៤ មីនា
នៅពេលព្រះអាទិត្យអស្តង្គត ជនចម្លែកពីរនាក់បានចូលទៅដល់ខ្លោង ទ្វារទីក្រុង។ គ្មានអ្នកណាម្នាក់បានឃើញថាលោកទាំងពីរនេះជាអ្នកនាំសារដ៏អស្ចារ្យពីការជំនុំជម្រះរបស់ព្រះឡើយ។ ហ្វូងមនុស្សដែលមិនខ្វាយខ្វល់ទាំងនេះមិនបានស្រមៃឃើញថាដោយការប្រព្រឹត្តិអាក្រក់ទៅលើអ្នកនាំសាររបស់ព្រះនេះ ពួកគេនឹងអាចមានកំហុសដល់កំពូលរហូតដល់នាំឱ្យទីក្រុងរបស់គេត្រូវវិនាសនៅយប់នោះឡើយ។ PPKh1 132.1
លោកឡុតទទួលរាក់ទាក់ទេវតាដោយមិនដឹងខ្លួន
ប៉ុន្តែបុរសម្នាក់បានបង្ហាញការយកចិត្តទុកដាក់ដោយសប្បុរសទៅលើជនចម្លែកទាំងពីរ ហើយបានអញ្ជើញពួកលោកចូលក្នុងផ្ទះរបស់គាត់។ លោកឡុតមិនបានដឹងពីអត្តចរិតពិតប្រាកដរបស់ពួកគេទេ ប៉ុន្តែ ការសុភាពនិងភាពរាក់ទាក់គឺជាទម្លាប់របស់គាត់ ជាមេរៀនដែលគាត់បានរៀនសូត្រពីលោក អ័ប្រាហាំ។ ប្រសិនបើគាត់មិនមានវិញ្ញាណនៃការគួរសមនេះទេ ម៉្លេះគាត់ត្រូវទុកឱ្យនៅវិនាសជាមួយនឹងអ្នកក្រុងសូដុំមមិនខានឡើយ។ ម្ចាស់ផ្ទះជាច្រើនបានបិទទ្វារមិនទទួលមនុស្សចម្លែកឱ្យស្នាក់នៅផ្ទះរបស់គេ ដូចជាគេបានបិទទ្វារមិនទទួលអ្នកនាំសាររបស់ព្រះ ដែលបាននាំព្រះពរមកនោះដែរ។ ព្រះញញឹមដាក់សកម្មភាពដ៏សុភាពយ៉ាងយកចិត្តទុកដាក់នៃការលះបង់ខ្លួនឯងជារៀងរាល់ថ្ងៃដែលសំម្តែងចេញដោយចិត្តត្រេកអរនិងស្មោះស្ម័គ្រនេះ។PPKh1 132.2
ដោយដឹងថាជនចម្លែកនេះនឹងត្រូវគេរំលោភបំពាននៅទីក្រុងសូដុំម លោកឡុតបំពេញភារកិច្ចរបស់គាត់ជាអ្នកការពារពួកគេដោយផ្តល់បន្ទប់នៅក្នុងផ្ទះរបស់គាត់ឱ្យពួកគេសម្រាក។ គាត់បានអង្គុយនៅមាត់ទ្វារទីក្រុងខណៈ ដែលអ្នកដំណើរបានចូលមកដល់ ហើយបានក្រោកទៅទទួល។ គាត់បានមានប្រសាសន៍ទាំងឱនលំទោនថា “លាកម្ចាស់ខ្ញុំអើយ ឥឡូវសូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំជាអ្នកបម្រើលោក ដើម្បីនឹងលាងជើង ហើយសំណាក់នៅមួយយប់នេះសិន”។ ពួកគេហាក់ដូចជាបដិសេធដោយនិយាយថា “ទេ យប់នេះយើងនឹងដេកនៅតាមផ្លូវវិញ”។ ពួកគេឆ្លើយតបយ៉ាងដូច្នេះដោយមានហេតុផលពីរយ៉ាង គឺដើម្បីសាកល្បងភាពស្មោះត្រង់របស់ឡុត និងធ្វើជាមិនដឹងពីអត្តចរិតរបស់អ្នកក្រុងសូដុំម ថាតើពួកគេអាចស្នាក់នៅតាមផ្លូវនៅពេលយប់បានដែរឬយ៉ាងណា។ ឡុតបានទទូចអង្វរអញ្ជើញពួកគាត់ រហូតដល់ ពួកគេព្រមចូលទៅក្នុងផ្ទះជាមួយនឹងគាត់។PPKh1 133.1
ភាពស្ទាក់ស្ទើររបស់ភ្ញៀវ និងការជំរុញដ៏ទទូចរបស់ម្ចាស់ផ្ទះ បានទាក់ទាញអារម្មណ៍ដល់មនុស្សដទៃ ហើយមុននឹងពួកគេចូលសម្រាន្តនៅយប់នោះ ហ្វូងមនុស្សដែលឥតច្បាប់បានប្រមូលគ្នានៅជុំវិញផ្ទះរបស់គាត់ មនុស្ស មួយក្រុមធំ មានយុវជននិងមនុស្សចាស់ ពោរពេញដោយភ្លើងតណ្ហាយ៉ាងពុះ កញ្ជ្រោល។ នៅពេលដែលហ្វូងមនុស្សបានចាប់ផ្តើមស្រែកចំអកទាមទារឱ្យនាំមនុស្សចំម្លែកនោះចេញមក ជនជម្លែកក៏បានសាកសួរអំពីអត្តចរិតរបស់មនុស្សនៅទីក្រុងនេះ។PPKh1 133.2
ឡុតក៏បានចេញមកអង្វរដល់ពួកគេថា “បងប្អូនអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ!” គាត់ប្រើពាក្យ “បងប្អូនអើយ” ជាន័យថាអ្នកជិតខាង ដោយសង្ឃឹមថានឹងទទួលបានចិត្តល្អពីពួកគេ។ ប៉ុន្តែ កំហឹងរបស់គេបានពុះ-កញ្ជ្រោលដូចជាសំឡេងគ្រហឹមនៃព្យុះសង្ឃរា។ ពួកគេស្រែកចំអកឱ្យឡុត ហើយគំរាមថានឹងប្រព្រឹត្តអាក្រក់ទៅលើគាត់ខ្លាំងជាងអ្នកទាំងពីរនាក់ដែលជាភ្ញៀវរបស់គាត់នោះទៅទៀត។ ពួកគេនឹងហែកឡុតជាដុំៗ ប្រសិនបើទេវតា នៃព្រះមិនបានជួយដល់គាត់ទេ។ អ្នកនាំសារមកពីឋានសួគ៌ “លូកដៃទៅចាប់ឡុតទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត”។ “ក៏ធ្វើឱ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរក-ទ្វារទៀត”។ ប្រសិនបើពួកគេមិនបានទទួលការវាយប្រហារពីព្រះឱ្យខ្វាក់ភ្នែកទាំងពីរដូច្នេះទេ នោះពួកគេនឹងមិនលះបង់ចិត្តរឹងរបស់គេចោលឡើយ។ នៅយប់នោះ ពួកគេបានបញ្ចេញអំពើអាក្រក់ខ្លាំងជាងពេលណាៗទាំងអស់ ប៉ុន្តែសេចក្តីមេត្តាករុណានិងការអត់ធ្មត់ដែលព្រះបានអត់ទ្រាំជាយូរអង្វែងមកនោះ ទីបំផុតត្រូវបានបញ្ចប់។ ភ្លើងនៃការសងសឹករបស់ព្រះត្រូវបានបង្កាត់ឡើងហើយ។PPKh1 133.3