Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការរស់ឡើងវិញជាលើកទីមួយ

    អស់អ្នកដែល «បានរាប់ជាគួរ» ឲ្យបានរស់ពីស្លាប់ឡើងវិញ គឺ « មានពរហើយក៏បរិសុទ្ធផង » «សេចក្តីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ » (លូកា ២០:៣៥; វិវរណៈ ២០:៦)។ ប៉ុន្តែ អស់អ្នកណាដែលពុំបានទទួលការអត់ទោស តាមរយៈការប្រែចិត្តនិងការជឿ ត្រូវទទួល «ឈ្នួលនៃអំពើបាប»។ គេនឹងទទួលទណ្ឌកម្ម « តាមការប្រព្រឹត្តិរបស់ខ្លួន » ហើយបញ្ចប់ នៅក្នុង « សេចក្តីស្លាប់ទីពីរ»។GrHKh 63.1

    ដោយព្រោះព្រះពុំអាចជួយសង្គ្រោះបាបជន ដែលស្ថិតនៅក្នុងបាបកម្មរបស់ខ្លួនបានទាល់តែសោះនោះ ទ្រង់បានហូតយកជីវិតរស់នៅពីគេ ព្រោះអំពើរំលងរបស់គេបានធ្វើឲ្យខ្លួនគេបាត់បង់ ហើយខ្លួនគេទៀតសោតក៏បានបង្ហាញថាខ្លួនគេពុំគួរនឹងទទួលបានអ្វីសោះឡើយ។ «ដល់បន្តិចទៀត មនុស្ស អាក្រក់នឹងមិនមានទៀតទេ អើអ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ»។ គេ «នឹងត្រឡប់ដូចជាមិនដែលកើតមក» (ទំនុកតម្កើង ៣៧:១០; អូបាឌា ខ១៦)។ គេលិចទៅក្នុងសេចក្តី បាត់បង់សូន្យឈឹងដែលគ្មានទីសង្ឃឹមអស់កល្បជានិច្ច។GrHKh 63.2

    នោះហើយជាទីបញ្ចប់នៃអំពើបាប។ «ទ្រង់បានបំផ្លាញពួកអាក្រក់ចេញ ទ្រង់បានលុបឈ្មោះគេឲ្យបាត់ជាដរាបរៀងទៅ។ ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ច » (ទំនុកតម្កើង ៩:៥, ៦)។ នៅក្នុងគម្ពីរវិវរណៈ លោកយ៉ូហានបានឮភ្លេងសាកល យ៉ាងស្រុះគ្នាដោយសំឡេងតែមួយ។ គ្មានមនុស្សដែលបាត់បង់ណាមួយជេរប្រមាថដល់ព្រះឡើយ នៅពេល ដែលគេកំពុងឈឺចាប់នៅក្នុងទារុណកម្ម ដែលគ្មានទីបញ្ចប់នោះ។ គ្មានអ្នករងទុក្ខណា នៅក្នុងនរកនឹងស្រែកថ្ងូរលាយឡំជាមួយនឹងចម្រៀងនៃពួកអ្នកដែលបានសង្គ្រោះសោះឡើយ។GrHKh 64.1

    ដោយសារតែមានការយល់ខុសទៅលើការមិនចេះស្លាប់ នោះហើយ ទើបបានជាមានគោលលទ្ធិថាមនុស្សស្លាប់ហើយនៅតែមានព្រលឹងរស់នៅជានិច្ច។ ក៏ដូចគ្នានឹងទារុណកម្មអស់់កល្បជានិច្ចដែរ សុទ្ធតែផ្ទុយនឹងបទគម្ពីរ ផ្ទុយនឹងហេតុផល ហើយនិងអំណាចគ្រប់គ្រងអារម្មណ៍របស់មនុស្សយើង។GrHKh 64.2

    យោងទៅតាមជំនឿដែលគេនិយមភាគច្រើន ពួកអ្នកបានប្រោសលោះនៅស្ថានសួគ៌ បានដឹងនូវអ្វីៗដែលកើតឡើងនៅផែនដី។ ប៉ុន្តែ ធ្វើដូចម្តេចឲ្យពួកស្លាប់មានសេចក្តីសប្បាយរីករាយទៅបាន កាលបើគេដឹងនូវបញ្ហាស្មុគស្មាញរបស់មនុស្សរស់ ឃើញគេកំពុងទ្រាំទ្រចំពោះទុក្ខវេទនា ការខកចិត្ត និងការឈឺចាប់នៃជីវិតនោះ? តើគួរឲ្យខ្ពើមរអើមយ៉ាងណាទៅ ចំពោះជំនឿដែលថា នៅពេលដែលដង្ហើមបានចាកចេញពីរូបកាយភ្លាម ព្រលឹងនៃអ្នកដែលពុំបានប្រែចិត្តនោះ ត្រូវបញ្ជូនទៅកាន់ភ្លើងនរកភ្លាមនោះ?GrHKh 64.3

