Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ទេវតាការពារ

    ព្រះបានចាត់តាំងទេវតា សម្រាប់ការពារមួយអង្គឲ្យតាមការពារអ្នកដើរតាមព្រះគ្រីស្ទគ្រប់ៗគ្នា។ «ទេវតានៃព្រះយេហូវ៉ា ចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយ ក៏ជួយគេឲ្យរួច»។ ព្រះអង្គសង្គ្រោះបានមានបន្ទូលអំពីអ្នកដែល ជឿដល់ទ្រង់ថា ទេវតាររបស់គេ «ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភក្ត្រព្រះវរបិតានៃខ្ញុំជានិច្ច» (ទំនុកតម្កើង ៣៤:៧ ម៉ាថាយ ១៨:១០)។ រាស្ត្ររបស់ព្រះដែលប្រឈមមុខនឹងសេចក្តីព្យាបាទ ឥតឈប់ឈរពីសំណាក់ស្តេចនៃសេចក្តីងងឹត នោះត្រូវបានទទួលការការពារពីពួកទេវតាជានិច្ច។ ការធានានេះត្រូវបានប្រទានមក ពីព្រោះមនុស្សនឹងត្រូវជួបប្រទះភ្នាក់ងារ នៃសេចក្តីអាក្រក់ដ៏ខ្លាំងពូកែ។ ពួកវានេះមានច្រើនអនេក សុទ្ធតែ មានចិត្តតស៊ូមោះមុត ហើយមិនចេះនឿយហត់ឡើយ។GrHKh 27.1

    កាលដើមដំបូងឡើយ ព្រះបានបង្កើតពួកវិញ្ញាណអាក្រក់ ទាំងនេះ ជាទេវតាដែលគ្មានបាបមាននិស្ស័យ អំណាចនិង សិរីល្អស្មើនឹងពួកទេវតាបរិសុទ្ធ ដែលឥឡូវនេះជាអ្នកនាំសាររបស់ព្រះដែរ។ តែបន្ទាប់ពីបានធ្លាក់ទៅក្នុងអំពើបាបមក គេបានព្រួតដៃគ្នាបង្ខូចកិត្តិយសរបស់ព្រះ និងបំផ្លិចបំផ្លាញដល់មនុស្ស។ ដោយរួបរួមជាមួយសាតាំងនៅក្នុងការប្រឆាំងបះបោរ ពួកទេវតាទាំងនោះសហការនៅក្នុងចម្បាំងទាស់នឹងអំណាចគ្រប់គ្រងនៅស្ថានសួគ៌។GrHKh 27.2

    ប្រវត្តិសាស្ត្រក្នុងគម្ពីរសញ្ញាចាស់បានពណ៌នាអំពីវត្តមាន របស់ពួកវា ប៉ុន្តែក្នុងអំឡុងពេលដែលព្រះគ្រីស្ទបានគង់នៅលើផែនដីនោះ ពួកវិញ្ញាណអាក្រក់ទាំងនេះបានសំដែងអំណាចរបស់វា យ៉ាងសាហាវបំផុត។ ព្រះគ្រីស្ទបានយាងមកដើម្បីប្រោសលោះមនុស្សលោក ចំណែកឯសាតាំងបានប្តេជ្ញាចិត្តចង់គ្រប់គ្រងពិភពលោក។ វាមានជោគជ័យក្នុងការបង្កើតឲ្យមានការគោរពរូបព្រះ នៅគ្រប់ទីកន្លែងនៃផែនដី លើកលែងតែប្រទេសអ៊ីស្រាអែលប៉ុណ្ណោះ។ ព្រះគ្រីស្ទបានយាងមកកាន់ ប្រទេសតែមួយគត់ ដែលពុំទាន់បានទោរទន់ទៅតាមមេល្បួងទាំងស្រុងនៅឡើយនេះ ទាំងលាតព្រះហស្តនៃសេចក្តីស្រឡាញ់ របស់ទ្រង់អញ្ជើញមនុស្សទាំងអស់ ឲ្យចូលមករកការលើកលែង ទោស និងសេចក្តីសុខសាន្តនៅក្នុងទ្រង់។ ពួកពលបរិវារនៃសេចក្តីងងឹតបានដឹងថា ប្រសិនបើបេសកកម្មរបស់ព្រះគ្រីស្ទបានជោគជ័យនោះការគ្រប់គ្រងរបស់គេក៏នឹងត្រូវចប់នៅពេល ខាងមុខដ៏ខ្លីនេះជាមិនខាន។GrHKh 28.1

