Go to full page →

៣០ តុលា PPKh3 122

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែពេត្រុសនិយាយថា ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រិស្ត ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ។ កិច្ចការ ៣:៦ PPKh3 122.2

ស្ដេចសូលបានទទួលឱកាសម្តងទៀត PPKh3 122

នៅថ្ងៃដែលបានទទួលការត្រាស់បង្គាប់ឱ្យប្រឆាំងនឹងសាសន៍អាម៉ាលេក សូលបានប្រកាសសង្រ្គាមភ្លាម។ នៅពេលមានការអំពាវនាវឱ្យចូលបម្រើកងទ័ព រាស្រ្តអ៊ីស្រាអែលនាំគ្នាប្រមូលផ្តុំនៅជុំវិញបដារបស់ទ្រង់។ កងទ័ពអ៊ីស្រាអែល មិនបានទទួលកិត្តិយសនៃជ័យជម្នះ ឬជ័យភ័ណ្ឌពីសត្រូវរបស់ពួកគេទេ ប៉ុន្តែ ពួកគេបានធ្វើសង្រ្គាមនេះដោយសារការស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះមានបំណងចង់បង្ហាញឱ្យនគរទាំងអស់មើលឃើញវាសនាអាក្រក់របស់មនុស្សដែលបានមើលងាយដល់ការគ្រប់គ្រងរបស់ព្រះអង្គ។ PPKh3 122.3

“រួចសូលទ្រង់វាយពួកអាម៉ាលេកនោះ . . . ឯអ័កាក់នោះសូល និងពួកទ័ព បានទុកឱ្យនៅវិញ ព្រមទាំងសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ និងសត្វដែលធាត់ៗ ហើយកូនចៀម និងរបស់ដែលល្អទាំងប៉ុន្មានផង គេមិនព្រមបំផ្លាញឱ្យអស់រលីងទេ តែឯសត្វណាដែលស្គមស្គាំងមានតម្លៃតិច នោះគេបានបំផ្លាញចេញទាំងអស់វិញ”។ PPKh3 122.4

ជ័យជម្នះនេះបានបង្កាត់ភ្លើងអំនួតដែលជាគ្រោះថ្នាក់ដ៏ធំបំផុតរបស់ស្តេចសូល ជាថ្មីឡើងវិញ។ ដោយចិត្តអ្ទះសាចង់លើកកិត្ដិយសនៃការវិល ត្រឡប់មកវិញទាំងមានជ័យជម្នះ នោះសូលមិនញញើតនឹងយកតម្រាប់តាមទំនៀមទម្លាប់របស់នគរនានា ដែលនៅជុំវិញទ្រង់ឡើយ ហើយបានទាំងទុកជីវិតឱ្យអ័កាក់ជាស្តេចសាសន៍អាម៉ាលេកថែមទៀតផង។ ពួកបណ្តាជនរក្សាទុកនូវសត្វដែលល្អៗ ក្នុងហ្វូងចៀម ហ្វូងគោ និងសត្វដែលធាត់ៗ ហើយកូនចៀម និងរបស់ដែលល្អទាំងប៉ុន្មានទុកជារបស់គេ ហើយបិទបាំងអំពើបាបរបស់ខ្លួនដោយយកលេសថា ហ្វូងសត្វទាំងនេះទុកសម្រាប់ថ្វាយជាតង្វាយយញ្ញបូជាដល់ព្រះ តែតាមពិតពួកគេមានបំណងនឹងថ្វាយហ្វូងសត្វដែលស្គមៗរបស់គេជំនួសទៅវិញទេ។ PPKh3 123.1

