Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣១ ធ្នូ

    ខចងចាំប្រចាំសប្តាហ៍ ៖ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។ សុភាសិត ៣:៦PPKh3 264.1

    គំរូរបស់ស្តេចដាវីឌមិនមែនជាលេសនាំឱ្យមនុស្ស ប្រព្រឹត្តអំពីបាបនៅពេលសព្វថ្ងៃនេះទេ

    ដោយមានចំណង់យ៉ាងខ្លាំង ស្តេចបានប្រមូលសម្ភារៈដ៏មានតម្លៃជាច្រើនសម្រាប់កសាងនិងរចនាសោភ័ណភាពនៃព្រះវិហារដ៏បរិសុទ្ធ។ ទ្រង់បានចងក្រងទំនុកតម្កើងដ៏មានសិរីល្អដែលនៅពេលអនាគតជាច្រើនឆ្នាំទៅមុខ គេនឹងបន្លឺឡើងនៅក្នុងព្រះរាជវាំងរបស់ទ្រង់។ ឥឡូវនេះ ព្រះហឫទ័យរបស់ទ្រង់មានអំណរនៅក្នុងព្រះ។ មេលើឪពុកទាំងឡាយ និងព្រះអម្ចាស់នៃសាសន៍អ៊ីស្រាអែលបានប្រមូលតង្វាយពីទ្រព្យសម្បត្ដិផ្ទាល់ខ្លួនរបស់ពួកគេ ដាក់ចូលទៅក្នុងឃ្លាំង។ គឺមានតែព្រះមួយអង្គគត់ដែលបានធ្វើឱ្យរាស្រ្តរបស់ទ្រង់មានចិត្តសប្បុរសបែបនេះ។ គឺជាទ្រង់ដែលបានទទួលការសរសើរតម្កើង មិនមែនមនុស្សទេ។ ព្រះវិញ្ញាណរបស់ទ្រង់បានធ្វើឱ្យពួកគេមានឆន្ទៈចង់ថ្វាយ។ ប្រសិនបើទ្រង់មិនបានចាក់ សេចក្ដីស្រឡាញ់របស់ទ្រង់ទៅក្នុងចិត្ត ប្រជារាស្រ្តទេ នោះព្រះវិហារនេះក៏មិនត្រូវបានកសាងឡើងដែរ។ PPKh3 264.2

    នៅពេលទ្រង់បានជ្រាបថាការសុគតកាន់តែខិតមកជិតដល់ហើយ បន្ទុកនៃព្រះហឫទ័យរបស់ស្តេចដាវីឌ នៅតែផ្តោតទៅលើស្តេចសាឡូម៉ូននិងរាស្រ្តអ៊ីស្រាអែលដដែល ដែលភាពចម្រើនរុងរឿងរបស់ពួកគេអាស្រ័យទៅលើភាពសុចរិត ការស្មោះត្រង់របស់ស្តេចនៃនគរនោះ ចំពោះព្រះទាំងស្រុង។ “ទ្រង់ផ្តាំសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់ថា អញរៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងឡាយហើយ ដូច្នេះ ចូរឯងខំប្រឹងឡើង ហើយសម្តែងខ្លួនឱ្យបានពេញជាប្រុសចុះ ចូររក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបង្គាប់ និងក្រឹត្យក្រម ហើយនិងសេចក្តីបន្ទាល់របស់ទ្រង់ តាមសេចក្តីដែលបានកត់ទុកហើយ ក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រយោជន៍ឱ្យឯងបានប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងការដែលឯងធ្វើ ហើយនៅកន្លែងណាដែលឯងទៅ ដើម្បីឱ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនឹងអញថា បើកូនចៅឯងរក្សាផ្លូវរបស់គេ ឱ្យបានដើរនៅចំពោះមុខអញ ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យ នៃសាសន៍អ៊ីស្រាអែលឡើយ” (ពង្សាវតារក្សត្រទី១ ២:១-៤) ។ PPKh3 264.3