    គម្ពីរសញ្ញាថ្មីបានចែងយ៉ាងច្បាស់ថា អារក្សបានចូល មនុស្ស។ ជនដែលបានរងទុក្ខនោះ មិនគ្រាន់តែឈឺចាប់ពីជំងឺពីកំណើតមកប៉ុណ្ណោះទេ ព្រះគ្រីស្ទទ្រង់ឈ្វេងយល់ពីវត្តមាននៃពួកវិញ្ញាណអាក្រក់ និងភ្នាក់ងាររបស់ពួកវា។ អ្នកដែលខ្មោចចូលនៅស្រុកគេរ៉ាស៊ីន ដែលឆ្កួតប្រកាច់បែកពពុះមាត់ និងកំរោលចូលនោះ គឺកំពុងធ្វើបាបខ្លួនឯង ហើយអាចធ្វើឲ្យអ្នកមកជិតគ្រោះថ្នាក់ទៀតផង។ ការហូរឈាម រាងកាយពិការ និងគំនិតវង្វេងវង្វាន់របស់គេ បានបង្ហាញនូវទស្សនីយភាពមួយដែល គាប់ចិត្តដល់ស្តេចនៃសេចក្តីងងឹត។ អារក្សមួយក្នុងចំណោមអារក្សទាំងឡាយដែលចូលជនរងគ្រោះនោះ បាននិយាយថា «ទូលបង្គំឈ្មោះកងទ័ព ពីព្រោះយើងខ្ញុំមានគ្នាច្រើន» (ម៉ាកុស ៥:៩)។ នៅក្នុងកងទ័ពរ៉ូម កងពលមួយមានទាហានចំនួនពីបីពាន់ទៅប្រាំពាន់នាក់។ គ្រាន់តែឮការត្រាស់បង្គាប់ពីព្រះយេស៊ូវ ភ្លាម ពួកវិញ្ញាណអាក្រក់ក៏ចេញពីជនរងគ្រោះ ទុកឲ្យគេធូរស្រាល ដឹងខុសត្រូវ ហើយសុភាពរាបសាឡើងវិញ។ ប៉ុន្តែពួកអារក្សបាននាំហ្វូងជ្រូកមួយហ្វូងចូលក្នុងទឹកសមុទ្រ ឯអ្នកស្រុកគេរ៉ាស៊ីនបានឃើញថា ការខូចខាតនោះវាច្រើនជាងការទទួលព្រះពររបស់ព្រះគ្រីស្ទ ដូច្នេះ គេបានសូមឲ្យគ្រូពេទ្យដ៏ពូកែសក្តិសិទ្ធនេះចាកចេញពីទីនោះទៅ។ សូមអានគម្ពីរម៉ាថាយ ៨:២៨-៣៤។ ដោយទម្លាក់ការស្តីបន្ទោសនៃការខាតបង់ដែលបណ្តាលមកខ្លួនវាទៅលើព្រះយេស៊ូវ សាតាំងបានធ្វើឲ្យប្រជាជន ភ័យខ្លាចបាត់បង់ប្រយោជន៍ផ្ទាល់ខ្លួន ហើយបានទប់ស្កាត់ពួកគេពីការស្តាប់ព្រះបន្ទូលរបស់ទ្រង់។GrHKh 29.1

    ព្រះគ្រីស្ទបានអនុញ្ញាតឲ្យពួកវិញ្ញាណអាក្រក់បំផ្លាញជ្រូក ដើម្បីជាការបន្ទោសដល់ពួកយូដា ដែលចិញ្ចឹមសត្វមិនស្អាតដើម្បីរកចំណូល។ ប្រសិនបើព្រះគ្រីស្ទពុំបានទប់ពួកអារក្សទេ នោះមិនត្រឹមតែហ្វូងជ្រូកប៉ុណ្ណោះទេ អ្នកឃ្វាល និងម្ចាស់ជ្រូក នឹងត្រូវធ្លាក់ទៅក្នុងសមុទ្រទាំងអស់គ្នាជាមិនខាន ។GrHKh 30.1

