Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការកាត់ទោសត្រូវបានប្រកាសចំពោះពួកបះបោរ

    ពិធីបំពាក់មកុដដល់ព្រះរាជបុត្រានៃព្រះ ត្រូវបានប្រព្រឹត្ត ឡើងនៅចំពោះវត្តមាននៃមនុស្សដែលមកប្រមូលផ្តុំគ្នាយ៉ាងច្រើន កុះករនៅផែនដីនិងស្ថានសួគ៌។ ឥឡូវនេះស្តេចនៃអស់ទាំងស្តេច ដែលប្រកបដោយមហិទ្ធិឫទ្ធិ និងព្រះចេស្តាដ៏ឧត្តម ទ្រង់ប្រកាស កាត់ទោសដល់ពួកបះបោរ ដែលបានបំពាននឹងក្រឹត្យវិន័យរបស់ ព្រះអង្គព្រមទាំងជិះជាន់ដល់បណ្តាជនរបស់ទ្រង់។ «ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ និងព្រះអង្គដែលគង់លើផែនដីនិងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀត ឡើយ នោះខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ។ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ ត្រូវជំនុំជំរះ ពីសេចក្តីកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែល គេបានប្រព្រឹត្តរៀងខ្លួន» (វិវរណៈ ២០:១១, ១២)។GrHKh 192.1

    នៅពេលដែលព្រះនេត្រព្រះយេស៊ូវទតទៅលើពួក អាក្រក់ ពួកគេបានភ្ញាក់ដឹងខ្លួនពីរាល់អំពើបាបដែលខ្លួនធ្លាប់បាន ប្រព្រឹត្ត។ គេបានឃើញការដែលជើងរបស់គេបានទាសចេញអំពីផ្លូវសុចរិត។ សេចក្តីល្បួងលួងលោមដែលពួកគេពេញចិត្តដោយការបណ្តោយខ្លួនក្នុងអំពើបាប ការស្អប់ខ្ពើមដល់អ្នកនាំសាររបស់ព្រះ ការបដិសេធន៍នូវការព្រមានដាស់តឿន និងរលកនៃសេចក្តីមេត្តាករុណាដែលបានច្រានទៅវិញដោយចិត្តមិនព្រមផ្លាស់ប្រែ និងចិត្តរឹងចចេស។ ទាំងអស់នេះ លេចធ្លោឡើង ហាក់បីដូចជាបានចារនៅក្នុងអក្សរនៃអណ្តាតភ្លើង។GrHKh 193.1

    នៅពីខាងលើបល្ល័ង្ក មានបង្ហាញឲ្យឃើញឈើឆ្កាង។ ផ្ទាំងទិដ្ឋភាពមួយលេចធ្លោឡើងបញ្ចាំងឲ្យឃើញនូវទស្សនីយភាព នៃការធ្លាក់ចុះរបស់លោកអ័ដាមហើយនិងដំណាក់ការបន្តបន្ទាប់ នៅក្នុងផែនការនៃសេចក្តីប្រោសលោះ។ ការប្រសូតដ៏ទន់ទាបរបស់ព្រះអង្គសង្រ្គោះ ព្រះជន្មរស់នៅដ៏សាមញ្ញ ពិធីជ្រមុជទឹកក្នុងទន្លេយ័រដាន់ ការតមអត់និងសេចក្តីល្បួងនៅទីរហោស្ថាន ការងាររបស់ទ្រង់ដែលបើកព្រះពរនៃស្ថានសួគ៌ប្រទានដល់មនុស្ស ទិវាដ៏ពោរពេញទៅដោយសេចក្តីមេត្តាករុណា រាត្រីនៃការអធិដ្ឋាន នៅលើភ្នំ ការលបធ្វើឃាតដោយសេចក្តីច្រណែនឈ្នានីស ដែលជាការតបស្នងដល់គុណបំណាច់របស់ទ្រង់ ការឈឺចាប់ដ៏អាថ៌កំបាំងនៅក្នុងសួនច្បារកេតសេម៉ានី នៅក្រោមទម្ងន់នៃអំពើបាបរបស់លោកិយ ការក្បត់ដោយបានប្រគល់ព្រះយេស៊ូវទៅឲ្យពួកឃាតក ព្រឹត្តិការណ៍ដ៏សែនរន្ធត់នារាត្រីនោះ ពោលគឺអ្នកទោសដែលត្រូវបោះបង់ចោលដោយពួកសិស្ស ការជាប់ចោទ នៅក្នុងដំណាក់សង្ឃជាន់ខ្ពស់ នៅក្នុងសាលាជំនុំជំរះរបស់លោក ពីឡាត់ នៅចំពោះមុខស្តេចហេរ៉ូឌដ៏កំសាកត្រូវទទួលការចំអកមើលងាយ ការឌឺដង ការដាក់ទារុណកម្ម ហើយកាត់ទោសប្រហារជីវិតទៀតផង ទាំងអស់នេះសុទ្ធតែបានបញ្ចាំងឲ្យឃើញ យ៉ាងច្បាស់។ GrHKh 193.2

