១៣ មករា
ក្រោយពីបានបំពាននឹងច្បាប់របស់ព្រះមក ដំបូងឡើយលោកអ័ដាមគិតថាគាត់កំពុងតែឈានដល់កម្រិតកំពូលមួយ។ ប៉ុន្តែ រំពេចនោះគំនិតនៃអំពើបាបបានបំពេញចិត្តគាត់ដោយការភ័យខ្លាច។ សេចក្តីស្រឡាញ់ និង សេចក្តីសុខសាន្តដែលធ្លាប់តែជារបស់ពួកគាត់ បានបាត់បង់ ហើយត្រូវបានជំនួសមកវិញដោយការដឹងថាខ្លួនមានបាប ការភ័យខ្លាចអំពីអនាគត និងភាពអាក្រាតនៃព្រលឹង។ អាវផាយនៃពន្លឺដែលធ្លាប់តែគ្របបាំងរាងកាយរបស់ពួកគាត់ស្រាប់តែរលាយបាត់ ហើយពួកគាត់ត្រូវតែរកវិធីដើម្បីគ្របបាំង ភាពអាក្រាតរបស់គាត់ដោយខ្លួនឯង។ នៅពេលដែលពួកគាត់មានភាពអាក្រាតបែបនេះ គាត់មិនអាចឈរនៅចំពោះព្រះនេត្ររបស់ព្រះ និងពួកទេវតាបានទេ។ PPKh1 27.1
ឥឡូវនេះ ពួកគាត់ចាប់ផ្តើមមើលឃើញលក្ខណៈពិតប្រាកដរបស់អំពើបាបហើយ។ លោកអ័ដាមបានរិះគន់ដល់ប្រពន្ធរបស់គាត់ ដោយបានដើរឃ្លាតឆ្ងាយពីគាត់ ហើយបណ្តោយខ្លួនឱ្យពស់បញ្ឆោតបាន។ ប៉ុន្តែ ពួកគាត់បាន កម្លាចិត្តខ្លួនឯងថាព្រះដែលបានប្រទានភស្តុតាងជាច្រើនអំពីសេចក្តីស្រឡាញ់របស់ទ្រង់ដល់ពួកគាត់ ទ្រង់នឹងអត់ទោសចំពោះការរំលងនឹងច្បាប់មួយនេះ ពួកគាត់នឹងមិនត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ ដូចជាការភ័យខ្លាចរបស់គាត់នេះទេ។PPKh1 27.2
សាតាំងពេញចិត្តជាខ្លាំង។ វាបានល្បួងស្ត្រីឱ្យក្បត់នឹងសេចក្តីស្រឡាញ់ របស់ព្រះ ឱ្យសង្ស័យនឹងព្រះប្រាជ្ញាញាណរបស់ទ្រង់ និងឱ្យបំពាននឹងក្រឹត្យ វិន័យរបស់ទ្រង់ ហើយបានធ្វើឱ្យលោកអ័ដាមរលំដួលដោយសានាងដែរ។PPKh1 27.3
ការផ្លាស់ប្តូរយ៉ាងក្រៀមក្រំដែលសាតាំងបានបង្កើត
ព្រះដែលជាអ្នកប្រទានច្បាប់ដ៏ធំ ទ្រង់ហៀបនឹងប្រាប់ដល់លោកអ័ដាម និងនាងអេវ៉ាឱ្យដឹងពីលទ្ធផលនៃការបំពាននឹងច្បាប់របស់ព្រះនេះ។ នៅក្នុងភាពគ្មានទោសនិងបរិសុទ្ធរបស់គាត់ ពួកគាត់ធ្លាប់តែស្វាគមន៍ដល់ការយាងមកដល់របស់ព្រះអាទិកររបស់គាត់និងរបស់ពួកទេវតាដោយរីករាយ តែឥឡូវនេះ ពួកគាត់បានរត់ពួនដោយភ័យខ្លាច។ ប៉ុន្តែ “ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយបន្ទូលថា ‘ឯងនៅឯណា?’ គាត់ទូលឆ្លើយថា ‘ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួនដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ’ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថា ‘តើអ្នកណាប្រាប់ឱ្យឯងដឹងថាឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឱ្យស៊ីឬអី?’”។PPKh1 28.1
លោកអ័ដាមបានបន្ទោសប្រពន្ធគាត់ និងបន្ទោសដល់ព្រះដោយផ្ទាល់ “‘ស្ត្រីដែលទ្រង់បានប្រទានឱ្យនៅជាមួយនឹងទួលបង្គំ នាងឱ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ’”។ ចេញពីសេចក្តីស្រឡាញ់ចំពោះនាង អេវ៉ា គាត់បានដាច់ចិត្តលះបង់ចោលនូវការចុះចូលជាមួយនឹងព្រះ និងជីវិតអស់កល្ប ដោយក្តីអំណរ តែឥឡូវនេះ គាត់បានព្យាយាមទម្លាក់ការទទួលខុសត្រូវនៃការមិនគោរពច្បាប់នេះទៅលើដៃគូរបស់គាត់រហូតទៅដល់ព្រះអាទិករ របស់គាត់ផ្ទាល់ផងដែរ។PPKh1 28.2
នៅពេលដែលព្រះបានសួរទៅស្រ្តីថា “‘ឯងបានធ្វើអ្វីដូច្នេះ?” នាងទូលឆ្លើយថា “‘ពស់ វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន’”។ “តើហេតុអ្វីបានជាព្រះអង្គបង្កើតពស់? តើហេតុអ្វីបានជាព្រះអង្គអនុញ្ញាតឱ្យវាចូលមកក្នុងសួនច្បារអេដែន?” ទាំងអស់នេះសុទ្ធតែជាសំណួរដែលត្រូវបានសួរដើម្បីដោះខ្លួនដំបូងរបស់នាងអេវ៉ា។ ឪពុកម្តាយដំបូងរបស់យើងបានបណ្តោយឱ្យស្វែងរកសេចក្តីសុចរិតដោយខ្លួនឯង បន្ទាប់ពីពួកគាត់បានទទួលឥទ្ធិពលពីសាតាំងភ្លាមមក ហើយរឿងនេះត្រូវបានបង្ហាញដោយកូនចៅរបស់លោកអ័ដាមតរៀងមក។PPKh1 28.3