ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រិស្តយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ៦:២៣ PPKh3 72.2
នៅពេលដែលកងទ័ពបានចេញទៅប្រយុទ្ធ លោកអេលីបានស្នាក់នៅឯស៊ីឡូរ។ គាត់បានទន្ទឹងរង់ចាំលទ្ធផលនៃសង្រ្គាមនេះទាំងភ័យខ្លាច “ដ្បិតលោកមានចិត្តភ័យញ័រ ដោយព្រោះហិបនៃព្រះជាខ្លាំង”។ គាត់បានអង្គុយនៅខាងក្រៅច្រកទ្វាររោងឧបោសថ មួយថ្ងៃហើយមួយថ្ងៃទៀត រង់ចាំដំណឹងពីសមរភូមិយ៉ាងអន្ទះសា។ PPKh3 72.3
ទីបំផុត បុរសម្នាក់មកពីអំបូរបេនយ៉ាមីន “មានសម្លៀកបំពាក់រហែករហួរ ហើយមានដីនៅលើក្បាលផង” បានរត់មកកាន់ទីក្រុងយ៉ាងប្រញាប់ រៀបប្រាប់ដល់ហ្វូងមនុស្សដែលកំពុងរង់ចាំយ៉ាងអន្ទះសា ពីដំណឹងនៃការបរាជ័យនោះ។ សំឡេងទួញថ្ងូរនិងទ្រហោយំបានឮដល់លោកអេលីដែលនៅក្បែររោងឧបោសថ។ អ្នកនាំសារបានចូលទៅឯគាត់ រួចនិយាយថា “អ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខពួកភីលីស្ទីន និងមានការបរាជ័យយ៉ាងធ្ងន់នៅក្នុងចំណោមប្រជាជន។ កូនប្រុសទាំងពីររបស់អ្នកគឺហូបនីនិងភីនេហាសផងដែរបានស្លាប់”។ លោកអេលីអាចទ្រាំបានជាមួយនឹងដំណឹងគួរឱ្យរន្ធត់នេះដ្បិតលោកបានរំពឹងទុកថា នឹងមានការអាក្រក់បែបនេះជាមុនរួចមកហើយ។ ប៉ុន្តែ នៅពេលដែលអ្នកនាំសារនោះបានបន្ថែមថា “ឯហិបនៃព្រះ គេក៏បានចាប់យកទៅហើយ” ការព្រួយបារម្ភយ៉ាងក្រៃលែងបានធ្លាក់ទៅលើទឹកមុខរបស់គាត់។ គំនិតដែលថាអំពើបាបរបស់គាត់បានបន្ទាបព្រះ ហើយបានធ្វើឱ្យទ្រង់ដកព្រះវត្តមានរបស់ទ្រង់ចេញពីសាសន៍អ៊ីស្រាអែល គឺជាបន្ទុកយ៉ាងធ្ងន់ ដែលគាត់មិនអាចទ្រាំទ្របាន។ លោកដួលផ្ងារ ធ្លាក់ចុះពីជើងម៉ា “បាក់កស្លាប់ទៅ”។ PPKh3 72.4
ប្រពន្ធរបស់លោកភីនេហាសជាអ្នកកោតខ្លាចព្រះ។ ការស្លាប់នៃឪពុកក្មេកនិងប្ដីរបស់នាង ជាពិសេសដំណឹងអាក្រក់ដែលថាហិបរបស់ព្រះជាម្ចាស់ត្រូវបានគេនាំយកទៅ បានបណ្តាលឱ្យនាងស្លាប់។ នាងបានគិតថាក្ដីសង្ឃឹមចុងក្រោយរបស់អ៊ីស្រាអែលត្រូវបានរលាយបាត់បង់ហើយ។ នាងបានឱ្យឈ្មោះដល់កូនដែលកើតនៅពេលដ៏រន្ធត់នេះថា “អ៊ីកាបូឌ” ឬ “គ្មានសិរីល្អ” នាងបានរំឭកពាក្យនេះនៅក្នុងដង្ហើមចុងក្រោយបង្អស់របស់នាងទាំងទុក្ខសោកថា “សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ពីព្រោះគេបានចាប់យកហិបនៃព្រះទៅ”។ PPKh3 73.1
