ពួកគេបានធ្វើដំណើរកាត់វាលខ្សាច់ដ៏ធំល្វឹងល្វើយ។ គេមានការនឿយ ហត់ដោយសារដីពិបាកធ្វើដំណើរ។ ហើយអ្នកខ្លះចាប់ផ្តើមព្រួយបារម្ភក្រែងពួកអេស៊ីព្ទដេញតាម។ ប៉ុន្តែដុំពពកនៅតែនាំដំណើរឆ្ពោះទៅមុខជានិច្ច ហើយពួកគេក៏បានដើរតាម។ ឥឡូវនេះ ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេឱ្យត្រឡប់ចូលទៅក្នុងច្រកភ្នំ ហើយបោះជំរំនៅក្បែរសមុទ្រ។ ព្រះបានលេចមកឯលោក ប្រាប់ថាស្តេចផារ៉ោននឹងដេញតាមពួកគេ និងថាព្រះនាមរបស់ទ្រង់នឹងត្រូវបានសរសើរតម្កើង ដោយសារការរំដោះពួកគេនេះ។ PPKh1 275.2
ពួកមន្ត្រីរបស់ស្តេចផារ៉ោនបានទូលទ្រង់ថា ពួកទាសកររបស់គេបានចេញទៅបាត់អស់ហើយ និងមិនវិលត្រឡប់មកវិញទេ។ ពួកអ្នកមានអំណាចទាំងនោះទើបតែបានធូរស្បើយពីការភ័យខ្លាច ហើយបានអះអាងថា គ្រោះកាចទាំងនេះគឺជាលទ្ធផលដែលបណ្តាលមកពីគ្រោះធម្មជាតិទៅវិញ។ ទ្រង់បានស្រែកទាំងជូរចត់ថា “តើយើងបានធ្វើអ្វីនឹងឱ្យពួកអ៊ីស្រាអែលចេញទៅរួចពីការបម្រើយើងដូច្នេះ?”។ PPKh1 275.3
ស្តេចផារ៉ោនបានប្រមូលកងទ័ពរបស់ទ្រង់ “ទ្រង់រើសយករទេះចម្បាំង បាន៦០០ ហើយក៏អស់ទាំងរទេះចម្បាំងនៅស្រុកអេស៊ីព្ទផង”។ មានទាំង ទ័ពសេះ មេទ័ព និងទ័ពថ្មើរជើង។ ស្តេចបានចូលរួមជាមួយមេទ័ពធំៗនៃនគររបស់ទ្រង់ ដឹកនាំកងទ័ពក្នុងការវាយប្រយុទ្ធនេះដោយផ្ទាល់។ សាសន៍អេស៊ីព្ទ PPKh1 275.4
ព្រួយបារម្ភក្រែងកងទ័ពរបស់គេចុះចូលចំពោះព្រះ ដែលនឹងធ្វើឱ្យនគរនានាចំអកឡកឡឺយ។ ប្រសិនបើពួកគេអាចចេញទៅដោយសម្ញែងអំណាច ហើយអាចនាំយកពួកអ្នកដែលរត់ចេញទាំងនោះត្រឡប់មកវិញ ពួកគេនឹងស្តារសិរីរុងរឿងរបស់គេ ព្រមទាំងទទួលបានពួកទាសករមកបម្រើគេឡើងវិញផង។ ពួកបណ្តាជនហេព្រើរបានបោះជំរំនៅក្បែរសមុទ្រក្រហម ដែលហាក់ដូចជារបាំងមួយដែលពួកគេមិនអាចឆ្លងកាត់បាន។ ខណៈដែលមានភ្នំរដិបរដុបរាំងផ្លូវគេនៅទិសខាងត្បូង។ រំពេចនោះ ពួកគេបានឃើញ កងទ័ពដែលមានពន្លឺភ្លែតៗ និងរទេះចម្បាំងកំពុងរំកិលចូលមក។ ការភិត-ភ័យបានកើតឡើងនៅក្នុងចិត្តរបស់ពួកអ៊ីស្រាអែល។ ពួកគេជាច្រើនប្រញាប់រត់ទៅរកលោកម៉ូសេ ដោយពោលថា “តើដោយព្រោះតែគ្មានផ្នូរនៅស្រុកអេស៊ីព្ទឬអី បានជាអ្នកនាំយើងខ្ញុំមក ឱ្យត្រូវស្លាប់នៅទីរហោស្ថាននេះដូច្នេះ . . . ដ្បិតដែលយើងរាល់គ្នានៅបម្រើសាសន៍អេស៊ីព្ទនោះ ពិសេសជាជាងស្លាប់នៅទីរហោស្ថាននេះ”។ ជាការពិតណាស់ មិនមានលទ្ធភាពនៃការរំដោះពួកគេឱ្យរួចបានឡើយ លុះត្រាតែព្រះទ្រង់ធ្វើអន្តរាគមន៍ក្នុងការរំដោះពួកគេតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែពួកគេបានធ្លាក់ចូលក្នុងស្ថានការណ៍បែបនេះ ក្រោមការដឹកនាំរបស់ព្រះ នោះលោកម៉ូសេឥតមានការភ័យខ្លាចចំពោះលទ្ធផលដែលកើតឡើងពីព្រឹត្តិការណ៍នោះឡើយ។ គាត់បានឆ្លើយតបទៅពួកបណ្តាជនយ៉ាងសុភាព ដោយការធានារ៉ាប់រងថា “កុំខ្លាចអី ឈប់សិន ចាំសេចក្តីសង្គ្រោះ របស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍ អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញពិតជាដរាបទៅព្រះយេហូវ៉ា ទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ”។ PPKh1 276.1
ដោយការខ្វះវិន័យនិងការគ្រប់គ្រងខ្លួនឯង ពួកបណ្តាជនច្របូកច្របល់ហើយខ្វះការពិចារណា។ សម្រែកនិងទំនួញរបស់គេបានឮសូរកងរំពង។ ពួកគេបានដើរតាមបង្គោលពពកដ៏អស្ចារ្យ ជាសញ្ញារបស់ព្រះជាម្ចាស់ សម្រាប់ដើរទៅមុខ ប៉ុន្តែ ឥឡូវនេះតើបង្គោលពពកនោះបានដឹកនាំពួកគេខុសផ្លូវ តាមចង្កេះភ្នំ ចូលទៅកាន់កន្លែងមួយដែលមិនមានច្រកចេញទេឬអី? ទេវតារបស់ព្រះបានលេចមកឯគំនិតភាន់ច្រឡំរបស់គេ ជាប្រផ្នូលនៃគ្រោះមហន្តរាយមួយ។ ខណៈដែលកងទ័ពអេស៊ីព្ទតាមមកទាន់ បង្គោលពពកបានអណ្តែតឡើងទៅលើយ៉ាងអស្ចារ្យ រំលងពួកអ៊ីស្រាអែល ហើយធ្លាក់មកវិញនៅចន្លោះពួកគេនិងកងទ័ពអេស៊ីព្ទ។ កងទ័ពអេស៊ីព្ទមិនអាចមើលេឃីញជំរំរបស់ជនជាតិហេព្រើរទៀតឡើយ ហើយត្រូវបង្ខំចិត្តឈប់នៅទ្រឹងមួយកន្លែង។ ប៉ុន្តែ នៅពេលយប់កាន់តែងងឹត ជញ្ជាំងពពកបានត្រឡប់ជាពន្លឺដល់សាសន៍ហេព្រើរ។ PPKh1 277.1