    ម្យ៉ាងវិញទៀត ព្រះយេស៊ូវបានអនុញ្ញាតឲ្យព្រឹត្តិការណ៍នេះកើតឡើង ដើម្បីឲ្យពួកសាវកឃើញអំណាចដ៏ឃោរឃៅរបស់សាតាំង ទាំងមកលើមនុស្សនិងមកលើសត្វ ប្រយោជន៍កុំឲ្យគេចាញ់កលល្បិចរបស់វា។ ហើយព្រះអង្គក៏សព្វព្រះហប្ញទ័យ ចង់ឲ្យឃើញព្រះចេស្តារបស់ទ្រង់ក្នុងការផ្តាច់ចំណងរបស់សាតាំង ហើយរំដោះមនុស្សចេញពីទាសកររបស់វាផងដែរ។ ទោះបីជាព្រះយេស៊ូវបានយាងចេញទៅហើយក៏ដោយ ក៏មនុស្សដែលបានរួចខ្លួនដោយការអស្ចារ្យនោះបានរស់នៅទីនោះ ដើម្បីថ្លែង ប្រាប់ពីក្តីមេត្តាករុណានៃព្រះដ៏មានគុណរបស់គេ ដល់មនុស្ស ដទៃដែរ។ GrHKh 30.2

    មានព្រឹត្តិការណ៍ខ្លះទៀតដែលបានកត់ទុក៖ កូនស្រីនៃស្ត្រីសាសន៍ស៊ីរ៉ូភេនីស ត្រូវរងទុក្ខជាទម្ងន់ដោយអារក្សបិសាចមួយ ដែលព្រះយេស៊ូវបានបណ្តេញចេញ ដោយព្រះបន្ទូល (ម៉ាកុស ៧:២៦-៣០) មានយុវជនម្នាក់ដែលខ្មោចចូល ជួនកាល «ក៏បោះវាទៅក្នុងភ្លើង ក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ» (ម៉ាកុស ៩:១៧-២៧) GrHKh 30.3

    មនុស្សឆ្កួតម្នាក់ដែលបានរងទុក្ខវេទនាដោយវិញ្ញាណអារក្សអសោចិ៍មួយ ដែលរំខានដល់ភាពស្ងប់ស្ងាត់នៃថ្ងៃសប្បាដហ៍ នៅភូមិកាពើណិម (លូកា ៤:៣៣-៣៦)។ គេទាំងអស់គ្នាត្រូវបានជាសះស្បើយ ដោយសារព្រះអង្គសង្គ្រោះ។ នៅសឹងតែគ្រប់ករណីទាំងអស់ ព្រះគ្រីស្ទបានមានបន្ទូលទៅពួកអារក្ស ក្នុងឋានៈវាជាតួអង្គដ៏មានបញ្ញាមួយ ដោយបង្គាប់ឲ្យវាឈប់ធ្វើទុក្ខទោសដល់ជនរងគ្រោះតទៅទៀត។ អ្នកថ្វាយបង្គំព្រះនៅកាពើណិម «ក៏នឹកស្ងើចក្នុងចិត្ត ទាំងសួរគ្នាថា តើពាក្យបែបយ៉ាងណានេះ ដែលលោកបង្គាប់ដល់វិញ្ញាណអសោចិ៍ដោយអំណាចនិងប្ញទ្ធិបាន ហើយ វាក៏ចេញទៅដូច្នេះ? » (លូកា ៤:៣៦)។GrHKh 31.1

    ដោយព្រោះតែចង់បានអំណាចហួសនិស្ស័យធម្មជាតិ (សក្តិសិទិ្ធ) នោះ ហើយបានជាអ្នកខ្លះទទួលយកឥទ្ធិពលរបស់សាតាំង។ ពិតប្រាកដណាស់ ឥទ្ធិពលទាំងនេះ មិនមានទំនាស់ ជាមួយនឹងពួកអារក្សទេ។ ក្រុមនេះមានអ្នកដែលចេះទស្សន៍ទាយ ដូចជាស៊ីម៉ូន ម៉ាកុស គ្រូអាបធ្មប់ អេលីម៉ាស និងស្ត្រីដែលបានដើរតាមសាវកប៉ុលនិងស៊ីឡាស នៅឯក្រុងភីលីពជាដើម។ សូមអានគម្ពីរកិច្ចការ ៨:៩,១៨; ១៣:៨ ១៦:១៦-១៨។GrHKh 31.2

