១៩ មីនា
ដោយការគំរាមសម្លាប់ពីអេសាវ យ៉ាកុបបានរត់ចេញពីផ្ទះឪពុករបស់គាត់ ជាជនភៀសខ្លួន ជាមួយនឹងពរពីឪពុករបស់គាត់។ អ៊ីសាកបានរំឭកពីសេចក្តីសញ្ញាដែលបានសន្យាជាមួយនឹងគាត់ ហើយបានផ្តាំឱ្យគាត់យកប្រពន្ធ ពីគ្រួសារម្តាយរបស់គាត់នៅម៉េសូប៉ូតាមី។PPKh1 161.1
យ៉ាកុបបានចាកចេញដំណើរទៅដោយឯកោយ៉ាងក្តុកក្តួលជាពន់ពេក។ ដោយមានតែដំបងមួយនៅដៃ គាត់ត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រ កាត់ស្រុកដែលមានកុលសម្ព័ន្ធដ៏សាហាវឃោរឃៅរស់នៅ (ពួកនេះតែងតែផ្លាស់ប្តូរទីលំនៅពីកន្លែងមួយទៅកន្លែងមួយ)។ ដោយការស្តាយក្រោយនិងភ័យ-ខ្លាច គាត់បានដើរគេចពីមនុស្ស ដើម្បីការពារសុវត្ថិភាពពីបងប្រុសដែល ពោរពេញដោយកំហឹងរបស់គាត់ដែលកំពុងតាមរកគាត់។ គាត់ព្រួយបារម្ភក្រែងព្រះពរដែលព្រះបានសន្យាថានឹងប្រទានឱ្យគាត់នោះ ត្រូវបាត់បង់ជារៀងរហូត ហើយសាតាំងក៏កំពុងតែដាក់សេចក្តីល្បួងមកលើរូបគាត់។PPKh1 161.2
នៅយប់ទីពីរ គាត់បានដឹងថាគាត់បាននៅឆ្ងាយពីត្រសាលឪពុករបស់ គាត់ណាស់ទៅហើយ។ គាត់បានដឹងថាគាត់ជាមនុស្សខ្ចាត់ព្រាត់ ហើយគាត់ក៏បានដឹងដែរថាការពិបាកទាំងប៉ុន្មានដែលកើតឡើងនៅចំពោះមុខ គឺមកតែពីសកម្មភាពខុសឆ្គងរបស់គាត់ប៉ុណ្ណោះ។ ភាពអស់សង្ឃឹមបានគ្របសង្កត់មកលើចិត្តរបស់គាត់ ហើយគាត់សឹងតែមិនហ៊ានអធិស្ឋានទៅព្រះផង។ ប៉ុន្តែ កាត់ឯកកោខ្លាំងណាស់ គាត់ដឹងថាគាត់ត្រូវការការពារពីព្រះជាងពេលណាៗទាំងអស់។ គាត់បានលន់តួអំពើបាបរបស់គាត់ទាំងយំ សុំដោយអស់ពីចិត្ត ឱ្យព្រះបង្ហាញភស្តុតាងថាទ្រង់មិនបោះបង់ចោលគាត់ទេ។ គាត់បានបាត់បង់ទំនុកចិត្តលើខ្លួនឯងអស់រលីង ហើយគាត់បារម្ភក្រែងព្រះបោះបង់គាត់ចោល។PPKh1 161.3
ប៉ុន្តែ សេចក្តីមេត្តាករុណារបស់ព្រះនៅតែមានមកលើអ្នកបម្រើរបស់ទ្រង់ ដែលមានកំហុស និងមិនស្មោះត្រង់នេះដដែល។ ព្រះអម្ចាស់បានបង្ហាញដោយអាណិតអាសូរនូវអ្វីដែលលោកយ៉ាកុបត្រូវការ គឺព្រះអង្គ សង្គ្រោះ។ គាត់បានធ្វើបាប ប៉ុន្តែព្រះបានបង្ហាញផ្លូវដល់គាត់ ឱ្យស្តារការគាប់ព្រះហឫទ័យ ដល់ព្រះឡើងវិញ។PPKh1 162.1
អ្នកដំណើរផ្សងព្រេងនេះបានទម្រេតខ្លួនទៅលើដីយកដុំថ្មធ្វើជាខ្នើយ ទាំងហេវហត់។ នៅពេលដែលគាត់សម្រាន្តលក់ គាត់បានឃើញជណ្តើរមួយបញ្ឈរលើដី មានចុងទល់មេឃ។ នៅលើជណ្តើរនោះ មានទេវតាឡើងចុះ។ នៅពីខាងលើជណ្តើរនោះគឺជាព្រះនៃសិរីល្អ ហើយទ្រង់មានបន្ទូលពីលើមេឃមកថា “អញជាព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំជីរតាឯង ហើយជាព្រះនៃអ៊ីសាក”។ “គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង”។ ព្រះធ្លាប់បានប្រទានសេចក្តីសន្យានេះទៅលោកអ័ប្រាហាំ និងយ៉ាកុបរួចទៅហើយ តែឥឡូវនេះទ្រង់បានរំឭកឡើងវិញ ដល់យ៉ាកុបម្តងទៀត។ រួចទ្រង់បានមានបន្ទូលកម្សាន្តចិត្ត និងលើកទឹកចិត្តថា “អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនិងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសម្រេចសេចក្តីដែលអញបានប្រាប់ឯងហើយ”។PPKh1 162.2