Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការមិនចេះប៉ាន់ប្រមាណបានធ្វើឲ្យមនុស្សជាច្រើនងងឹតងងល់

    តុលាការក៏ពុករលួយ អ្នកគ្រប់គ្រងទាំងឡាយបានផុសផុល ដោយការចង់បាន ហើយគាប់ចិត្ដតែនឹងការស្រើបស្រាល។ ការមិនចេះប៉ាន់ប្រមាណបានធ្វើឲ្យមនុស្សជាច្រើនងងឹតងងល់ ធ្វើឲ្យសាតាំងគ្រប់គ្រងលើពួកគេសឹងតែទាំងស្រុងទៅហើយ។ អ្នកជំនាញច្បាប់ទាំងឡាយបានឡប់សតិ ស៊ីសំណូក វិនិច្ឆ័យមិនត្រឹមត្រូវ។ ការប្រមឹក ការសប្បាយហ៊ោកញ្ជ្រៀវ និងភាពមិនស្មោះត្រង់គ្រប់ជំពូក បានកើតឡើងក្នុងចំណោមអ្នកគ្រប់គ្រងច្បាប់។ ឥឡូវនេះសាតាំងមិនអាចគ្រប់គ្រងពិភពលោក ដោយដកយកបទគម្ពីរចេញតទៅទៀតបានទេ វាបែរមកប្រើមធ្យាបាយផ្សេងទៀតដើម្បីសម្រេចកម្មវត្ថុដដែលនេះ។ គឺការបំផ្លាញជំនឿនៅក្នុងព្រះគម្ពីរ ព្រមទាំងបំផ្លាញព្រះគម្ពីរផ្ទាល់តែម្តង។ GrHKh 106.1

    ដូចជាជំនាន់ដើមដែរ វាបានធ្វើការតាមរយៈពួកជំនុំ ដើម្បីសម្រេចផែនការរបស់វា។ ក្នុងការប្រយុទ្ធនឹងសេចក្តីពិតទាំងឡាយនៅក្នុងបទគម្ពីរដែលគេមិននិយមជឿ គេទទួលយកការបកស្រាយផ្សេងៗដែលសាបព្រោះគ្រាប់ពូជនៃសេចក្តីសង្ស័យ វិញ។ ដោយតោងជាប់ទៅនឹងសេចក្តីខុសឆ្គងរបស់ពួកជំនុំរ៉ូម៉ាំង កាតូលិក ស្តីអំពីការមិនចេះស្លាប់ និងមនុស្សស្លាប់មានព្រលឹងនៅរស់ គេច្រានចោលនូវ ការការពារតែមួយគត់ដែលប្រឆាំងនឹងការបោកបញ្ឆោតនៃវិញ្ញាណក្ខន្ធនិយម។ គោលលទ្ធិនៃការរងទុក្ខវេទនាអស់កល្បជានិច្ច បាននាំឲ្យមនុស្សជាច្រើនលែងជឿព្រះគម្ពីរ។ នៅពេលការទាមទារនៃបញ្ញត្តិទីបួនបានជំរុញដល់ពួកគេ គេយល់ឃើញថា ការគោរពថ្ងៃឈប់សំរាកនៅថ្ងៃទីប្រាំពីរ គឺជាការបង្គាប់បញ្ជា ហើយដើម្បីរំដោះខ្លួនគេពីភារកិច្ចដែលគេមិនចង់ធ្វើនោះ ពួកគ្រូល្បីៗក៏បដិសេធចោលក្រឹត្យវិន័យរបស់ព្រះ និងថ្ងៃឈប់សម្រាកជាមួយគ្នាតែម្តង។ នៅពេលការកែទម្រង់ថ្ងៃឈប់សម្រាក នៅតែបន្តទៅមុខ ការបដិសេធន៍ក្រឹត្យវិន័យរបស់ព្រះ ដើម្បីជៀសវាងពីបញ្ញត្តិទីបួនបាន រាលដាលសឹងតែពាសពេញសាកលលោកទាំងមូល។ អ្នកដឹកនាំ សាសនាបើកទ្វារឲ្យការក្បត់ជំនឿ ការជឿលើវិញ្ញាណក្ខន្ធនិយម និងសម្អប់ដល់ក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ព្រះចូលមក ដែលជាទំនួលខុសត្រូវដ៏គួរឲ្យខ្លាចមួយចំពោះអំពើទុច្ចរិតដែលមាននៅក្នុងពិភពគ្រីស្ទាន។GrHKh 106.2

