ខព្រះគម្ពីរប្រចាំថ្ងៃ ៖ អ្នកណាដែលស្តាប់តាមសេចក្តីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្តីបន្ទោស នោះហៅថា វង្វេងវិញ។ សុភាសិត ១០:១៧ PPKh3 69.1
ប៉ុន្ដែ លោកអេលីមិនបានបង្ហាញពីការកែប្រែចិត្ដពិតប្រាកដទេ។ គាត់ក៏មិនបានបោះបង់ចោលការពិតនៃអំពើបាបរបស់គាត់ដែរ។ ព្រះជាម្ចាស់បាន ពន្យារការជំនុំជម្រះដ៏គួរឱ្យភ័យខ្លាចរបស់ទ្រង់មួយឆ្នាំហើយមួយឆ្នាំទៀត។ លោកអេលីអាចធ្វើការបានច្រើនដើម្បីសង្គ្រោះការបរាជ័យពីអតីតកាលរបស់គាត់ តែសង្ឃចំណាស់នេះមិនបានធ្វើអ្វីដែលមានប្រសិទ្ធភាព ដើម្បី កែតម្រង់ការអាក្រក់ដែលបានបង្ខូចរោងឧបោសថរបស់ព្រះ ហើយបាននាំរាស្រ្តអ៊ីស្រាអែលរាប់ពាន់ឱ្យត្រូវបំផ្លាញផងនោះទេ។ ការអត់ធ្មត់របស់ព្រះបាន បណ្តាលឱ្យហូបនីនិងភីនេហាសមានចិត្តរឹងរូស និងកាន់តែព្រហើន ហ៊ានបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះ ខ្លាំងឡើងៗ។ PPKh3 69.2
លោកអេលីបានប្រាប់ដល់ប្រជារាស្រ្តក្នុងនគរទាំងមូល អំពីសារនៃការព្រមាននិងការស្តីបន្ទោសដល់គ្រួសាររបស់គាត់។ តាមមធ្យោបាយនេះ សង្ឃរូបនេះគិតថានឹងស្តារឥទ្ធិពលអាក្រក់នៃការធ្វេសប្រហែសពីអតីតកាលរបស់គាត់បាន។ ប៉ុន្ដែ ពួកបណ្តាជនមិនយកចិត្តទុកដាក់នឹងការព្រមានដែលគាត់បានប្រកាសនោះឡើយ។ ពួកមនុស្សដែលនៅក្នុងនគរជុំវិញ ក៏កាន់តែក្លាហាននៅក្នុងការថ្វាយបង្គំរូបព្រះ និងប្រព្រឹត្តអំពើឧក្រិដ្ឋឥតខ្លាចរអាដែរ។ ពួកគេមិនបានដឹងអំពីពិរុទ្ធភាពនៃអំពើបាបរបស់គេទេ ខណៈដែលពួកគេនឹងបាន ប្រសិនបើរាស្រ្តអ៊ីស្រាអែលបានរក្សាសេចក្តីសុចរិតរបស់ខ្លួននោះ។ ព្រះជាម្ចាស់ចំាបាច់ត្រូវតែធ្វើអន្តរាគមន៍ដើម្បីរក្សាកិត្តិនាមរបស់ទ្រង់។ PPKh3 70.1
“រីឯសាសន៍អ៊ីស្រាអែល គេលើកគ្នាចេញទៅច្បាំងនឹងពួកសាសន៍ ភីលីស្ទីន បោះទ័ពនៅជិត អេបេន-អេសើរ ឯពួកភីលីស្ទីនក៏បោះទ័ពនៅត្រង់អាផែក”។ សាសន៍អ៊ីស្រាអែលបានបំពេញបេសកកម្មនេះដោយគ្មានការប្រឹក្សាយោបល់ពីព្រះ ឬការយល់ព្រមពីសំណាក់សម្តេចសង្ឃឬហោរាទេ។ PPKh3 70.2
“ពួកភីលីស្ទីនគេតម្រៀបទ័ពប្រទល់នឹងអ៊ីស្រាអែល រួចកាលគេបានចូលប្រឡូកតដៃគ្នា នោះពួកអ៊ីស្រាអែលបានចាញ់នៅមុខគេ ហើយគេវាយសម្លាប់ពលទ័ពនៅវាល អស់ប្រហែលជា៤ពាន់នាក់”។ កាលកងទ័ពដែលកំពុងបែកខ្ញែកគ្នាទាំងបាក់ទឹកចិត្តនេះបានវិលត្រឡប់ទៅជំរំរបស់ពួកគេវិញ “នោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលជំនុំគ្នាថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់វាយយើង នៅចំពោះមុខពួកភីលីស្ទីនក្នុងថ្ងៃនេះដូច្នេះ?” ពួកគេមិនបានមើលឃើញថា ដោយព្រោះតែអំពើបាបរបស់ពួកគេផ្ទាល់ទេ ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយគួរឱ្យខ្លាចនេះកើតឡើងដូច្នេះ។ PPKh3 70.3
