២ តុលា
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង។ កូឡុស ១:១០..PPKh3 49.2
នេះគឺជាការផ្លាស់ប្តូរដ៏អាក្រក់បំផុត! កម្លាំងក៏ខ្សោយ ភ្នែកក៏ខ្វាក់ ត្រូវជាប់ឃុំឃាំង ត្រូវធ្វើការអាប់យស ដោយធ្វើការដូចជាអ្នកបម្រើយ៉ាងថោកទាបបំផុត! ព្រះបានអត់ធ្មត់ជាមួយនឹងគាត់យ៉ាងយូរ។ ប៉ុន្តែ នៅពេលដែលគាត់បានធ្លាក់ចូលទៅក្នុងអំពើបាបកាន់តែជ្រៅ រហូតដល់ទម្លាយអាថ៌កំបាំងរបស់គាត់ប្រាប់គេ នោះព្រះជាម្ចាស់ក៏បានចាកចេញពីគាត់។ តាមពិត មិនមានអំណាចពិសេសអ្វីនៅក្នុងសក់វែងរបស់គាត់នោះទេ ប៉ុន្តែ នេះជាសញ្ញានៃភាពស្មោះត្រង់ចំពោះព្រះ។ នៅពេលគាត់បានលះបង់ចោលនិមិត្តសញ្ញានេះ ដោយការបណ្តែតបណ្តោយទៅតាមចំណង់តណ្ហារបស់ខ្លួន ព្រះពរដែលតំណាងដោយសក់នោះក៏ត្រូវបានដកហូតចេញដែរ។ PPKh3 49.3
ក្នុងការរងទុក្ខនិងភាពអាម៉ាស់ជាការកម្សាន្តសប្បាយសម្រាប់សាសន៍ភីលីស្ទីនបែបនេះសាំសុនបានរៀនសូត្រអំពីភាពកម្សោយរបស់គាត់ ច្រើនជាងការដែលគាត់ធ្លាប់បានដឹងពីមុនមក។ ទុក្ខលំបាករបស់គាត់បាននាំឱ្យគាត់កែប្រែចិត្ដ។ នៅពេលសក់របស់គាត់បានដុះឡើងវិញ អំណាចរបស់គាត់ក៏បានត្រឡប់មកវិញបន្តិចម្តងៗដែរ។ សត្រូវរបស់គាត់បានចាត់ទុកគាត់ថាជាអ្នកទោសជាប់ច្រវ៉ាក់ម្នាក់ ហើយមិនបានគិតថាមានអ្វីគួរឱ្យភ័យខ្លាចឡើយ។ PPKh3 49.4
ការកែប្រែចិត្ត និងជោគជ័យប្រកបដោយសោកនាដកម្ម ចុងក្រោយបង្អស់របស់សាំសុន
សាសន៍ភីលីស្ទីនបានបន្តុះបង្អាប់ព្រះនៃជនជាតិអ៊ីស្រាអែលដោយអំនួត។ គេបានរៀបចំពិធីបុណ្យមួយ ដើម្បីផ្តល់កិត្តិយសដល់ព្រះដាកុន ជាព្រះត្រី។ ហ្វូងមនុស្សជាអ្នកថ្វាយបង្គំព្រះសាសន៍ភីលីស្ទីបានមកជួបជុំគ្នាពេញក្នុងព្រះវិហារដ៏ធំទូលាយ ណែនណាន់តាន់តាប់។ គឺជាឆាកនៃពិធីបុណ្យ ប្រចាំឆ្នាំដ៏សប្បាយរីករាយ។ PPKh3 50.1
បន្ទាប់មក នៅពេលដែលពួកគេកំពុងតែកោតសសើរអំណាចរបស់ព្រះដាកុនរបស់គេ គេក៏បាននាំលោកសាំសុនចូលមក។ ពួកបណ្តាជន និងមេដឹកនាំបានចំអកដល់ទុក្ខវេទនារបស់គាត់ ហើយបានលើកសរសើរដល់ព្រះរបស់គេ ជាព្រះដែលបានផ្តួលរំលំ “អ្នកដែលបានបំផ្លាញស្រុកយើង”។ មួយសន្ទុះក្រោយមក ដោយធ្វើជានឿយហត់ខ្លាំង សាំសុនបានសុំឱ្យគេដឹកដៃគាត់ទៅផ្អែកនឹងសសរកណ្តាលដែលទ្រដំបូលព្រះវិហារនោះ។ PPKh3 50.2
បន្ទាប់មក គាត់បានអធិស្ឋានដោយស្ងាត់ៗថា “ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចម្រើនកម្លាំងឱ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឱ្យទូលបង្គំបានសងសឹកដល់ពួកសាសន៍ភីលីស្ទីន”។ ជាមួយនឹងពាក្យអធិស្ឋានទាំងនេះ គាត់រុញសសរទាំងពីរដោយដៃដ៏ខ្លាំងពូកែរបស់គាត់ ហើយស្រែកថា “សូមឱ្យខ្ញុំស្លាប់ជាមួយនឹងពួក ភីលីស្ទីនចុះ!” នោះគាត់ក៏ប្រឹងយោលខ្លួនពេញកម្លាំង ហើយដំបូលនេះក៏បានរលំចុះ បំផ្លាញមនុស្សគ្រប់គ្នាមួយរំពេច ដោយសង្កត់លើហ្វូងមនុស្សយ៉ាងច្រើន។ “ដូច្នេះ ពួកមនុស្សដែលគាត់ធ្វើឱ្យស្លាប់ក្នុងកាលដែលគាត់ស្លាប់ទៅ នោះមានច្រើនជាងពួកអ្នកដែលគាត់បានសម្លាប់ពីកាលនៅរស់ទៅទៀត”។PPKh3 50.3
