Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ស្តេចលើអស់ទាំងស្តេចលេចមក

    គេបានឮព្រះសូរសៀងរបស់ព្រះ ថ្លែងពីពេលវេលានៃការយាងមករបស់ព្រះគ្រីស្ទ។ សាសន៍អ៊ីស្រាអែលរបស់ព្រះកំពុងឈរស្តាប់ ទឹកមុខរបស់គេមានរស្មីថ្លាដោយសិរីល្អរបស់ទ្រង់។ ក្រោយមក ដុំពពកខ្មៅតូចមួយ លេចឡើងនៅឯទិសខាងកើត។ ជាពពកដែលហ៊ុមព័ទ្ធព្រះអង្គសង្គ្រោះ។ ពេលពពករសាត់មកកាន់តែជិត រាស្រ្តរបស់ព្រះក៏សម្លឹងមើលដោយភាពស្ងប់ស្ងាត់ជាទីបំផុត រហូតដល់ពពកនោះធំហើយសស្គុស មានបាតជាសេចក្តីរុងរឿងដូចជាភ្លើងដ៏សន្ធោសន្ធៅ ហើយនៅពីលើមានឥន្ទធនូនៃសេចក្តីសញ្ញាផង។ ឥឡូវទ្រង់ពុំមែនជា «មនុស្សទូទុក្ខ» ទៀតទេ ព្រះយេស៊ូវយាងមកដូចជាមេទ័ពដ៏ខ្លាំងពូកែ។ ពួកទេវតាបរិសុទ្ធ ដែលមានចំនួនដ៏ច្រើនរាប់មិនអស់ ហែហមទ្រង់ «មានទាំងពាន់ៗ...ហើយទាំងម៉ឺនទាំងសែន» ផង។ គ្រប់ទាំងភ្នែកសម្លឹងមើលសេ្តចនៃជីវិត។ មានមកុដនៃសិរីល្អ នៅលើព្រះសិរទ្រង់។ ព្រះភ័ក្រ្តរបស់ទ្រង់ភ្លឺជាងរស្មីនៃព្រះអាទិត្យនាកណ្តាលថ្ងៃត្រង់ទៅទៀត។ ទ្រង់មានព្រះនាមកត់នៅព្រះពស្រ្ត និងព្រះឱរាទ្រង់ថា ស្តេចលើអស់ទាំងស្តេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ (វិវរណៈ ១៩:១៦)។GrHKh 162.1

    ស្តេចលើអស់ទាំងស្តេច ចុះមកលើពពកហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។ ផែនដីញាប់ញ័រនៅចំពោះទ្រង់៖ «ព្រះនៃយើងទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា។ ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ និងដល់ផែនដីដើម្បីជំនុំជំរះរាស្រ្តរបស់ទ្រង់ » (ទំនុកតម្កើង ៥០:៣, ៤)។GrHKh 163.1

    «អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកអ្នកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ និងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា។ គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភ័ក្រ្តព្រះអង្គដែលគង់នៅលើបល្ល័ង្ក និងពីសេចក្តីក្រោធរបស់កូនចៀមចេញ។ ដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?» (វិវរណៈ ៦:១៥-១៧)។GrHKh 163.2

    ពាក្យចំអកឡកឡឺយលែងមានទៀតហើយ រីឯអណ្តាត និយាយកុហកក៏បានស្ងប់ស្ងៀម។ ក្រៅពីសំឡេងអធិដ្ឋាននិងសំឡេងទ្រហោយំ គ្មានឮសំឡេងអ្វីទៀតសោះ។ មនុស្សទុច្ចរិត ទូលសូមឲ្យគេកប់ខ្លួនក្រោមថ្ម ប្រសើរជាងជួបព្រះភ័ក្ត្ររបស់ព្រះដែលគេបានស្អប់។ គេស្គាល់សំឡេងដែលដាស់មនុស្សស្លាប់។ តើសំឡេងដ៏ស្រទន់នោះ បានហៅគេឲ្យប្រែចិត្ត ប៉ុន្មានដងហើយ? តើគេបានឮការអង្វរកររបស់មិត្តភក្តិ បងប្អូន និងព្រះដ៏ប្រោសលោះប៉ុន្មានដងហើយ? សំឡេងនោះធ្វើឲ្យគេនឹកចាំពីកាលដែលគេបានស្អប់ខ្ពើមដល់សេចក្តីព្រមាន និងពីកាលដែលគេបានបដិសេធសេចក្តីអញ្ជើញរបស់ទ្រង់។ GrHKh 163.3