    អំពើបាបរបស់ស្តេចដាវីឌធ្ងន់ធ្ងរណាស់ ប៉ុន្តែ ការកែប្រែចិត្ដរបស់ទ្រង់ក៏ជ្រាលជ្រៅខ្លាំងណាស់ដែរ សេចក្ដីស្រឡាញ់របស់ទ្រង់ពិតប្រាកដ ហើយជំនឿរបស់ទ្រង់មាំមួន។ បទទំនុកតម្កើងរបស់ស្តេចដាវីឌ បានបន្លឺចេញពីជម្រៅនៃកំហុសនិងការផ្តន្ទាទោសខ្លួនឯង ទៅកាន់ទំនាក់ទំនងយ៉ាងខ្ពស់ ជាមួយនឹងព្រះ។ កំណត់ត្រានៃព្រះជន្មរបស់ទ្រង់បានប្រកាសថា អំពើបាបអាចនាំមកនូវការអាម៉ាស់និងទុក្ខព្រួយតែប៉ុណ្ណោះ ប៉ុន្តែ សេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណារបស់ព្រះអាចចូលទៅដល់ជម្រៅដ៏ជ្រៅបំផុត សេចក្ដីជំនឿនឹងលើកព្រលឹងដែលបានកែប្រែចិត្ត ដើម្បីចែករំលែកព្រះពរនៃការក្លាយជាកូនប្រុសកូនស្រីរបស់ព្រះដល់អ្នកដទៃ! PPKh3 265.1

    សេចក្តីសន្យាដ៏មានសិរីរុងរឿងចំពោះដាវីឌនិងកូនចៅរបស់ទ្រង់ ជាសេចក្តីសន្យាដែលសម្លឹងមើលទៅសម័យកាលខាងមុខដ៏អស់កល្ប ត្រូវបានសម្រេចទាំងស្រុងនៅក្នុងព្រះគ្រិស្ត។ PPKh3 265.2

    “បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាអយ្យកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ” (លូកា ១:៣២, ៣៣)៕ PPKh3 265.3

    សេចក្តីបន្ថែម

    ចំណាំ ទី១ ភាគទី១ទំព័រ ២៤៧ : មូលហេតុដ៏សំខាន់មួយដែល ព្រះជាម្ចាស់បានរំដោះសាសន៍អ៊ីស្រាអែលចេញពីទាសភាពនៅស្រុកអេស៊ីព្ទ គឺដើម្បីឱ្យពួកគេអាចគោរពថ្ងៃសប្ប័ទដ៏បរិសុទ្ធរបស់ទ្រង់។ ជនជាតិអេស៊ីព្ទមិនបានផ្តល់សេរីភាពខាងជំនឿសាសនាដល់ពួកគេទេ ដូច្នេះ ព្រះអម្ចាស់ “ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក . . . ដើម្បីឱ្យបានកាន់តាមសេចក្តីបញ្ញត្តិទ្រង់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ទ្រង់ផង ចូរសរសើរដល់ព្រះយេហូវ៉ាចុះ” ទំនុកតម្កើង ១០៥:៤៣-៤៥។ ពិតប្រាកដណាស់ លោកម៉ូសេនិងលោកអើរ៉ុនរំឭកជាថ្មីឡើងវិញអំពីការបង្រៀនស្តីពីភាពបរិសុទ្ធនៃថ្ងៃសប្ប័ទនេះ ព្រោះព្រះចៅផារ៉ោនបានត្អូញត្អែរថា “មើល ឥឡូវនេះ បណ្តាជននៅស្រុកនេះគេមានគ្នាច្រើន ហើយឯងមកធ្វើឱ្យគេឈប់ពីការគេចេញដូច្នេះ!” និក្ខមនំ ៥:៥។ ការនេះបានបង្ហាញថាលោកម៉ូសេនិងលោកអើរ៉ុនបានចាប់ផ្តើមធ្វើ កំណែទម្រង់ ថ្ងៃសប្ប័ទតាំងពីនៅក្នុងប្រទេសអេស៊ីព្ទមកម្ល៉េះ។ PPKh3 266.1

