“ដោយសារសេចក្តីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឱ្យគេហៅខ្លួនជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយនឹង រាស្ត្ររបស់ព្រះ ជាជាងមានសេចក្តីអំណរខាងអំពើបាប ដែលនៅតែមួយភ្លែតនោះវិញ ដោយបានរាប់សេចក្តីដំនៀល ដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុក ជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសម្លឹងចំទៅឯរង្វាន់វិញ” ហេព្រើរ១១:២៤-២៦។ គេបានលើកតម្កើងលោកម៉ូសេឱ្យក្លាយជាមនុស្សទីមួយ នៅក្នុងចំណោមមនុស្សដ៏អស្ចារ្យជាច្រើននៅលើផែនដី ឱ្យភ្លឺចែងចាំងនៅក្នុងព្រះរាជវាំងនៃនគរដ៏រុងរឿងបំផុតនៅលើផែនដី និងឱ្យគ្រប់គ្រងដំបងរាជ្យដ៏មានអំណាច។ ខាងផ្នែក ប្រវត្តិសាស្ត្រ កំណាព្យ ទស្សនវិទូ មេបញ្ជាការកងទ័ព និងជាអ្នកច្បាប់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងគាត់បានឡើយ។ ប៉ុន្តែ ទោះបីជាពិភពលោកនេះនៅចំពោះមុខគាត់ក៏ដោយ ក៏គាត់មានកម្លាំងខាងសីលធម៌ដោយមិនព្រមទទួលទ្រព្យសម្បត្តិ ភាពឧដុង្គឧត្តម និងកេរ្តិ៍ឈ្មោះល្បីល្បាញនោះដែរ ដោយ “ស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ” វិញ។ PPKh1 236.2
លោកម៉ូសេបានចាត់ទុកព្រះរាជវាំងដ៏អស្ចារ្យរបស់ស្តេចផារ៉ោន និងរាជបល្ល័ង្កថាជាសេចក្តីល្បួងសម្រាប់គាត់ ហើយគាត់បានដឹងថានៅក្នុងព្រះរាជវាំងដែលគ្មានព្រះនេះ ជាកន្លែងដែលមានការសប្បាយនៃអំពើបាប ដែលធ្វើឱ្យមនុស្សភ្លេចព្រះ។ គាត់បានសម្លឹងមើលហួសពីព្រះបរមរាជវាំង ហួសពីបល្ល័ង្កនៃស្តេច ទៅឯកិត្តិយសដ៏ខ្ពស់ដែលពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតនឹងទទួល នៅក្នុងនគរមួយដែលគ្មានអំពើបាប។ ដោយសារសេចក្តីជំនឿ គាត់បានឃើញថាស្តេចនៃនគរឋានសួគ៌នឹងបំពាក់មកុដដ៏អស់កល្ប នៅលើក្បាលរបស់អ្នកដែលមានជ័យជម្នះ។ ជំនឿនេះបាននាំគាត់ឱ្យរួបរួមជាមួយអ្នកក្រីក្រនៃជាតិសាសន៍ដែលត្រូវគេមើលងាយ ដែលបានជ្រើសរើសស្តាប់បង្គាប់ព្រះជាម្ចាស់ ជាជាងបម្រើអំពីបាប។ PPKh1 237.1
លោកម៉ូសេនៅក្នុងព្រះរាជវាំងរហូតដល់អាយុសែសិបឆ្នាំ។ លោកបានទៅសួរសុខទុក្ខបងប្អូនរបស់លោក ដែលជាប់ជាទាសករ និងលើកទឹកចិត្តពួកគេដោយការធានាថាព្រះនឹងធ្វើការដើម្បីរំដោះពួកគេ។ ថ្ងៃមួយ គាត់បានឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងវាយជនជាតិអ៊ីស្រាអែល គាត់ក៏បានស្ទុះចូលហើយសម្លាប់ជនជាតិអេស៊ីព្ទនោះទៅ។ ក្រៅពីជនជាតិអ៊ីស្រាអែលម្នាក់នោះ គ្មានអ្នកណាឃើញខ្មោចនោះឡើយ រួចលោកម៉ូសេក៏ប្រញាប់ប្រញាល់លុបសាកសពនោះនៅក្នុងដីខ្សាច់ទៅ។ ឥឡូវនេះ គាត់បានបង្ហាញថាខ្លួនគាត់បានរៀបចំខ្លួនជាស្រេចដើម្បីបម្រើបុព្វហេតុនៃប្រជាជនរបស់គាត់ ព្រមទាំងសង្ឃឹមថានឹងឃើញពួកគេក្រោកឡើងដើម្បីស្តារសេរីភាពរបស់ពួកគេឡើងវិញ “ដ្បិតលោកស្មានថា បងប្អូនលោកនឹងយល់ថា ព្រះទ្រង់ប្រទានសេចក្តីសង្គ្រោះមក ដោយសារដៃលោក តែគេមិនបានយល់ទេ” កិច្ចការ ៧:២៥។ ពួកគេមិនបានរៀបចំខ្លួនដើម្បីសេរីភាពនៅឡើយទេ។ PPKh1 237.2
ស្អែកឡើង លោកម៉ូសេបានឃើញជនជាតិហេព្រើរពីរនាក់កំពុងវាយតប់គ្នា ម្នាក់ជាអ្នកខុសទាំងស្រុង លោកម៉ូសេបានស្តីបន្ទោសដល់អ្នកដែលធ្វើខុសនោះ តែគេបានឆ្លើយតបមកគាត់ជាបន្ទាន់ថា គាត់គ្មានសិទ្ធិនឹងលូកលាន់ទេ ហើយបានចោទប្រកាន់គាត់យ៉ាងទ្រគោះបោះបោកថាជាឧក្រិដ្ឋជនទៀតផង ជននោះនិយាយថាៈ “តើអ្នកណាបានតាំងអ្នកឯងឱ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា តើគិតសម្លាប់អញដូចជាបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី”។ មិនយូរប៉ុន្មាន រឿងនេះក៏បាន ឮដល់ត្រចៀកស្តេចផារ៉ោន។ ស្តេចបានមានបន្ទូលថាទង្វើនេះបានសេចក្តីថា លោកម៉ូសេមានផែនការដឹកនាំប្រជាជនរបស់គាត់ប្រឆាំងនឹងសាសន៍អេស៊ីព្ទ ដើម្បីផ្តួលរំលំរាជបល្ល័ង្ក ហើយឡើងសោយរាជ្យខ្លួនឯងហើយ។ នៅពេលនោះ ព្រះមហាក្សត្របានសម្រេចព្រះទ័យថាត្រូវតែសម្លាប់លោកម៉ូសេ ប៉ុនែ្ត គាត់បាន ដឹងពីគ្រោះថ្នាក់នេះជាមុន ហើយបានរត់ភៀសខ្លួនទៅកាន់ស្រុកអារ៉ាប់។ PPKh1 238.1