    តើបទគម្ពីរចែងដូចម្តេច? មនុស្សពុំដឹងអ្វីទេនៅពេលស្លាប់៖ « គេផុតដង្ហើមទៅ ហើយត្រឡប់ជាធូលីដីវិញ នៅថ្ងៃនោះឯងអស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ »។ « ដ្បិតមនុស្ស ដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ...។ សេចក្តីស្រឡាញ់ សេចក្តីសម្អប់ និងសេចក្តីឈ្នានីសរបស់គេ ក៏វិនាសសូន្យបាត់ជាយូរមកហើយ គេក៏ឥតមានចំណែកណាក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃ ជាដរាបទៅមុខដែរ »។ « ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងឈោងដៃរកទ្រង់មិនបាន ហើយសេចក្តីស្លាប់ក៏នឹងអួតសរសើរទ្រង់មិនបានដែរ ពួកអ្នកដែលចុះទៅក្នុងរណ្តៅនឹងសង្ឃឹមដល់សេចក្តីពិតរបស់ទ្រង់មិនបានឡើយ។ ឯមនុស្សរស់ គឺមនុស្សរស់ហើយដែលនឹងសរសើរដល់ទ្រង់ដូចជាទូលបង្គំនៅថ្ងៃនេះដែរ »។ « ដ្បិតក្នុងមរណភាព គ្មានសេចក្តីនឹកចាំពីទ្រង់ទៀតឡើយ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់នោះតើអ្នកណានឹងសរសើរដល់ទ្រង់ » (ទំនុកតម្កើង ១៤៦:៤; សាស្តា ៩:៥, ៦; អេសាយ ៣៨:១៨, ១៩ ទំនុកតម្កើង ៦:៥)។GrHKh 65.1

    នៅថ្ងៃបុណ្យទី៥០ លោកពេត្រុសបានប្រកាសថា ស្តេច ដាវីឌ «បានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏បាននៅជាមួយយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ»។ «ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ» (កិច្ចការ ២:២៩, ៣៤)។ ការពិតដែលស្តេចដាវីឌស្ថិតនៅក្នុងផ្នូររហូតដល់គ្រារស់ឡើងវិញ ជាភស្តុតាងបញ្ជាក់ថា ពួកសុចរិតមិនទៅស្ថានសួគ៌នៅពេលស្លាប់ទេ។GrHKh 66.1

    សាវកប៉ុលមានប្រសាសន៍ថា៖ «ដ្បិតបើសិនជាពួកស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រីស្ទ ក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើដែរ អ្នករាល់គ្នានៅក្នុងអំពើបាបនោះឡើយ ហើយអ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ» (កូរិនថូសទី១ ១៥:១៦-១៨)។ ប្រសិនបើ ៤០០០ឆ្នាំមកហើយ ពួកសុចរិតបានឡើងទៅស្ថានសួគ៌នៅពេលស្លាប់ទៅ ធ្វើដូចម្តេចឲ្យសាវកប៉ុលមានប្រសាសន៍ថា ប្រសិនបើគ្មានសេចក្តីរស់ឡើងវិញទេ «អស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ»?GrHKh 66.2

    នៅពេលទ្រង់រៀបនឹងចាកចេញពីពួកសិស្សព្រះយេស៊ូវ ពុំបានប្រាប់ពួកគេថា ពួកគេនឹងមកឯទ្រង់ក្នុងពេលឆាប់ៗនោះទេ។ តែទ្រង់មានបន្ទូលថា «ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ» (យ៉ូហាន ១៤:២, ៣)។ សាវកប៉ុលប្រាប់យើងថែមទៀតថា «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកអ្នកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងរស់នៅក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់ នៅនាអាកាស យ៉ាងនោះយើងនឹងនៅជាមួយព្រះអម្ចាស់ជាដរាបទៅ»។ លោកបន្ថែមទៀតថា «ចូរកម្សាន្តចិត្តគ្នាទៅវិញទៅមកដោយដំណើរនេះចុះ» (ថែស្សាឡូនីចទី១ ៤:១៦-១៨)។ នៅពេលព្រះអង្គយាងមក គម្របផ្នូរនឹងរបើកឡើង ហើយ «ពួកស្លាប់ក្នុងព្រះគ្រីស្ទ» នឹងបានរស់ឡើងឲ្យមានជីវិតអស់កល្បជានិច្ច។GrHKh 67.1

