប្រជាណាស់ ហើយក៏ស្មោះអស់ពីចិត្តយ៉ាងប្រាកដដែរ ក៏ប៉ុន្តែទ្រង់មិនដែលស្រពាប់ស្រពោននឹងទុក្ខព្រួយឡើយ។ ជិវិតរបស់អ្នកណា ដែលត្រាប់តាមទ្រង់នឹងបានពោរពេញទៅដោយគោលបំណងដ៏ស្មោះជាទីបំផុត។ គេនឹងមានចិត្តទទួលខុសត្រូវយ៉ាងខ្ពស់។ អ្នកឯណាដែលលេងសើចមិនយកចិត្តទុកដាក់នឹងត្រូវកែប្រែអប់រំ។ សំណើចស្រវឹងក្អាកក្អាយ ការកំប្លែងសើចចំអក នឹងមិនមានឡើយ ក៏ប៉ុន្តែសាសនានៃព្រះយេស៊ូ ផ្ដល់មកនូវសន្ដិភាពដូចជាទឹកទន្លេហើយមិនមែនមកបំបាត់អំណរសប្បាយឬធ្វើឲ្យកករល្អក់ដល់ទឹកមុខញញឹមរីករាយនោះក៏ទេដែរ។ ព្រះយេស៊ូគ្រិស្ទយាងមកមិនមែនសម្រាប់ឲ្យយើងប្រៀនប្រដៅទ្រង់ទេ តែទ្រង់យាងមកនេះដើម្បីប្រៀនប្រដៅយើងវិញ ហើយនៅពេលដែលសេចក្ដីស្រលាញ់របស់ទ្រង់សណ្ឋិតនៅក្នុងចិត្ត នោះយើងនឹងដើរតាមគំរូដ៏ត្រចះរបស់ទ្រង់។ SCK 138.2

    ប្រសិនបើយើងគិតផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើអំពើអយុត្តិធម៌ និង អសប្បុរសរបស់ង្នកដទៃ នោះយើងនឹងមិនអាចស្រលាញ់គេដូចដែលព្រះគ្រិស្ទស្រលាញ់យើងឡើយ ប៉ុន្តែប្រសិនបើចិត្តរបស់យើងស្ថិតនៅលើសេចក្ដីស្រលាញ់ និងសេចក្ដីអាណិតមេត្តាដ៏អស្ចារ្យ របស់ព្រះគ្រិស្ទមកលើរូបយើង នោះវិញ្ញាណបែបនេះនឹងហូរទៅកាន់អ្នកដទៃ។ យើងនឹងស្រលាញ់និងគោរពគ្នាទៅវិញទៅមកថ្វីបើមានកំហុសនិងភាពខុសឆ្គងដែលយើងមើលទៅឃើញ។ យើងត្រូវតែបណ្ដុះបណ្ដាលការបន្ទប់បន្ទាបខ្លួន និងការមិនទុកចិត្តចំពោះខ្លួនឯង (Self-distrust) ពីព្រោះការទុកចិត្តលើខ្លួនឯងពេកបណ្ដាលឲ្យមានគំនិតល្អៀង..យើងនឹងបណ្ដុះឲ្យមានអំនត់អត់ធ្មត់យ៉ាងស្រទន់ជាមួយកំហុសរបស់អ្នកដទៃ។ អំពើទាំងនេះនឹងបំបាត់ចោលនូវភាពអាត្មានិយមយ៉ាងចង្អៀតចង្អល់ប៉ុន្តែនឹងធ្វើឲ្យយើងមានចិត្តទូលាយនិងសប្បុរសវិញ។SCK 138.3

