Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការបំបរបង់សាតាំង

    ឥឡូវនេះព្រឹត្តិការណ៍ដែលជាតំណាងយញ្ញកិច្ចចុងក្រោយនៃថ្ងៃលាងសម្អាតឲ្យធួននឹងបាបមនុស្សលោកបាន កើតឡើង។ នៅពេលអំពើបាបនៃសាសន៍អ៊ីស្រាអែលត្រូវបានលុបចេញពីរោងឧបោសថ ដោយសារតម្លៃនៃឈាមរបស់ដង្វាយ លោះបាបនោះ គេបានថា្វយពពែរស់ដែលទទួលទោសជំនួសនៅចំពោះព្រះយេហូវ៉ា។ សម្តេចសង្ឃក៏លន់តួបាប «ពីអស់ទាំងសេចក្តីទុច្ចរិត....របស់ពួកកូនចៅអ៊ីស្រាអែល...ដាក់ទាំងអស់ លើក្បាលពពែនោះ» (លេវីវិន័យ ១៦:២១)។ដូចគ្នានេះដែរ នៅពេលកិច្ចការនៃការលាងសម្អាតឲ្យធួននឹងបាបក្នុងរោងឧបោសថ នៃស្ថានសួគ៌បានសម្រេចសព្វគ្រប់ហើយនោះអំពើបាបទាំងឡាយ នៃរាស្រ្តរបស់ទ្រង់ នឹងត្រូវដាក់ទៅលើសាតាំងនៅចំពោះព្រះ ពពួកទេវតានៃសា្ថនសួគ៌ ហើយនិងពួកពលដែលត្រូវបានប្រោសលោះផងដែរ។ គេនឹងប្រកាសថា វាមានកំហុសចំពោះអស់ទាំងសេចក្តីអាក្រក់ ដែលវាបានបណ្តាលឲ្យគេប្រព្រឹត្ត។ ដូចជាពពែ ដែលទទួលទោសត្រូវបានបណេ្តញចេញឲ្យទៅកន្លែងដែលឥតមនុស្សអាស្រ័យនៅយ៉ាងណា នោះសាតាំងក៏នឹងត្រូវបំបរបង់ឲ្យទៅកាន់ផែនដីដែលស្ងាត់សូន្យឈឹងដូច្នោះ ដែរ។GrHKh 181.2

    បន្ទាប់ពីបានសំដែងទស្សនីយភាពនៃការយាងមក របស់ព្រះអម្ចាស់រួចហើយ អ្នកដែលព្រះបើកសំដែងឲ្យឃើញនោះក៏បន្តទៅទៀតថា៖ «ខ្ញុំក៏ឃើញទេវតាមួយ ចុះពីស្ថានសួគ៌ មកទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់មួយយ៉ាងធំនៅដៃ។ ទេវតានោះក៏ចាប់នាគចងទុកមួយពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណដែលជាអារក្សឈ្មោះថាសាតាំង ក៏បោះវាចោលទៅក្នុងជង្ហុកធំទាំងខ្ទប់ហើយបិទត្រាពីលើដើម្បីកុំឲ្យវានាំអស់ទាំង សាសន៍ឲ្យវង្វេងទៀត ទាល់តែផុតមួយពាន់ឆ្នាំនោះទៅ ក្រោយ នោះត្រូវតែស្រាយវាលែងបន្តិច » (វិវរណៈ២០:១-៣)។GrHKh 182.1

    «ជង្ហុកធំ» តំណាងផែនដីដែលស្ថិតក្នុងភាពច្របូកច្របល់ និងភាពងងឹត។ ដោយសម្លឹងមើលឆ្ពោះទៅថ្ងៃដ៏ធំរបស់ព្រះ ហោរាយេរេមាថ្លែងថា៖ «ខ្ញុំបានពិចារណាមើលផែនដីឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ។ ខ្ញុំក៏ពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ។ រួចខ្ញុំក៏មើល ទៅឃើញដីដុះដាលបានត្រឡប់ជាវាលស្ងាត់ ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ» (យេរេមា៤:២៣-២៦)។GrHKh 182.2

