២៦ តុលា
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័ត្ននឹងផ្លូវប្រព្រឹត្តរបស់ខ្លួន នោះនឹងត្រូវស្លាប់វិញ។ សុភាសិត ១៩:១៦PPKh3 113.3
ហេតុផលដែលនាំឱ្យមានការបរាជ័យយ៉ាងក្រៀមក្រំរបស់ស្តេចសូល
ព្រះបាទសូលបានដាច់ចេញពីការគាប់ព្រះហឫទ័យដល់ព្រះ ប៉ុន្តែទ្រង់មិនចង់បន្ទាបខ្លួនហើយកែប្រែចិត្តទេ។ ទ្រង់មិនមែនមិនជ្រាបច្បាស់អំពីបរាជ័យ របស់កងទ័ពអ៊ីស្រាអែល នៅពេលដែលហូបនី និងភីនេហាសបាននាំហិបសញ្ញារបស់ព្រះចូលទៅក្នុងជំរំនោះទេ ហើយទោះបីជាទ្រង់បានជ្រាបពីរឿងរ៉ាវ ទាំងអស់នេះក៏ដោយ ក៏ទ្រង់បានប្ដេជ្ញាបញ្ជូនហិបដ៏ពិសិដ្ឋនេះនិងសង្ឃឱ្យរួមដំណើរទៅជាមួយដែរ។ ដោយធ្វើដូច្នេះ ទ្រង់សង្ឃឹមថានឹងប្រមែប្រមូលកងទ័ពដែលបានបែកខ្ញែក ខ្ចាត់ខ្ចាយរបស់ទ្រង់ត្រឡប់មកវិញ ហើយប្រយុទ្ធតទល់ជាមួយនឹងកងទ័ពភីលីស្ទីន។ បន្ទាប់មក ទ្រង់អាចធ្វើកិច្ចការបានដោយមិនចាំបាច់មានលោកសាំយូអែលឡើយ ហើយអាចរំដោះខ្លួនពីការរិះគន់និងការស្តីបន្ទោសពីហោរាដែលទ្រង់មិនពេញចិត្តនេះផង។ PPKh3 113.4
ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ស្តេចសូល ដើម្បីឱ្យទ្រង់យល់ដឹងនិងបន្ទន់ចិត្តរបស់ទ្រង់។ ប៉ុន្តែ ទ្រង់នៅតែរឹងរូស ជ្រើសរើសផ្លូវខុសដដែល! ចិត្តដែលមិនបានទទួលការបណ្តុះបណ្តាលនៅក្នុងជីវិតតាំងពីក្មេង តែងតែបះបោរប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់ព្រះជានិច្ច។ មនុស្សមិនអាច ចំណាយពេលជាច្រើនឆ្នាំដើម្បីបង្ខូចអំណាចដែលព្រះបានប្រទានដល់គេ ហើយបន្ទាប់មកគេរកឃើញថា អំណាចទាំងនេះត្រឡប់ជាស្រស់ថ្លានិងមានសេរីភាពខុសពីភាពអាក្រក់ដូចកាលពីមុន នៅពេលណាដែលគេចង់ផ្លាស់ប្តូរនោះឡើយ។ PPKh3 114.1
កិច្ចខិតខំប្រឹងប្រែងរបស់ស្តេចសូលក្នុងការប្រមូលមនុស្សឡើងវិញត្រូវបរាជ័យ។ កងកម្លាំងរបស់ទ្រង់បានចុះថយទៅ នៅត្រឹមតែប្រាំមួយរយនាក់ប៉ុណ្ណោះ ទ្រង់បានដកថយមកនៅក្នុងបន្ទាយ នៅកេបា ភាគខាងត្បូងនៃជ្រោះជ្រៅមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងយេរូសាឡិម ភាគខាងជើង។ នៅប៉ែកខាងជើងនៃជ្រលងភ្នំ នៅមីកម៉ាស កងទ័ពភីលីស្ទីនបានបោះទីតាំងនៅ ទីនោះហើយបញ្ជូនទាហានឱ្យចេញពីគ្រប់ទិសទីដើម្បីបំផ្លាញប្រទេសនេះ។ PPKh3 114.2
យ៉ូណាថានជាព្រះរាជបុត្រារបស់ស្ដេចត្រូវបានគេលើកតម្កើង
ព្រះជាម្ចាស់បានអនុញ្ញាតឱ្យមានវិបត្តិមួយកើតឡើង ក្នុងគោលបំណង ស្ដីបន្ទោសដល់ស្តេចសូល និងបង្រៀនដល់រាស្រ្តរបស់ទ្រង់នូវមេរៀននៃការបន្ទាបខ្លួន និងសេចក្តីជំនឿ។ ដោយសារតែអំពើបាបរបស់ស្តេចសូល ក្នុងការ ថ្វាយតង្វាយយញ្ញបូជាដោយខ្លួនឯង នោះព្រះជាម្ចាស់មិនប្រទានកិត្តិយសឱ្យទ្រង់បានជ័យជម្នះលើកងទ័ពភីលីស្ទីនឡើយ។ ព្រះបានជ្រើសរើស យ៉ូណាថាន ជាបុត្រារបស់ស្តេច ដែលជាអ្នកគោរពកោតខ្លាចដល់ព្រះវិញ។ ដោយមានការជំរុញទឹកចិត្តមកពីព្រះ ទ្រង់បានដាក់ចេញនូវផែនការមួយនឹងអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ព្រះអង្គថា ពួកគេទាំងពីរនាក់នឹងលបវាយប្រហារលើជំរំរបស់សត្រូវដោយសម្ងាត់។ ទ្រង់បានលើកទឹកចិត្តថា “ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ”។PPKh3 114.3