    អ្នកកវីទំនុកតម្កើងពោលថាៈ “ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះអ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត”..ទំនុកតម្កើង ៣៧:៣។ “ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ”។ថ្ងៃនិមួយៗមានបញ្ហារបស់វាហើយក្ដីអំពល់ អល់អែកតែងមាននៅក្នុងយើងរាល់គ្នាព្រោះនៅពេលណាដែលយើងជួបគ្នាម្ដងៗ ហើយមានជាស្រេចនឹងថ្លែងប្រាបគ្នាទៅវិញទៅមកអំពីការទាំងនោះ។ បញ្ហាដែលជារបស់មិនមែនផងខ្លួននឹងចូលមកលុយលុយក្នុងចិត្ត ហើយគេទំយើនឹងសេចក្ដីភ័យខ្លាច។ ទម្ងន់នៃសេចក្ដីអន្ទះសារដែលសម្ដែងចេញមក ធ្វើឲ្យអ្នកឯទៀតគិតស្មានថាយើងពុំមានព្រះអង្គសង្គ្រោះដែលប្រកបដោយសេចក្ដីស្រលាញ់និងអាណិតមេត្តា ដដែលផ្ទៀងព្រះកាណ៌ជាស្រេចចាំស្ដាប់នូវសំណូមពរទាំងឡាយរបស់យើង និងជាជំនួយនៅគ្រប់ពេលវេលាដែលយើងត្រូវការទ្រង់ទេ។SCK 139.1

    មានអ្នកខ្លះទៀតតែងមានសេចក្ដីភ័យខ្លាច និងទទួលបញ្ហាដែលមិនមែនជារបស់ផងខ្លួន។ ភ័ស្ដុតាងនៃសេចក្ដីស្រលាញ់របស់ព្រះឋិតនៅជុំវិញខ្លួន ហើយគេត្រេកអរនឹងព្រះពរដ៏សំបូរហូរហៀជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែគេមើលមិនឃើញនូវព្រះពរទាំងអស់នោះឡើយ។ ចិត្តរបស់គេនៅតែដិតជាប់ជានិច្ចទៅលើបញ្ហាដែលគេមិនចុះសំរុង ហើយដែលគេមានអារម្មណ៍ខ្លាចថានឹងកើតមានឡើង ឬក៏មានការលំបាកខ្លះកលតឡើងជាប្រាកដទោះបីជាតិចតួចក៏ដោយ ក៏វាបិទបាំងភ្នែករបស់គេពីបញ្ហាជាច្រើន ដែលតម្រូវឲ្យគេសម្ដែងការដឹងគុណដល់ព្រះជាម្ចាស់។ ការលំបាកជា ច្រើនដែលគេពើបប្រទះ មិនដែលនាំគេឲ្យចូលមកឯព្រះជាម្ចាស់ជាប្រភពតែមួយៃជំនួយរបស់គេឡើយ តែវាបែរជាបំបែកបំបាក់រូបគេឲ្យឆ្ងាយពីទ្រង់ទៅវិញពីព្រោះតែគេបែប្រឆាំងនិងរអ៊ូរទាំអំពីទ្រង់។ តើយើងមានជំនឿបែបនេះឬ? តើហេតុអ្វីបានជាយើងមានចិត្តអកត្តញ្ញូ នឹងពុំមានទំនុកចិត្តលើព្រះយ៉ាងដូច្នេះ? ព្រះយេស៊ូគឺជាមិត្តសម្លាញ់របស់យើង គ្រប់ទាំងស្ថានសួគ៍គឺយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់យើង។ យើងមិនគួរអនុញ្ញាតឲ្យការកង្វល់អល់ឯក និងការព្រួយបារម្ភចំពោះជីវិតប្រចាំថ្ងៃមកបង្ករទុក្ខក្នុងអារម្មណ៍និងល្អក់កករដល់ទឹកមុខរបស់យើងឡើយ។ ប្រសិនបើយើងធ្វើយ៉ាងដូច្នេះយើងនឹងមានបញ្ហាខ្លះដែលធ្វើឲ្យមួម៉ៅរំខានចិត្ត។ យើងមិនគួរបណ្ដែតបណ្ដោយទៅលើសេចក្ដីកង្វល់ដោយគ្រាន់តែធ្វើឲ្យយើងមួម៉ៅ និងនឿយណាយតែប៉ុណ្ណោះ ក៏ប៉ុន្តែវាពុំបានជួយឲ្យយើងទ្រាំទ្រចំពោះការវេទនាឡើយ។SCK 139.2

