Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    អ័ដាមទាំងពីរជួបគ្នា

    នៅពេលអ្នកដែលព្រះបានលោះត្រូវបានទទួលស្វាគមន៍ ឲ្យចូលទៅក្នុងទីក្រុងរបស់ព្រះហើយ ក៏មានឮសម្រែកសរសើរតម្កើងបន្លឺឡើង។ លោកអ័ដាមទាំងពីរហៀបនឹងជួបគ្នាហើយ។ ព្រះរាជបុត្រារបស់ព្រះនឹងទទួលឪពុកនៃពូជមនុស្សយើង ដែល ទ្រង់បានបង្កើតមក ហើយដោយសារតែអំពើបាបរបស់អ្នកនោះហើយ ទើបបានជាមានស្លាកស្នាមនៃការឆ្កាងជាប់នៅលើទម្រង់របស់ព្រះអង្គសង្គ្រោះ។ នៅពេលលោកអ័ដាមឃើញស្នាមដែកគោល លោកក៏ទម្លាក់ខ្លួនក្រាបចុះទៅនឹងព្រះបាទានៃព្រះគ្រីស្ទដោយការបន្ទាបខ្លួន។ ព្រះអង្គសង្គ្រោះក៏លើកឡើង ហើយឲ្យលោកមើលម្តងទៀតទៅឯសួនច្បារអេដែនជាមាតុភូមិ ដែលព្រះបានបំបរបង់លោកចេញជាយូរលង់មកហើយនោះ។GrHKh 169.2

    ជីវិតរបស់លោកអ័ដាមបានពោរពេញដោយសេចក្តីសោកសង្រេង។ ស្លឹកឈើងាប់ទាំងឡាយ សត្វទាំងឡាយដែលរងគ្រោះដោយដង្វាយយញ្ញបូជា ភាពសៅហ្មងទាំងឡាយ ដែលប្រឡាក់នៅលើភាពបរិសុទ្ធរបស់មនុស្ស សុទ្ធតែជាការរំលឹកដល់អំពើបាបរបស់លោក។ លោកមានការឈឺចាប់ដោយការស្តាយក្រោយជាពន់ពេក នៅពេលដែលលោកឃើញអ្វីៗទាំងអស់សុទ្ធតែចង្អុលមកគាត់ថាជាដើមចមនៃអំពើបាប។ លោក បានកែប្រែចិត្តពីអំពើបាបដោយស្មោះត្រង់ ហើយគាត់បានស្លាប់ ក្នុងសេចក្តីសង្ឃឹមនៃការរស់ឡើងវិញ។ ឥឡូវនេះព្រះបានដាក់ លោកអ័ដាម នៅក្នុងលំនៅស្ថាននៃសួនច្បារអេដែនដូចដើមឡើងវិញ ដោយសារការលះបង់ព្រះជន្មរបស់ទ្រង់។GrHKh 170.1

    ដោយមានចិត្តរំភើបក្រៃលែង លោកបានគយគន់មើលព្រៃព្រឹក្សាទាំងឡាយដែលធ្លាប់ជាទីគាប់ចិត្តដល់លោក ហើយ ដែលលោកធ្លាប់បានបេះផ្លែ នៅគ្រាដែលលោកមិនទាន់មានបាបនៅឡើយ។ លោកឃើញដើមទំពាំងបាយជូរ ដែលដៃរបស់លោកធ្លាប់បានព័ទ្ធទង និងផ្កាទាំងឡាយដែលលោកធ្លាប់ចូលចិត្តថែរក្សា។ ប្រាកដមែន! នេះជាសួនច្បារអេដែនដែលព្រះបានកែលំអជាថ្មីឡើងវិញមែន។GrHKh 170.2

    ព្រះអង្គសង្គ្រោះនាំលោកទៅឯដើមជីវិត ហើយឲ្យលោក បរិភោគ។ លោកឃើញក្រុមគ្រួសាររបស់លោកដ៏សន្ធឹកដែលត្រូវបានប្រោសលោះ។ បន្ទាប់មក លោកដោះមកុដរបស់លោក ដាក់ចុះទាបព្រះបាទព្រះយេស៊ូវ ហើយក៏ឱបព្រះអង្គដ៏ប្រោសលោះ។ លោកក៏ប៉ះពិណ ហើយចម្រៀងជ័យឃោសក៏បញ្ចេញសូរសព្ទខ្ទ័រពេញប្រាសាទនៃស្ថានសួគ៌៖ «កូនចៀមដែលបានសម្លាប់នោះនឹងបានព្រះចេស្តា» (វិវរណៈ ៥:១២)។ ក្រុមគ្រួសារ លោកអ័ដាម ដោះមកុដរបស់គេដាក់នឹងព្រះបាទនៃព្រះអង្គសង្គ្រោះ ហើយគេឱនក្បាលគោរពដោយក្តីកោតសរសើរ។ ពួកទេវតាបានយំនៅពេលអ័ដាមមានបាបហើយបានអរសប្បាយ នៅពេល ព្រះយេស៊ូវបានប្រោសដល់អស់អ្នកដែលជឿដល់ព្រះនាមទ្រង់ឲ្យរស់ឡើងវិញ។ ឥឡូវនេះពួកគេឃើញកិច្ចការនៃការប្រោសលោះបានសម្រេចជាស្ថាពរ ហើយក៏បន្លឺសំឡេងរបស់គេដោយការកោតសរសើរ។GrHKh 171.1

    នៅលើ «សមុទ្រកែវលាយនឹងភ្លើង» គឺជាពួកអ្នកដែល «បានឈ្នះនឹងសត្វនោះ និងរូបវាហើយលេខឈ្មោះវាផង»។ ពួកមួយសែនបួនម៉ឺនបួនពាន់ ត្រូវបានប្រោសលោះពីចំណោម មនុស្ស ហើយគេច្រៀង «បទមួយថ្មី» ជាចម្រៀងរបស់លោកម៉ូសេនិងកូនចៀម (វិវរណៈ ១៥:២, ៣)។ គ្មាននរណាអាចច្រៀងចម្រៀងនោះបានទេ មានតែពួកមួយសែនបួនម៉ឺនបួនពាន់ប៉ុណ្ណោះ ព្រោះជាចម្រៀងនៃបទពិសោធន៍ ដែលគ្មានក្រុមមនុស្សណាធ្លាប់ឮសោះឡើយ។ ពួកគេទាំងនេះ «តាមកូនចៀម ទៅគ្រប់កន្លែងដែលទ្រង់យាង»។ ពួកគេទាំងនេះ ដែលបានលើកឡើងពីចំណោមអ្នករស់នៅ គឺ «ជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនិងកូនចៀម» (វិវរណៈ ១៤:៤, ៥)។ គេបានឆ្លងផុតគ្រាវេទនាដ៏ធំបំផុត ដែលមិនធ្លាប់ដែលមាននៅក្នុងចំណោមពូជមនុស្ស។ គេបានស៊ូទ្រាំនឹងការឈឺចាប់ក្នុងគ្រាលំបាកនៃជំនាន់លោកយ៉ាកុប គេបានទ្រាំទ្រដោយគ្មានអ្នកអង្វរជំនួស ក្នុងការជំនុំជំរះចុងក្រោយបង្អស់របស់ព្រះ។ «គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម» ក៏ «មិនឃើញមានសេចក្តីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង» នៅចំពោះព្រះ។ «គេនឹងមិនឃ្លានឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ ពីព្រោះកូនចៀមដែលនៅចំពោះបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ» (វិវរណៈ ៧:១៤; ១៤:៥; ៧:១៦, ១៧)។GrHKh 171.2