    ទីនេះនឹងបានជាផ្ទះរបស់សាតាំង និងពួកទេវតាអាក្រក់ របស់វាអស់ ១០០០ឆ្នាំ។ វានឹងមិនត្រូវមានផ្លូវចេញចូលទៅភពផ្សេងៗទៀត ដើម្បីល្បូង និងរំខានដល់អ្នកដែលមិនមានបាបឡើយ ព្រោះវាត្រូវបានកំណត់ឲ្យនៅតែលើផែនដីប៉ុណ្ណោះ។ ក្នុងន័យនេះហើយដែលវាត្រូវ «ចងទុក» នោះ។ គ្មាននរណាម្នាក់នៅសល់ដែលវាអាចប្រើអំណាចរបស់វាមកលើបានទៀតឡើយ។ វាត្រូវបានកាត់ចេញពីការបោកបញ្ឆោត និងបំផ្លិចបំផ្លាញ ដែលជាការសប្បាយតែមួយគត់របស់វា។GrHKh 183.1

    ដោយសម្លឹងមើលទៅការរលំដួលរបស់សាតាំង ហោរាអេសាយឧទានឡើងថា៖ «ឱតារាប្រចាំថ្ងៃជាផ្កាយព្រឹកអើយ! ន៎ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប! . . .។ ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងតម្កើងបល្ល័ង្កអញឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ...។ អញនឹងលើកតម្កើងខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។ តែឯងបានត្រូវទម្លាក់ចុះដល់សា្ថនឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជម្រៅនៃជង្ហុកធំ។ ពួកអ្នកដែលឃើញឯង គេនឹងសម្លឹងមើលចំឯង ហើយពិចារណាឯងដោយពាក្យថា តើមនុស្សនេះឬអីដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ ជាអ្នកដែលធ្វើឲ្យលោកិយរលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផា្លញទីក្រុង ទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ » (អេសាយ ១៤:១២-១៧)។ GrHKh 183.2

    អស់រយៈពេល៦០០០ឆ្នាំហើយ ដែលសាតាំងបានឃុំរាស្រ្តរបស់ព្រះទុកក្នុងគុករបស់វា ប៉ុន្តែព្រះគ្រីស្ទបានផ្តាច់ចំណង របស់វា ហើយលែងអ្នកគុកចេញ។ ដោយនៅឯកោជាមួយនឹងពពួកទេវតារបស់វា វាបានដឹងពីលទ្ធផលនៃអំពើបាប៖ «ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មានសុទ្ធតែ ដេកនៅក្នុងទីរុងរឿងនាម៉ុង (ផ្នូរ) របស់គេ។ តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែក(ឈើ) ដែលគួរខ្ពើមវិញ...។ ឯងនឹងមិនបានចូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះ ឯងបានបំផ្លាញស្រុករបស់ឯង ហើយបានសម្លាប់ប្រជាជនរបស់ឯងផង » (អេសាយ ១៤:១៨-២០)។GrHKh 184.1

    សាតាំងនឹងមើលលទ្ធផលនៃការប្រឆាំងទាស់នឹងក្រឹត្យវិន័យរបស់ព្រះរបស់វា អស់១០០០ឆ្នាំ។ ការរងទុក្ខវេទនារបស់វានោះខ្លាំងពេកក្រៃ។ ឥឡូវនេះព្រះទុកវាឲ្យនៅតែឯង ដើម្បីគិតពិចារណាពីការដែលវាបានប្រព្រឹត្ត តាំងតែពីពេលវាបានបះបោរប្រឆាំងនឹងព្រះមក ហើយឲ្យទន្ទឹងរង់ចាំដោយររន្ធត់នូវអនាគតដ៏គួរឲ្យខ្លាចរបស់វា ដែលវានឹងត្រូវទទួលទណ្ឌកម្ម។GrHKh 184.2