    ឥឡូវនេះទិដ្ធភាពចុងក្រោយបង្អស់ត្រូវបានបង្ហាញនៅចំពោះពួកមនុស្សដែលមានចិត្តរេរា៖ ព្រះអង្គដែលរងការឈឺចាប់ ដ៏អត់ធ្មត់ កំពុងយាងទ្រេតទ្រោតនៅតាមផ្លូវទៅកាន់កាល់វ៉ារី ព្រះអម្ចាស់នៃស្ថានសួគ៌ត្រូវគេព្យួរនៅលើឈើឆ្កាង ពួកសង្ឃនិងពួកគ្រូពោលពាក្យមើលងាយដល់ការឈឺចាប់ដ៏ហួសល្បត់របស់ព្រះអង្គ ភាពងងឹតដ៏ហួសប្រមាណដែលជាការកត់ចំណាំនូវគ្រាដែលព្រះអង្គសង្រ្គោះនៃលោកិយបានប្រគល់ព្រះជន្មទ្រង់។GrHKh 194.1

    ទស្សនីយភាពដ៏គួរស្ញប់ស្ញែងបានកើតឡើង។ សាតាំងនិងពួកបរិវាររបស់វាគ្មានអំណាចបែរចេញពីរូបភាពនោះបានឡើយ។ តួសម្តែងម្នាក់ៗនឹកដល់ផ្នែកដែលខ្លួនបានសម្តែង។ ស្តេចហេរ៉ូឌដែលបានប្រល័យទារកដ៏ឥតមានទោសពៃរ៍នៅ បេថ្លេហិម ព្រះនាងហេរ៉ូឌាសដែលបានកំចាយឈាមលោកយ៉ូហានបាបទីស្ទ លោកពីឡាត់ដ៏កម្សោយដែលពន្យារពេលវេលា ពួកទាហានដែលចំអកឡកឡឺយ ពួកមនុស្សលីលាដែលបាននាំគ្នាស្រែកឡើងថា «ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់យើងចុះ! » ពោលគឺទាំងអស់គ្នាខំគេចខ្លួនពីព្រះភ័ក្រ្តនៃព្រះករុណាទាំងឥតប្រយោជន៍ ក្នុងពេលជាមួយគ្នានេះ ពួកដែលត្រូវបានប្រោសលោះដាក់មកុដរបស់ខ្លួននៅទៀប ព្រះបាទនៃព្រះអង្គសង្រ្គោះ រួចឧទានថា «ទ្រង់បានសុគតសម្រាប់ យើងខ្ញុំ! »GrHKh 194.2