    ព្រះអម្ចាស់បានប្រាប់រាស្រ្តអ៊ីស្រាអែលថា ដោយការគោរពថ្ងៃសប្ប័ទរបស់ទ្រង់ ពួកគេគួរតែ “នឹកចាំថា ឯងក៏ជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បាននាំចេញពីស្រុកនោះមក ដោយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុលើកសម្រេច ហេតុដូច្នេះបានជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មកឱ្យឯងកាន់ថ្ងៃឈប់សម្រាកនេះ”។ ចោទិយកថា ៥:១៥។ PPKh3 266.2

    ប៉ុន្តែ ការគោរពថ្ងៃសប្ប័ទមិនមែនជាការរំឭកអំពីទាសភាពរបស់ពួកគេ នៅក្នុងប្រទេសអេស៊ីព្ទទេ។ ការគោរពថ្ងៃគឺជាការរំឭកអំពីការបង្កើតលោក ដោយបានរួមបញ្ជូលនូវការរំឭកអំពីថ្ងៃដ៏មានអំណរនៃការរំដោះចេញពីការជិះជាន់ខាងជំនឿសាសនានៅប្រទេសអេស៊ីព្ទ ដែលបានធ្វើឱ្យការគោរពថ្ងៃសប្បាតហ៍នេះមានការលំបាកផងដែរ។ នៅក្នុងវិធីដូចគ្នានេះដែរ ការរំដោះចេញពីទាសភាពរបស់ពួកគេ គឺជាការបង្កាត់ភ្លើងមេត្តានៅក្នុងចិត្តរបស់ពួកគេជានិច្ច ចំពោះជនក្រីក្រនិងអ្នកដែលត្រូវគេជិះជាន់ ក្មេងកំព្រា និងស្ត្រីមេម៉ាយ “ត្រូវឱ្យនឹកចាំថា ពីដើមឯងជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ តែ ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានលោះចេញមក ហេតុនោះបានជាអញបង្គាប់ឱ្យឯងប្រព្រឹត្តដូច្នេះ”។ ចោទិយកថា ២៤:១៨។PPKh3 266.3

    ចំណាំ ទី២ ភាគទី១ ទំព័រ ២៦៤: សេចក្តីវេទនាដែលព្រះបានទម្លាក់ទៅលើប្រទេសអេស៊ីព្ទ បានបំបាក់មុខដល់ព្រះរបស់ពួកគេ និងទម្លាក់ការមើលងាយចំពោះការថ្វាយបង្គំរូបព្រះរបស់គេ។ ជនជាតិអេស៊ីព្ទបានចាត់ទុកថាទន្លេនីលជាទីសក្ការបូជាខាងសាសនានិងបានថ្វាយតង្វាយយញ្ញបូជាទៅទន្លេនេះទុកដូចជាព្រះ។ សេចក្តីវេទនាទីមួយគឺសំដៅប្រឆាំងចំពោះទន្លេនេះតែម្តង។ និក្ខមនំ ៧:១៩។ PPKh3 267.1

    សេចក្តីវេទនាទីពីរបាននាំមកនូវកង្កែប។ និក្ខមនំ ៨:៦។ ហេកា (Heqa) ជាព្រះមួយរបស់សាសន៍អេស៊ីព្ទគឺព្រះនាងកង្កែប ជាព្រះដ៏ធំ ហើយកង្កែបត្រូវបានគេចាត់ទុកថាបរិសុទ្ធ។ ព្រះគោអាពិស (Apis) ដំបៅទៅលើព្រះគោផ្តា (Ptah) ជាគោដ៏ពិសិដ្ឋសម្រាប់ព្រះហាថ័រ (Hathor) ហើយចៀមឈ្មោល ដែលតំណាងឱ្យព្រះខេមូ(Khemu) និងព្រះអាម៉ែន។ ជំងឺដែលបានកើតឡើងដល់សត្វរបស់សាសន៍អេស៊ីព្ទបានប៉ះពាល់ដល់សត្វដែលគេចាត់ទុកថាជាព្រះរបស់ពួកគេ។ និក្ខមនំ ៩:៣។ PPKh3 267.2

