“លុះយូរបន្តិចទៅស្តេចស្រុកអេស៊ីព្ទទ្រង់សុគតទៅ នោះពួកកូនចៅ អ៊ីស្រាអែលគេថ្ងួរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ ដោយព្រោះការទុក្ខលំបាករបស់ខ្លួន នោះទ្រង់ក៏ឮ ទ្រង់ឮតម្ងូររបស់គេ។ ទ្រង់ឃើញរាស្រ្តអ៊ីស្រាអែល ហើយទ្រង់ជ្រាបដល់សេចក្តីទុក្ខព្រួយរបស់គេ”។ ពេល វេលានៃការរំដោះបានមកដល់ហើយ។ PPKh1 241.1
ព្រះអាចសម្រេចផែនការរបស់ទ្រង់ដោយចាក់សេចក្តីមើលងាយ ទៅលើមនុស្សអំណួត។ ការរំដោះនេះត្រូវតែបោះជំហានទៅមុខដោយសុភាព ខណៈដែលអ្នកគង្វាលចៀមមានតែដំបងនៅក្នុងដៃ ប៉ុនែ្ត ព្រះបានធ្វើឱ្យដំបង នេះក្លាយជានិមិត្តរូបនៃព្រះចេស្តារបស់ទ្រង់។ PPKh1 241.2
ថ្ងៃមួយ ពេលដែលគាត់កំពុងតែឃ្វាលហ្វូងចៀមរបស់គាត់នៅក្បែរភ្នំហោរែប “ភ្នំព្រះ” លោកម៉ូសេបានឃើញភ្លើងឆេះគុម្ពបន្លាមួយតែឥតបានសុសទេ។ នៅពេលដែលគាត់បានចូលទៅជិត សំលេងចេញពីអណ្តាតភ្លើងបានហៅគាត់ចំឈ្មោះ។ គាត់បានឆ្លើយទាំងញ័រមាត់រដឹកថា “ព្រះករុណាវិសេស ព្រះអម្ចាស់” ព្រះបានព្រមានគាត់មិនឱ្យចូលទៅជិតដោយមិនមានការគោរពឡើយ។ “កុំឱ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ . . . អញជាព្រះនៃអយ្យកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក និងជាព្រះនៃយ៉ាកុប នោះម៉ូសេក៏ខ្ទប់មុខ ដ្បិតមិនហ៊ានមើលចំទៅព្រះទេ”។ PPKh1 241.3
ខណៈដែលលោកម៉ូសេកំពុងឈររង់ចាំនៅចំពោះព្រះ សំឡេងនោះបានបន្តទៅទៀតថា “អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្តីទុក្ខព្រួយរបស់គេ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឱ្យរួចចេញពីកណ្តាប់ដៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស ដូច្នេះមើល ឥឡូវនេះ ពាក្យរបស់ពួកកូនចៅអ៊ីស្រាអែលដែលគេអំពាវនាវដល់អញ នោះបានឮហើយ មួយទៀតអញបានឃើញការលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនដល់គេដែរ ដូច្នេះចូរមកឥឡូវ អញនឹងចាត់ឯងឱ្យទៅឯផារ៉ោន ដើម្បីឱ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅ អ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក”។ លោកម៉ូសេបានបោះជំហានថយក្រោយទាំងរន្ធត់និងអស្ចារ្យក្នុងចិត្ត ហើយទូលទៅព្រះថា “តើទូលបង្គំជាអ្វីដែលព្រះអង្គឱ្យទូលបង្គំទៅឯផារ៉ោន ហើយឱ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ”។ PPKh1 241.4
លោកម៉ូសេបានគិតពីភាពល្ងិតល្ងង់ ភាពល្ងង់ខ្លៅ និងការមិនជឿទុកចិត្តពីសំណាក់បណ្តាជនរបស់គាត់។ មនុស្សភាគច្រើនមិនបានដឹងអ្វីអំពីព្រះបន្តិចសោះ។ គាត់បាននិយាយថា “មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃអយ្យកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឱ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឱ្យទូលបង្គំប្រាប់គេថាដូចម្តេច”។ ចម្លើយគឺថា “ព្រះដ៏ជាព្រះ ទ្រង់បានចាត់ឱ្យខ្ញុំមកឯអ្នករាល់គ្នា”។ PPKh1 242.1
ព្រះបានបង្គាប់ដល់លោកម៉ូសេថា ជាដំបូងឱ្យប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដែលបានកើតទុក្ខដោយសារភាពជាទាសកររបស់គេជាយូរមកហើយ មកជួបជុំគ្នា ហើយត្រូវប្រកាសប្រាប់គេពីដំណឹងដែលគាត់បានទទួលមកពីទ្រង់ រួចត្រូវចូលទៅគាល់ស្តេចទូលថា “ព្រះយេហូវ៉ាជាព្រៃះនៃសាសន៍ហេព្រើរ ទ្រង់បានមកជួបនឹងយើងខ្ញុំរាល់គ្នាហើយ ដូច្នេះ សូមឱ្យយើងខ្ញុំរាល់គ្នាទៅក្នុងទីរហោស្ថានចម្ងាយផ្លូវដើរអស់៣ថៃ្ង ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា”។ PPKh1 242.2