    តែក្រុមនេះអះអាងថា ការបញ្ចេញច្បាប់ឲ្យគោរពថ្ងៃអាទិត្យនឹងបង្កើនសីលធម៍ដល់សង្គម។ ឧបាយកលរបស់សាតាំង មួយ គឺបង្រួមង្រួមការខុសឆ្គងជាមួយនឹងការពិតខ្លះ ឲ្យមើលទៅដូចជាការពិតគួរឲ្យជឿបាន។ អ្នកដឹកនាំចលនាថ្ងៃអាទិត្យ អាចគាំទ្រកំណែទម្រង់ដែលប្រជាជនត្រូវការ គឺគោលការដែលស្របជាមួយនឹងព្រះគម្ពីរ តែក្នុងពេលដែលមានសេចក្ដីត្រូវការមួយផ្ទុយពីក្រឹត្យវិន័យរបស់ព្រះនៅក្នុងគោលការទាំងនេះ នោះ អ្នកបំរើរបស់ទ្រង់មិនអាចរួបរួមជាមួយពួកគេបានឡើយ។ គ្មានអ្វីមួយអាចបញ្ជាក់ថាការដកយកបញ្ញត្ដិរបស់ព្រះចេញ ហើយយកច្បាប់របស់មនុស្ស មកដាក់ជំនួសវិញ គឺជាការត្រឹមត្រូវនោះឡើយ។ GrHKh 107.1

    តាមរយៈការខុសឆ្គងដ៏ធំទាំងពីរនេះ គឺអ្នកស្លាប់នៅមានព្រលឹងរស់ និងភាពបរិសុទ្ធនៃថ្ងៃអាទិត្យ នោះសាតាំងនឹងដឹកនាំមនុស្សឲ្យស្ថិតនៅក្រោមការបោកបញ្ឆោតរបស់វា។ នៅពេលដែលការខុសឆ្គងពីមុន ចាក់គ្រឹះខាងវិញ្ញាណក្ខន្ធនិយម ការខុសឆ្គងលើកក្រោយ បង្កើតចំណងមេត្រីភាពជាមួយនឹងពួកជំនុំរ៉ូម។ ពួកជំនុំប្រូតេស្ដង់នៃសហរដ្ឋអាមេរិក នឹងឈោងដៃមុនគេកាត់ឈូងសមុទ្រទៅចាប់ជាមួយនឹងពួកវិញ្ញាណក្ខន្ធនិយម។ គេនឹងឈោងរំលងជង្ហុកដ៏ធំ ទៅចាប់ដៃយ៉ាងណែនជាមួយនឹងអំណាចពួកជំនុំរ៉ូម ហើយក្រោមឥទ្ធិពលនៃការរួបរួមគ្នានៃអំណាចទាំងបីនេះ ប្រទេសនេះនឹងដើរតាមជំហានរបស់ពួកជំនុំរ៉ូម ក្នុងការជាន់ឈ្លីសិទ្ធិនៃសតិសម្បជញ្ញៈ។GrHKh 108.1

    នៅពេលវិញ្ញាណក្ខន្ធនិយមធ្វើតាមគ្រីស្ទសាសនាក្នុងសម័យនោះ វាមានអំណាចយ៉ាងខ្លាំង ដើម្បីបោកបញ្ឆោត។ សាតាំងផ្ទាល់ត្រូវបាន «ផ្លាស់ប្រែ»។ វានឹងលេចមកជាទេវតានៃពន្លឺ។ ដោយសារវិញ្ញាណក្ខន្ធនិយម ការអស្ចារ្យនឹងកើតមានឡើង អ្នកជំងឺនឹងបានជាហើយសេចក្ដីអស្ចារ្យពិតប្រាកដមិនអាច ប្រកែកបានជាច្រើន នឹងកើតឡើងផងដែរ។GrHKh 108.2