    សេចក្តីវេទនាទីប្រាំបួនបាន វាយប្រហារទៅលើ ព្រះដ៏ធំបំផុតរបស់ពួកគេ គឺព្រះរ៉ា (Ra) ដែលជាព្រះអាទិត្យ ។ និក្ខមនំ ១០:២១។ សេចក្ដីវេទនា ទីដប់ (និក្ខមនំ ១២:២៩) សំដៅទាស់នឹងព្រះចៅផារ៉ោន ជាស្តេចមួយអង្គ ដែលគេចាត់ទុកថាជាព្រះ ហូរុស (Horus) ជាកូនរបស់ព្រះអូស៊ីរីស (Osiris)។ PPKh3 267.3

    ចំណាំ ទី៣ ភាគទី២ ទំព័រ ៣២: នៅពេលដែលជនជាតិអ៊ីស្រាអែលបានថ្វាយបង្គំរូបគោមាស ពួកគេបានអះអាងខ្លួនថ្វាយបង្គំព្រះ។ ប៉ុន្តែ ពួកគេបានថ្វាយបង្គំរូបសំណាកដូចជាជនជាតិអេស៊ីព្ទថ្វាយបង្គំព្រះអូស៊ីរុសដែរ។ ជនជាតិអេស៊ីព្ទថ្វាយបង្គំព្រះអាពីស (Apis) ដែលជាសត្វ ចំណែកឯជនជាតិ អ៊ីស្រាអែលថ្វាយបង្គំដល់រូបគោ គឺបង្ហាញថាដូចគ្នាដែរ។ លោកម៉ូសេបានសរសេរថា រាស្រ្តអ៊ីស្រាអែល “ក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេង សប្បាយ។ និក្ខមនំ ៣២:៦។ ភាសាហេព្រើរថាពាក្យថា “លេងសប្បាយ” នេះ មានន័យថា ច្រៀងនិងរាំ ដែលនៅក្នុងចំណោមជនជាតិអេស៊ីព្ទ គឺជាការត្រេកត្រអាលនិងមិនសមរម្យ។ ចំណែកពាក្យថា “បង្ខូច” នៅក្នុងខ ៧ គឺដូចគ្នាទៅនឹងគម្ពីរ លោកុប្បត្តិ ៦:១១, ១២ ដែរ ដែលសំដៅទៅលើមនុស្សមុនទឹកជំនន់ ដែលបានបង្ខូចខ្លួនដោយអំពើបាបដូច្នេះដែរ។ ការនេះពន្យល់អំពីធម្មជាតិនៃការក្បត់ជំនឿសាសនាដ៏គួរឱ្យភ័យខ្លាច។ PPKh3 267.4

    ចំណាំ ទី៤ ភាគទី២ ទំព័រ ៤៨: ក្រឹត្យវិន័យដប់ប្រការគឺជាមូលដ្ឋាននៃសេចក្តីសញ្ញា (សេចក្តីសន្យា) ដែលព្រះអម្ចាស់បានធ្វើជាមួយនឹងរាស្រ្តរបស់ទ្រង់។ ប៉ុន្តែ សេចក្តីសញ្ញានេះឯងគឺជាសេចក្តីសន្យារបស់ព្រះ ថានឹងសរសេរក្រឹត្យវិន័យនេះ នៅក្នុងចិត្តរបស់ពួកគេ (សូមមើល យេរេមា ៣១:៣១-៣៤) ដើម្បីឱ្យក្រឹត្យវិន័យនេះបានជាអំណររបស់ពួកគេ សម្រាប់គោរពតាម។PPKh3 268.1

    ចំណាំ ទី៥ ភាគទី២ ទំព័រ ៧៣-៧៤: មានវិធីពីរយ៉ាងដែលអំពើបាប (ឬកំណត់ត្រានៃការអត់ឱនទោស) ត្រូវបានផ្ទេរចេញពីអ្នកមានបាប ទៅកាន់រោងឧបោសថ គឺដោយសង្ឃយកឈាមនៃ តង្វាយលោះបាបទៅប្រោះនៅមុខវាំងនន ដែលមានហិបសញ្ញានៅពីក្រោយ ឬដោយសង្ឃបរិភោគសាច់នៃតង្វាយយញ្ញបូជា ។ សូមមើលលេវីវិន័យ ៤:១-២១; ៦:២៤-២៦; ១០:១៧, ១៨។PPKh3 268.2