    លោកអ្នកប្រហែលជាអល់អែកនៅក្នុងមុខរបរជំនួញពាណិជ្ជកម្មសេចក្ដីសង្ឃឹមរបស់លោកអ្នកប្រហែលកាន់តែងងឹតទៅៗហើយលោកអ្នកប្រហែលជាទទួលការគំរាមកំហែងពីសំណាក់ការបាត់បង់។ ទោះជាយ៉ាងនោះក្ដីសូមលោកអ្នកកុំអស់កម្លាំងទឹកចិត្តឲ្យសោះ។ ចូរដាក់ក្ដីកង្វល់របស់លោកអ្នកថ្វាយព្រះជាម្ចាស់ហើយូមលោកអ្នកនៅតែរឹងប៉ឹងនិងអរសប្បាយចុះ។ ចូរអធិស្ឋានសូមប្រជ្ញាអំពីព្រះដើម្បីរៀបចំកិច្ចការរបស់លោកអ្នកដោយប្រុងប្រយ័ត្ន។ បើធ្វើយ៉ាងដូច្នោះសូមលោកអ្នកអាចការពារមិនឲ្យបាត់បង់នឹងទទួលក្ដីមហន្តរាយទៅបាន។ ចូរធ្វើគ្រប់ទាំងអ្វីៗដែលលោកអាចធ្វើទៅបាន ដើម្បីនាំមកនូវលទ្ធផលដ៏គួរឲ្យពេញចិត្ត។ ព្រះយេស៊ូគ្រិស្ទបានសន្យាថានឹងជួយដល់យើងថែមទៀត។ នៅពេលដែលលោកអ្នកអាចធ្វើទៅបាន រួចសូមយកទ្ធផលដោយអំណរសប្បាយ។SCK 140.1

    ព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺពុំមែនឲ្យរាស្ដ្រផងទ្រង់ត្រូវទទួលនូវបន្ទុកនៃសេចក្ដីកង្វល់ឡើយ។ ព្រះជាម្ចាស់មានព្រះទ័យសុចរិតហើយតែងតែបំពេញសេចក្ដីសន្យារបស់ទ្រង់។ ទ្រង់មិនមានព្រះបន្ទូលមកកាន់យើងថាៈ“ចូរកុំភ័យខ្លាចអ្វី នៅក្នុងផ្លូវជី វិតរបស់អ្នកគ្មានឧបសគ្គអ្វីឡើយ”នោះទេ។ ទ្រង់ឈ្វេងយល់ថាមានបញ្ហាវេទនា និងគ្រោះថ្នាក់ដែលទ្រង់នឹងជួយដោះស្រាយជាមួយយើងយ៉ាងសាមញ្ញ។ ទ្រង់ពុំបានស្នើរសុំថាឲ្យយករាស្ដ្ររបស់ទ្រង់ចេញពីពិភពនៃអំពើបាប និងទុច្ចរិត ក៏ប៉ុន្តែទ្រង់ចង្អុលបង្ហាញគេនូវលំនៅដ្ឋានដែលឋិតឋេរនៅដ៏អស់កល្ប។ សេចក្ដីអធិស្ឋានរបស់ទ្រង់ចំពោះសាវ័ករបស់ទ្រង់គឺយ៉ាងដូច្នេះវិញថាៈ “ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកិយទេ គឺសូមទ្រង់រក្សាគេឲ្យរួចពីសេចក្ដីអាក្រក់វិញ”..យ៉ូហាន ១៧:១៥។ ទ្រង់មានព្រះបន្ទូលថាៈ “នៅក្នុងលោកិយនេះ អ្នករាល់គ្នាមានសេចក្ដីវេទនាមែន ក៏ប៉ុន្តែចូរឲ្យអ្នកអរសប្បាយឡើង ព្រោះខ្ញុំបានឈ្នះលោកិយហើយ”..យ៉ូហាន ១៦:៣៣។ SCK 140.2