    ទាំងអស់គ្នានឹងត្រូវជំនុំជំរះទៅតាមការដែលកត់ទុកនៅក្នុងបញ្ជី ហើយនឹងបានទទួលរង្វាន់ទៅតាមការដែលខ្លួនបានធ្វើ។ ការជំនុំជំរះនេះពុំបានអនុវត្តនៅពេលស្លាប់ទេ។ «ទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកិយដោយយុត្តិធម៌»។ «មើលព្រះអម្ចាស់ទ្រង់យាងមកនៅកណ្តាលពួក បរិសុទ្ធទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់មនុស្សទាំងអស់» (កិច្ចការ ១៧:៣១; យូដា ១៤,១៥)។GrHKh 67.2

    ប៉ុន្តែ ប្រសិនបើពួកស្លាប់កំពុងអរសប្បាយនៅស្ថានសួគ៌ ឬក៏កំពុងរមួលខ្លួនក្នុងភ្លើងនរកទៅ ហើយនោះ តើត្រូវការសេចក្តីជំនុំជំរះនៅពេលអនាគតធ្វើអ្វីទៀត? គំនិតមនុស្សសាមញ្ញ ក៏អាចយល់ពីព្រះបន្ទូលព្រះនេះបានដែរ។ តែចំណែកគំនិតមនុស្សឆោតល្ងង់វិញ តើគេអាចយល់នូវតម្រិះប្រាជ្ញា ឬក៏សេចក្តីយុត្តិធម៌នៅក្នុងទ្រឹស្តីបច្ចុប្បន្ននេះឬទេ? តើពួកសុចរិតនឹងទទួលការសរសើរថា «ប្រពៃហើយបាវល្អ ស្មោះត្រង់ អើយ... ចូរឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ» ក្នុងពេលដែលគេបានស្នាក់នៅចំពោះព្រះភ័ក្ត្រទ្រង់ដ៏យូរលង់មកហើយនោះឬទេ? តើពួកអាក្រក់នឹងត្រូវកោះហៅឲ្យចេញពីទារុណកម្ម ដើម្បីទទួលការកាត់ទោសពីព្រះដ៏ជាចៅក្រម ដែលថា «អ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយចេញពីអញ ទៅក្នុងភ្លើង ដែលឆេះអស់កល្បជានិច្ច» ដូច្នោះឬ? (ម៉ាថាយ ២៥:២១, ៤១)។GrHKh 68.1

    ទ្រឹស្តីព្រលឹងមិនចេះស្លាប់នេះ គឺជាគោលលទ្ធិមួយ ក្នុងចំណោមគោលលទ្ធិខុសឆ្គងទាំងឡាយ ដែលពួកជំនុំរ៉ូមបានចំឡងមកពីសាសនាដទៃ។ លោកលូធើរបានរាប់គោលលទ្ធិនេះថាជា «រឿងប្រឌិតដ៏មហាកំភូត ដែលបង្កើតជាគំនរលាមកសត្វនៃបទបញ្ជាដ៏គំរក់របស់ពួកជំនុំរ៉ូម»1E. Petavel, The Problem with Immorality, p.255. ។ ព្រះគម្ពីរបង្រៀនថា ពួកស្លាប់នឹងដេកលក់ រហូតដល់គ្រារស់ឡើងវិញ។GrHKh 68.2

    អ្នកសុចរិតដែលហត់នឿយ សំរាន្តដោយសុខសាន្ត! ទោះយូរឬឆាប់ក្តី វាហាក់ដូចជាមួយភ្លែតប៉ុណ្ណោះ សម្រាប់ពួកគេ។ គេបានដេកលក់ រួចហើយនឹងត្រូវបានដាស់ឡើងដោយសំឡេងត្រែរបស់ព្រះ ទៅកាន់ភាពមិនចេះស្លាប់ដ៏រុងរឿង។ «ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ...។ កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តី មិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រកបដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសម្រេចតាមពាក្យថា ‘សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ’» (កូរិនថូសទី១ ១៥:៥២-៥៤)។GrHKh 69.1

    គេត្រូវបានហៅចេញពីដំណេកដ៏លង់លក់របស់ខ្លួន ហើយក៏ចាប់ផ្តើមគិត ដូចនៅពេលដែលទើបតែស្លាប់ទៅ។ ការចាប់អារម្មណ៍ចុងក្រោយបង្អស់ គឺជាការឈឺចាប់នៃសេចក្តីស្លាប់ ជាការគិតចុងក្រោយបង្អស់ថាពួកគេកំពុងធ្លាក់ទៅក្នុងអំណាចនៃសេចក្តីស្លាប់។ នៅពេលក្រោកពីផ្នូរឡើងវិញ គំនិតដ៏រីករាយជាដំបូងបង្អស់ គឺជាសំឡេងបំពង នៅក្នុងសម្រែកជ័យជំនះថា៖ «ឱ សេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា? ឱ ផ្នូរអើយ សេចក្តីជ័យជំនះឯងនៅឯណា? » (កូរិនថូសទី១ ១៥:៥៥)៕GrHKh 69.2