    ចំណាំ ទី៦ ភាគទី២ ទំព័រ ៨៨: ព្រះគ្រិស្តជាព្រះដែលបានប្រទានក្រឹត្យវិន័យដប់ប្រការ។ សូមមើលកូរិនថូសទី១ ៨:៦; កិច្ចការ ៧:៣៨; អេសាយ ៦៣:៩; និក្ខមនំ ២៣:២០-២៣; យ៉ូហាន ១:១-៣, ១៤; ពេត្រុសទី១ ១:១០, ១១។PPKh3 268.3

    ចំណាំ ទី៧ ភាគទី៣ ទំព័រ ៩២: រដ្ឋាភិបាល (ការគ្រប់គ្រង) នៃប្រទេស អ៊ីស្រាអែល គឺរបបទេវាធិបតេយ្យ ដែលមានន័យថាជារបបគ្រប់គ្រងដែលមានព្រះជាអ្នកដឹកនាំផ្ទាល់។ នៅពេលដែលសាសន៍អ៊ីស្រាអែលនិងសាសន៍យូដាបានបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ម្តងហើយម្តងទៀត និងបានបដិសេធការគ្រប់គ្រងរបស់ទ្រង់ នៅទីបំផុតព្រះជាម្ចាស់ក៏បានដកចេញពីពួកគេនូវការគ្រប់គ្រងដោយផ្ទាល់របស់ទ្រង់ ហើយទុកឱ្យពួកគេធ្វើតាមចំណង់ចិត្តរបស់ខ្លួន គឺជាប្រជារាស្រ្តរបស់មនុស្ស។ ដូច្នេះ ពួកគេក៏បានធ្លាក់ទៅក្រោមអំណាចរបស់បាប៊ីឡូន មេដូពើស៊ី ចក្រភពក្រិក ហើយទីបំផុត ទីក្រុងរ៉ូម ជាបន្តបន្ទាប់។ PPKh3 269.1

    ចាប់តាំងពីពេលនោះមក ពុំមានរដ្ឋាភិបាលនៅកន្លែងណាមួយ ដែលព្រះបានប្រគល់សិទ្ធិអំណាចឱ្យដូចជាទ្រង់បានប្រទានទៅឱ្យស្ដេចនៃសាសន៍អ៊ីស្រាអែល នៅសម័យទេវាធិបតេយ្យនោះឡើយ។ ព្រះគម្ពីរបានបង្រៀនអំពីការបែងចែករវាងអំណាចសាសនានិងអំណាចរដ្ឋ (ម៉ាថាយ ២២:១៧-២២) ហេតុដូច្នេះ សេរីភាពសាសនាគឺសម្រាប់មនុស្សទាំងអស់។ រដ្ឋាភិបាលនៅលើផែនដីនេះមិនត្រូវបង្ខំដល់មនសិការ ឬជំនួសកន្លែងដែលបានបម្រុងទុកសម្រាប់តែព្រះមួយអង្គគត់ នៅក្នុងរបបទេវាធិបតេយ្យរបស់ អ៊ីស្រាអែលនោះទេ។ មិនមែនចាំដល់ទ្រង់យាងមកជាលើកទីពីរនៃគ្រិស្តនោះទេ ដែលព្រះជាម្ចាស់នឹងតាំងរបបទេវាធិបតេយ្យរបស់ទ្រង់ម្តងទៀតនោះ។ ទម្រាំដល់ពេលនោះ មនុស្សមិនត្រូវយកអំណាចដែលព្រះមិនបានប្រគល់ឱ្យពួកគេ មកដាល់លើមនសិការរបស់ខ្លួននោះទេ។ PPKh3 269.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents