Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    មហាកំភូត

    អ្នកដែលបានសន្យាថាឲ្យជីវិត ដោយការមិនស្តាប់បង្គាប់ គឺជាមេបោកប្រាស់។ ហើយសេចក្តីប្រកាសរបស់សត្វពស់ នៅក្នុងសួនច្បារអេដែនថា «អ្នកទាំងពីរនឹងមិនស្លាប់ទេ» (លោកុប្បត្តិ ៣:៤ គម្ពីរភាសាខ្មែរបច្ចុប្បន្ន) គឺជាសេចក្តីអធិប្បាយ ដំបូងបង្អស់ដែលមិនធ្លាប់មាន ស្តីអំពីភាពមិនចេះស្លាប់របស់មនុស្ស។ ហើយសេចក្តីប្រកាសនេះ ដែលស្ថិតនៅលើអំណាចរបស់សាតាំងមួយប៉ុណ្ណោះ ត្រូវបានឮខ្ទរខ្ទារចេញពីអាសនា ហើយក៏មានមនុស្សដែលស្ថិតនៅក្នុងភាពងងឹតភាគច្រើនទទួល ជឿដោយស្រួល ដូចជាឪពុកម្តាយដើមរបស់យើងដូច្នោះដែរ។ ព្រះបន្ទូលរបស់ព្រះថា « ព្រលឹងណាដែលបានធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ » (អេសេគាល ១៨:៤) ត្រូវបានគេបង្វែរន័យថា ព្រលឹងណាដែលបានធ្វើបាប ព្រលឹងនោះឯងនឹងមិនស្លាប់ទេ គឺរស់នៅជារៀងរហូតវិញ។ ប្រសិនបើព្រះអនុញ្ញាតឲ្យមនុស្សអាចចូលទៅឯដើមជីវិតដោយសេរី បន្ទាប់ពីបានធ្វើបាបហើយនោះ បាបនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ចជាមិនខាន។ ប៉ុន្តែ ពុំមាននរណាម្នាក់ក្នុងគ្រួសារលោកអ័ដាមត្រូវបានអនុញ្ញាតឲ្យទទួលទានផ្លែនៃដើមជីវិតនោះទៀតឡើយ។ ហេតុដូច្នេះហើយបានជាពុំមានបាបជនណាដែលមានជីវិតរស់នៅជារៀងរហូតនោះឡើយ។GrHKh 52.1

    បន្ទាប់ពីមនុស្សមានបាបមក សាតាំងបានបញ្ជាពួកទេវតារបស់វាឲ្យបណ្តុះសេចក្តីជំនឿនៃភាពមិនចេះស្លាប់នេះ នៅក្នុងគំនិតរបស់មនុស្ស។ ដោយការអន្ទងមនុស្សឲ្យទទួលជំនឿខុសឆ្គងនេះ វាបានដឹកនាំឲ្យពួកគេសន្និដ្ឋានថា អ្នកមានបាបនឹងរស់នៅក្នុងសេចក្តីវេទនាដ៏អស់កល្បជានិច្ច។ ឥឡូវនេះ ស្តេចនៃសេចក្តីងងឹតបានប្រដូចព្រះទៅនឹងជនផ្តាច់ការ ដែលពោរពេញដោយការសងសឹក ដោយថ្លែងថា ទ្រង់នឹងបោះអស់អ្នកណាដែលមិនធ្វើតាមព្រះទ័យទ្រង់ ចូលទៅក្នុងស្ថាននរក ហើយថា ព្រះអាទិកររបស់ពួកគេនឹងទតចុះមកមើលពួកគេ កំពុង ស្ថិតនៅក្នុងអណ្តាតភ្លើង ដែលឆេះឥតឈប់ឈរនោះដោយ ព្រះហឫទ័យសប្បាយរីករាយ។ ដូច្នេះ មេបិសាចបានយកលក្ខណៈសម្បត្តិរបស់វា ទៅបំពាក់ដល់ព្រះដែលជាអ្នកមានគុណដល់មនុស្សលោកទៅវិញ។ សេចក្តីឃោរឃៅគឺជាសារជាតិរបស់សាតាំង ចំណែកឯព្រះទ្រង់ ជាសេចក្តីស្រឡាញ់។ សាតាំងជាសត្រូវដែលល្បួងមនុស្សឲ្យធ្វើបាប ហើយបន្ទាប់មកវានឹងបំផ្លាញពួកគេចោលតែម្តងបើវាអាចធ្វើបាន។ គោលលទ្ធិដែលថាពួកអាក្រក់ដែលបានស្លាប់ នឹងត្រូវរងទុក្ខនៅក្នុងភ្លើងនរកដែលឆេះអស់កល្បជានិច្ច ហើយដែលថា អំពើបាបនៃជីវិត ដ៏ខ្លីនៅផែនដី ត្រូវរងទារុណកម្មជារៀងរហូត ឲ្យតែព្រះនៅតែមានព្រះជន្មរស់នៅនោះ គឺផ្ទុយស្រឡះអំពីសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងសេចក្តីយុត្តិធម៌របស់ព្រះ!GrHKh 53.1

    តើគេរកឃើញការបង្រៀនបែបនេះនៅត្រង់ណា ក្នុងព្រះបន្ទូលរបស់ព្រះ? តើអារម្មណ៍របស់មនុស្សសាមញ្ញនឹងយល់យ៉ាងណាទៅ ប្រសិនបើមនុស្សស្លូតត្រង់ និងមនុស្សឃោរឃៅត្រូវទទួលទោសដូចតែគ្នានោះ? ទេ នេះពុំមែនជាសេចក្តីបង្រៀននៃព្រះគម្ពីររបស់ព្រះទេ។ «ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយ ចំពោះសេចក្តីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ហេតុ អ្វីបានជាចង់ស្លាប់? » (អេសេគាល ៣៣:១១)។GrHKh 54.1

    តើព្រះអង្គទ្រង់សព្វព្រះទ័យនឹងឃើញការធ្វើទារុណកម្ម ដ៏មិនចេះឈប់ឈរនោះដែរឬទេ? តើទ្រង់សព្វព្រះហឫទ័យនឹង ស្តាប់សំឡេងយំសោកសៅ និងការស្រែកថ្ងូររបស់សត្វលោក ដែលកំពុងរងទុក្ខ ឈឺចាប់ដោយបង្ខាំងគេទុកនៅក្នុងអណ្តាតភ្លើងដូច្នេះឬទេ? តើសំឡេងដ៏រន្ធត់ទាំងនេះ អាចបានជាតូរតន្ត្រីដ៏ពីរោះដល់ព្រះកាណ៌នៃព្រះដ៏ពោរពេញដោយសេចក្តីស្រឡាញ់ បានដែរឬទេ? ឱ នេះចំជាការប្រមាថដ៏អាក្រក់មែន សិរីល្អរបស់ ព្រះពុំមែនរុងរឿងឡើង ដោយអំពើបាបដែលចេះតែបន្តពីយុគសម័យមួយទៅយុគសម័យមួយគ្មានទីបញ្ចប់នោះឡើយ។GrHKh 54.2