ព្រះអម្ចាស់បានដឹកនាំដំណើររបស់គាត់ ហើយគាត់បានរកឃើញផ្ទះមួយនិងលោកយេត្រូដែលជាសង្ឃនិងជាមេដឹកនាំនៃសាសន៍ម៉ាឌាន ដែលជាអ្នកថ្វាយបង្គំព្រះ។ បន្ទាប់មក លោកម៉ូសេបានរៀបការជាមួយកូនស្រីម្នាក់របស់លោកយេត្រូ ហើយបានឃ្វាលហ្វូងចៀមរបស់គាត់អស់សែសិបឆ្នាំ។ PPKh1 238.2
ព្រះមិនមានបំណងរំដោះរាស្ត្រទ្រង់ដោយសឹកសង្គ្រាម ដូចជាលោកម៉ូសេបានគិតនោះទេ ប៉ុនែ្ត ដោយអំណាចដ៏អស្ចារ្យរបស់ទ្រង់វិញ ដើម្បីឱ្យ រាស្ត្ររបស់ទ្រង់ថ្វាយសិរីល្អដល់ទ្រង់តែមួយអង្គប៉ុណ្ណោះ។ PPKh1 239.1
លោកម៉ូសេមិនទាន់បានរៀបចំខ្លួនដើម្បីបំពេញភាកិច្ចដ៏សំខាន់របស់គាត់នេះ នៅឡើយទេ។ គាត់ត្រូវតែរៀននូវមេរៀនដែលព្រះបានបង្រៀនដល់លោក អ័ប្រាហាំនិងលោកយ៉ាកុបផងដែរ គឺមិនត្រូវឱ្យទុកចិត្តលើកម្លាំងឬប្រាជ្ញារបស់មនុស្សឡើយ តែត្រូវឱ្យទុកចិត្តលើព្រះចេស្តារបស់ព្រះវិញ ដើម្បីឱ្យបានសម្រេចតាមសេចក្តីសន្យារបស់ទ្រង់។ នៅក្នុងសាលារៀននៃការលះបង់ខ្លួនឯង និងការលំបាកជាច្រើន គាត់ត្រូវរៀនសូត្រពីការអត់ធ្មត់ ដើម្បីគ្រប់ គ្រងសន្ទុះចិត្តរបស់គាត់។ ចិត្តរបស់គាត់ត្រូវតែស្របទៅតាមព្រះហឫទ័យ របស់ព្រះទាំងស្រុង មុននឹងគាត់អាចបង្រៀនពីចំណេះដឹងនៃព្រះហឫទ័យ របស់ទ្រង់ ដល់សាសន៍អ៊ីស្រាអែល និងឱ្យគេស្គាល់នូវការថែរក្សាជាឪពុក ដល់អស់អ្នកដែលត្រូវការជំនួយពីគាត់។ PPKh1 239.2
នៅប្រទេសអេស៊ីព្ទ លោកម៉ូសេបានរៀនវិជ្ជាជាច្រើនដែលគាត់មិនត្រូវរៀន ឥទ្ធិពលដែលនៅ ជុំវិញគាត់បានបន្សល់ទុកនូវស្នាមដិតដាមយ៉ាងជ្រៅ ក្នុងការលូតលាស់ខាងគំនិតរបស់គាត់ ហើយគាត់នឹងធ្វើជាគំរូអំពីទម្លាប់និងអត្តចរិតរបស់គាត់នោះបន្តទៅអ្នកដទៃទៀត។ នេះជាពេលដែលគាត់ត្រូវដកយកនូវស្នាមដិតដាមទាំងនេះចេញ។ លោកម៉ូសេត្រូវតែប្រឈមមុខនឹងការពិបាកបំផុត ដើម្បីបោះបង់ចោលកំហុស ហើយទទួលយកសេចក្តី ពិតវិញ ប៉ុនែ្ត ព្រះគឺជាជំនួយរបស់គាត់ នៅពេលដែលទំនាស់នោះមានសភាពធ្ងន់ធ្ងរពន់ពេក ដែលកម្លាំងរបស់មនុស្សមិនអាចដោះស្រាយបាន។ PPKh1 239.3
“តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឱ្យ” យ៉ាកុប ១:៥។ ប៉ុន្តែ ព្រះនឹងមិនប្រទានពន្លឺរបស់ទ្រង់ដល់មនុស្សដែលចង់តែនៅក្នុងភាពងងឹតនោះឡើយ។ ដើម្បីទទួលបានជំនួយពីព្រះ ពួកគេត្រូវតែដឹងពីភាពកម្សោយនិងការខ្វះខាតរបស់ខ្លួនជាមុនសិន គេត្រូវតែថ្វាយគំនិតរបស់គេដល់ការផ្លាស់ប្តូរដ៏អស្ចារ្យ ដែលព្រះចង់ធ្វើការនៅក្នុងជីវិតរបស់ពួកគេ ហើយពួកគេត្រូវតែភ្ញាក់រឭកដោយការស្មោះត្រង់ ការអធិស្ឋាន និងការខំប្រឹងប្រែងឥតងាករេ។ PPKh1 240.1
នៅកណ្តាលភ្នំខ្ពស់ៗជាជញ្ជាំងព័ទ្ធជុំវិញ លោកម៉ូសេរស់នៅតែម្នាក់ឯងគត់ ជាមួយនឹងព្រះតែប៉ុណ្ណោះ។ នៅកណ្តាលជួរភ្នំស្កឹមស្កៃ លោកបានឃើញអានុភាពដ៏អស្ចារ្យនៃព្រះដ៏ខ្ពស់បំផុត ហើយផ្ទុយទៅវិញ គាត់បានដឹងពីរភាពគ្មានអំណាចរបស់ព្រះក្លែងក្លាយនៅប្រទេសអេស៊ីព្ទដែរ។ នៅទីនេះ អំណួតនិងការពឹងអាងលើកម្លាំងរបស់ខ្លួនឯងបានរលាយបាត់អស់។ លទ្ធផលនៃភាពស្រណុកសុខស្រួលនៅប្រទេសអេស៊ីព្ទបានបាត់បង់។ លោកម៉ូសេបានក្លាយជាអ្នកមានការអត់ធ្មត់ ចេះគោរពកោតខ្លាច និង “សុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី” (ជនគណនា ១២:៣) ហើយមានជំនឿរឹងមាំ។ PPKh1 240.2
ខណៈដែលពេលវេលាចេះតែរំកិលទៅមុខ លោកបានអធិស្ឋានឱ្យសាសន៍អ៊ីស្រាអែលទាំងថ្ងៃទាំងយប់។ នៅទីនេះហើយដែលលោកបាន សរសេរគម្ពីរលោកុប្បត្តិ ក្រោមការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ។ ការចំណាយពេលដ៏យូរនៅទីវាលរហោស្ថានដ៏កណ្តោចកណ្តែង បានក្លាយទៅជាព្រះពរដ៏ធំដល់មនុស្សនៅគ្រប់សម័យកាល។ PPKh1 240.3