    ការជំនុំជំរះពួកមនុស្សទុច្ចរិត នឹងប្រព្រឹត្តទៅក្នុងកំឡុងពេល១០០០ឆ្នាំ ដែលជាចន្លោះពេលរវាងការរស់ឡើងវិញលើកទី មួយនិងការរស់ឡើងវិញលើកទីពីរ។ សាវកប៉ុលចង្អុលទៅការណ៍ នេះថាជាព្រឹត្តិការណ៍ដែលនឹងកើតឡើង បន្ទាប់ពីការយាងមកជាលើកទីពីរ (កូរិនថូសទី១ ៤:៥)។ ពួកសុចរិតត្រូវគ្រងរាជ្យជាស្តេច និងជាសង្ឃ។ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន និងពួកអ្នកដែលអង្គុយលើ ហើយមាន អំណាចបានប្រគល់ដល់អ្នកទាំងនោះឲ្យជំនុំជំរះ...។ ពួកអ្នកទាំងនោះនឹងធ្វើដូចជាសង្ឃនៃព្រះនិងព្រះគ្រីស្ទ ហើយនិងសោយរាជ្យជាមួយនឹងទ្រង់អស់មួយពាន់ឆ្នាំ» (វិវរណៈ ២០: ៤-៦)។GrHKh 185.1

    នៅពេលនេះ «ពួកបរិសុទ្ធនឹងជំនុំជំរះលោកិយ» (កូរិនថូសទី១ ៦:២)។ គេជំនុំជំរះពួកទុច្ចរិតជាមួយនឹងព្រះគ្រីស្ទ ដោយសម្រេចគ្រប់ទាំងករណីតាមតែអំពើដែលគេបានប្រព្រឹត្ត។ បន្ទាប់មក អ្នកទុច្ចរិតត្រូវទទួលរងទុក្ខនោះ តាមតែចំណែកនៃការដែលគេបានធ្វើ ហើយត្រូវបានកត់ទុកក្នុងបញ្ជីនៃសេចក្តីស្លាប់តាមឈោ្មះរបស់គេ។GrHKh 185.2

    ព្រះគ្រីស្ទនិងរាស្រ្តទ្រង់ ជំនុំជំរះសាតាំងនិងពួកទេវតាអាក្រក់។ សាវកប៉ុលមានប្រសាសន៍ថា៖ «តើមិនដឹងថាយើងរាល់គ្នានឹងជំនុំជំរះដល់ទាំងពួកទេវតាផងទេឬអី?» (កូរិនថូសទី១ ៦:៣)។ សាវកយូដាសថ្លែងថា «ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្តីងងឹតទាំងជាប់ចំណងអស់កល្បជានិច្ចទុកសម្រាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ» (យូដាស ខ៦)។ GrHKh 186.1

    ការរស់ឡើងវិញជាលើកទីពីរកើតមានឡើងនៅចុង បញ្ចប់នៃអំឡុងពេល ១០០០ ឆ្នាំនេះ។ ពេលនោះពួកអ្នកទុច្ចរិត នឹងរស់ឡើងវិញ ហើយក៏លេចមកនៅចំពោះព្រះ ដើម្បីទទួលការជំនុំជំរះដែលបានកត់ទុក (ទំនុកតម្កើង ១៤៩:៩)។ ព្រះដែលជាអ្នកបើកសំដែងមានបន្ទូលដូច្នេះថា៖ «តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពីមួយពាន់ឆ្នាំនោះទៅ» (វិវរណៈ ២០:៥)។ ចំណែកឯពួកអ្នកទុច្ចរិតវិញ ហោរាអេសាយថ្លែងថា៖ «ព្រះអង្គនឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្តៅ ព្រះអង្គនឹងឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀតទើបព្រះអង្គជំនុំជំរះពួកគេ» (អេសាយ ២៤:២២ គម្ពីរភាសាខ្មែរបច្ចុប្បន្ន)៕GrHKh 186.2