    អ្នកកាន់តាមសម្ដេចប៉ាបដែលអួតពីការអស្ចារ្យទាំងឡាយ ថាជាសញ្ញានៃពួកជំនុំពិតនឹងត្រូវបានបំភាន់យ៉ាងងាយដោយអំណាចដ៏អស្ចារ្យនេះ ហើយពួកជំនុំប្រូតេស្ដង់ដែលបានទម្លាក់ចោលខែលនៃសេចក្ដីពិត ក៏នឹងត្រូវបានគេបំភាន់ផងដែរ។ អ្នកកាន់តាមសម្ដេចប៉ាប ពួកប្រូតេស្ដង់ ហើយនិងអ្នកដើរតាមលោកិយ នឹងឃើញចលនាដ៏មហិមាមួយនៅក្នុងការរួបរួមគ្នានេះ សម្រាប់ ការបំផ្លាស់បំប្រែនៃពិភពលោកទាំងមូល។GrHKh 109.1

    តាមរយៈវិញ្ញាណក្ខន្ធនិយម សាតាំងលេចមកជាឧបការីជន របស់មនុស្ស ដោយព្យាបាលជំងឺ និងបង្ហាញនូវប្រព័ន្ធជំនឿសាសនាថ្មីមួយ ប៉ុន្ដែក្នុងពេលជាមួយគ្នានេះ វាដឹកនាំពូកបណ្ដាជនឲ្យវិនាសទៅវិញទេ។ ការមិនចេះប៉ាន់ប្រមាណបំបាត់ហេតុផល ហើយការត្រេកត្រអាល ជម្លោះ និងការកំចាយឈាម នឹងកើតមានតាមក្រោយ។ សង្រ្គាមធ្វើឲ្យមនុស្សវេទនា និងឈឺចាប់បំផុតហើយក៏បោះជនរងគ្រោះដែលប្រឡាក់ដោយ អំពើអសីលធម៌និងឈាម ទម្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អស់កល្ប។ កម្មវត្ថុរបស់សាតាំងគឺញុះញង់ប្រទេសផ្សេងៗឲ្យច្បាំងគ្នា ព្រោះធ្វើដូចនេះ វាអាចបង្វែរមនុស្សពីការរៀបចំខ្លួនរង់ចាំថ្ងៃនៃព្រះអម្ចាស់។ GrHKh 109.2

    សាតាំងបានសិក្សាអាថ៌កំបាំងនៃធម្មជាតិ ហើយវាប្រើអស់ទាំងអំណាចរបស់វាដែលព្រះទ្រង់អនុញ្ញាតឲ្យ ដើម្បីគ្រប់គ្រងធាតុទាំងឡាយ។ គឺជាព្រះទេដែលការពារមនុស្សដែលទ្រង់បានបង្កើតឲ្យរួចពីមេបំផ្លាញ។ ប៉ុន្ដែ ពិភពគ្រីស្ទានបានបង្ហាញការមិនស្តាប់បង្គាប់ចំពោះក្រឹត្យវិន័យរបស់ទ្រង់ ហើយព្រះអង្គទ្រង់នឹងធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ថាទ្រង់នឹងដកការការពាររបស់ទ្រង់ ចេញពីអ្នកដែលប្រឆាំងនឹងក្រឹត្យវិន័យរបស់ទ្រង់ ហើយបង្ខំអ្នកដទៃឲ្យធ្វើដូចខ្លួនដែរ។ សាតាំងគ្រប់គ្រងអ្នកដែលព្រះមិនការពារជាពិសេស។ វានឹងផ្គាប់ចិត្ដអ្នកទាំងនោះ ហើយនឹងធ្វើឲ្យអ្នកខ្លះចម្រុងចម្រើន ដើម្បីសម្រេចផែនការរបស់វា ហើយវានឹងធ្វើឲ្យអ្នកខ្លះរងទុក្ខ ហើយនាំមនុស្សឲ្យជឿថា អ្នកដែលកំពុងធ្វើទុក្ខទោសដល់គេគឺព្រះទៅវិញ។GrHKh 110.1

