58 - សាលានៃពួកហោរា
១៤តុលា
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ។ អេសាយ ៤១:១០PPKh3 82.1
ព្រះបានបង្គាប់សាសន៍ហេព្រើរឱ្យប្រាប់ដល់កូនចៅរបស់ពួកគេ អំពីដំណោះស្រាយរបស់ទ្រង់ជាមួយនឹងជីដូនជីតារបស់ពួកគេ។ ពួកគេតែងតែដំណាលប្រាប់អំពីការអស្ចារ្យរបស់ព្រះ ហើយនិងសេចក្តីសន្យាអំពីព្រះដ៏ប្រោសលោះដែលនឹងយាងមក។ ការបកស្រាយបញ្ជាក់និងនិមិត្តរូបផ្សេងៗបានភ្ជាប់មេរៀនទាំងឡាយទៅក្នុងការចងចាំយ៉ាងរឹងមាំ។ គេបានបង្វឹកគំនិតយុវជនក្មេងៗឱ្យមើលឃើញព្រះ ទាំងនៅក្នុងធម្មជាតិនិងទាំងក្នុងការបើក សម្តែងនៅក្នុងព្រះបន្ទូលរបស់ព្រះ។ ផ្កាយ ដើមឈើ ផ្កា ភ្នំ ជ្រោះ ទាំងអស់នេះបាននិយាយអំពីព្រះអាទិករ។ ការថ្វាយបង្គំនៅក្នុងរោងឧបោសថ និងសាររបស់ពួកហោរាគឺជាការបើកសម្តែងរបស់ព្រះ។ PPKh3 82.2
ទាំងអស់នេះបានបង្រៀនអំពីលោកម៉ូសេនៅស្រុកកូសែន លោកសាំយូអែលដែលនាងហាណាបានថ្វាយដល់ព្រះ ស្តេចដាវីឌនៅបេថ្លេហិម លោកដានីយ៉ែលមុនពេលគេចាប់ជាឈ្លើយសឹក ដែលបំបែកគាត់ចេញពីក្រុមគ្រួសារ ព្រះគ្រិស្តនៅភូមិណាសារ៉ែត។ ទាំងអស់នេះគឺជាការបង្រៀនដែលកុមារធីម៉ូថេបានទទួលពីជីដូនរបស់គាត់ គឺលោកយាយឡូអ៊ីស និងម្តាយ របស់គាត់ឈ្មោះអឺនីស។ (ធីម៉ូថេទី២ ១:៥; ៣:១៥) ។PPKh3 82.3
សាលារៀននៃពួកហោរាបានផ្តល់នូវឱកាសបន្ថែមទៀត សម្រាប់ការណែនាំដល់យុវជនក្មេង។ ប្រសិនបើអ្នកជាមនុស្សវ័យក្មេងៗចង់ស្វែងយល់ពីសេចក្តីពិត ឱ្យបានកាន់តែស៊ីជម្រៅ ដើម្បីឱ្យក្លាយជាគ្រូបង្រៀននៃសាសន៍PPKh3 83.1
អ៊ីស្រាអែល សាលារៀនទាំងនេះបើកចំហសម្រាប់ពួកគេ។ លោកសាំយូអែល បានបង្កើតសាលាហោរានេះឡើង សម្រាប់ធ្វើជារបាំងប្រឆាំងទាស់នឹងអំពើពុករលួយដ៏រីករាលដាល ដើម្បីផ្តល់នូវសុខុមាលភាពខាងសីលធម៌និងខាងព្រលឹងវិញ្ញាណដល់យុវវ័យ និងលើកតម្កើងភាពរុងរឿងនៃប្រទេសជាតិ ដោយផ្ដល់មេដឹកនាំនិងទីប្រឹក្សាដែលមានសមត្ថភាព។ លោកបានទាក់ទាញយុវជនដែលចេះគោរពប្រណិប័តន៍ ឆ្លាតវាងវៃ និងឧស្សាហ៍រៀនសូត្រ។ គាត់បានហៅពួកគេទាំងអស់នេះថាជាកូននៃហោរា។ ពួកគ្រូបង្រៀនគឺជាអ្នកដែលបានដឹងច្បាស់អំពីសេចក្តីពិតរបស់ព្រះ មានការប្រស្រ័យទាក់ទងជាមួយ ព្រះដោយខ្លួនឯងបានល្អ និងជាអ្នកបានទទួលព្រះវិញ្ញាណរបស់ព្រះ។ ពួកគេទទួលបានការគោរពនិងទំនុកចិត្តពីពួកបណ្តាជន។PPKh3 83.2
នៅសម័យលោកសាំយូអែលមានសាលាបែបនេះពីរ មួយនៅភូមិ រ៉ាម៉ា ហើយមួយទៀតនៅគារយ៉ាត់យ៉ារីម។ សាលាផ្សេងៗទៀតត្រូវបានគេបង្កើតឡើងនៅពេលក្រោយមកទៀត។ PPKh3 83.3