ការមិនធ្វើតាមព្រះហឫទ័យរបស់ព្រះរបស់ស្តេចសូល យ៉ាងក្រអឺត- ក្រទមនេះ គឺជាភស្តុតាងបង្ហាញថា ទ្រង់មិនអាចទទួលអំណាចជាស្តេច ក្នុងឋានៈជាអ្នកគ្រប់គ្រងប្រទេសបន្ទាប់ពីព្រះបានទេ។ ខណៈដែលស្តេចសូល និងកងទ័ពរបស់ទ្រង់កំពុងដង្ហែក្បួនត្រឡប់មកផ្ទះវិញ ដោយរីករាយជាមួយជ័យជម្នះដ៏រំភើបនេះ មានការថប់បារម្ភនៅឯផ្ទះរបស់លោកសាំយូអែល។ លោកបានទទួលសារពីព្រះជាម្ចាស់មកថា “អញស្តាយណាស់ដែលបានតាំងសូលឡើង ឱ្យធ្វើជាស្តេច ដ្បិតគេបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ” លោកហោរាបានយំ ហើយអធិស្ឋានពេញមួយយប់ សូមឱ្យព្រះកែប្រែការកាត់ទោសដ៏គួរឱ្យខ្លាចនេះ។ PPKh3 123.2

ការសោកស្តាយរបស់ព្រះមិនដូចជាការសោកស្តាយរបស់មនុស្សទេ។ ការសោកស្តាយរបស់មនុស្សតម្រូវឱ្យមានការផ្លាស់ប្តូរគំនិត។ តែការសោកស្តាយរបស់ព្រះតម្រូវឱ្យមានការផ្លាស់ប្តូរបរិយាកាសនិងទំនាក់ទំនងវិញ។ មនុស្សអាចផ្លាស់ប្តូរទំនាក់ទំនងរបស់ពួកគេជាមួយព្រះ ដោយអនុវត្តតាមលក្ខខណ្ឌដែលធ្វើឱ្យគាប់ដល់ព្រះហឫទ័យរបស់ព្រះ ឬពួកគេអាចដាក់ខ្លួនគេនៅខាងក្រៅលក្ខខណ្ឌនៃការគាប់ព្រះហឫទ័យរបស់ព្រះ ដោយសកម្មភាព របស់ពួកគេផ្ទាល់។ ការមិនស្ដាប់បង្គាប់របស់ស្តេចសូលបានផ្លាស់ប្តូរទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងព្រះ ប៉ុន្តែ លក្ខខណ្ឌនៃការទទួលយករបស់ព្រះ មិនបានផ្លាស់ប្តូរទេ។ ព្រះ “មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ” (យ៉ាកុប ១:១៧)។ PPKh3 123.3

ដោយមានចិត្តឈឺចុកចាប់ ព្រឹកឡើងហោរាសាំយូអែលបានចេញដំណើរទៅជួបស្តេចដែលមិនស្តាប់បង្គាប់នេះជាបន្ទាន់។ លោកសាំយូអែលសង្ឃឹមថាស្តេចសូលអាចកែប្រែចិត្ត ហើយស្តារការគាប់ព្រះហឫទ័យដល់ព្រះជាថ្មីឡើងវិញ។ ប៉ុន្តែស្តេចសូលដែលពុករលួយដោយការមិនស្តាប់បង្គាប់ នេះបានយាងមកជួបលោកសាំយូអែល ដោយពាក្យកុហកនៅនឹងបបូរមាត់របស់ទ្រង់ថា “សូមឱ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ”។ PPKh3 124.1

“នៅពេលដែលហោរាបានសួរចំចំណុច “ចុះដូចម្តេចបានជាឮសូរសព្ទចៀម ហើយនិងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ” សូលទ្រង់ឆ្លើយថា “គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាលេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះ យើងបានបំផ្លាញអស់រលីងហើយ”។ ដើម្បីបិទបាំងខ្លួនឯង ទ្រង់សុខចិត្តបន្ទោសដល់ពួកបណ្តាជន ចំពោះអំពើបាបនៃការមិនស្តាប់បង្គាប់របស់ទ្រង់។ PPKh3 124.2