    ក្នុងពេលដែលសាតាំងលេចមកក្នុងនាមជាគ្រូពេទ្យដ៏ចំណាន ដែលអាចព្យាបាលអស់ទាំងរោគារបស់គេនោះ វានឹងនាំមកនូវជំងឺ និងសេចក្ដីអន្ដរាយ ធ្វើឲ្យទីក្រុងដែលមានប្រជាជនច្រើនបានវិនាសទៅ។ សាតាំងកំពុងប្រើអំណាចរបស់វានៅក្នុងគ្រោះថ្នាក់ផ្សងៗនៅតាមផ្លូវទឹក និងផ្លូវគោក មហាអគ្គីភ័យ ខ្យល់គួចនិងព្យុះព្រិលដ៏សាហាវ ព្យុះសង្ឃរា ទឹកជំនន់ ព្យុះកំបុតត្បូង រលករញ្ជួយព្រះធរណី ហើយនិងការរញ្ជួយផែនដីក្នុងទម្រង់រាប់ពាន់។ វាបំផ្លាញចម្រូតដែលមានស្រូវទុំពេញស្រែ ហើយនាំមកនូវអំណត់និងទុក្ខវេទនាមកជំនួសវិញ។ វាបំពុលខ្យល់អាកាសឲ្យកខ្វក់យ៉ាងធ្ងន់ធ្ងរ ហើយមនុស្សរាប់ពាន់ នាក់បាត់បង់ជីវិត។GrHKh 110.2

    បន្ទាប់មក មេបោកនេះនឹងអន្ទងមនុស្សឲ្យទម្លាក់អស់ទាំងបញ្ហារបស់ខ្លួន ទៅលើអ្នកដែលស្ដាប់បង្គាប់តាមបញ្ញត្ដិរបស់ព្រះ ថានេះគឺជាការស្តីបន្ទោសឥតឈប់ឈរ ដល់អ្នកដែលប្រព្រឹត្តបំពាននឹងច្បាប់។ នឹងមានគេអះអាងថា មនុស្សប្រមាថដល់ព្រះ ដោយការបំពានលើថ្ងៃអាទិត្យ ហើយថាអំពើបាបនេះនឹងបាននាំមកនូវសេចក្ដីវេទនា មិនចេះចប់ឡើយ រហូតដល់មានការបង្ខំយ៉ាងតឹងរ៉ឹងឲ្យគោរពថ្ងៃអាទិត្យ។ «អ្នកដែលបំផ្លាញការគោរពថ្ងៃអាទិត្យ គឺកំពុងតែទប់ស្កាត់មិនឲ្យមានការ គាប់ព្រះហឫទ័យពីព្រះឡើងវិញ និងមិនឲ្យមានការចម្រើនលូតលាស់ហើយ»។ ដូច្នេះពាក្យដែលបានលើកចោទមកកាលពីជំនាន់ដើម ទាស់នឹងអ្នកបំរើរបស់ព្រះនឹងត្រូវមានម្ដងទៀត។ «កាលអ័ហាប់ឃើញអេលីយ៉ាហើយ នោះទ្រង់មានបន្ទូលសួរថា ឱអ្នកដែលធ្វើឲ្យមានសេចក្ដីវេទនាដល់ពួក អ៊ីស្រាអែលអើយ តើឯងឬអី? » (ពង្សាវតារក្សត្រទី១ ១៨:១៧,១៨)។GrHKh 111.1

    អំណាចដែលធ្វើបាដិហារ្យ នឹងបញ្ចេញឥទ្ធិពលរបស់វាទាស់នឹងអ្នកដែលស្ដាប់តាមព្រះ ជាជាងស្តាប់មនុស្ស។ «ពូកវិញ្ញាណ» ទាំងឡាយនឹងថ្លែងថាព្រះបានបញ្ជូនគេមក ដើម្បីប្រាប់ពីកំហុសនៃអ្នកដែលបដិសេធថ្ងៃអាទិត្យ។ គេនឹងសោកស្តាយចំពោះភាពទុច្ចរិតដ៏ធំធេងនៃពិភពលោកនេះ ហើយនិងគាំទ្រទីបន្ទាល់របស់គ្រូសាសនាថា ស្ថានភាពនៃសីលធម៌ដែលបានអាប់ឱននោះ គឺបានបណ្ដាលមកពីការប្រមាថដល់ថ្ងៃអាទិត្យ។GrHKh 111.2