    ក្នុងការអធិប្បាយរបស់ទ្រង់នៅលើភ្នំ ព្រះគ្រិស្ទជាម្ចាស់បានបង្ហាត់បង្រៀនសាវ័ករបស់ទ្រង់នូវមេរៀនយ៉ាងថ្លៃថ្លា ទៅលើការចាំបាច់ក្នុងការទុកចិត្តដល់ព្រះជាម្ចាស់គ្រប់យុគសម័យ ហើយមេរៀនទាំងនេះក៏ធ្លាក់មកដល់សម័យបច្ចុប្បន្នយើងនេះពោរពេញទៅដោយការបង្ហាត់បង្រៀន និងការកំសាន្ដចិត្ត។ ព្រះអង្គសង្គ្រោះបានចង្អុលបង្ហាញដល់ពួកសាវ័ករបស់ទ្រង់ នូវបក្សាបក្សីនៅឰដ៏នភាល័យនៅពេលដែលវាបានបន្លឺ សម្លេងដែលសម្ដែងនូវ ការសរសើរតម្កើង មិនអើរពើរនឹងគំនិតនៃការកង្វល់ពីព្រោះ “វាមិនបានសាបព្រោះ ហើយវាក៏មិនត្រូវច្រូតកាត់ដែរ”។ ទោះជាយ៉ាងណាក៏ដោយព្រះវរបិតាដ៏មានមហិទ្ធិរិទ្ធនៅតែបំពេញសេចក្ដីត្រូវការរបស់វា។ ព្រះអង្គសង្គ្រោះមានព្រះបន្ទូលថាៈ “តើអ្នកទាំងអស់គ្នាពុំមានតម្លៃដ៏លើសលប់ជាងពពួកបក្សាបក្សីទាំង នោះទេឬអ្វី?”..ម៉ាថាយ..៦:២៦។ ព្រះដែលជួយផ្គត់ផ្គង់ចំពោះមនុស្ស និងសព្វសត្វលោកព្រះហស្ថរបស់ទ្រង់និងផ្គត់ផ្គង់ដល់សព្វសត្តនិករ។ បក្សាបក្សីនៅលើអាកាស ក៏ពុំមែននៅឆ្ងាយផុតពីក្រសែព្រះនេត្ររបស់ទ្រង់ដែរ។ ទ្រង់ពុំបានទំាលាក់អាហារទៅក្នុងជំពុះរបស់វាមែន តែទ្រង់បានផ្ដល់សេចក្ដីត្រូវការនៃសត្វទាំងនោះ។ សត្វទាំងនោះត្រូវតែប្រមែប្រមូលអស់ទាំងគ្រាប់ធញ្ញជាតិ ដែលទ្រង់បានផ្ដល់យ៉ាងបរិបូណ៌ពាសពេញដី។ ពពួកបក្សាបក្សីទាំងនោះត្រូវរៀបចំធ្វើសំបុករបស់ខ្លួនហើយក៏ត្រូវបញ្ចុកចំណីដល់កូនតូចៗរបស់វាដែរ។ វារហើរចេញទៅដោយសម្លេងអំណរខ្ញៀវខ្ញារអំពីការងាររបស់វាពីព្រោះ “ព្រះវរបិតានៃស្ថានសួគ៍របស់ អ្នករាល់គ្នាបានប្រទានចំណីអាហារដល់បក្សាបក្សីទាំងនោះ”។ តើលោកអ្នកមិនមានតម្លៃលើសជាងពពួកបក្សាបក្សីនោះទេឬអ្វី? តើលោកអ្នកមិនមែនជាអ្នកគោរពបូជាដល់ព្រះដ៏ឆ្លាតវាងវៃ ដែលមានតម្លៃលើសពពួកបក្សាបក្សីនៅលើអាកាសនោះទេឬអ្វី? តើនោះមិនមែនជាព្រះដែលបង្កើតយើងរាល់គ្នា..ជាព្រះដែលថែរក្សាជីវិតរបស់យើង..ជាព្រះដែលបានជប់សូនរាងកាយរបស់យើងទៅតាមរូបសណ្ឋាននៃទ្រង់ផ្ទាល់ ដែលបានផ្ដល់នូវគ្រប់សេចក្ដីត្រូវការរបស់យើង ប្រសិនបើយើងគ្រាន់តែជឿទុកចិត្តដល់ទ្រង់នោះទេឬអ្វី?SCK 141.1