ប៉ុន្តែ ព្រះជាម្ចាស់មិនបានបោះបង់រាស្រ្តរបស់ទ្រង់ចោលទាំងស្រុងនោះទេ ហើយទ្រង់បានប្រើហិបនេះដើម្បីដាក់ទោសដល់សាសន៍ភីលីស្ទីន។ ព្រះវត្តមានរបស់ព្រះដែលមនុស្សមើលមិនឃើញបាននៅជាមួយ នឹងហិបនោះ ដើម្បីនាំយកការអាក្រក់និងការបំផ្លិចបំផ្លាញដល់អ្នកដែលបានបំពានលើក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ទ្រង់។ មនុស្សអាក្រក់អាចមានជ័យជម្នះមួយ រយៈ ខណៈដែលពួកគេបានឃើញសាសន៍អ៊ីស្រាអែលទទួលការផ្តន្ទាទោស ប៉ុន្តែ នឹងមានពេលវេលាមកដល់ ដែលពួកគេត្រូវទទួលការកាត់ទោសពីព្រះដ៏បរិសុទ្ធ ដែលស្អប់អំពើបាប ដូចគ្នាវិញដែរ។ PPKh3 73.2
នៅក្នុងជោគជ័យនេះ កងទ័ពភីលីស្ទីនបានយកហិបនៃព្រះទៅក្រុងអាសដូឌ ហើយបានដាក់នៅក្នុងវិហារនៃព្រះដាកុនរបស់គេ។ ពួកគេបានពិចារណាថា អំណាចដែលបានយាងមកជាមួយនឹងហិបនេះនឹងក្លាយជារបស់ពួកគេ ហើយថាការរួមបញ្ចូលអំណាចនេះជាមួយនឹងអំណាចរបស់ព្រះដាកុននោះ នឹងធ្វើឱ្យពួកគេខ្លាំងពូកែ មិនអាចអ្នកណាយកឈ្នះបានឡើយ។ PPKh3 74.1
ប៉ុន្តែ នៅពេលដែលពួកគេបានចូលទៅក្នុងព្រះវិហារនៅថ្ងៃស្អែកឡើង ពួកគេបានឃើញទស្សនីយភាពមួយដែលធ្វើឱ្យពួកគេមានពេញទៅដោយការខកចិត្តនិងការភាន់ភាំង។ ព្រះដាកុនបានដួលផ្កាប់មុខនៅចំពោះហិបរបស់ព្រះ។ សង្ឃរបស់គេបានលើករូបសំណាកនេះឡើងដោយគោរព ដាក់ទៅកន្លែងដើមវិញ។ PPKh3 74.2
ប៉ុន្តែ ព្រឹកឡើង ពួកគេបានឃើញព្រះរបស់គេបាក់បែកយ៉ាងចំឡែក ហើយដួលដល់ដី នៅចំពោះហិបនោះម្តងទៀត។ ព្រះនោះមានផ្នែកខាងលើដូចជាមនុស្ស ហើយខាងក្រោមដូចជាត្រី។ ឥឡូវនេះ ផ្នែកខាងលើដែលមានលក្ខណៈដូចជាមនុស្ស ត្រូវបានកាត់ផ្តាច់ ហើយនៅសល់តែខាងក្រោមដែលមានរាងដូចជាត្រីប៉ុណ្ណោះ។ ពួកសង្ឃនិងពួកប្រជាជនបានភ័យរន្ធត់ ដោយបានឃើញសញ្ញានៃប្រផ្នូលអាក្រក់ ដែលប្រាប់ឱ្យដឹងពីការវិនាសរបស់ពួក បណ្តាជននិងព្រះរបស់គេ នៅចំពោះព្រះនៃសាសន៍ហេព្រើរយ៉ាងដូច្នេះ។ ពួកគេបានយកហិបនោះចេញពីព្រះវិហារ ទៅដាក់ក្នុងអគារមួយដាច់ដោយឡែក។ PPKh3 74.3
ប្រជាជនដែលរស់នៅក្នុងក្រុងអាសដូឌត្រូវបានយាយីដោយការឈឺចាប់និងជំងឺយ៉ាងធ្ងន់ធ្ងរ។ ដោយនឹកចាំពីសេចក្តីវេទនាដែលបានធ្លាក់មកលើស្រុកអេស៊ីព្ទ ពួកបណ្តាជនបានស្តីបន្ទោសគ្នាទៅវិញទៅមក ដោយសារវត្តមាននៃហិបរបស់ព្រះ ពីព្រោះទុក្ខលំបាករបស់ពួកគេ។ ពួកគេបានសម្រេចចិត្តយកហិបនេះទៅកាន់ក្រុងកាដ។ ប៉ុន្តែ ជំងឺដ៏សាហាវនោះបានទៅតាមដល់ទីនោះទៀត ហើយប្រជាជននៅក្រុងនោះបានបញ្ជូនហិបទៅក្រុង អេក្រុន។ នៅទីនេះពួកបណ្តាជនបានទទួលហិបដោយសម្រែកនៃការភ័យខ្លាចថា “គេបានយកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលមកឯយើង ដើម្បីនឹងសម្លាប់យើង និងពួកយើងផងហើយ!” ការងារនៃការបំផ្លាញនេះបានបន្តរហូតដល់ “សូរសម្រែកនៅទីក្រុងនោះ ក៏ឮរហូតដល់ផ្ទៃមេឃ”។ PPKh3 75.1