ហើយពួកគេបាននិយាយថា “ចូរយើងនាំយកហិបសញ្ញារបស់ ព្រះយេហូវ៉ា ពីស៊ីឡូរមកឯយើង ដើម្បីឱ្យនៅកណ្តាលពួកយើង ហើយជួយសង្គ្រោះយើង ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ”។ ព្រះជាម្ចាស់មិនបានត្រាស់បង្គាប់ឬអនុញ្ញាតឱ្យយកហិបសញ្ញាចូលទៅក្នុងជួរកងទ័ពទេ។ តែពួកអ៊ីស្រាអែលមានទំនុកចិត្តថាជ័យជម្នះនឹងក្លាយជារបស់ពួកគេ ហើយពួកគេ ស្រែកឡើងជាខ្លាំង នៅពេលដែលកូនលោកអេលីបានសែងហិបសញ្ញានេះមកដល់។ PPKh3 70.4
កងទ័ពភីលីស្ទីនបានចាត់ទុកថាហិបនោះ គឺជាព្រះនៃសាសន៍ អ៊ីស្រាអែល។ ពួកគេបាននិយាយថា “តើសូរស័ព្ទសម្រែកជាខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរជាយ៉ាងណាហ្ន៎? នោះក៏យល់ឃើញថា ហិបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ។ ដូច្នេះ ពួកភីលីស្ទីនមានសេចក្តីភ័យ ដោយថា “ព្រះបានយាងមកក្នុងទីបោះទ័ពគេ!” ហើយ រួចក៏ថា “វរហើយយើងរាល់គ្នា . . . គឺព្រះទាំងប៉ុន្មាននេះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថានដោយសេចក្តីវេទនាគ្រប់យ៉ាង។ ឱពួកភីលីស្ទីន អើយ ចូរខំប្រឹងឡើង ហើយសម្រេចខ្លួនឱ្យពេញជាមនុស្សចុះ ដើម្បីកុំឱ្យយើងត្រូវធ្លាក់ទៅជាបាវបម្រើនៃពួកហេព្រើរ ដូចជាគេបានធ្វើជាបាវបម្រើដល់យើងនោះឡើយ ចូរសម្រេចខ្លួនឱ្យពេញជាមនុស្ស ហើយតដៃនឹងគេចុះ!” PPKh3 71.1
ទ័ពភីលីស្ទីនបានធ្វើការវាយប្រហារយ៉ាងខ្លាំង បណ្តាលឱ្យមានមនុស្ស ស្លាប់ជាច្រើន។ មនុស្សដួលស្លាប់ចំនួនបីម៉ឺននាក់នៅក្នុងសមរភូមិ ហើយហិបរបស់ព្រះយេហូវ៉ាក៏ត្រូវគេនាំយកទៅ។ កូនប្រុសរបស់លោកអេលីទាំងពីរនាក់ក៏បានស្លាប់ ខណៈដែលខំប្រយុទ្ធដើម្បីការពារហិបនោះ។ PPKh3 71.2
គ្រោះមហន្ដរាយគួរឱ្យភ័យខ្លាចបំផុត បានធ្លាក់មកលើសាសន៍ អ៊ីស្រាអែល។ ហិបរបស់ព្រះជាម្ចាស់បានធ្លាក់ទៅក្នុងដៃរបស់ខ្មាំងសត្រូវ។ និមិត្តរូបនៃការនៅជាប់ជាមួយនឹងព្រះវត្តមាននៃអំណាចរបស់ព្រះយេហូវ៉ាបានបាត់បង់ទៅហើយ។ នៅក្នុងសម័យអតីតកាល ជ័យជម្នះដ៏អស្ចារ្យតែងតែកើតឡើង នៅពេលណាដែលគេឃើញមាននិមិត្តរូបនេះ។ គេមើលឃើញនិមិត្តសញ្ញានៃព្រះដ៏ខ្ពស់បំផុត នៅលើទីបរិសុទ្ធ។ ប៉ុន្តែ ឥឡូវនេះនិមិត្តរូបនេះមិនបាននាំមកនូវជ័យជម្នះទៀតទេ ហើយនៅទីនោះមានការយំទួញ នៅទូទាំងសាសន៍អ៊ីស្រាអែល។ PPKh3 71.3
ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងហិបសញ្ញា ជានិមិត្តរូប នៃព្រះវត្តមានរបស់ទ្រង់ ប៉ុន្តែ ពួកគេបានបង្ហាញការមិនគោរពដល់បញ្ញត្តិទាំងឡាយ ហើយបានធ្វើឱ្យព្រះវិញ្ញាណនៃព្រះជាម្ចាស់ព្រួយព្រះទ័យ ហើយលែងគង់នៅជាមួយពួកគេ។ នៅពេលដែលមនុស្សមិនបានថ្វាយកិត្ដិយស ដល់បំណងព្រះហឫទ័យរបស់ព្រះ ដោយការគោរពដល់ក្រឹត្យវិន័យរបស់ទ្រង់ ហិបនេះក៏មិនអាចជួយពួកគេបាន លើសពីប្រអប់ធម្មតាមួយប៉ុណ្ណោះនោះដែរ។ ពួកគេបានសម្លឹងមើលទៅហិប ដូចជាសាសន៍ដែលថ្វាយបង្គំរូបព្រះ បានសម្លឹងមើលទៅឯរូបព្រះរបស់ពួកគេដូច្នោះដែរ។ ពួកគេបានរំលោភបំពាន ទៅនឹងក្រឹត្យវិន័យដែលមាននៅក្នុងហិបនោះ ដ្បិតការថ្វាយបង្គំហិបនោះរបស់ពួកគេ នាំឱ្យមានការកំពុតនិងការថ្វាយបង្គំរូបព្រះ។ PPKh3 72.1