    មានមេទ័ពនេរ៉ូ ជាមេខាងអំពើឃោរឃៅនិងអំពើអាក្រក់ កំពុងសម្លឹងមើលសេចក្តីថ្កុំថ្កើងនៃពួកអ្នកដែលគាត់ធ្លាប់បានអរសប្បាយចំពោះចិត្តខ្លោចផ្សារបស់គេ។ ម្តាយរបស់គាត់ក៏ឃើញ កិច្ចការរបស់ខ្លួនផ្ទាល់ដែរ ពោលគឺសេចក្តីស្រឡាញ់របស់គាត់បានជះឥទ្ទិពលនិងធ្វើជាគំរូដែលនាំមកនូវផលផ្លែ ជាឧក្រិដ្ឋកម្មដែលបណ្តាលឲ្យពិភពលោកញាប់ញ័រយ៉ាងដូច្នេះ។ មានពួកសង្ឃ របស់សម្តេចប៉ាបនិងពួកសង្រ្គាជដែលអះអាង ខ្លួនថាជាទូតរបស់ ព្រះគ្រីស្ទ តែបានប្រើគ្រឿងយន្តទាញដៃជើងសម្រាប់ដាក់ទណ្ឌកម្ម គុកងងឹត និងបង្គោលពិឃាត ដើម្បីគ្រប់គ្រងបណ្តាជនរបស់ព្រះ។ មានពួកសម្តេចសង្ឃដ៏ក្រអឺតក្រទម ដែលបានលើកតម្កើង ខ្លួនឯងខ្ពស់ជាងព្រះ ហើយហ៊ានផ្លាស់ប្តូរក្រឹត្យវិន័យរបស់ព្រះដ៏ខ្ពស់បំផុតផង។ ពួកអ្នកធំដ៏កំពុត ទាំងនោះត្រូវឆ្លើយចំពោះព្រះ អំពីការដែលខ្លួនបានប្រព្រឹត្ត។ នៅពេលព្រះដ៏សព្វញ្ញូញាណ បង្ហាញឲ្យគេឃើញថាទ្រង់មានហឫទ័យប្រច័ណ្ឌចំពោះក្រឹត្យ-វិន័យរបស់ព្រះអង្គនោះ វាហួសពេលទៅហើយ។ គេបានយល់ដឹងនៅពេលនេះថា ព្រះគ្រីស្ទទ្រង់យកព្រះទ័យទុកដាក់ជាមួយ រាស្រ្តរបស់ព្រះអង្គដែលរងការឈឺចាប់។GrHKh 195.1

    លោកិយដ៏អាក្រក់ទាំងមូល ត្រូវជាប់ចោទដោយអំពើក្បត់ដ៏កំពូល ទាស់នឹងការគ្រប់គ្រងនៃស្ថានសួគ៌។ គេពុំមានអ្វីនឹងអង្វរករចំពោះបុព្វហេតុរបស់ខ្លួនឡើយ គេពុំមានអ្វីដោះសាទេ ហើយការកាត់ទោសឲ្យស្លាប់អស់កល្បជានិច្ច ត្រូវបានប្រកាសនៅចំពោះពួកគេ។ ពួកអាក្រក់បានឃើញថាខ្លួនបានខាតបង់ដោយអំពើបះបោររបស់ខ្លួន។ មនុស្សបាត់បង់ក៏ស្រែកឡើងថា៖ «ទាំងអស់នេះហើយដែលខ្ញុំត្រូវបាន។ ឱ សេចក្តីចំកួតដ៏ចម្លែកអើយ! ខ្ញុំបានប្តូរសុខភាព សុភមង្គលនិងកិត្តិយស មកយកសេចក្តីអន្តរាយ សេចក្តីអាប់ឱន និងសេចក្តីអស់សង្ឃឹម ទៅវិញ»។ ពួកគេទាំងអស់គ្នាបានឃើញថា ការដែលព្រះមិនបានបញ្ចូលពួកគេទៅក្នុងស្ថានសួគ៌នោះ គឺយុត្តិធម៌ណាស់។ ពួកគេបានបញ្ជាក់ដោយជីវិតខ្លួនថា៖ «យើងនឹងពុំមានព្រះអង្គនេះ (ព្រះយេស៊ូវ) គ្រងរាជ្យលើយើងឡើយ»។GrHKh 195.2