រូបព្រះនិងអ្នកថ្វាយបង្គំដល់រូបទាំងនោះ សង្ឃ និងអ្នកចម្បាំង និងអ្នកដែលមានត្រកូលខ្ពង់ខ្ពស់ ត្រូវបានកប់នៅក្រោមគំនរបាក់បែកនៃព្រះវិហារ របស់ព្រះដាកុន។ ហើយក្នុងចំណោមពួកគេ គឺជាមនុស្សយក្សម្នាក់ដែលព្រះជាម្ចាស់បានជ្រើសរើសឱ្យធ្វើជាអ្នករំដោះរាស្រ្តរបស់ទ្រង់។ PPKh3 51.1
ដំណឹងនេះក៏បានឮទៅដល់ទឹកដីអ៊ីស្រាអែល ហើយសាច់ញាតិរបស់ សាំសុនបានយកសពរបស់វីរបុរសរបស់គេ ដោយគ្មានការប្រឆាំងតវាអ្វីសោះឡើយ។ ពួកគេ “ក៏បញ្ចុះនៅក្នុងទីកប់ខ្មោចរបស់ម៉ាណូអា ជាឪពុក នៅជា កណ្តាលសូហារ”។PPKh3 51.2
នេះជាកំណត់ត្រានៃជីវិតដ៏អាក្រក់និងខ្មៅងងឹតរបស់សាំសុន ដែលអាចជាការសរសើរតម្កើងចំពោះព្រះ និងសិរីល្អដល់ប្រទេសជាតិ! បើសិនជាលោកសាំសុនមានចិត្ដស្មោះត្រង់ទៅនឹងការត្រាស់ហៅនៃព្រះរបស់គាត់ នោះគាត់ប្រាកដជាអាចសម្រេចគោលបំណងរបស់ព្រះ។ ប៉ុន្តែ លោកបានទោរទន់ទៅតាមការល្បួង ហើយបេសកកម្មរបស់គាត់ក្នុងការបង្ក្រាបខ្មាំងសត្រូវរបស់អ៊ីស្រាអែល ត្រូវបានសម្រេចនៅក្នុងចំណងនៃសេចក្តីស្លាប់។ PPKh3 51.3
ខាងរាងកាយសាំសុនគឺជាបុរសខ្លាំងជាងគេនៅលើផែនដីនេះ ប៉ុន្តែ នៅក្នុងការគ្រប់គ្រងខ្លួនឯងឬការដឹងខ្នាត សេចក្ដីសុចរិត និងភាពរឹងមាំ គាត់គឺជាមនុស្សខ្សោយបំផុត។ អ្នកណាដែលបានគ្រប់គ្រងដោយសេចក្តីប៉ងប្រាថ្នាថោកទាប អ្នកនោះគឺជាមនុស្សទន់ខ្សោយ។ គេវាស់វែងភាពឧដុង្គឧត្តមពិតប្រាកដ ដោយអំណាចនៃអារម្មណ៍ដែលយើងគ្រប់គ្រង មិនមែនដោយអារម្មណ៍ដែលគ្រប់គ្រងយើងទេ។ PPKh3 51.4
ពួកអ្នកដែលត្រូវបាននាំយកមកធ្វើការសាកល្បង នៅពេលដែលកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួន អាចប្រាកដថាព្រះនឹងការពារពួកគេ ប៉ុន្តែ អ្នកណាដែលមានចេតនាដាក់ខ្លួនឯងនៅក្រោមអំណាចនៃសេចក្ដីល្បួង មិនយូរមិនឆាប់ នឹងត្រូវដួលចុះ។ សាតាំងវាយប្រហារពួកយើងនៅត្រង់ចំណុចខ្សោយរបស់យើង ដោយធ្វើការតាមរយៈអត្តចរិតសៅហ្មង ដើម្បីត្រួតត្រាមនុស្សទាំងមូល។ វាដឹងថាបើយើងស្រឡាញ់ភាពសៅហ្មងនេះវានឹងទទួលបានជោគជ័យ។ PPKh3 52.1
ប៉ុន្តែ មិនមាននរណាម្នាក់ត្រូវបរាជ័យឡើយ។ ព្រះនឹងប្រទានជំនួយដល់អស់អ្នកណាដែលពិតជាចង់បាន។ ពួកទេវតារបស់ព្រះជាម្ចាស់ ដែលឡើងចុះតាមជណ្ដើរដែលលោកយ៉ាកុបបានយល់សប្តិឃើញ នឹងជួយអ្នករាល់ គ្នាដែលព្រះបានជ្រើសរើសឱ្យឡើងតាមជណ្តើរនោះ រហូតដល់ឋានសួគ៌ដ៏ខ្ពស់បំផុត។ PPKh3 52.2
*****