    ព្រះគ្រិស្ទបានចង្អុលទៅផ្កានៅទីវាលបង្ហាញដល់សាវ័ករបស់ទ្រង់។ បុប្ផាជាតិទាំងនោះដែលលូតលាស់ដ៏ស្រស់បំព្រងដោយនូវសម្រស់យ៉ាងសាមញ្ញដែលព្រះវរបិតានៃស្ថានសួគ៍បានផ្ដល់ឲ្យ គឺជាការសម្ដែងចេញនូវសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះមនុស្សនៅនាលោកិយនេះ។ ទ្រង់មានព្រះបន្ទូលថាៈ “ចូរគិតពិចារណាមើលពីផ្កាកំភ្លឹងនៅទីវាល តើវាដុះលូតលាស់យ៉ាងដូចម្ដេច?”សំរស់នឹងភាពសាមញ្ញនៃបុប្ផាជាតិ ក្នុងធម្មជាតិអស់ទាំងនេះគឺលើសអស់ទាំងសម្លៀកបំពាក់ដ៏ឆើតឆាយនៃហ្វូងសាឡូម៉ូនទៅទៀតផង។ សម្លៀកបំពាក់ដ៏ឆើតឆាយនដែលរៀបចំឡើងដោយស្នាដៃមនុស្សមិនអាចប្រៀបធៀបនឹងសម្រស់ដ៏សមសួននៃធម្មជាតិដ៏ស្រស់ត្រកាលនៃធម្មជាតិទាំងនោះ ដែលជាស្នាព្រះហស្ថរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលថាៈ “ប្រសិនបើព្រះទ្រង់បានតុបតែងតិណជាតិនៅលើវាលដែលយើងចាត់ទុកថាជារបស់មិនសំខាន់ដែលត្រូវបង្គរដុតចោលនោះ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នាលើសជាងនេះទៅទៀតទេឬអ្វី? ឱ! មនុស្សដ៏មានជំនឿតិចអើយ!”..ម៉ាថាយ៦:៣០។ ប្រសិនបើព្រះជាម្ចាស់ជាវិចិត្រករតាក់តែងឲ្យផ្កាសាមញ្ញដែលនឹងវិនាសបាត់ក្នុងថ្ងៃណាមួយនូវពណ៌គ្រប់ប្រភេទ និងដ៏ប្រណិត តើទ្រង់យកព្រះទ័យទុកដាក់ប៉ុណ្ណាទៅចំពោះមនុស្សជាតិដែលទ្រង់បង្កើតមកដូចជាអង្គទ្រង់នោះ? មេរៀនរបស់ព្រះគ្រិស្ទនេះគឺជាការស្ដីបន្ទោសដល់គំនិតអន្ទះអន្ទែង..ការអល់អែក និងការមន្ទិលសង្ស័យនៃមនុស្សដែលគ្មានចិត្តជឿ។SCK 142.1

