Go to full page →

៣១ តុលា PPKh3 124

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ។ អេភេសូរ ៤:៣០ PPKh3 124.3

ដំណឹងនៃការបដិសេធលែងទទួលស្គាល់សូលជាស្តេចនេះត្រូវបានឮសុះសាយពេញត្រចៀកកងទ័ពអ៊ីស្រាអែល នៅពេលដែលពួកគេបានពេញដោយអំនួតនឹងជ័យជម្នះ ដោយពួកគេបានផ្តល់កិត្តិយសដល់វីរបុរសនិងជាមេទ័ពនៃស្តេចរបស់ពួកគេ ដ្បិតស្តេចសូលមិនបានភ្ជាប់ជោគជ័យនៃសាសន៍ អ៊ីស្រាអែលនេះទៅនឹងព្រះទេ។ នៅពេលដែលហោរាបានឃើញភស្តុតាងនៃការប្រឆាំងការបះបោររបស់ស្តេចសូល នោះកំហឹងរបស់លោកបានពុះពោរឡើងដោយការតូចចិត្ត ដែលទ្រង់បានដឹកនាំរាស្រ្តអ៊ីស្រាអែលចូលទៅក្នុងអំពើបាបដូច្នេះ។ គាត់បានប្រកាសទាំងកំហឹងលាយឡំនិងទុក្ខព្រួយថា “ទូលបង្គំនឹងទូលទ្រង់ពីសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ ... ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឱ្យធ្វើជាមេលើពូជអំបូរ អ៊ីស្រាអែលទាំង ប៉ុន្មានទេឬ?” លោកបានរំឭកឡើងវិញអំពីការត្រាស់បង្គាប់របស់ព្រះ ក្នុងការបំផ្លាញសាសន៍អាម៉ាលេក និងបានបន្ទោសដល់ការមិនស្ដាប់បង្គាប់របស់ស្តេច។ PPKh3 125.1

ព្រះបាទសូលបានបង្ហាញឱ្យឃើញការបះបោររបស់ទ្រង់ PPKh3 125

ស្តេចសូលនៅតែអះអាងថាទ្រង់ត្រឹមត្រូវ “ខ្ញុំបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកផង ឯពួកសាសន៍អាម៉ាលេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជាសំខាន់ៗក្នុងរបស់ទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃលោកនៅត្រង់ គីលកាល”។ PPKh3 125.2

ហោរាបានបកស្បៃកុហកដោយពាក្យធ្ងន់ៗ និងប្រកាសកាត់ទោសជាស្ថាពរថា “តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងតង្វាយដុត ហើយនិងយញ្ញបូជា ឱ្យស្មើនឹងការស្តាប់តាមទ្រង់ឬអី មើល ដែលស្តាប់បង្គាប់ នោះ វិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត ឯសេចក្តីរឹងទទឹង នោះក៏ជាបាបដូចជាការមន្តវិជ្ជាដែរ ហើយសេចក្តីចចេសសោត ក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនិងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលទ្រង់ មិនឱ្យធ្វើជាស្តេចទៀត ដោយព្រោះទ្រង់បានបោះបង់ចោល លែងតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ”។ PPKh3 125.3

នៅពេលដែលស្ដេចបានឮការផ្តន្ទាទោសដ៏គួរឱ្យភ័យខ្លាចនេះ ទ្រង់បានស្រែកឡើងថា “ខ្ញុំមានបាបហើយ ពីព្រោះខ្ញុំបានរំលងសេចក្តីបង្គាប់នៃព្រះយេហូវ៉ា និងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបាន ស្តាប់តាមគេវិញ”។ ដោយការរន្ធត់ សូលបានទទួលស្គាល់កំហុសរបស់ទ្រង់ ប៉ុន្តែ ទ្រង់នៅតែបន្ទោសដល់ប្រជារាស្រ្តដដែល។ PPKh3 126.1

មិនមែនជាការសោកស្តាយចំពោះអំពើខុសឆ្គងរបស់ខ្លួននោះទេ តែដោយការភ័យខ្លាចចំពោះទោសទណ្ឌនៃអំពើបាបនោះប៉ុណ្ណោះ ដែលបានជំរុញឱ្យស្តេចនៃសាសន៍អ៊ីស្រាអែលអង្វរលោកសាំយូអែលថា “សូមឱ្យលោក អត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឱ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង”។ ប្រសិនបើស្តេចសូលមានការកែប្រែចិត្ដពិតប្រាកដមែន នោះទ្រង់បានលន់តួអំពើបាបរបស់ទ្រង់ជាសាធារណៈទៅហើយ ប៉ុន្តែ ការព្រួយ បារម្ភចម្បងរបស់ទ្រង់គឺដើម្បីរក្សាអំណាចរបស់ទ្រង់ និងរក្សាភាពស្មោះត្រង់របស់ប្រជារាស្រ្តប៉ុណ្ណោះ។ ទ្រង់ចង់បានកិត្តិយសនៃវត្តមានរបស់ហោរា សាំយូអែល ដើម្បីពង្រឹងឥទ្ធិពលរបស់ទ្រង់ផ្ទាល់។ PPKh3 126.2