    មានអ្នកដែលចំអកឲ្យព្រះគ្រីស្ទ ក្នុងសេចក្តីអាម៉ាស់របស់ទ្រង់។ ទ្រង់បានមានបន្ទូលថា៖ «អំណឹះទៅមុខ អ្នករាល់គ្នា នឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកនៅលើពពកនៅលើមេឃផង» (ម៉ាថាយ ២៦:៦៤)។ ឥឡូវនេះ គេមើលទ្រង់ក្នុងសេចក្តីរុងរឿងរបស់ទ្រង់ គេមិនទាន់ឃើញទ្រង់ប្រថាប់នៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តានៅឡើយទេ។ មានស្តេចហេរ៉ូឌដ៏ក្រអឺតក្រទម ដែលចំអកឲ្យព្រះនាមទ្រង់។ មានមនុស្សដែលដាក់ភួងបន្លានៅលើព្រះសិរទ្រង់ និងដាក់ទឹកខ្មេះនៅលើព្រះហស្តទ្រង់ ទាំងស្តោះលើស្តេចនៃជីវិតផង ពោលគឺជាអ្នកដែលឱនគោរពទ្រង់ក្នុងការចំអកប្រមាថមើលងាយ។ ពួកគេរត់គេចពីព្រះវត្តមានរបស់ទ្រង់។ អ្នកដែលបោះដែកគោលទម្លុះព្រះហស្ត និងព្រះបាទាទ្រង់ មើលស្លាកស្នាមទាំងនេះដោយសេចក្តីរន្ធត់និងស្តាយក្រោយជាទីបំផុត។GrHKh 164.1

    ពួកសង្ឃនិងពួកអ្នកដឹកនាំនឹកឃើញដល់ព្រឹត្តិការណ៍នៅកាល់វ៉ារីយ៉ាងច្បាស់ នៅពេលដែលគេបានងក់ក្បាលអរសប្បាយដោយខ្លួនបានទទួលជ័យជំនះ ហើយឧទានឡើងថា «វាជួយសង្គ្រោះមនុស្សឯទៀតបានតែមិនអាចនឹងជួយសង្គ្រោះ ដល់ខ្លួនវាបាន» (ម៉ាថាយ ២៧:៤២)។ សំឡេងថ្ងូរដ៏អស់សង្ឃឹមដែលបន្លឺឡើងថា «ទ្រង់ជាព្រះរាជបុត្រារបស់ព្រះ!» បានឮខ្លាំងជាងសម្រែកថា «ឆ្កាងវាទៅ! ឆ្កាងវាទៅ!» ដែលឮខ្ទ័រពេញក្រុងយេរូសាឡិមទៅទៀត។ គេរករត់គេចខ្លួនពីព្រះវត្តមាននៃស្តេចលើអស់ទាំងស្តេច។GrHKh 164.2

    ក្នុងជីវិតនៃអស់អ្នកដែលបដិសេធសេចក្តីពិត មានគ្រាដែលសម្បជញ្ញៈភ្ញាក់រឭកឡើងម្តងៗ នៅពេលដែលការស្តាយក្រោយដ៏ឥតប្រយោជន៍ ធ្វើទុក្ខដុកដាន់ដល់ព្រលឹង ប៉ុន្តែការទាំងនេះមិនអាចប្រៀបផ្ទឹមទៅនឹងការស្តាយក្រោយនៃថ្ងៃនោះបានឡើយ! ក្នុងក្តីរន្ធត់របស់គេ គេឮសំឡេងនៃពួកបរិសុទ្ធឧទានឡើងថា៖ «មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង » (អេសាយ ២៥:៩)។GrHKh 165.1