    នៅក្រោមច្បាប់របស់ពួកជំនុំរ៉ូម អ្នកដែលរងទុក្ខដោយសារដំណឹងល្អ ត្រូវបានគេចាត់ទុកថាជាអ្នកប្រព្រឹត្ដអំពើអាក្រក់ និងរួបរួមជាមួយនឹងសាតាំង។ នៅពេលអនាគតក៏ដូចគ្នាដែរ។ សាតាំងនឹងបណ្ដាលឲ្យអ្នកដែលគោរពក្រឹត្យវិន័យរបស់ព្រះ ត្រូវជាប់ចោទថាជាអ្នកនាំការជំនុំជំរះមកកាន់ផែនដី។ វាព្យាយាម ក្ដោបក្ដាប់សតិសម្បជញ្ញៈដោយការបំភិតបំភ័យ ដោយនាំអំណាច សាសនា និងអំណាចរដ្ឋឲ្យចេញច្បាប់របស់មនុស្ស ប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះ។ GrHKh 112.1

    អ្នកដែលគោរពថ្ងៃឈប់សំរាកតាមព្រះគម្ពីរ នឹងត្រូវបាន គេចាត់ទុកថាជាសត្រូវនៃច្បាប់ ដោយបំពានលើសីលធម៌នៃសង្គម ទាំងបង្កឲ្យកើតមានសង្គមឥតច្បាប់ និងអំពើពុករលួយ ព្រមទាំងធ្វើឲ្យព្រះជំនុំជំរះផែនដីទៀតផង។ គេនឹងចោទពួកនេះ ថាមិនស្មោះត្រង់ចំពោះរដ្ឋាភិបាល។ ពួកគ្រូគង្វាលដែលបដិសេធ កាតព្វកិច្ចនៃការគោរពក្រឹត្យវិន័យរបស់ព្រះនឹងអធិប្បាយ ចេញពីអាសនា នូវភារកិច្ចនៃការស្ដាប់បង្គាប់តាមច្បាប់ស៊ីវិល។ នៅក្នុង រដ្ឋសភាដែលជាកន្លែងនីតិបញ្ញត្តិនិងនៅក្នុងតុលាការ អ្នកគោរព ក្រឹត្យវិន័យនឹងត្រូវគេពិន័យ នឹងត្រូវបានជាប់ទោស។ ពាក្យសំដីនិងគោលបំណងរបស់គេនឹងត្រូវបានគេមូលបង្កាច់។GrHKh 112.2

    អ្នកមានតំណែងខ្ពស់ក្នុងព្រះវិហារ និងក្នុងរដ្ឋនឹងរួបរួមគ្នាដើម្បីបញ្ចុះបញ្ចូល ឬបង្ខំជនគ្រប់រូបឲ្យគោរពថ្ងៃអាទិត្យ។ សូម្បីតែនៅប្រទេសអាមេរិកជាប្រទេសសេរីក៏អ្នកគ្រប់គ្រង និងអ្នកបង្កើតច្បាប់នឹងចុះចូលទៅតាមសំណូមពរនៃមនុស្សភាគច្រើន ដោយព្រោះពួកគេទាមទារឲ្យបង្កើតច្បាប់មួយ ដែលបង្ខំឲ្យមានការគោរពថ្ងៃអាទិត្យដែរ។ ការដែលគេបានលះបង់ដ៏ធំធេងសម្រាប់សេរីភាពខាងសម្បជញ្ញៈនេះ នឹងទៅជាអសារឥតការទៅវិញ។ នៅក្នុងទំនាស់ដែលនឹងមកដល់នៅពេលឆាប់ៗនេះ យើងនឹងបានយល់យ៉ាងច្បាស់ នូវទំនាយរបស់ហោរា ដែលចែងថា៖ «នាគក៏ខឹងនឹងស្រ្ដីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជទាំងប៉ុន្មាន ជាពួកដែលកាន់តាមបញ្ញត្ដិព្រះ ហើយ មានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ» (វិវរណៈ ១២:១៧)៕GrHKh 113.1