    ព្រះយេហូវ៉ានឹងធ្វើឲ្យបុត្រាបុត្រីរបស់ទ្រង់អរសប្បាយ មានសុខសន្តិភាពនិងមានចិត្តគោរពប្រណិបត្តដល់ព្រះ។ ព្រះយេស៊ូមានបន្ទូលថាៈ“ខ្ញុំឲ្យសេចក្ដីសុខ សាន្ដរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យនោះ មិនមែនដូចជាលោកិឲ្យទេកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឬភ័យឡើយ”..យ៉ូហាន ១៤:២៧។ ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់ខ្ញុំបាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញផង..យ៉ូហាន១៥:១១។SCK 142.2

    សុភមង្គលដែលបានមកមូលហេតុអាត្មនិយម ក្រៅអំពីផ្លូវនៃព្រះជាម្ចាស់គឺមិននឹងនរ មិនទៀងទាត់និងមិនឋិតឋេរ។ សុភមង្គលនោះនឹងបាត់បង់ទៅហើយចិត្តគេនឹងពោរពេញទៅដោយភាពឯកា និងទុក្ខព្រួយ។ ប៉ុន្តែមានសេចក្ដីអំណរសប្បាយ និងការពេញចិត្តនៅក្នុងការងារបំរើព្រះជាម្ចាស់។ អ្នកគ្រិស្ទានមិដែលត្រូវបោះបង់ ឲ្យដើរតាមផ្លូវដែលមិនច្បាស់លាស់ឡើយ។ គេមិនដែលទទួលការបោះបង់ទុកឲ្យនៅក្នុងវិប្បដិសារី និងការខកចិត្តឥតអំពើនោះទេ។ ប្រសិនបើយើងមិនមានការសប្បាយនៅក្នុងជាតិនេះ យើងនៅតែមានអំណរសប្បាយដោយសារតែយើងមានរំពឹងដល់ជីវិត នាពេលអនាគតកាលដែលព្រះជាម្ចាស់នឹងប្រទានឲ្យជាពិត។SCK 143.1

    ទោះជាយ៉ាងណាក៏ដោយអ្នកគ្រិស្ទានអាចមានអំណរសប្បាយក្នុងការរួមសម្ព័ន្ធនឹងព្រះគ្រិស្ទ។ គេអាចមានពន្លឺនៃសេចក្ដីស្រលាញ់របស់ទ្រង់ ផាសុកភាពដ៏ជានិរន្ត នៃវត្តមានរបស់ព្រះអង្គ។ គ្រប់ជំហាននៅក្នុងជីវិតអាចនាំយើងឲ្យចូលទៅជិតព្រះយេស៊ូគ្រិស្ទ..អាចផ្ដល់ឲ្យយើងនូវការពិសោធន៍ដ៏ជ្រាលជ្រៅឡើងអំពីសេចក្ដីស្រលាញ់របស់ទ្រង់ ហើយនាំឲ្យយើងឈាន មួយជំហានថែមទៀតទៅជិតលំនៅឋានដ៏សុខសាន្ដប្រកបដោយព្រះពរ។ ដូច្នេះសុំកុំឲ្យយើងបោះបង់ចោលនូវសេចក្ដីទំនុកចិត្តរបស់យើង ក៏ប៉ុន្តែសូមឲ្យយើងមានការធានាអះអាងដ៏រឹងមាំជាជាងពេលមុនទៅទៀត។ “ដរាបដល់ពេលឥឡូវនេះព្រះយេហូវ៉ាបានជួយខ្ញុំ”..សាំយូអែលទី១ ៧:១២ហើយទ្រង់នឹងជួយរហូតដល់ទីបញ្ចប់។ ចូរយើងក្រលេកមើលទៅសរសរនៃវិមានដែលជាសេចក្ដីរំលឹកយើង នូវអ្វីៗដែលព្រះយេហូវ៉ាបានធ្វើដើម្បីកំសានន្តចិត្តយើង និងជួយសង្គ្រោះយើងឲ្យផុតពីកណ្ដាប់ដៃនៃមេបំផ្លិចបំផ្លាញ(អារក្សសាតាំង)។ ចូរយើងចងចាំជានិច្ចនៅក្នុងអារម្មណ៍នៃយើង នូវទឹកភ្នែកដែលទ្រង់បានជូតសម្អាតការឈឺចាប់ដែលទ្រង់បានជួយសម្រាល..ការអន្ទះអន្ទែងដែលទ្រង់បានដកចេញទៅ សេចក្ដីភ័យខ្លាចដែលទ្រង់ជួយបំបាត់ចេញ..សេចក្ដីប្រាថ្នាដែលទ្រង់ជួយបំពេញ..ព្រះពរទាំងឡាយដែលទ្រង់បានប្រទានឲ្យដល់យើងនោះ គឺដើម្បីជួយចម្រើនកម្លាំងដល់យើងឲ្យអាចទប់ទល់នឹងការលំបាក ដែលនឹងអាចជួបប្រទះនៅក្នុងឆាកជីវិតធម្មយាត្រារបស់យើង។SCK 143.2

