២០ កុម្ភៈ
ពួកអាម៉ាឡេកបានបោះជំរំនៅដាន់ ព្រំប្រទល់នឹងស្រុកកាណាន ភាគខាងជើង។ ដោយត្រេកត្រអាលនឹងអំនួតនិងជ័យជម្នះរបស់ខ្លួន ពួកគេក៏បណ្តោយខ្លួនគេឱ្យលង់លក់នៅក្នុងការជប់លៀង។ លោកអ័ប្រាហាំបានចូលវាយពួកទាហានដែលគ្មានសណ្តាប់ធ្នាប់នេះទាំងយប់។ ការប្រយុទ្ធរបស់គាត់ខ្លាំងក្លារកស្មានមិនដល់ ជាលទ្ធផល គាត់បានទទួលជោគជ័យយ៉ាងឆាប់រហ័ស។ ស្តេចស្រុកអេឡាំត្រូវបានសម្លាប់ ហើយកងទ័ពដែលភ័យស្លន់ស្លោរបស់ទ្រង់ត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយ។ ឡុតនិងគ្រួសារ រួមជាមួយនឹងឈ្លើយសឹកទាំងប៉ុន្មាន ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទាំងប៉ុន្មានត្រូវបានប្រមូលយកមកវិញ ហើយប្រដាប់ប្រដារបស់ពួកសត្រូវក៏ត្រូវបានធ្លាក់មកក្នុងកណ្តាប់ដៃរបស់ក្រុមដែលមានជ័យជម្នះដែរ។ លោកអ័ប្រាហាំមិនគ្រាន់តែបានបំពេញ ភារកិច្ចដ៏ឧត្តមសម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ តែគាត់បានបង្ហាញថា គាត់គឺជាមនុស្សដែលក្លាហានថែមទៀតផង។ គេបានឃើញថាសាសនារបស់លោក អ័ប្រាហាំធ្វើឱ្យគាត់ក្លាហាន ក្នុងការលើកស្ទួយសិទ្ធិនិងការពារអ្នកដែលត្រូវគេជិះជាន់។ នៅពេលលោកអ័ប្រាហាំត្រឡប់មកវិញ ស្តេចក្រុង សុដុំមបានចេញមកអបអរសាទរចំពោះអ្នកដែលបានទទួលជ័យ-ជម្នះ ដោយសុំយកតែឈ្លើយសឹក ដែលគេបានចាប់ទៅមកវិញប៉ុណ្ណោះ ចំណែករបស់របរទាំងប៉ុន្មាន គឺជាកម្មសិទ្ធិរបស់អ្នកដែលទទួលបានជ័យជម្នះ តែលោកអ័ប្រាហាំមិនព្រមទទួល យកផលចំណេញ ដែលប្រកបដោយគ្រោះកាចនេះឡើយ ដោយសុំឱ្យសម្ព័ន្ធមិត្តរបស់គាត់ទទួលចំណែកដែលគេត្រូវបាននោះចុះ។ គំរូរបស់លោក អ័ប្រាហាំគឺជាការស្តីបន្ទោសមួយដល់អ្នកដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គាត់មានប្រសាសន៍ថា “ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃឋានសួគ៌និងផែនដីថា ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេសមួយសរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា “អញបានធ្វើឱ្យអាប់រ៉ាមទៅជាអ្នកមាន”។ ព្រះបានសន្យាថានឹងប្រទានព្រះពរដល់លោកអ័ប្រាហាំ ហើយសិរីរុងរឿងនឹងបានត្រឡប់ទៅឯទ្រង់វិញ។PPKh1 107.1
មនុស្សម្នាក់ទៀតដែលបានចេញមកស្វាគមន៍លោកអ័ប្រាហាំ គឺលោកម៉ីលគីស្សាដែក ជាស្តេចស្រុកសាឡែម។ ជាសង្ឃនៃព្រះដ៏ខ្ពស់បំផុត” គាត់បានឱ្យពរដល់អ័ប្រាហាំ ហើយបានអរគុណដល់ព្រះ ដែលបានរំដោះអ្នកបម្រើរបស់ទ្រង់។ ហើយអ័ប្រាហាំ “ក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់”។PPKh1 108.1
លោកអ័ប្រាហាំព្រួយបារម្ភ
លោកអ័ប្រាហាំគឺជាមនុស្សនៃសន្តិភាពដែលខំចៀសចេញពីការវិវាទយ៉ាងអស់លទ្ធភាព។ ដោយចិត្តរន្ធត់ គាត់បាននឹកឃើញអំពីការសម្លាប់រង្គាលដែលគាត់បានជួបប្រទះ។ ប្រទេសទាំងឡាយដែលគាត់បានវាយបំបាក់កងទ័ពរបស់គេនោះ គេនឹងពង្រឹងកម្លាំងឡើងជាថ្មី ហើយសងសឹកត្រឡប់មកគាត់វិញ ជាមិនខាន។ លើសពីនេះទៅទៀត គាត់មិនបានគ្រប់គ្រងទឹកដីកាណាន និងមិនដឹងជាសង្ឃឹមថានឹងមានអ្នកណាគ្រងមរតកតាមសេចក្តី សន្យានោះឡើយ។PPKh1 108.2
នៅក្នុងការជាក់ស្តែងមួយនៅពេលយប់ គាត់បានឮព្រះសូរសៀងរបស់ព្រះម្តងទៀត “អាប់រ៉ាមអើយ កុំឱ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង”។ ប៉ុន្តែតើសេចក្តីសញ្ញានៃសេចក្តីសន្យានេះអាចសម្រេចយ៉ាងណាបានទៅ បើគាត់មិនទាន់មានកូនផងនោះ។ គាត់ទូលសួរព្រះថា “ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នោះ? . . . មើលបាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំវានឹងគ្រងមរតករបស់ទូលបង្គំហើយ”។ គាត់មានបំណងយកអ្នកបម្រើដ៏ស្មោះត្រង់របស់គាត់ឈ្មោះអេលាស៊ើរជាកូនចិញ្ចឹម។ ប៉ុន្តែព្រះបានបញ្ជាក់ប្រាប់គាត់ថាកូនប្រុសរបស់គាត់ផ្ទាល់គឺជាអ្នកទទួលមរតកបន្ត។ បន្ទាប់មកព្រះបានប្រាប់ឱ្យគាត់ក្រឡេកមើលទៅលើមេឃ មើលទៅផ្កាយដ៏ច្រើនឥតគណនា ដែលកំពុងភ្លឺព្រោងព្រាតពាសពេញអាកាសវេហា ហើយព្រះសូរសៀងនោះបានប្រាប់គាត់ថា “គឺជាម្នាក់ដែលកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរតករបស់ឯងនោះ”។ “អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះបានរាប់ជាសេចក្តីសុចរិតដល់លោក” រ៉ូម ៤:៣។PPKh1 108.3