Go to full page →

២៥ កុម្ភៈ PPKh1 117

លោកអ័ប្រាហាំបានទទួលសេចក្តីសន្យាថាគាត់នឹងមានកូនប្រុសមួយ តែគាត់មិនបានរង់ចាំឱ្យព្រះសម្រេចតាមព្រះបន្ទូលរបស់ទ្រង់នេះតាមពេលវេលានិងតាមផ្លូវរបស់ព្រះអង្គទេ។ ព្រះបានពន្យារពេលដើម្បីសាកល្បងជំនឿរបស់គាត់ប៉ុន្តែគាត់បានបរាជ័យក្នុងការអត់ទ្រាំនឹងការសាកល្បងនេះ។ PPKh1 117.1

នៅក្នុងវ័យចំណាស់របស់គាត់ នាងសារ៉ាបានស្នើផែនការមួយដើម្បីឱ្យបានសម្រេចគោលបំណងរបស់ព្រះ គឺឱ្យលោកអ័ប្រាហាំយកអ្នកបម្រើស្រីម្នាក់ធ្វើជាប្រពន្ធទីពីរ។ ការមានប្រពន្ធច្រើនត្រូវបានគេលែងចាត់ទុកថាជាអំពើបាបទៀតហើយ ប៉ុន្តែ វាជាការបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះ ហើយបានបំផ្លាញភាពបរិសុទ្ធ និងសេចក្តីសុខសាន្តនៅក្នុងគ្រួសារឱ្យវិនាសសូន្យសុង។ ការរៀបការរបស់លោកអ័ប្រាហាំជាមួយនឹងនាងហាការនាំឱ្យមានរឿងអាក្រក់កើតឡើង មិនត្រឹមតែដល់គ្រួសាររបស់គាត់ទាំងមូលប៉ុណ្ណោះ ទេ តែថែមទាំងដល់មនុស្សជំនាន់ក្រោយទៀតផង។ PPKh1 117.2

ដោយជោរនឹងតួនាទីថ្មី ជាប្រពន្ធរបស់លោកអ័ប្រាហាំ និងដោយសង្ឃឹមថានឹងក្លាយជាម្តាយនៃសាសន៍ដ៏ធំដែលចេញពីពូជអំបូររបស់លោក នាងហាការចាប់តាំងមានអំនួតឡើង។ ការច្រណែនរវាងនាងសារ៉ា និងហាការ បានបំផ្លាញដល់គ្រួសារមួយដែលធ្លាប់តែមានសេចក្តីសុខសាន្ត។ ដោយធុញទ្រាន់នឹងស្តាប់ការត្អូញត្អែររបស់ប្រពន្ធទាំងពីរ លោកអ័ប្រាហាំបានព្យាយាមស្តារភាពសុខដុមរមនាឡើងវិញដែរ តែមិនមានជោគជ័យឡើយ។ ទោះបីជានាងសារ៉ាបានជំរុញឱ្យគាត់រៀបការជាមួយនឹងនាងហាការក៏ដោយ ឥឡូវនេះនាងបន្ទោសថាគាត់ជាអ្នកមានកំហុសដែរ។ នាងចង់បំបរបង់ គូប្រជែងរបស់នាងចេញ។ ប៉ុន្តែ លោកអ័ប្រាហាំមិនព្រមឱ្យគាត់ធ្វើដូច្នេះឡើយ ព្រោះនាងហាការជាម្តាយនៃកូនរបស់គាត់ ដែលគាត់ស្រឡាញ់ថា ជាកូនតាមសេចក្តីសន្យារបស់ព្រះ។ នាងហាការគឺជាអ្នកបម្រើរបស់នាងសារ៉ា ហើយទោះជាយ៉ាងនេះក៏ដោយ ក៏លោកអ័ប្រាហាំនៅតែឱ្យនាងនៅក្រោមការត្រួតត្រារបស់ចៅហ្វាយស្រីនាងដែរ។ “នោះសារ៉ាយក៏ប្រព្រឹត្តដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ”។ PPKh1 118.1

នាងបានធ្វើដំណើរទៅកាន់វាលរហោស្ថាន។ នៅពេលដែលនាងបានសម្រាកយ៉ាងត្រមង់ត្រមោចតែម្នាក់ឯងគ្មានមិត្តភក្តិនៅក្បែរក្បាលទឹកមួយ ទេវតាមបានលេចមកឯនាង។ ហៅនាងថា “នែហាការបាវសារ៉ាអើយ” លោកមានបន្ទូលថា “ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ”។ ហើយដោយមានពាក្យបន្ទោសលាយឡំនឹងពាក្យលើកទឹកចិត្ត ទេវតាបានបន្តថា “ព្រះយេហូវ៉ា ទ្រង់ជ្រាបពីសេចក្តីទុក្ខលំបាករបស់ឯង” “អញនឹងចម្រើនពូជឯង ឱ្យមានសន្ធឹកឥតគណនា”។ ទេវតាបានប្រាប់នាងឱ្យដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដែលមានន័យថា “ព្រះយេហូវ៉ាទ្រង់ជ្រាប”។ PPKh1 118.2

នៅពេលលោកអ័ប្រាហាំមានអាយុជិតមួយរយឆ្នាំ ព្រះបានរំឭកពីសេចក្តីសន្យាម្តងទៀតថាគាត់នឹងមានកូន “សារ៉ាប្រពន្ធឯងនឹងបង្កើតកូនឱ្យឯងមែន ហើយឯងត្រូវឱ្យឈ្មោះថាអ៊ីសាក អញនឹងតាំងសញ្ញានឹងវា ទុកជាសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច សម្រាប់ពូជវាតរៀងទៅ” ទ្រង់មានបន្ទូលថា “ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើលអញបានឱ្យពរដល់វា ហើយវានឹងបានត្រឡប់ . . . ជានគរយ៉ាងធំមួយ”។ PPKh1 118.3