សិស្សរៀននៅសាលានោះត្រូវឧបត្ថម្ភខ្លួនឯង ដោយធ្វើការងារកសិកម្ម ឬសិប្បកម្មផ្សេងៗ។ នៅក្នុងប្រទេសអ៊ីស្រាអែល អ្នកដែលបណ្តោយកូនឱ្យធំឡើងដោយមិនមានជំនាញអ្វីមួយ ត្រូវបានគេចាត់ទុកជាអំពើឧក្រិដ្ឋកម្ម។ កុមាររាល់រូបត្រូវតែរៀនមុខវិជ្ជាជីវៈអ្វីមួយ ទោះបីជាអ្នកនោះត្រូវទទួលការអប់រំសម្រាប់ការងារបរិសុទ្ធក៏ដោយ។ គ្រូបង្រៀនខាងសាសនាជាច្រើនបានឧបត្ថម្ភខ្លួនឯងដោយរបរសិប្បកម្មឬហត្ថកម្ម។ ទោះបីនៅសម័យក្រោយតមកទៀតក៏ដោយ សាវកប៉ុលនិងលោកអគីឡាបានប្រកបរបរចិញ្ចឹមជីវិតជាជាងធ្វើតង់។ PPKh3 83.4
ក្រឹត្យវិន័យរបស់ព្រះ ប្រវត្តិសាស្រ្តដ៏ពិសិដ្ឋ ចម្រៀងបរិសុទ្ធ និងកំណាព្យ គឺជាមុខវិជ្ជាចម្បងនៃការសិក្សានៅក្នុងសាលាទាំងនេះ។ ការបង្រៀនខុសគ្នាពីការបង្រៀននៅសាលាទេវវិជ្ជា (សាលាព្រះគម្ពីរ) នៅពេលបច្ចុប្បន្ននេះ ដែលនិស្សិតជាច្រើនបានបញ្ចប់ការសិក្សារួចហើយមានការយល់ដឹងអំពីព្រះ និងសេចក្ដីពិតខាងសាសនាតិចជាងមុនពេលដែលគេបានចូលរៀនដំបូង។ គោលបំណងនៃការសិក្សាទាំងអស់គឺរៀនអំពីព្រះហឫទ័យនៃព្រះ និងពីកាតព្វកិច្ចរបស់មនុស្សចំពោះព្រះ។ ក្នុងប្រវត្តិសាស្រ្តដ៏ពិសិដ្ឋ និស្សិតត្រូវដើរតាមជំហានព្រះយេហូវ៉ា។ សេចក្តីពិតយ៉ាងអស្ចារ្យបានបង្ហាញ ដោយនិមិត្តសញ្ញានៅក្នុងរោងឧបោសថ ត្រូវបានគេមើលឃើញ ហើយជំនឿឈរនៅត្រង់ចំណុចប្រសព្វនៃប្រព័ន្ធតង្វាយយញ្ញបូជា គឺកូនចៀមរបស់ព្រះដែលលោះបាបមនុស្សលោក។ PPKh3 84.1
គេបង្រៀននិស្សិតឱ្យចេះអធិស្ឋាន ឱ្យចេះទាក់ទងជាមួយនឹងព្រះអាទិករ និងឱ្យចេះអនុវត្តសេចក្ដីជំនឿទៅលើព្រះ និងឱ្យយល់និងស្តាប់បង្គាប់តាមការបង្រៀនរបស់ព្រះវិញ្ញាណរបស់ទ្រង់។ ព្រះវត្តមាននៃព្រះវិញ្ញាណរបស់ព្រះមានភស្តុតាងនៅក្នុងបទទំនាយ ហើយនិងចម្រៀងដ៏ពិសិដ្ឋ។ PPKh3 84.2
ការលើកកម្ពស់ដល់ចម្រៀងដែលបានបង្រៀន
ភ្លេងនិងចម្រៀងត្រូវបានគេបង្កើតឡើងដើម្បីលើកម្ពស់គំនិត ទៅរកអ្វីដែលបរិសុទ្ធនិងខ្ពង់ខ្ពស់ និងដើម្បីដាស់ស្មារតីដល់ការថ្វាយបង្គំនិងដឹងគុណ ចំពោះព្រះ នៅក្នុងព្រលឹង។ ប៉ុន្តែ មនុស្សជាច្រើនបានប្រើប្រាស់អំណោយនេះដើម្បីលើកតម្កើងខ្លួនឯង ជំនួសឱ្យការថ្វាយសិរីល្អទៅព្រះទៅវិញ! ការស្រឡាញ់តន្ត្រីបានក្លាយទៅជាភ្នាក់ងារដ៏មានប្រសិទ្ធភាពបំផុត ដែលសាតាំង បានប្រើដើម្បីទាក់ទាញគំនិតមនុស្ស ឱ្យងាកចេញឆ្ងាយពីកាតព្វកិច្ចនិងពីការគិតគូរពីជីវិតអស់កល្ប ។ PPKh3 84.3