    អ្នកដែលស្ថិតនៅក្នុងភាពគ្រោះថ្នាក់ជាងគេ គឺអស់អ្នកដែលបដិសេធថាគ្មានអារក្សនិងពួកទេវតារបស់វា។ ពួកគេជាច្រើនបានស្តាប់តាមយោបល់របស់ពួកវា ដោយស្មានថា គេស្តាប់តាមប្រាជ្ញាដ៏ឈ្លាសវៃរបស់ខ្លួន។ នៅពេលដែលយើងខិតចូលទៅកាន់តែជិតគ្រាចុងបំផុត ជាពេលដែលសាតាំងធ្វើការដោយអំណាចដ៏ខ្លាំងក្លា ដើម្បីបោកបញ្ឆោតនោះ វាផ្សព្វផ្សាយនៅគ្រប់ទីកន្លែងនូវជំនឿថាគ្មានរូបវាទេ។ នយោបាយរបស់វាគឺដើម្បីលាក់ខ្លួនវា និងរបៀបធ្វើការរបស់វា។GrHKh 31.3

    មេបោកដ៏ធំនេះ ខ្លាចយើងស្គាល់ឧបាយកលរបស់វា។ វាសប្បាយចិត្តណាស់ នៅពេលគេគូររូបវា ធ្វើជារូបកំប្លែង រូបក្រវេមក្រវាម និងរូបសត្វពាក់កណ្តាលមនុស្សពាក់កណ្តាលនោះ ព្រោះវាចង់លាក់ចរិតពិតប្រាកដរបស់វា ទើបបានជាវាធ្វើឲ្យគេមើលទៅឃើញថា វាជារូបដែលគួរឲ្យចង់សើចនិងគួរឲ្យស្អប់។ វាសប្បាយចិត្តនឹងឮឈ្មោះវាត្រូវបានគេប្រើក្នុងវិស័យកីឡា និងការចំអកឡកឡឺយណាស់។ ដោយសារវាបានបិទបាំងមុខមាត់វាដោយជំនាញដ៏កំពូលដូចនេះ ទើបគេតែងតែសួរសំណួរ មួយនេះគ្រប់ទីកន្លែងថា៖ «តើមានតួអង្គនោះមែនឬទេ?» ពីព្រោះសាតាំងអាចគ្រប់គ្រងគំនិតអ្នកដែលមិនដឹងពីឥទ្ធិពលរបស់វា បានជាព្រះបន្ទូលរបស់ព្រះ បើកសំដែងនៅមុខយើងឲ្យឃើញនូវកម្លាំងអាថ៌កំបាំងរបស់វា ដើម្បីការពារខ្លួនយើង។GrHKh 32.1

    យើងអាចរកជម្រកនិងការរំដោះខ្លួនបាន ក្នុងព្រះចេស្តា ដ៏ឧត្តុង្គឧត្តមនៃព្រះដ៏ប្រោសលោះរបស់យើង។ យើងបិទទ្វារផ្ទះរបស់យើង ដោយសោនិងគន្លឹះ ដើម្បីការពារទ្រព្យសម្បត្តិនិងអាយុជីវិតរបស់យើងពីមនុស្សអាក្រក់ ប៉ុន្តែយើងមិនសូវបាន គិតពីពួកទេវតាអាក្រក់ដែលបៀតបៀនយើង ហើយដែលយើងមិនអាចការពារដោយកម្លាំងរបស់យើងផ្ទាល់បានសោះឡើយ។ បើយើងបណ្តោយឲ្យពួកវាចូលបាន វាអាចរំខានគំនិតយើង GrHKh 32.2

    វាយដំខ្លួនប្រាណយើង និងបំផ្លាញទ្រព្យសម្បត្តិនិងជីវិតរបស់យើងទៀតផង។ ប៉ុន្តែ អ្នកដែលដើរតាមព្រះគ្រីស្ទនឹងរួចផុតពីទុកុ្ខភ័យ នៅក្រោមការគាំពាររបស់ទ្រង់។ ព្រះបានចាត់ពួកទេវតាដ៏មានមហិទ្ធិប្ញទ្ធិ ឲ្យមកការពារគេ។ មនុស្សទុច្ចរិតមិនអាច ឆ្លងកាត់អ្នកយាម ដែលព្រះបានដាក់នៅជុំវិញរាស្ត្ររបស់ទ្រង់បានឡើយ៕GrHKh 33.1