    យើងមិនត្រូវទន្ទឹងរង់ចាំមើលតែការទ័លគំនិតថ្មីៗ នៅក្នុងអធិករណ៍ដែលនឹងកើតមាននោះឡើយ ក៏ប៉ុន្តែយើងត្រូវក្រលេកមើលទៅអ្វីដែលកន្លងហួសទៅក៏ដូចជាអ្វីដែលនឹងកើតមានដល់ដែរ រួចពោលថាៈ “ដរាបមកដល់ឥឡូវនេះព្រះយេហូវ៉ាបានជួយយើងខ្ញុំ ចូរឲ្យអ្នកមានកម្លាំងនៅក្នុងថ្ងៃនៃអាយុរបស់អ្នកចុះ”.. ចោទិយតថា៣៣:២៥។ ការលំបាកវេទនានឹងមិនដែលធ្ងន់ធ្ងរហួសកម្លាំងដែលព្រះប្រទានឲ្យយើងសម្រាប់ទ្រាំទ្រវានោះទេ។ ដូច្នេះចូរឲ្យយើងទទួលនូវការងារថ្វាយព្រះនៅទីណាដែលយើងអាចធ្វើបានចុះ។ ចូរជឿជាក់ថា ព្រះនឹងប្រទានកម្លាំងដល់យើងសម្រាប់ទ្រទ្រង់ ដែលធួនល្មមនឹងការលំបាកដែលនឹងកើតមានឡើងដល់យើងជាពិត។ បន្តិចម្ដងៗទ្វារនៃនគរស្ថានសួគ៍នឹងបើកចំហចាំទទួលកូនចៅរបស់ព្រះជាម្ចាស់។ ព្រះដ៏ប្រកបដោយសិរីល្អ នឹងប្រសិទ្ធពរដ៏ពិរោះរណ្ដំដូចជាតន្ដ្រីភិរម្យដល់គេថាៈ “ឱ! ពួកអ្នកដែលព្រះវរបិតានៃយើងបានប្រទានពរអើយ ចូរមកទទួលមរតក៌ចុះគឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នាតាំងពីកំណើតលោកិយមក”..ម៉ាថាយ ២៥:៣៤។SCK 144.1

