កូនរបស់លោកយ៉ាកុបទាំងអស់បានជួបជុំគ្នានៅជុំវិញគ្រែដែលលោកយ៉ាកុបនឹងត្រូវស្លាប់ នៅលើនោះ។ “ហើយលោកយ៉ាកុបបានហៅកូនរបស់គាត់ រួចបានមានប្រសាសន៍ថា ‘ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឱ្យដឹងថា ការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ’”។ PPKh1 222.1
ព្រះវិញ្ញាណនៃការបណ្តាលចិត្តបានយាងមកសណ្ឋិតនៅលើគាត់ ហើយបានបើកបង្ហាញពីអនាគតនៃកូនចៅរបស់គាត់ នៅក្នុងការបើកសម្តែងនៃការព្យាករណ៍មួយ គាត់បានរៀបរាប់ឈ្មោះកូនរបស់គាត់ម្តងមួយៗ ជាបន្តបន្ទាប់ គាត់បានពណ៌នាអំពីចរិតលក្ខណៈរបស់គេម្នាក់ៗ និងបានប្រាប់ឱ្យដឹងជាមុនដោយសង្ខេបនូវអនាគត ប្រវត្តិសាស្ត្រនៃអំបូរនីមួយៗ។ PPKh1 222.2
“រូបេនអើយ ឯងជាកូនច្បង ជាប្ញទ្ធិហើយជាដើមកម្លាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិប្ញទ្ធិយ៉ាងឯក”។ PPKh1 222.3
ប៉ុន្តែ អំពើបាបដ៏ធ្ងន់របស់រ៉ូបេនៅអេដារមិនអាចឱ្យគាត់ទទួលព្រះពរនៃសិទ្ធិជាកូនច្បងនោះបានឡើយ។ លោកយ៉ាកុបបានបន្តថា។ PPKh1 222.4
“តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ”។ PPKh1 222.5
ភាពជាសង្ឃនឹងត្រូវផ្តល់ទៅឱ្យអំបូរលេវី នគរនិងសេចក្តីសន្យានៃព្រះមេស្ស៊ីទៅឱ្យយូដានិងមរតកទ្វេមួយជាពីរត្រូវបានទៅយ៉ូសែប។ អំបូររូបេន មិនដែលបានលេចធ្លោឡើង ជាសាសន៍ណាមួយ នៅក្នុងប្រទេសអ៊ីស្រាអែល ឡើយ អំបូរនេះនឹងមិនមានគ្នាច្រើនដូចជាអំបូរយូដា យ៉ូសែប ឬដាន់ទេ និងជាអំបូរដែលត្រូវគេចាប់ជាឈ្លើយមុនគេបង្អស់។ PPKh1 222.6
បន្ទាប់មកទៀតគឺស៊ីម្មាន និងលេវី។ ពួកគេបានរួបរួមនៅក្នុងការប្រព្រឹត្តិអំពើឃោរឃៅ ទៅលើពួកស៊ីគែម និងជាពួកអ្នកដែលមានទោសធ្ងន់ជាងគេនៅក្នុងការលក់យ៉ូសែប។ PPKh1 223.1
“អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកម្ចាត់កម្ចាយ គេនៅក្នុងពួកអ៊ីស្រាអែល”។ PPKh1 223.2
ក្នុងការឱ្យពរចុងក្រោយបង្អស់របស់គាត់ ទៅកាន់សាសន៍អ៊ីស្រាអែល មុនពេលចូលទៅស្រុកកាណាន លោកម៉ូសេមិនបាននិយាយពីស៊ីម្មានឡើយ។ នៅក្នុងការតាំងទីលំនៅ នៅស្រុកកាណាន អំបូរនេះទទួលបានទឹកដីតែមួយផ្នែកតូចប៉ុណ្ណោះ ពីទឹកដីរបស់ពួកយូដា ហើយគ្រួសារដែលក្រោយមកបានក្លាយទៅជាមានអំណាចបានបង្កើតអាណានិគមផ្សេងៗ នៅលើទឹកដី ក្រៅព្រំប្រទល់នៃទឹកដីបរិសុទ្ធ។ អំបូរលេវីក៏មិនបានទទួលមរតកអ្វីក្រៅពីទីក្រុងសែសិបប្រាំបីនោះដែរ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលអំបូរដទៃទៀតបានបោះបង់ជំនឿ បានរក្សាការតែងតាំងឱ្យបម្រើការដ៏ពិសិដ្ឋនៃរោងឧបោសថ។ នៅក្នុងវិធីនេះបណ្តាសា បានត្រឡប់ទៅជាព្រះពរវិញ។ PPKh1 223.3
ម្កុដនៃព្រះពររបស់សិទ្ធិជាកូនច្បងត្រូវធ្លាក់ទៅលើយូដា៖ PPKh1 223.4
“យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវ ឯពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង។ . . . ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់”។ PPKh1 223.5