    ព្រះសូរសៀងនៃព្រះរាជបុត្រារបស់ព្រះ ហៅពួកបរិសុទ្ធ ដែលបានដេកលក់ឲ្យងើបឡើង។ អ្នកស្លាប់នឹងឮសំឡេងនោះនៅគ្រប់ទីកន្លែងនៃផែនដី ហើយអ្នកដែលឮនឹងរស់ឡើង ជាកងទ័ពមួយកងពលធំពីគ្រប់សាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា និងគ្រប់គ្រួសារផង។ គេបានចេញមកពីគុកនៃសេចក្តីស្លាប់ ទាំងប្រដាប់ដោយសិរីល្អដែលមិនចេះសាបសូន្យ ហើយស្រែកឡើងថា៖ «ឱ សេចក្តីស្លាប់អើយទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជំនះឯងនៅឯណា?» (កូរិនថូសទី១ ១៥:៥៥)។GrHKh 165.2

    ទាំងអស់គ្នាចេញមកពីផ្នូរ ក្នុងសណ្ឋានដូចជាពេលដែលគេបានចូលទៅក្នុងផ្នូរដូច្នោះដែរ។ ប៉ុន្តែ ទាំងអស់គ្នារស់ឡើងវិញ ដោយភាពស្រស់បស់និងមានកម្លាំងមាំមួន ជាយុវភាពដ៏អស់កល្បជានិច្ច។ ព្រះគ្រីស្ទបានយាងមក ដើម្បីកែលំអឡើងវិញនូវអ្វីដែលបានបាត់បង់ទៅ។ ទ្រង់នឹងបំផ្លាស់បំប្រែ រាងកាយដែលខូចបង់របស់យើង ហើយធ្វើឲ្យដូចជាព្រះកាយដ៏ពោរពេញទៅដោយសិរីល្អរបស់ទ្រង់។ រូបរាងដែលរមែងស្លាប់ និងរមែងពុករលួយដែលធ្លាប់បានប្រឡាក់កខ្វក់ដោយបាបកម្មនោះបានក្លាយទៅជាគ្រប់លក្ខណ៍ ល្អឆើតឆាយ និងអមតៈ។ ភាពសៅហ្មង និងភាពខូចបង់ ត្រូវបានទុកចោលនៅក្នុងផ្នូរ។ អ្នកដែលបានប្រោសលោះ នឹងចម្រើនឡើងទៅជាសាសន៍ដែល មានមាឌនិងកំពស់ក្នុងសិរីល្អដូចកាលពីដើមដំបូង។ ស្លាកស្នាម ចុងក្រោយបង្អស់នៃបណ្តាសារបស់អំពើបាបនឹងត្រូវបានលុបចោល។ ពួកអ្នកស្មោះត្រង់ចំពោះព្រះគ្រីស្ទនឹងមានគំនិត គ្រប់លក្ខណ៍ ព្រលឹងនិងសព៌ាង្គកាយរបស់គេក៏ដូចជាព្រះអម្ចាស់របស់គេដែរ។GrHKh 166.1

    អ្នកសុចរិតដែលរស់នៅ ត្រូវបានផ្លាស់ប្រែ «ក្នុងមួយ រំពេច គឺក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ»។ គ្រាន់តែឮព្រះសូរសៀង របស់ព្រះ នោះពួកគេបានក្លាយទៅជាមិនចេះស្លាប់ភ្លាម ហើយក៏ហោះឡើងជាមួយនឹងពួកបរិសុទ្ធទៅជួបព្រះអម្ចាស់របស់គេនាព្ធដ៏អាកាស។ ពួកទេវតាប្រមូលពួករើសតាំងរបស់ព្រះអង្គពីទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង (ម៉ាថាយ ២៤:៣១)។ កូនតូចៗត្រូវបានប្រគល់ឲ្យទៅម្តាយរបស់ វាបីត្រកងវិញ។ មិត្រសំឡាញ់ដែលបែកគ្នាជាយូរលង់មកហើយ នោះត្រូវបានជួបគ្នាវិញ ហើយនឹងមិនដែលឃ្លាតពីគ្នាទៀតឡើយ ហើយក៏ហោះឡើងជាមួយគ្នាទៅលើទាំងច្រៀង ចម្រៀងនៃអំណរ ឆ្ពោះទៅកាន់នគររបស់ព្រះ។GrHKh 166.2

    Larger font
    Smaller font
    Copy
    Print
    Contents