    ពេលនោះអ្នកដែលបានសង្គ្រោះ(ត្រូវបានប្រោសលោះ ដោយសារការសុគតរបស់ព្រះគ្រិស្ទ)នឹងបានទទួលការស្វាគមន៍ឲ្យចូលមកក្នុងដំណែងដែលព្រះយេស៊ូបានរៀបចំសម្រាប់ពួកគេ។ នៅឯទីនោះមិត្តភ័ក្ររបស់គេនឹងពុំមែនជារបស់ផងលោកិយដ៏អប្រិយមនុស្សកំភូត អ្នកគោរពរូបសំណាកអ្នកមិនបរិសុទ្ធនិងអ្នកដែលគ្មានជំនឿឡើយ ក៏ប៉ុន្តែគេនឹងចូលរួមជាមួយអ្នកទាំងឡាយណាដែលឈ្នះទៅលើអារក្សសាតាំងឡើយក៏ប៉ុន្តែគេនឹងចូលរួមជាមួយអ្នកទាំងឡាយដែលឈ្នះទៅលើអារក្សសាតាំងហើយតាមរយៈព្រះគុណនៃព្រះជាម្ចាស់ អត្តចរិកដ៏ល្អឥតខ្ចោះបានចាប់កំណើតឡើង។ គ្រប់ទាំហទំនោរដែលទាញទៅរកអំពើបាប..គ្រប់ទាំងភាពមិនបរិសុទ្ធដែលធ្វើឲ្យគេមានទុក្ខវេទនានៅលើផែនដី ក៏ត្រូវបានបំបាត់ចោលបង់់ដោយសារតែព្រះលោហិតរបស់ព្រះគ្រិស្ទ ហើយភាពអស្ចារ្យ និងភ្លឺថ្លានៃសិរីល្អរបស់ ទ្រង់ដែលលើសអស់ទាំងពន្លឺដ៏ត្រចះត្រចង់នៃព្រះអាទិត្យក៏បានប្រទានឲ្យដល់គេ។ សោភ័ណភាពខាងសីលធម៌ដ៏ល្អឥតខ្ចោះនៃលក្ខណៈរបស់ទ្រង់ នឹងបញ្ចាំងចេញពីចិត្តគេមកហើយភ្លឺលើសអស់ទាំងភាពរុងរឿងទាំងឡាយដែលនៅខាងក្រៅផង។ គេគ្មានកំហុសទាល់តែសោះនៅចំពោះមុខសេតបល្ល័ង្គ(White Throne)ដ៏ស្កឹមស្កៃហើយទទួលនូវកិត្តិយស និងសិទ្ធិដូចជាពពួកទេវតានៃព្រះដែរ។SCK 144.2

    ក្នុងទិដ្ឋភាពនៃបត៌កដ៏អស្ចារ្យ ដែលអាចក្លាយជាកម្មសិទ្ធរបស់មនុស្សជាតិតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងរបស់ខ្លួនវិញ?..ម៉ាថាយ១៦:២៦។ ប្រហែលជាគេជាអ្នកក្រីក្រមែន ក៏ប៉ុន្តែនៅក្នុងខ្លួនរបស់គេៗមានទ្រព្យសម្បត្តិនិងកិត្តយសដែលលោកិយនេះមិនអាចប្រគល់ឲ្យបានសោះឡើយ។ SCK 145.1

    ដោយនូវសិទ្ធិដ៏វិសេសវិសាល ដែលឧទ្ទិសថ្វាយចពោះកិច្ចការបំរើព្រះព្រលឹងមួយ(មនុស្សម្នាក់)ដែលបានប្រោសលោះ និងលាងសំអាតអំពើបាបនោះមានតម្លៃដ៏លើសលប់ក្រៃលែង។ ហើយនឹងមានអំណាចសប្បាយនៅឯស្ថានសួគ៍នៅក្នុងវត្តមាននៃព្រះជាម្ចាស់ និងពពួកទេវតាបរិសុទ្ធទៅលើព្រលឹងមួយនោះដែលបានទទួលការប្រោសលោះ..គឺជាអំណរដែលសម្ដែងចេញជាទំនុកនៃជ័យជំនះរបស់ព្រះ៕ SCK 145.2

    ចប់ជាស្ថាពរ..អាម៉ែនSCK 145.3

    Larger font
    Smaller font
    Copy
    Print
    Contents